Alopecia Areata ជាជំងឺងាយវិនិច្ឆ័យតែពិបាកព្យាបាល

បញ្ហាជ្រុះសក់ប្រភេទ Alopecia areata អាចកើតមានគ្រប់វ័យទៅលើទាំងមនុស្សប្រុស និងស្រីហើយក៏ជាជំងឺដែលពិបាកព្យាបាលមួយផងដែរ។

និយមន័យ
Alopecia areata គឺជាការជ្រុះសក់ដុំៗ ដោយកន្លែងដែលមើលទៅដូចអង្គែស៊ី ហើយការជ្រុះសក់ប្រភេទនេះមិនធ្វើឲ្យសក់ស្តើងទាំងអស់ទេតែគឺបាត់សក់ដុំៗ ប៉ុន្តែ Alopecia areata ក៏មានករណីខ្លះឲ្យសក់ជ្រុះទាំងអស់ដែរ។

រោគសញ្ញា
ដំបូង Alopecia areata នឹងលេចចេញជាការជ្រុះសក់មួយដុំតូចគ្មានស្លាកស្នាម ក្រោមទម្រង់រូបរាងច្រើនប្រភេទ តែភាគច្រើននៃ Alopecia areata នឹងបង្ហាញក្រោមទម្រង់មូល ឬពងក្រពើ។ ជំងឺនេះអាចរកឃើញមានកើតនៅលើស្បែកក្បាលឬពុកមាត់ចំពោះមនុស្សប្រុស។

រោគវិនិច្ឆ័យ
Trichoscopie ជាប្រភេទតេស្តដែលត្រូវបានប្រើសម្រាប់ការធ្វើរោគវិនិច្ឆ័យរកជំងឺ  Alopecia areata។ តេស្តនេះ ធ្វើឡើងដោយពិនិត្យមើលឫសសក់។ តាមការធ្វើតេស្តសម្រាប់អ្នកដែលមានបញ្ហា Alopecia areata គេនឹងឃើញមានចំណុចពណ៌លឿងដែលគេស្គាល់ថាជាការឡើងកម្រាស់នៃស្រទាប់ក្រៅបំផុតនៃស្បែក (Stratum coreneum) ដែលធ្វើឲ្យសក់ពិបាកក្នុងការលូតលាស់។ មួយវិញទៀតគេនឹងឃើញមានចំណុចខ្មៅ (Black dot)ដែលនេះជាការបំផ្លាញសរសៃសក់នៅក្នុងក្រពេញគល់រោម (Hair follicle)។

មូលហេតុ
គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេពីមូលហេតុពិតប្រាកដនៃ Alopecia areata ប៉ុន្តែគេដឹងត្រឹមថាវាជាជំងឺ Systemic autoimmune diseaseដែលជាជំងឺកើតឡើងដោយសារប្រព័ន្ធការពាររបស់យើង។ កោសិការបស់ប្រព័ន្ធការពារខ្លួនយើងនឹងទៅកម្ទេច Anagen hair follicle ពោលគឺវាទៅបំផ្លាញវគ្គលូតលាស់របស់សក់។ នៅពេលនោះយន្តការនៃការដុះសក់នឹងត្រូវបានកាត់បន្ថយ ឬបញ្ឈប់តែម្តង។ ក្រៅពីនេះ ក៏មានកត្តាជម្រុញជាច្រើនទៀតដែរ ដូចជាកត្តាអ័រម៉ូន កត្តាបរិស្ថានជុំវិញខ្លួនដែលចូលរួមធ្វើឲ្យជំងឺ Alopecia areata កើតឡើង។

ការព្យាបាល
ជំងឺ Alopecia areata មានភាពងាយស្រួលក្នុងការធ្វើរោគវិនិច្ឆ័យតែពិបាកក្នុងការព្យាបាល។ ដូចនេះហើយអ្នកជំងឺគួរតែមកជួបគ្រូពេទ្យឲ្យបានភ្លាមៗព្រោះបើទុកឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរនឹងពិបាកក្នុងការដោះស្រាយ។ ក្នុងការព្យាបាលជំងឺនេះគ្រូពេទ្យនឹងឲ្យអ្នកជំងឺលាបថ្នាំក័រទីកូស្តេរ៉ូអុីតប្រភេទ
ជាក្រែម ជាប្រេង(ointment) ឬជាប្រភេទចាក់។ មួយវិញទៀត គ្រូពេទ្យក៏អាចឲ្យប្រើពួក Minoxidil ផងដែរ។ លើសពីនេះទៅទៀត ការព្យាបាលតាមកាំរស្មី UV ក៏ផ្តល់នូវលទ្ធផលល្អសម្រាប់ការព្យាបាលជ្រុះសក់ប្រភេទនេះដែរ។ រីឯការការពារសម្រាប់ជំងឺ Alopecia areata មិនមានទេ។

ផលវិបាក
បញ្ហាចម្បងនៃអ្នកដែលមានជំងឺ Alopecia Areata អាចនឹងវិវឌ្ឍទៅរកបញ្ហាផ្លូវចិត្តដោយសារតែការខ្មាសមនុស្សជុំវិញខ្លួននូវទម្រង់សក់របស់ខ្លួន។មួយវិញទៀតអ្នកជំងឺ Alopecia Areata អាចនឹងមានទាក់ទងនឹងជំងឺក្រពេញ ជំងឺតម្រងនោម ឬជំងឺថ្លើម។

ជាចុងក្រោយ លោកវេជ្ជបណ្ឌិត ប៊ី ពីកូ ចង់ផ្តាំទៅមិត្តអ្នកអានថាករណីមានជំងឺនេះឬមានបញ្ហាជ្រុះសក់ផ្សេងទៀតសូមមកព្យាបាលជាមួយអ្នកជំនាញ ឲ្យបានទាន់ពេលវេលាហើយការមកព្យាបាលនេះនឹងទទួលបានផលល្អ។

បកស្រាយដោយ​ លោកវេជ្ជបណ្ឌិត​ ប៊ី ពីកូ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យព្រះកុសុមៈ។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

 

 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧