ការបង្ករោគរួមគ្នា ជំងឺដែលអ្នកផ្ទុកមេរោគអេដស៍ ត្រូវប្រុងប្រយ័ត្ន

ជំងឺអេដស៍ និងជំងឺរលាកថ្លើម បង្កឡើងដោយវីរុសនិងឆ្លងតាមផ្លូវដូចគ្នាហើយការបង្ករោគរួមគ្នានៃជំងឺអេដស៍ និងជំងឺរលាកថ្លើមមាន៣ ប្រភេទគឺ ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើម បេ (HIV-HBV)  ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមសេ(HIV-HCV) និងជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេសេ (HIV-HBV+HCV) ។

ការបង្ករោគរួមគ្នានេះ បានកើតពាសពេញពិភពលោក ឧទាហណ៍ ប្រទេសនីស្ស៊ែរីយ៉ា ការបង្ករោគរវាងជំងឺអេដស៍ជាមួយជំងឺរលាកថ្លើម បេ (HIV-HBV) មាន២៧,៨ ភាគរយ ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើម សេ (HIV-HCV) មាន១៣ភាគរយ និងជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេសេ (HIV-HBV+HCV) មាន ៧ភាគរយ។ ចំណែកប្រទេសបារាំង ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើម បេ (HIV-HBV) មាន៣៧ភាគរយ ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើម សេ (HIV-HCV) មាន ២៤ ភាគរយ និងជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេ សេ (HIV-HB+HCV) មិនទាន់មានទិន្នន័យច្បាស់លាស់ទេ។
 
តើអ្វីទៅជាការបង្ករោគរួមគ្នានៃជំងឺអេដស៍ និងជំងឺរលាកថ្លើម (HIV and -Hepatitis co-infection)?
ការបង្ករោគរួមគ្នានេះ គឺសំដៅទៅលើអ្នកជំងឺមានជំងឺអេដស៍ ព្រមគ្នាជាមួយជំងឺរលាកថ្លើម ឬមានជំងឺរលាកថ្លើម ហើយមានការឆ្លងជំងឺអេដស៍ទៀត។ ការបង្ករោគរួមគ្នានេះ អាចមាន៖ ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេ ឬសេ (HIV-B/ HIV-C) និងជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេសេ (HIV-HBV+HCV)។ ចំណែក ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមប្រភេទអា មិនត្រូវបានអត្ថាធិប្បាយទេ។
 
តើវាស្តែងឡើងយ៉ាងដូចម្តេច?
ការដែលបង្ហាញឲ្យដឹង ថាអ្នកជំងឺម្នាក់មានការបង្ករោគរួមគ្នា គឺយើងអាចដឹងតាមរយៈការពិនិត្យឈាម។ ពេលខ្លះអ្នកជំងឺមានរោគសញ្ញាដូចជា លឿងភ្នែក ទាចទឹក ឬក្រិនថ្លើម គាត់មកពិនិត្យឈាម ក៏រកឃើញមានជំងឺអេដស៍ថែមទៀត។ ដូចនេះ ការស្តែងឡើងរបស់ជំងឺនេះ គឺវាអាស្រ័យលើ ស្ថានភាពជំងឺមួយណាដែលធ្ងន់ជាង។
 
តើមនុស្សប្រភេទណា និងនៅតំបន់ណាដែលប្រឈមនឹង ជំងឺនៃការបង្ករោគរួមគ្នានេះច្រើនជាងគេ?
ជំងឺនៃការបង្ករោគរួមគ្នានេះ អាចកើតលើមនុស្សគ្រប់វ័យពិសេសលើមនុស្សពេញវ័យច្រើនជាងគេ។ ជំងឺនេះកើតច្រើននៅតំបន់ព្រំដែន ដែលមានមនុស្សច្រើន ឬទីប្រជុំជន។
 
តើប្រទេសកម្ពុជាសព្វថ្ងៃ កំពុងប្រឈមនឹងជំងឺនេះ ប៉ុន្មានភាគរយ?
បើតាមការសិក្សារបស់គ្រូពេទ្យមួយក្រុមឃើញថា៖
•  ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេ (HIV-B) មាន ១១ភាគរយ
•  ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមសេ (HIV-C) មាន ៣ ទៅ ៥ភាគរយ
•  ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេសេ (HIV-BC) មិនទាន់មានទិន្នន័យច្បាស់លាស់។
 
តើអ្វីជាមូលហេតុចម្បងនៃការបង្ករោគរួមគ្នានេះ? តើមានកត្តាជំរុញអ្វីខ្លះ?
ចំពោះការបង្ករោគរវាងជំងឺអេដស៍និងជំងឺរលាកថ្លើមបេឬសេ គឺអាចឆ្លងតាមរយៈឈាមពីម្តាយមកកូន និងការរួមភេទដូចគ្នា ដោយឡែកករណីខ្លះ មានការឆ្លងជំងឺរលាកថ្លើមបេពីម្តាយទៅកូន លុះពេលពេញវ័យទើបមានការឆ្លងជំងឺអេដស៍ថែមទៀត។ កត្តាជំរុញឲ្យមានការឆ្លងជំងឺនេះ អាចមក ពីការចង់សប្បាយដោយមិនមានការពារឲ្យត្រឹមត្រូវ ឬការប្រើម្ជុលសឺរ៉ាំងរួមគ្នា។
 
តើអ្នកជំងឺ អាចនឹងមានការប្រឈមខ្ពស់ចំពោះការបង្កពីជំងឺផ្សេងទៀតឬទេ?
ជាធម្មតាអ្នកជំងឺដែលមានផ្ទុកមេរោគអេដស៍ គឺប្រព័ន្ធការពាររាងកាយរបស់គាត់បានចុះខ្សោយរួចទៅហើយ ការបង្ករោគរួមគ្នានៃជំងឺអេដស៍ និងជំងឺរលាកថ្លើម ពិតជាអាចបង្កើតនូវជំងឺឱកាសនិយមផ្សេងៗ ដូចជាជំងឺរបេងជាដើម។
 
តើការព្យាបាលវិញយ៉ាងដូចម្តេចដែរ? តើជំងឺនេះអាចព្យាបាលឲ្យជាដាច់បានទេ?
ចំពោះការព្យាបាលវិញ គេបែងចែកទៅតាមប្រភេទនៃជំងឺ៖
• ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេ (HIV-HBV)៖ ការព្យាបាលរបស់ជំងឺអេដស៍ និង ជំងឺរលាកថ្លើមបេមានលក្ខណៈដូចគ្នា។ ដូចនេះ យើងអាច
ប្រើថ្នាំព្យាបាល ជំងឺអេដស៍ក៏ដូចជាព្យាបាលជំងឺរលាកថ្លើមបេដែរ។ ថ្នាំមានដូចជា Tenofovir  Lamivudine ឬEmtricitabineជាដើម។ ជំងឺទាំងពីរនេះ សុទ្ធតែមិនអាចព្យាបាលឲ្យជាដាច់បានទេ។
• ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមសេ (HIV-HCV)៖ ការព្យាបាល គឺត្រូវមើលលើស្ថានភាពជំងឺ៖
 - បើជំងឺអេដស៍ មានអាការៈធ្ងន់ធ្ងរ ដែលCD4របស់គាត់តិចជាង២០០ ត្រូវព្យាបាលជំងឺអេដស៍មុន ចាំពេលជំងឺអេដស៍បានធូរស្បើយហើយ ចាំព្យាបាលជំងឺរលាកថ្លើមសេជាក្រោយ។
 - បើជំងឺរលាកថ្លើមសេមានអាការៈធ្ងន់ធ្ងរជាង ត្រូវព្យាបាលព្រមគ្នានឹងជំងឺអេដស៍។ ជំងឺរលាកថ្លើមយើងអាចព្យាបាលវាជាដាច់ក្នុងរយៈពេលតែ ៣ខែបើកោសិកាថ្លើមនៅល្អ តែបើកោសិកាថ្លើមក្រិនហើយ យើងត្រូវព្យាបាលវាចំនួន ៦ខែ។

ប្រសិនបើអ្នកជំងឺមិនបានទៅជួបគ្រូពេទ្យទាន់ពេលវេលា គាត់អាចប្រឈមនឹងការស្លាប់ដោយសារជំងឺឱកាសនិយមរបស់ជំងឺអេដស៍។ រាល់អ្នកជំងឺដែល កើតជំងឺអេដស៍ជាមួយជំងឺរលាកថ្លើម ៤០ភាគរយ គឺស្លាប់ដោយសារថ្លើម។
 
តើមានវិធីសាស្រ្តណាខ្លះ ដើម្បីការពារការបង្ករោគរួមគ្នានេះ?
អ្នកដែលប្រឈមនឹងជំងឺនេះជាងគេគឺ អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នករកស៊ីផ្លូវភេទជាដើម ហើយការការពារ មិនខុសអ្វីពីការការពារការឆ្លងនៃ ជំងឺអេដស៍ទេ។ ការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេ និង ការពិនិត្យពីជំងឺនេះ គួរតែត្រូវណែនាំដល់ប្រជាជនទូទៅ។
 
បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ​ នាយផ្នែកជំងឺប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត
 
©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Has 1 មតិយោបល់
Khy sylin

How long hepatitis B and C a live outside the body (environment)?

Editor
For Hepatitis C, it can survive outside the body at the room temperature, on environmental surfaces for up to 3 weeks. Meanwhile, Hepatitis B is extremely resistant...Thanks

reply

ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧