គុណភាព សុវត្ថិភាព​ និងប្រសិទ្ធភាព ជាគុណតម្លៃផលិតផលនៃសហគ្រាសឱសថកម្ពុជា

()
1814
ដោយ : Editor

ស្របពេលដែលវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជាបាន និងកំពុងមានការរីកចម្រើនលូតលាស់ យើងឃើញថាប្រទេសយើងក៏មានរោងចក្រក៏ដូចជា សហគ្រាសផលិតឱសថដែលមានការទទួលស្គាល់គុណភាពជាលក្ខណៈស្តង់ដាអន្តរជាតិផងដែរ ដូចជា សហគ្រាសផលិតឱសថកម្ពុជា (Cambodia Pharmaceutical Enterprise) ដែលហៅថាកាត់ថា CPE ។
 
ជាមួយ នឹងជោគជ័យតាមរយៈទំនុកចិត្តពីសំណាក់អ្នកប្រើប្រាស់ជាច្រើនឆ្នាំ CPE បានក្លាយខ្លួនជាសហគ្រាសផលិតឱសថមួយដ៏មានកិត្តិសព្ទនៅ ក្នុងប្រទេសកម្ពុជា។  ហេលស៍ថាម ក៏បានធ្វើបទសម្ភាសន៍ជាមួយនឹងលោកបណ្ឌិត ង៉ាន់ បេង ជាឱសថបណ្ឌិត និងជាអតីតនិស្សិតនៅមហាវិទ្យាល័យ ឱសថសាស្រ្តនៃសាកលវិទ្យាល័យភ្នំពេញដែលជាអគ្គនាយករងនៃរោងចក្រ CPE ។ ក្រោយពីរបបប៉ុលពត លោកក៏បានបន្តការសិក្សាបញ្ចប់ថ្នាក់ឱសថការី និងចូលបម្រើការងារនៅក្នុងរោងចក្រផលិតឱសថកម្ពុជាតាំងពីឆ្នាំ១៩៧៩។

តាមរយៈប្រសាសន៍របស់លោកបណ្ឌិតឱសថសហគ្រាសបានដំណើរការតាំងពីក្រោយរបបប្រល័យពូជសាសន៍ប៉ុលពតមកម៉្លេះក្នុងនាមជាសហគ្រាសរបស់រដ្ឋ រហូតដល់ចុងឆ្នាំ ១៩៩៨ទើបបានធ្វើការបណ្តាក់ទុនជាមួយនឹងក្រុមហ៊ុនមកពីហុងកុងហើយក៏ក្លាយជារោងចក្រចំណុះរដ្ឋដោយមានភាគរយខាងឯកជន ចំនួន៥២ និងរដ្ឋាភិបាលចំនួន៤៨។ គួរបញ្ជាក់ផងដែរថាមូលហេតុដែលជំរុញឲ្យលោកបណ្ឌិតចូលបម្រើការងារក្នុងវិស័យនេះដោយសារតែទឹកចិត្តស្រលាញ់ ការងារផលិតឱសថផ្ទាល់របស់លោក។ ជាក់ស្តែង ការគ្រប់គ្រងសហគ្រាសគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជន។

ត្រលប់មកទស្សនវិស័យរបស់សហគ្រាសផលិតឱសថកម្ពុជាវិញគឺធ្វើការផលិតឱសថហើយចែកចាយលក់ដល់អតិថិជនតាមរយៈឱសថស្ថាននានានៅក្នុ ប្រទេស និងលក់ជូនរាជរដ្ឋាភិបាលកម្ពុជាយើងដើម្បីធ្វើការចែកជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសទាំងនៅទីរួមខេត្ត និងទីប្រជុំជន។រីឯផលិតផល ដែលរោងចក្រធ្វើការផលិតមានដូចជា៖ ថ្នាំបំបាត់ការឈឺចាប់ ក្តៅខ្លួន Paracetamol Optoral, និង Parafeine Paradeine ថ្នាំបំបាត់អាការៈក្អក ដូចជា Bromhexine, Promethazine ពពួកអង់ទីប៊ីយូទិច និងថ្នាំជាច្រើនមុខទៀត។

លក្ខណៈសម្បត្តិពិសេសដែលប្លែកពីសហគ្រាសដទៃគឺ CPE ជាសហគ្រាសដែលទទួលបានវិញ្ញាបនបត្រ GMP ដែលបានបញ្ជាក់អំពីស្តង់ដារអន្តរជាតិ របស់សហគ្រាសហើយទទួលបានការទទួលស្គាល់គុណភាពដែលនៅក្នុងប្រទេសយើងសព្វថ្ងៃនេះមានតែ ៣សហគ្រាសប៉ុណ្ណោះដែលមានGMP។ វិញ្ញាបនបត្រនេះអាចនឹងទទួលបានលុះត្រាតែសហគ្រាសមានផលិតឱសថដែលមានតម្លៃ ៣ គឺ «គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព»។ ចំណែកឯ បរិស្ថានវិញគឺលុះត្រាតែមានបរិយាកាសល្អដោយមានខ្យល់បរិយាកាសខាងក្នុងត្រូវឆ្លងកាត់ការច្រោះ ៣ ដំណាក់កាល។ ក្នុងនោះផងដែរការច្រោះ
-ទី១ មានហ្វីលពី ៥ ទៅ ១០ មីក្រុង
-ទី២ មាន ៥ មីក្រុង
-ទី៣ មាន ០.៥ មីក្រុង
ដែលវាសុទ្ធតែជាខ្យល់ដែលច្រោះតាមបទដ្ឋាន GMP អន្តរជាតិ។ ចំណែកឯសំណង់បន្ទប់វិញក៏មានការសង់ជាបណ្តាញដែលរត់ជាខ្សែចង្វាក់បន្តៗគ្នា ដោយមិនមានការខ្វាត់ខ្វែងគ្នាឡើយ។ ម្យ៉ាងទៀតការគ្រប់គ្រងវត្ថុធាតុដើមក៏មានភាពតឹងរឹងផងដែរដោយមានកន្លែងសម្រាប់ស្តុកទុកសិនរួចធ្វើ ការវិភាគ និងបិទស្លាកសញ្ញាសម្គាល់ច្បាស់លាស់តាមដំណាក់កាលនីមួយៗដើម្បីចៀសវាងការច្រឡំ និងងាយស្រួលធ្វើការតវ៉ា និងវិធានការបន្ថែមទៀត ប្រសិនបើមានលទ្ធផលមិនល្អឬមិនប្រក្រតី។ ចំពោះភាពលំបាកវិញលោកឱសថបណ្ឌិតបានបញ្ជាក់ថាមិនសូវមានច្រើននោះទេ។ ប្រៀបធៀបនឹងកាល ពីមុនគឺមានបញ្ហាដាច់ចរន្តអគ្គិសនីច្រើន តែបច្ចុប្បន្នមិនសូវមានទៀតទេ។ ប៉ុន្តែអ្វីដែលត្រូវប្រឈមនោះគឺការប្រកួតប្រជែងលើទីផ្សារជាមួយនឹង ផលិតផលដទៃដោយសារផលិតផលខ្លះទៀតមានការនាំចូលដោយមិនចាំបាច់ត្រូវការបង់ពន្ធ។ ថ្វីត្បិតថា CPE បានទទួលការបន្ធូរបន្ថយពន្ធពី រដ្ឋាភិបាល ក៏ពិតមែនតែនៅមានផលលំបាកដែរព្រោះថានៅលើទីផ្សារផលិតផលខ្លះត្រូវបាននាំចូលមកដោយរត់គេចពន្ធជាហេតុធ្វើឲ្យតម្លៃមាន ការប្រកួតប្រជែងខ្លាំង។ ចំពោះបញ្ហានេះខាងសហគ្រាសផ្ទាល់បានធ្វើការសំណូមពរទៅកាន់រាជរដ្ឋាភិបាលហើយដោយសូមឲ្យមានការយកពន្ធចំពោះ ផលិតផលឱសថនាំចូលទាំងឡាយណាដែលអាចផលិត បាននៅក្នុងប្រទេស។ ជាក់ស្តែងប្រទេសមួយចំនួនមានវិធានការតម្លើងពន្ធចំពោះផលិតផលណា ដែលគេអាចផលិតបាននៅក្នុងប្រទេសជាពិសេសប្រទេសជិតខាងរបស់យើង។

នៅក្នុងឆ្នាំនេះសហគ្រាសបានផលិតថ្នាំថ្មីចំនួន ១០ មុខបន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់ប្រជាជនកម្ពុជាហើយក៏មានគម្រោងសាងសង់រោងចក្រ ថ្មីផងដែរដោយសព្វថ្ងៃមានដីមួយកន្លែងហើយតែក៏កំពុងសម្លឹងមើលទីតាំងផ្សេងទៀតដែលមានទំហំធំ និងស្ថិតនៅឆ្ងាយពីទីប្រជុំជនដើម្បីឲ្យមាន បរិយាកាសក៏ដូចជាបរិស្ថានល្អ។ គោលនយោបាយរបស់សហគ្រាស CPE ដែលជាការផលិតថ្នាំ ប្រកបដោយគុណតម្លៃ៣យ៉ាងគឺ «គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព» បាននិងកំពុងផ្តល់ជាទំនុកចិត្ដយូរអង្វែងដល់វេជ្ជបណ្ឌិត និងអ្នកប្រើប្រាស់ទាំងក្នុងរាជធានីផ្ទាល់ និងតាមបណ្តាខេត្តផ្សេងៗ ហើយវា ក៏ជាគន្លឹះមួយដែលអាចឲ្យសហគ្រាសអាចឈរជើងប្រកួតប្រជែងជាមួយនឹងសហគ្រាសដទៃផងដែរ។  

ជាចុងក្រោយ លោកឱសថបណ្ឌិត ង៉ាន់ បេង ក៏មានសំណូមពរជូនដល់ប្រជាជនកម្ពុជា «សូមឲ្យលោកអ្នកជឿទុកចិត្តចំពោះគុណភាពនៃឱសថដែល
ផលិតនៅក្នុងស្រុកផងដោយឱសថក្នុងស្រុកក៏មានគុណភាព ប្រសិទ្ធភាពដូចគ្នានឹងផលិតផលមកពីក្រៅប្រទេសដែរ។ ម្យ៉ាងទៀតគុណភាពព្យាបាលក៏ល្អ រីឯតម្លៃវិញក៏សមរម្យផងដែរ ដោយមានតម្លៃធូរថ្លៃជាងផលិតផលនាំចូល។ ជាក់ស្តែងឱសថទាំងអស់សុទ្ធតែត្រូវបានឆ្លងកាត់ការត្រួតពិនិត្យពីក្រសួង ជារៀងរាល់ឆ្នាំហើយប្រសិនបើមានបញ្ហាអ្វីក្រសួងនឹងមិនអនុញ្ញាតឲ្យដាក់លក់ ឬចរាចរនៅលើទីផ្សារឡើយ។ មិនត្រឹមតែប៉ុណ្ណោះប៉ុន្មានឆ្នាំមុននេះ ក៏ធ្លាប់មានក្រុមហ៊ុនជប៉ុន JPMA យកឱសថរបស់ CPE និងសហគ្រាសផ្សេងៗទៅធ្វើការត្រួតពិនិត្យដល់ប្រទេសជប៉ុនផងដែរ»។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Has 1 មតិយោបល់
Sinvichka Eng
Great article
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧