ទម្លាប់ទាំង ៧សម្រាប់គ្រូពេទ្យដ៏ជោគជ័យ

()
4870
ដោយ : Editor

តួនាទីចម្បងរបស់គ្រូពេទ្យ គឺធ្វើការជួយសង្គ្រោះជីវិតរបស់មនុស្ស។ ជារឿយៗ ពួកគេត្រូវបានមនុស្សភាគច្រើនហៅថាជា «វីរបុរស» ព្រោះថាគ្រូពេទ្យ ជាអ្នកនាំយកគ្រោះមហន្តរាយសុខភាពចេញ និងនាំមកវិញនូវសុខភាពល្អ។ ប៉ុន្តែដូចដែលលោក Benjamin Parker បាននិយាយថា «ជាមួយនឹងអំណាចដ៏អស្ចារ្យមួយ វាតែងតែមានការទទួលខុសត្រូវមួយយ៉ាងធំធេង»។ ប្រសិនបើអ្នកជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ហើយកំពុងតែអានអត្ថបទមួយនេះ ខាងក្រោមនេះ គឺជាការដាស់តឿនពីទំនួសខុសត្រូវរបស់អ្នកក៏ដូចជាទម្លាប់របស់គ្រូពេទ្យដែលជោគជ័យតែងតែប្រកាន់យក។ ប្រសិនបើអ្នក គឺជាអ្នកជំងឺ ក្រៅពីសមត្ថភាពរបស់គ្រូពេទ្យ អ្នកគួរតែស្វែងរកមើលនូវលក្ខណៈសម្បតិ្តទាំងនេះ។
 
ទម្លាប់ទី១៖ ស្វែងយល់ពីតម្រូវការរបស់អ្នកជំងឺ
វាចាប់ផ្ដើមពីការសំឡឹងមើលអ្នកជំងឺជាមួយនឹងស្នាមញញឹមដ៏រាក់ទាក់មួយ។ បន្ទាប់មក អញ្ចើញអ្នកជំងឺឲ្យអង្គុយចុះនៅពេលដែលពូកគេបានចូលមកក្នុងបន្ទប់ពិគ្រោះជំងឺភ្លាម។ រួចហើយចាប់ផ្ដើមសួរសំណួរជាច្រើនទៅកាន់អ្នកជំងឺ។ វានឹងជាភាពងាយស្រួលមួយក្នុងការឈានទៅដល់ការសន្និដ្នាន នៅពេលដែលអ្នកជំងឺចាប់ផ្ដើមរាប់រៀបពីស្ថានភាពរបស់ពួកគេ។ គ្រូពេទ្យតែងតែធ្វើបែបនេះគ្រប់ពេលវេលា ហើយត្រូវមានភាពអត់ធ្មត់បន្តិច និងព្យាយាមស្ដាប់នូវការបកស្រាយរបស់អ្នកជំងឺ។ តាមរបាយការណ៍បានបង្ហាញថាគ្រូពេទ្យដែលកំពុងចុះកម្មសិក្សានៅមន្ទីរពេទ្យបានចំណាយពេលកាន់តែតិចជាមួយអ្នកជំងឺ និងចំណាយពេលកាន់តែច្រើននៅមុខកុំព្យូទ័ររបស់ពួកគេ។ ការដឹងពីតម្រូវការរបស់អ្នកជំងឺមានន័យថា ការយល់ដឹងអំពីជីវិតទូទៅ និងគោលដៅសុខភាពរបស់អ្នកជំងឺជាជាងគ្រាន់តែដឹងអំពីស្ថានភាពបច្ចុប្បន្នរបស់ពួកគេ។ ហើយវាក៏មានន័យថា អ្នក គឺជាគ្រូពេទ្យដែលមានមេត្តាធម៌។ ប្រសិនបើអ្នកជំងឺរបស់អ្នកមានបញ្ហាអ្វីមួយដែលធ្វើឲ្យពួកគេមានការព្រួយបារម្ភ អ្នកមិនត្រូវធ្វើព្រងើយកន្តើយនឹងពួកគេទេ។ អ្នកគួរតែចែករំលឹកនូវក្ដីបារម្ភរបស់ពួកគេ​និងនិយាយលេងជាមួយពួកគេ។ នៅពេលដែលអ្នកបានបំពេញទម្លាប់នេះហើយ អ្នកគួរតែឈានទៅកាន់ទម្លាប់បន្ទាប់។

ទម្លាប់ទី២៖ យកចិត្តទុកដាក់ចំពោះអ្នកជំងឺ
វាអាចជារឿងដ៏ពិបាកមួយ។ ជារឿយៗ អ្នកជំងឺមិនបានដឹងថាមានក្នុងខ្លួនរបស់គាត់មានបញ្ហាអ្វីមួយឲ្យច្បាស់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការសំណូមពរ និងគំនិតរបស់ពួកគេគឺជាគន្លឹះដ៏សំខាន់មួយសម្រាប់អ្នកក្នុងនាមជាគ្រូពេទ្យម្នាក់។ យកចិត្តទុកដាក់ចំពោះអ្វីដែលពួកគេប្រាប់ទៅកាន់អ្នក នោះអ្នកនឹងយល់ពីបញ្ហារួមរបស់ពួកគេ។ ប្រសិនបើអ្នកជំងឺរបស់អ្នកជាមនុស្សម្នាក់ដែលមានភាពមានៈតស៊ូនិងប្រកាន់ខ្ជាប់នូវផ្នត់គំនិតរបស់ពួកគេ នោះវាពិតជាមានការលំបាកបន្តិចហើយក្នុងការប្រឈមជាមួយនឹងពួកគេ។ឧទាហរណ៍ថា ប្រសិនបើពួកគេនិយាយថា “នេះ គឺជាអ្វីដែលបានកើតឡើង បន្ទាប់ពីការឈឺរបស់ពួកគេកាលពីលើកមុន” ដូច្នេះអ្នកគួរតែយកចិត្តទុកដាក់នូវអ្វីដែលពួកគេបានប្រាប់។ មួយវិញទៀត ប្រសិនបើពួកគេមានអារម្មណ៍ថាមិនស្រួល នោះមានន័យថាពួកគេមានបញ្ហាអ្វីមួយហើយ ដូច្នេះ អ្នកគួរតែព្យាយាមតាមដានរកមូលហេតុទាំងនោះ។ ពួកគេអាចឆ្លងមេរោគ មានបញ្ហាផ្លូវចិត្ត ឬមានវិបត្តិផ្សេងៗ។នៅពេលដែលពួកគេនិយាយថា “ខ្ញុំបានញ៉ាំថ្នាំនេះ បន្ទាប់មកបញ្ហានេះ វាក៏បានកើតឡើង” ចូរអ្នកជឿនូវអ្វីដែលពួកគេប្រាប់ទៅ ព្រោះថាផលរំខាននៃថ្នាំមានច្រើនណាស់ ហើយអ្នកនឹងមានការភ្ញាក់ផ្អើលនៅពេលដែលអ្នកបានជួបប្រទះបញ្ហាទាំងនោះ។

ទម្លាប់ទី៣៖ ធ្វើការណែនាំ ពន្យល់អំពីវេជ្ជបញ្ជា និងធ្វើជាអ្នកបកប្រែសម្រាប់អ្នកជំងឺ
អ្នកត្រូវដើរតួជាអ្នកបកប្រែ និងធ្វើការពន្យល់អំពីវេជ្ជបញ្ជាទៅកាន់អ្នកជំងឺ។ អ្នកមិនគួរចេញតែវេជ្ជបញ្ជាឲ្យអ្នកជំងឺរួចហើយឲ្យពួកគេទៅដោយមិនមានការណែនាំ និងពន្យល់អំពីការព្យាបាលរបស់អ្នកនោះទេ។ អ្នកត្រូវពន្យល់ទៅកាន់អ្នកជំងឺក្នុងភាសាសាមញ្ញមួយដែលពួកគេអាចយល់ពីសភាពជំងឺរបស់ពួកគេបាន។ ចំណែកឯវេជ្ជបញ្ជាថ្នាំវិញ អ្នកត្រូវប្រាប់ពួកគេអំពីផលរំខាននៃថ្នាំ ហើយថ្នាំទាំងនោះជាថ្នាំអ្វី និងប្រើសម្រាប់ព្យាបាលអ្វី។ និយាយម្យ៉ាងទៀត ក្នុងនាមអ្នកជាគ្រូពេទ្យដ៏ល្អម្នាក់ អ្នកមិនមែនត្រឹមតែជួយព្យាបាលពួកគេទេ តែអ្នកគួរតែរក្សាឲ្យបាននូវទំនាក់ទំនងល្អរវាងអ្នកជំងឺ និងគ្រូពេទ្យ។ នាពេលសព្វថ្ងៃនេះ ជាមួយនឹង Google និងWebMD ហើយនៅមាន apps កម្មវិធីវេជ្ជសាស្ត្រជាច្រើនដែលអ្នកជំងឺអាចធ្វើការស្វែងយល់បន្ថែមអំពីស្ថានភាពជំងឺរបស់ពួកគេ។ នៅពេលខ្លះអ្នកជំងឺមានការយល់ដឹងច្រើនគ្រាន់ដែរចំពោះបញ្ហាសុខភាពមួយចំនួន។ យ៉ាងណាមិញ ពួកគេនៅតែត្រូវការការពន្យល់ដ៏ក្បោះក្បាយមួយ មិនមែនត្រឹមតែវេជ្ជបញ្ជាមួយសន្លឹកនោះទេ។ 

ចំពោះសាធារណជនដែលមិនមែនជាអ្នកជំងឺរបស់អ្នក អ្នកក៏អាចពន្យល់ និងចែករំលែកអ្វីដែលបានដឹងទៅកាន់ពួកគាត់ផងដែរ ដោយគ្រាន់់តែចុច ត្រង់នេះ ។ 

ទម្លាប់ទី៤៖ លើកទឹកចិត្តឲ្យអ្នកជំងឺទទួលយកគំនិតរបស់គ្រូពេទ្យដទៃទៀត
និយាយឲ្យច្បាស់ទៅ អ្នកជំងឺភាគច្រើនទទួលយកទស្សនៈទី២ ឬទី៣។ ពួកគេប្រហែលជាអាចទៅពិគ្រោះជាមួយគ្រូពេទ្យដទៃទៀត ឬធ្វើការស្រាវជ្រាវអំពីសភាពជំងឺ និងសុំយោបល់ពីការពិភាក្សាគ្នានៅក្នុងអ៊ីនធើណែតទៅលើការធ្វើរោគវិនិច្ឆ័យរបស់អ្នក។ ដូច្នេះ សំណួរសួរថា តើគ្រូពេទ្យដ៏ល្អម្នាក់ត្រូវធ្វើយ៉ាងដូចម្តេច? អ្នកត្រូវធ្វើការពន្យល់បកស្រាយអំពីការធ្វើរោគវិនិច្ឆ័យទៅកាន់អ្នកជំងឺ និងលើកទឹកចិត្តឲ្យពួកគេឲ្យធ្វើការពិគ្រោះជាមួយអ្នកជំនាញផ្សេងទៀត។ វាពុំមានអ្វីដែលគួរឲ្យខ្មាសនោះទេនៅពេលដែលពួកគេត្រឡប់មករកអ្នកវិញ ហើយនិយាយប្រាប់អ្នកថាមានគ្រូពេទ្យផ្សេងទៀត ថាការធ្វើរោគវិនិច្ឆ័យរបស់អ្នកគឺខុស។ ផ្ទុយទៅវិញ អ្នកត្រូវទទួលយកនូវកំហុសរបស់អ្នក ព្រោះយើងទាំងអស់គ្នាសុទ្ធតែអាចសាងកំហុស ចំណែកការប្រឆាំងនឹងកំហុសរបស់ខ្លួនឯង គឺជារឿងដ៏ឆោតល្ងង់មួយ។ អ្នកមិនត្រូវហាមឃាត់អ្នកជំងឺមិនឲ្យធ្វើការសិក្សាស្រាវជ្រាវក្នុងអ៊ីនធើណែត ឬទៅពិគ្រោះជាមួយនឹងគ្រូពេទ្យដទៃទៀតនោះទេ។ នៅពេលដែលពួកគេត្រឡប់មកវិញជាមួយនឹងការរកឃើញរបស់ពួកគេ នោះគឺជាអ្វីដែលថ្មីសម្រាប់រៀនសូត្រ។ នេះហើយ គឺជាការសិក្សាដោយឥតគិតថ្លៃ។

ទម្លាប់ទី៥៖ ឲ្យតម្លៃទៅលើពេលវេលារបស់អ្នកជំងឺ
អ្នកមិនត្រូវទទួលទូរស័ព្ទអំឡុងពេលដែលកំពុងពិនិត្យ ឬពិគ្រោះជំងឺឡើយ លើកលែងតែវាជាបញ្ហាបន្ទាន់ចម្បងតែប៉ុណ្ណោះ។ អ្នកត្រូវយកចិត្តទុកដាក់ទៅលើអ្នកជំងឺ ព្រោះថាពួកគេប្រហែលជាចំណាយពេលពេញមួយថ្ងៃ ដើម្បីមកជួបអ្នក។ អ្នកត្រូវលើកទឹកចិត្តពួកគេ និងគោរពនូវពេលវេលារបស់ពួកគេ។ ការឲ្យពួកគេរងចាំរយៈពេលពី១០ទៅកន្លះម៉ោងចាត់ទុកថាមិនអីទេ តែបើចាប់ពីមួយម៉ោង ឬច្រើនម៉ោងជាងនេះគឺមិនល្អឡើយ។
 
ទម្លាប់ទី៦៖ ត្រូវបើកចំហចំពោះជម្រើសនៃការព្យាបាលដទៃទៀត
ជាថ្មីម្ដងទៀត អ្នកជំងឺមានការយល់ដឹង និងជឿជាក់លើវិធីព្យាបាលផ្សេងទៀតដែលវាមិនមែនជាបទដ្ឋានរបស់គ្រូពេទ្យ។ អ្នកត្រូវបើកចិត្តឲ្យទូលាយ នោះមិនមែនមានន័យថាបើអ្នកជាគ្រូពេទ្យវះកាត់ ការព្យាបាលគឺមានតែការវះកាត់នោះទេ។ ចូរអ្នកគិតអំពីវិធីព្យាបាលដទៃទៀតដូចជាការព្យាបាលដោយប្រើថ្នាំ ការព្យាបាលដោយចលនាជាដើម។ អ្នកត្រូវតែប្រាប់ឲ្យអ្នកជំងឺរបស់អ្នកឲ្យដឹងអំពីវិធីព្យាបាលផ្សេងទៀត និងឲ្យពួកគេជ្រើសរើសយកវិធីព្យាបាលដែលពួកគេពេញចិត្ត ឬអ្នកអាចណែនាំពួកគេឲ្យជួបអ្នកជំនាញផ្សេងទៀត។ ការដែលមានជម្រើសច្រើនមិនប្រាកដថាល្អនោះទេ ប៉ុន្តែវាអាចបង្កើនភាពជឿជាក់និងទំនុកចិត្ត នៅពេលដែលអ្នកជំងឺដឹងថាមានជម្រើសជាច្រើនក្នុងការព្យាបាល។
 
ទម្លាប់ទី៧៖ អ្នកត្រូវធ្វើឲ្យអ្នកជំងឺមានទំនុកចិត្តលើអ្នក និងមានផែនការព្យាបាលមួយ
ការចែករំលែកទំនួលខុសត្រូវ គឺជាវិធីមួយ ដើម្បីបង្កើនទំនួលខុសត្រូវ។ ក្នុងនាមអ្នកជាគ្រូពេទ្យ អ្នកមិនត្រូវទាមទារឲ្យអ្នកជំងឺធ្វើតេស្តគ្រប់យ៉ាងនោះទេ ដោយអ្នកគួរតែសួរអំពីជម្រើសរបស់ពួកគេ ព្រោះថាការធ្វើបែបនេះអាចធ្វើឲ្យពួកគេមានទំនុកចិត្ត។ បើយោងតាមការសិក្សារបស់វិទ្យាស្ថានវេជ្ជសាស្ត្របានបង្ហាញថាជាង ២០០ពាន់លានដុល្លារត្រូវបានចំណាយជារៀងរាល់ឆ្នាំទៅលើការធ្វើតេស្តដែលមិនចាំបាច់។ ពេលខ្លះអ្នកជំងឺអាចដឹងថាការធ្វើតេស្តមួយដែលពួកគេត្រូវការ ទោះបីជាវាជាតេស្តដែលមិនចាំបាច់មួយក៏ដោយ អ្នកគួរតែធ្វើជូនពួកគេ ព្រោះថាពេលខ្លះការគិត ឬអារម្មណ៍របស់ពួកគេគឺអាចត្រូវ។ រឿងផ្សេងទៀតដែលធ្វើឲ្យអ្នកជំងឺមានទំនុកចិត្តលើអ្នកនោះ គឺការមានផែនការក្នុងការព្យាបាលដ៏ច្បាស់លាស់មួយ។ ទោះបីជាអ្នកជំងឺ ជាអ្នកជ្រើសរើសយកវិធីព្យាបាលណាមួយដែលពួកគេពេញចិត្តក៏ដោយ ក៏ដំណើរការនៃការព្យាបាលគួរតែធ្វើតាមផែនការ។​ អ្នកត្រូវពន្យល់ទៅកាន់អ្នកជំងឺ បើពួកគេជ្រើសយកការព្យាបាលបែបនេះ បន្ទាប់អ្នកនឹងអាចធ្វើអ្វី ហើយលទ្ធផលដែលបានពីការព្យាបាលមានអ្វីខ្លះ។ បើលទ្ធផលនោះ គឺអវិជ្ជមាន អ្នកនឹងធ្វើអ្វីបន្តតែបើលទ្ធផលនៃការព្យាបាលមានភាពវិជ្ជមានវិញ តើអ្នកគួរតែធ្វើអ្វីទៀត។ មិនថាមានរឿងអ្វី អ្នកត្រូវតែបង្ហាញអំពីជំនឿចិត្តក្នុងការផ្ដល់ជូននូវការព្យាបាលដ៏ល្អបំផុតមួយដល់អ្នកជំងឺ។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។     

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧