Estrogen និង Isoflavonesក្នុងការព្យាបាលរោគសញ្ញានៃការអស់រដូវ

រាល់ការរំលឹកដល់ការព្យាបាលអាការៈនៃការអស់រដូវរបស់ស្រ្តី  ការប្រើប្រាស់អ័រម៉ូនជំនួសដែលជាEstrogen ឬក៏ការរួមផ្សំ Estrogenជាមួយនឹងអ័រម៉ូនដទៃទៀតនឹងត្រូវបានលើកឡើង។ដោយឡែក  សព្វថ្ងៃ   សារធាតុមួយចំនួនដូចជា  Isoflavones ត្រូវបានចម្រាញ់ចេញមក     ក្នុងគោលបំណងជំនួសអ័រម៉ូន Estrogen  ដើម្បីចៀសវាងក៏ដូចជាកាត់បន្ថយនូវអត្រាប្រឈមទៅនឹងផលរំខានដែលអាចកើតឡើង
ដោយការប្រើប្រាស់អ័រម៉ូន។

១ ការព្យាបាលដោយប្រើប្រាស់អ័រម៉ូន Estrogen
ការព្យាបាលដោយប្រើប្រាស់អ័រម៉ូន Estrogenសំយោគ ស័ក្តិសមបំផុត  និងត្រូវបានប្រើប្រាស់ដោយស្ត្រីក្នុងវ័យអស់រដូវជាង   ៧០ឆ្នាំមកហើយសម្រាប់ព្យាបាលរោគសញ្ញា និងផលវិបាកផ្សេងៗ
នៃការអស់រដូវ ពីព្រោះការថយចុះនៃបរិមាណ Estrogen ដោយសារតែភាពចាស់ គឺជាមូលហេតុបណ្ដាលឲ្យអស់រដូវ។  
វិធីសាស្រ្តនេះរួមមានការប្រើប្រាស់ Estrogen តែឯង និងការប្រើប្រាស់ Estrogen រួមជាមួយនឹងProgestogen ដែលការព្យាបាលនេះត្រូវធ្វើឡើងក្នុងគោលបំណងជាច្រើនរួមមាន៖
•    ជួយកាត់បន្ថយរោគសញ្ញាគ្រោះថ្នាក់ដែលបណ្ដាលមកពីការអស់រដូវ
•    កាត់បន្ថយការប្រឈមនឹងការពុកឆ្អឹង  ការវង្វេង និងជំងឺមហារីកពោះវៀនធំ
•    ជួយធ្វើឲ្យប្រសើរឡើងនៃសុខុមាលភាព និងគុណភាពនៃជីវិតតាមរយៈការធ្វើឲ្យប្រសើរឡើងនៃស្រទាប់ស្បូន ការរួមភេទ និងសមត្ថភាពរបស់ប្លោកនោម
•    ជួយសម្រួលប្រព័ន្ធសរសៃឈាម និងបេះដូងដោយកាត់បន្ថយការខូចខាតសាច់ដុំបេះដូងនិងសរសៃឈាមបេះដូង   ព្រមទាំងបង្កើនអាយុទៀតផង។
 
ដោយឡែក ការព្យាបាលដោយប្រើប្រាស់ Estrogen ក៏បង្កឲ្យមានឥទ្ធិពលមិនចង់បានមួយចំនួនផងដែរ ឧទាហរណ៍ចំពោះការប្រើប្រាស់ Estrogen តាមការលេបដែលអាចបង្កើនពីរដង
នៃការប្រឈមទៅនឹងការស្ទះសរសៃឈាមដោយកំណកឈាម និងការលូតលាស់នៃជំងឺមហារីកសុដន់។  វិធីសាស្រ្តនេះក៏អាចបង្កើនការប្រឈមនឹងការដាច់សរសៃឈាមខួរក្បាល   និងការខូចខាតកោសិកាសាច់ដុំបេះដូងផងដែរ។
 
២ ការព្យាបាលដោយប្រើប្រាស់ Isoflavones​
Isoflavones ស្ថិតនៅក្នុងថ្នាក់ Phytoestrogens ដែលជាសមាសធាតុដែលមានខ្សែស្រឡាយមកពីរុក្ខជាតិហើយមានសកម្មភាពដូចទៅនឹងអ័រម៉ូន Estrogen ។ Isoflavones មានទាំងសកម្មភាពជាអ្នកបង្កើនឥទ្ធិពល Estrogen និងអ្នករារាំងឥទ្ធិពល Estrogen ហើយតាមរយៈសកម្មភាពទាំង២នេះរួមជាមួយគ្នា វាអាចបង្កើតបានជាតុល្យភាពជីវសាស្រ្តនៅក្នុងខ្លួន។ តាមរយៈ
The North American Menopause Society បានបង្ហាញថា    Isoflavonesដែលមាននៅក្នុងសណ្តែកសៀងមានប្រភពមកពីធម្មជាតិ អាចប្រើប្រាស់សម្រាប់កាត់បន្ថយរោគសញ្ញានៃការ
អស់រដូវក្នុងកម្រិតមធ្យមបាន។ Isoflavonesក៏អាចជួយបំពេញឡើងវិញនូវការថយចុះនៃបរិមាណEstrogen និងសម្រួលការឡើងចុះរបស់អ័រម៉ូននេះនៅពេលអស់រដូវផងដែរ។
 
មានការរាយការណ៍ពីស្រ្តីមួយចំនួនអំពីការបរិភោគជាប្រចាំនូវអាហារដែលមានសណ្ដែកសៀងដែលធ្វើឲ្យពួកគេអាចកាត់បន្ថយនូវអាការៈនៃការអស់រដូវ ក៏ដូចជាទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖
•    Isoflavonesការពារ និងទ្រទ្រង់ភាពរឹងមាំ ព្រមទាំងសុខភាពល្អរបស់ឆ្អឹង   តាមរយៈការបង្កើនការសំយោគវីតាមីន D និងភ្ញោចការស្រូបយកកាល់ស្យូមចូលទៅក្នុងឆ្អឹង    ក៏ដូចជាបញ្ឈប់សកម្មភាពរបស់កោសិកាឆ្អឹងដែលទទួលខុសត្រូវក្នុងការធ្វើឲ្យឆ្អឹងរសាត់ និងខូចខាត។
•    Isoflavones មានសកម្មភាពការពារប្រព័ន្ធសរសៃឈាមបេះដូងពីការធ្វើអុកស៊ីតកម្មរបស់កូឡេស្តេរ៉ុលមិនល្អ (LDL) ។
•    Isoflavones អាចការពារការកកើតសរសៃឈាមដែលចិញ្ចឹមកោសិកាមហារីក និងការពារការកកើតរ៉ាឌីកាល់សេរីដែលជាម៉ូលេគុលបំផ្លាញកោសិកាល្អ។
•    Isoflavones ក៏អាចជួយកាត់បន្ថយជំងឺម-ហារីកសុដន់ផងដែរ តាមរយៈការបំបិទឥទ្ធិពលដែលធ្វើឲ្យកើតមានមហារីករបស់អ័រម៉ូន Estrogen។
•    Isoflavones មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយការគេងមិនលក់
•    ការកើនឡើងនៃភាពក្រាស់នៃស្រទាប់របស់ស្បែក បន្ទាប់ពីប្រើប្រាស់ Isoflavones អស់រយៈពេល៦ខែ និងការកើននូវបរិមាណកូឡាជែន សរសៃធ្វើឲ្យមានភាពយឺត    និងចំនួននៃសរសៃឈាមក្រោមស្បែក នឹងជួយកាត់បន្ថយការវិវឌ្ឍនៃភាពចាស់ជ្រីវជ្រួញបន្ទាប់ពីអស់រដូវ។
•    Isoflavones ជួយធ្វើឲ្យសក់ដុះលូតលាស់ និងជួយការពារការជ្រុះសក់បន្ទាប់ពីអស់រដូវ
•   Isoflavonesអាចកាត់បន្ថយការមានអារម្មណ៍ថាក្តៅចំពោះស្រ្តីអស់រដូវបានដល់ទៅ ៥៤%
•     Phytoestrogen (Isoflavones)អាចជួយក្នុងបញ្ហាស្ងួតទ្វារមាសរបស់ស្រ្តីបន្ទាប់ពីអស់រដូវ
• Phytoestrogen ក៏មាននាទីធ្វើឲ្យមានការប្រសើរឡើងនូវការចងចាំផងដែរ។
 
ការអស់រដូវគឺជាធម្មជាតិដែលមិនអាចរារាំងបាន ក៏ប៉ុន្តែរោគសញ្ញា ក៏ដូចជាផលវិបាកនៃការអស់រដូវពិតជាអាចកាត់បន្ថយ និងធ្វើឲ្យអ្នកនៅតែទទួលបានផាសុកភាពក្នុងការរស់នៅបាន តាមរយៈការព្យាបាលដោយអ័រម៉ូន Estrogen ឬជំនួសដោយរុក្ខជាតិធម្មជាតិក្រោមទម្រង់ជា Isoflavones។

បកស្រាយដោយលោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិតឯក ម៉េងលី វេជ្ជបណ្ឌិតឯកទេស និងប្រធានផ្នែកសម្ភពនិងរោគស្រ្តីនៃគ្លីនិកលុច្ស។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

 

 

 


មតិយោបល់