ដើម្បីសុខភាព អ្នកគួរតែបោះបង់ចោលទម្លាប់ទាំង៨នេះ…

ការបោះបង់ទម្លាប់អាក្រក់អាចជាការពិបាក ហើយវាកាន់តែពិបាកក្នុងការបំបាត់ចោលនូវទម្លាប់ដែលយើងគិតថាវាមានប្រយោជន៍សម្រាប់យើង ប៉ុន្តែ​ ផ្ទុយទៅវិញ វាបែរជាអាចបំផ្លាញរាងកាយរបស់យើងសោះ។ ខាងក្រោមនេះ គឺជាទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលអាចបង្កជាទុក្ខទោសដល់សុខភាពយើង ជាជាងការធ្វើឲ្យយើងមានសុខភាពល្អ។

ការព្យាយាមបញ្ឈប់ ឬទប់ការកណ្ដាស់របស់អ្នក
នៅពេលដែលយើងព្យាយាមបិទមាត់ និងបិទច្រមុះរបស់យើង ដើម្បីបញ្ចៀសការកណ្ដាស់នោះ វាអាចបង្កើនសម្ពាធយ៉ាងខ្លាំងនៅក្នុងក្បាលរបស់យើង។ លំហូរឈាមទៅកាន់ខួរក្បាលរបស់យើងត្រូវបានរំខាន ហើយវាបានសង្កត់ទៅលើសរសៃឈាម និងជាលិកាប្រសាទរបស់យើង។ ជាលទ្ធផល វាអាចធ្វើឲ្យមាន ការឈឺក្បាល ការខូចខាតដល់សរសៃឈាម និងមានបញ្ហានៃការស្ដាប់ជាដើម។ ដូច្នេះអ្នកមិនគួរព្យាយាមទប់ការកណ្ដាស់របស់អ្នកទេ។​
 
ការប្រើប្រាស់ទឹកអប់
សារធាតុសំយោគជាច្រើនត្រូវបានគេប្រើក្នុងការផលិតទឹកអប់ ដើម្បីឲ្យវាមានក្លិនក្រអូបខ្លាំង និងមានតម្លៃថោកជាងប្រេងធម្មជាតិ។ សារធាតុទាំងនោះ អាចបណ្ដាលឲ្យយើងវិលមុខ ចង្អោរ និងងងុយគេង។ លើសពីនេះទៅទៀត វាក៏អាចធ្វើឲ្យយើងក្រហាយភ្នែក រលាកបំពង់ក និងពេលខ្លះ អាចធ្វើឲ្យមានឡើងរោល នៅលើស្បែកផងដែរ។ វាគឺជាគំនិតល្អមួយក្នុងការប្ដូរពីការប្រើទឹកអប់ មកប្រើប្រេងក្រអូបវិញ ឬក៏អ្នកគួរតែប្រើវាក្នុងបន្ទប់ដែលមានខ្យល់ចេញចូលល្អ។
 
ការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនរបស់អ្នក នៅមុនពេលដែលអ្នកចូលគេង
ពន្លឺដែលចេញពីអេក្រង់ទូរស័ព្ទអាចបញ្ឈប់ការផលិតអ័រម៉ូន Melatonin បាន។ អរម៉ូន Melatonin មាននាទីក្នុងការគ្រប់គ្រងការគេង និងការភ្ញាក់របស់យើង។ ប្រសិនបើកម្រិតនៃអរម៉ូននេះទាប វាអាចបណ្ដាលឲ្យមានជំងឺធ្លាក់ទឹកចិត្ត ជំងឺមហារីក ជំងឺធាត់ ជំងឺបេះដូង និងប្រព័ន្ធភាពស៊ាំ ចុះអន់ខ្សោយ។ ដូច្នេះ ការចូលគេងឲ្យបានឆាប់ គឺជាជម្រើសដ៏ល្អមួយសម្រាប់សុខភាពរបស់អ្នក។
 
ការរក្សាទុកអាហារក្នុងប្រអប់ប្លាស្ទិក
ប្រអប់ប្លាស្ទិកជាច្រើនមានផ្ទុកសារធាតុគីមីមួយចំនួនដូចជា Phthalate និងBisphenolដែលសារធាតុទាំងនេះ ជួយធ្វើឲ្យប្រអប់ មានសភាពជាប់ធន់។ ប្រសិនបើអ្នករក្សាទុកអាហារក្នុងប្រអប់ប្លាស្ទិកក្នុងរយៈពេលយូរ សារធាតុទាំងនោះអាចជ្រាបចូលទៅក្នុងចំណីអាហាររបស់អ្នក ហើយវាអាចធ្វើឲ្យមានការប៉ះពាល់ដល់ប្រព័ន្ធអង់ដូគ្រីន។ ជាការល្អ អ្នកគួរតែរក្សាទុកអាហាររបស់អ្នកនៅក្នុងប្រអប់ដែលធ្វើពីកែវ ដែកអ៊ីណុក ឬសម្ភារៈសេរ៉ាមិច ជាដើម។ ដូចគ្នានេះដែរ អ្នកគួរតែយកចិត្តទុកដាក់ចំពោះនិមិត្តសញ្ញាខាងលើ ព្រោះថាវាផ្ដល់នូវព័ត៌មានដែលមានប្រយោជន៍អំពីរបៀបប្រើប្រអប់ទាំងនោះ។
 
ការដុសធ្មេញភ្លាមៗ បន្ទាប់ពីទទួលទានអាហារ
ទន្តពេទ្យបានណែនាំថា អ្នកគួរតែធ្វើការដុសធ្មេញរបស់អ្នក បន្ទាប់ពីការទទួលទានអាហាររបស់អ្នកបាន យ៉ាងតិច៣០នាទី។ ប្រសិនបើអាច មួយម៉ោងក្រោយ ពីការទទួលទានអាហារ គឺរឹតតែល្អ។ ចំណីអាហារ និងភេសជ្ជៈ ជាពិសេសអាហារដែលសម្បូរជាតិអាស៊ីតខ្ពស់ អាចប៉ះពាល់ដល់សារធាតុស្រោបនៅលើធ្មេញ (Enamel) ក៏ដូចជាស្រទាប់ដែលនៅពីក្រោមសារធាតុនោះ (Dentin)។ ចលនានៃច្រាសដុសធ្មេញរបស់អ្នក អាចរុញច្រានជាតិអាស៊ីត ចូលកាន់តែជ្រៅ និងកាន់តែជិតទៅនឹង Dentin។ ការធ្វើដូច្នេះ អាចធ្វើឲ្យអ្នកមានសភាពស្រៀវធ្មេញ និងបំផ្លាញស្រទាប់ Enamel។
 
ការប្រើប្រាស់សាប៊ូប្រឆាំងបាក់តេរី (Antibacterial soap) ញឹកញាប់
មានបាក់តេរីដែលមានប្រយោជន៍ជាច្រើន ដែលរស់នៅលើផ្ទៃនៃស្បែករបស់យើង ហើយពួកវាមាននាទីក្នុងការការពាររាងកាយយើង។ ប្រសិនបើយើង ប្រើសាប៊ូប្រឆាំងបាក់តេរីញឹកញាប់ពេក យើងនឹងអាចសម្លាប់មេរោគនៅលើដៃរបស់យើង ប៉ុន្តែ ការធ្វើដូចនេះ អាចបង្កើតជាឱកាសដល់ពពួកបាក់តេរីអាក្រក់ ចូលទៅក្នុងរាងកាយរបស់យើងវិញ។ អ្នកឯកទេសផ្នែកជំងឺស្បែកបានណែនាំឲ្យប្រើសាប៊ូប្រឆាំងបាក់តេរីនេះ តែក្នុងករណីយើងមានដាច់រលាត់ស្បែកប៉ុណ្ណោះ។ អ្នកមិនគួរលាងដៃជាមួយសាប៊ូប្រភេទនេះ លើសពីពីរដងក្នុងមួយសប្ដាហ៍ឡើយ។
 
ការស្លៀកខោខាវប៊យរឹបៗ
ទោះបីជាវាមានភាពទាន់សម័យក៏ដោយ ប៉ុន្តែការស្លៀកខោខាវប៊យរឹប អាចសង្កត់ជាប់ទៅលើស្បែក​ និងផ្នែកចុងសរសៃប្រសាទរបស់អ្នក។ វាអាចបណ្ដាលឲ្យយើងមានអារម្មណ៍មិនស្រួលជាប់ជានិច្ច ហើយវាអាចធ្វើឲ្យមានបញ្ហាប្រព័ន្ធសរសៃប្រសាទ។ បន្ថែមពីនេះទៅទៀត ការកាត់បន្ថយ លំហូរនៃខ្យល់ចេញចូល ក្នុងជើងរបស់អ្នក អាចបណ្ដាលឲ្យអ្នកមានសភាពស្កៀប រមាស់ និងទីបំផុត វាធ្វើឲ្យជើងរបស់អ្នកស្ពឹក។
 
ការទទួលទានទឹកផ្លែឈើដែលទើបតែធ្វើថ្មីៗ
មានមនុស្សតិចណាស់ដែលបានដឹងថាការទទួលទានទឹកផ្លែឈើធ្វើភ្លាមៗ អាចផ្ដល់ផលប្រយោជន៍ល្អតែមួយចំនួនតូចប៉ុណ្ណោះ ដល់សុខភាព។ ចំពោះជំងឺមួយចំនួន ទឹកផ្លែឈើថែមទាំងអាចបង្កគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ដល់រាងកាយរបស់អ្នក។ ឧទាហរណ៍ ទឹកទំពាំងបាយជូរ គឺមិនត្រូវបានណែនាំ ឲ្យអ្នកដែលមានបញ្ហាលើសទម្ងន់ និងអ្នកជំងឺទឹកនោមផ្អែមទទួលទាននោះទេ។ លើសពីនេះទៅទៀត ទឹកផ្លែឈើ គឺជាសមាសធាតុអាល្លែកហ្ស៊ីខ្លាំង។ អ្នកគួរតែមានភាពប្រុងប្រយ័ត្នខ្ពស់នៅពេលដែលអ្នកឲ្យកូនទទួលទានទឹកផ្លែឈើ ឬអ្នកគួរតែឲ្យកូនរបស់អ្នកទទួលទានតែបន្តិចបន្តួចបានហើយ និងប្រសិនបើអាច អ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញមុនពេលឲ្យពួកគេទទួលទាន។ 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់