ផ្នែកជំងឺបេះដូង និងសរសៃឈាមសមាជិកថ្មីរបស់មន្ទីរពេទ្យព្រះកុសុមៈក្នុងឆ្នាំ២០១៧

()
4758
ដោយ : Editor

ផ្នែកជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យព្រះកុសុមៈ ដែលមានទីតាំងនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ក្រោយអគារធំរបស់មន្ទីរពេទ្យ បានចាប់ដំណើរការឡើងក្នុងខែមីនាឆ្នាំ២០១៧នេះដោយមានការផ្តួចផ្តើមពីក្រុមគ្រូពេទ្យឯកទេសជំងឺបេះដូង និងសរសៃឈាមរបស់មន្ទីរពេទ្យក្រោមការជ្រោមជ្រែងទាំងស្រុងពីមន្ទីរពេទ្យ ព្រះកុសុមៈ។
 
គោលបំណងនៃការបង្កើតផ្នែកជំងឺបេះដូង និងសរសៃឈាមនេះឡើង គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺផ្នែកនេះ ដែលមានការកើនឡើងជាលំដាប់ក្នុងមន្ទីរពេទ្យព្រះកុសុមៈ ព្រមទាំងស្របជាមួយនឹងគោលនយោបាយអភិវឌ្ឍរបស់មន្ទីរពេទ្យផ្ទាល់ ព្រោះជំងឺបេះដូង និងសរសៃឈាមជាប្រភេទជំងឺដែលប៉ះពាល់ខ្លាំងដល់អាយុជីវិតរបស់អ្នកជំងឺ ហើយអត្រានៃអ្នកកើតជំងឺនេះក៏មានច្រើនគួរឲ្យកត់សម្គាល់ផងដែរ។ កត្តាទំាងនេះជំរុញឲ្យដំណើរការនៃការបង្កើតឡើងនូវផ្នែកជំងឺបេះដូងនិងសរសៃឈាមបានយ៉ាងរលូន។
 
បើទោះបីជាផ្នែកជំងឺបេះដូង និងសរសៃឈាមទើបតែនឹងបង្កើតឡើងក៏ដោយ តែផ្នែកនេះបម្រើសេវា ២៤ម៉ោងជូនអ្នកជំងឺដោយមានផ្តល់នូវសេវាពិគ្រោះព្យាបាលជំងឺបេះដូង ជំងឺសរសៃឈាមនិងជំងឺលើសសម្ពាធឈាម ព្រមទាំងមានសេវាសម្រាកព្យាបាលនៅមន្ទីរពេទ្យមានដូចជាសេវាសង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺបេះដូង និងសេវាសម្រាកព្យាបាលសម្រាប់អ្នកជំងឺលើសសម្ពាធឈាមធម្មតា។ ក្រៅពីនេះ ក៏មានផងដែរនូវវិធីសាស្ត្រពិនិត្យមួយចំនួនដូចជា ការវាស់ចង្វាក់បេះដូង ការធ្វើអេកូសាស្រ្តបេះដូង ការធ្វើអេកូសាស្ត្រសរសៃឈាម ការវាស់ចង្វាក់បេះដូង ២៤ម៉ោងការវាស់សម្ពាធឈាម ២៤ម៉ោង ដើម្បីធ្វើរោគវិនិច្ឆ័យ តាមដានប្រសិទ្ធភាពនៃការព្យាបាលអ្នកជំងឺលើសសម្ពាធឈាម និងតេស្តរកជំងឺត្បៀតសរសៃឈាមបេះដូង (Stress Test) ជាដើម។
 
រោគសញ្ញាសំខាន់ៗដែលបានជួបនៅក្នុងផ្នែកជំងឺបេះដូងនិងសរសៃឈាមដូចជា ហត់ ចុកដើមទ្រូង ញ័រដើមទ្រូង ខ្យល់គ។ លោកវេជ្ជបណ្ឌិត សាំង លាង ប្រធានផ្នែកជំងឺបេះដូង និងសរសៃឈាម បានមានប្រសាសន៍ថា “ផ្នែកជំងឺបេះដូង និងសរសៃឈាមរបស់យើងខ្ញុំ បានទទួលសម្រាកព្យាបាលអ្នកជំងឺដែលមានជំងឺប្រើសបេះដូង ជំងឺបេះដូង លោតខុសចង្វាក់ ជំងឺបេះដូងពីកំណើត ជំងឺសរសៃឈាមបេះដូង ជំងឺទឹកចូលស្រោមបេះដូងជំងឺបេះដូងរីក ជំងឺបេះដូងក្រាស់ ជំងឺស្ទះសរសៃឈាមជើង ជំងឺរលាកសរសៃឈាមវ៉ែន និងជំងឺលើសសម្ពាធឈាម ។ល។"
 
សូមបញ្ជាក់ផងដែរថា បុគ្គលិកដែលផ្តល់សេវាសុខភាពក្នុងផ្នែកជំងឺបេះដូង និងសរសៃឈាម សុទ្ធសឹងតែទទួលបាននូវការបណ្តុះបណ្តាលជំនាញច្បាស់លាស់ស្តីពីជំងឺបេះដូង និងសរសៃឈាម។ ក្នុងនោះផងដែរ មានក្រុមវេជ្ជបណ្ឌិតឯកទេសជំងឺបេះដូង និងសរសៃឈាមដែលបានបញ្ចប់ការសិក្សាជំនាញនេះនៅក្នុងប្រទេសកម្ពុជា និងប្រទេសបារាំងដោយមានការទទួលស្គាល់ពីក្រសួងសុខាភិបាលអមជាមួយនឹងក្រុមគិលានុបដ្ឋាក គិលានុបដ្ឋាកយិកាដែលបានទទួលការបណ្តុះបណ្តាល និងមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីធានាឲ្យបាននូវការព្យាបាលដែលប្រកបដោយគុណភាព ប្រសិទ្ធភាពជូនដល់អ្នកជំងឺ។
 
ក្រៅពីការផ្តល់សេវាក្នុងពេលបច្ចុប្បន្ននេះ ផ្នែកជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យព្រះកុសុមៈក៏បានដាក់នូវគោលនយោបាយអភិវឌ្ឍខ្លួនចំនួន ៣ទៀត ពោលគឺការគ្រោងតំឡើងម៉ាស៊ីនថតឆ្លុះសរសៃឈាមបេះដូង និងដាក់ថ្មបេះដូងដែលនឹងធ្វើឡើងក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ និងការផ្តល់នូវសេវាវះកាត់បេះដូង ដែលមន្ទីរពេទ្យដាក់ជាគម្រោងសម្រាប់អគារមិត្តភាព កម្ពុជា-ចិន ដែលនឹងសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងបរិវេណមន្ទីរពេទ្យ។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧