សម្រកទម្ងន់តាមរបៀបរស់នៅរបស់ស្ត្រីអស់រដូវ

ស្ត្រី ជាពិសេសនៅជុំវិញវ័យអស់រដូវរបស់ពួកគេ ជាធម្មតាតែងសង្កេតឃើញនូវការផ្លាស់ប្តូរជាច្រើន ដែលក្នុងនោះការឡើងទម្ងន់ជាបញ្ហាដែលគួរឲ្យ បារម្ភមួយ ស្របពេលដែលស្ត្រីកំពុងស្ថិតក្នុងដំណាក់កាលដែលងាយនឹងរងឥទ្ធិពលលើបញ្ហាសុខភាពនានា។

បាតុភូតធម្មជាតិមួយចំនួនដែលកើតមាននៅជុំវិញវ័យអស់រដូវ និងកើនឡើងជាបន្តបន្ទាប់ទៅតាម អាយុ ត្រូវបានបង្ហាញថាជាមូលហេតុនៃ ការឡើងទម្ងន់របស់ស្ត្រី ដែលក្នុងនោះរួមមាន៖
• ការថយចុះនូវល្បឿនក្នុងការធ្វើមេតាបូលីសដែលធ្វើឲ្យការដុតបំផ្លាញកាឡូរីថយចុះ
• ការប្រែប្រួលនូវដំណើរអ័រម៉ូន ដែលអាចបង្កើននូវការស្តុកទុកនៃសារធាតុខ្លាញ់
• ការបាត់បង់នូវជាលិកាសាច់ដុំ ដែលធ្វើឲ្យបន្ថយការធ្វើសកម្មភាព និងការហាត់ប្រាណ
• ការសម្រាកមិនបានស្រួល ដោយសាររោគសញ្ញានៃការអស់រដូវដូចជាភាពក្តៅ និងបែកញើសពេលយប់ជាដើម ដែលមានទំនាក់ទំនងនឹងការឡើងទម្ងន់
• ការកើនឡើងនៃការប្រើប្រាស់មិនបាននៃអាំងស៊ុយលីនក្នុងខ្លួន ដែលធ្វើឲ្យជាតិស្ករមិនត្រូវបានប្រើប្រាស់ និងស្តុកទុកធ្វើឲ្យឡើងទម្ងន់។

ទម្ងន់ដែលលើសរបស់ស្ត្រីអាចផ្តល់នូវផលអវិជ្ជមាន ដែលជះឥទ្ធិពលលើគុណភាពជីវិតរបស់ពួកគេបន្ថែមទៀតដោយក្នុងនោះរួមមានផងដែរ នូវជំងឺរ៉ាំរ៉ៃដូចជា ជំងឺសរសៃឈាមបេះដូង និងទឹកនោមផ្អែម ជាដើម។ ដើម្បីបញ្ចៀសនូវរាល់បញ្ហាទាំងនេះ ការបន្ថយ ក៏ដូចជាគ្រប់គ្រងទម្ងន់តាមរយៈ ការផ្លាស់ប្តូរនូវបែបបទ ក្នុងការរស់នៅពិតជាចូលរួមចំណែក យ៉ាងចាំបាច់។

1. របបអាហារ
ការគ្រប់គ្រងទម្ងន់ ពឹងផ្អែកលើការគ្រប់គ្រងរបបអាហារដល់ទៅជាង ៨០%។ មិនខុសពីអាហារសុខភាពដទៃ តុល្យភាពនៃអាហារគួរតែមានរួមបញ្ចូល នូវអាហារសរសៃ បន្លែផ្លែឈើស្រស់ និងអាហារដែលជាប្រភពនប្រូតេអុីនជាដើម។ គួរបញ្ជាក់ថា ថ្វីត្បិតការកាត់បន្ថយអាហារសម្បូរ កាឡូរីអាចជួយ ក្នុងការ សម្រក ទម្ងន់ ក៏ប៉ុន្តែករណីដែលអ្នកកាត់បន្ថយអាហារទាំងនេះខ្លាំងពេកនោះ អ្នកបែរជាប្រឈមនឹងការកើនទម្ងន់ទៅវិញដោយសារ តែការបាត់បង់ នូវការកសាងសាច់ដុំ និងការកាត់បន្ថយមេតាបូលីស។

2. សកម្មភាពប្រចាំថ្ងៃ
គួរចងចាំថា អាការៈរំខានដែលកើតឡើងនៅពេលអស់រដូវអាចធ្វើឲ្យស្ត្រីផ្ទាល់មិនចង់ធ្វើសកម្មភាព ឬជំរុញខ្លួនឯងឲ្យធ្វើលំហាត់ប្រាណ ក៏ប៉ុន្តែ ការរក្សាភាពសកម្មនៅក្នុងវ័យនេះ ពិតជាអាចជួយឲ្យពួកគេទប់ទល់នឹងអាការៈទាំងនេះបាន និងផ្តល់នូវអារម្មណ៍កាន់តែប្រសើរទៅវិញបន្ទាប់ពីបាន
ធ្វើវា។ ការដើរ រត់ត្រឹកៗ ជិះកង់ ហែលទឹក ឡើងចុះជណ្តើរ និងរាំជាដើម ជាសកម្មភាព ក៏ដូចជាលំហាត់ប្រាណដែលធ្វើឲ្យមានការប្រើប្រាស់អុកស៊ីហ្សែន បានល្អ ហើយវាក៏ជំរុញផងដែរនូវការដុតបំផ្លាញកាឡូរីក្នុងចំនួនដ៏ច្រើន។ សកម្មភាពនេះ មិនត្រឹមអាចការពារពីការឡើងទម្ងន់  តែក៏កាត់បន្ថយ ការប្រឈម នឹងជំងឺបេះដូងដែលកើតមានជាញឹកញាប់ចំពោះស្ត្រីផងដែរ។

3. លំហាត់ប្រាណដ៏សម្បូរបែប
ការហ្វឹកហាត់ដែលជួយដល់ការកសាងសាច់ដុំ ការហាត់ប្រាណបែបទាញ លំហាត់ប្រាណរក្សាលំនឹង និងចលនាយោគៈ សមាធិព្រមទាំងលំហាត់ប្រាណ បែបសម្រាកផ្សេងទៀត គួរតែត្រូវបាន រួមបញ្ចូលក្នុងកាលវិភាគហាត់ប្រាណរបស់ស្ត្រីអស់រដូវ ដោយសារវាសុទ្ធសឹងតែមានអត្ថប្រយោជន៍ចំពោះស្រ្តី ក្នុងការកាត់បន្ថយការប្រឈមនឹងបញ្ហាសុខភាពទាំងរាងកាយ និងផ្លូវចិត្តដែលអាចនឹងកើតមានឡើងនៅអំឡុងវ័យអស់រដូវ។

4. បង្កើនគុណភាពក្នុងការរស់នៅ

• សម្រាកឲ្យបានគ្រប់គ្រាន់ និងពេញលេញ៖ ការសម្រាកគ្រប់គ្រាន់ធ្វើឲ្យអ្នកអាចចៀសវាងនូវការកើននៃអ័រម៉ូនដែលជំរុញឲ្យឃ្លាន និងកើនទម្ងន់។ ដោយឡែក ដើម្បីសម្រាកលក់ស្រួល ស្ត្រីត្រូវកាត់បន្ថយការរំខានការសម្រាកដោយអាការៈនៃការអស់រដូវដោយ ការស្លៀកសម្លៀកបំពាក់ស្តើង ការរក្សាជាតិទឹកក្នុងខ្លួន កន្លែងគេងមានផាសុកភាព សីតុណ្ហភាពបន្ទប់សមស្រប និងគន្លឹះផ្សេងៗទៀតដែលណែនាំដោយអ្នកជំនាញ។
• រក្សាទំនាក់ទំនងសង្គម៖ មិនថាទំនាក់ទំនងក្នុងគ្រួសារ មិត្តភក្តិ អ្នកជិតខាង ឬសហគមន៍ និងការស្គាល់មនុស្សថ្មីៗ អាចជួយឲ្យស្ត្រីរក្សានូវ ការធ្វើសកម្មភាព មានភាពរីករាយ កាត់បន្ថយភាពធុញថប់ និងស្ត្រេស ដើម្បីការពារការកើនទម្ងន់។
• ទៅជួបពិភាក្សាជាមួយអ្នកជំនាញ៖ ដំបូន្មានល្អៗសម្រាប់ការរស់នៅ ក៏ដូចជាការរក្សាទម្ងន់ពីអ្នកជំនាញ ជួយឲ្យអ្នកទប់ទល់នឹងបញ្ហានានា ដែលអាចកើតឡើងប្រកបដោយប្រសិទ្ធភាព។

ដូចនេះ ចំពោះស្ត្រីទាំងអស់ ការចាប់ផ្តើមផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅឲ្យបានកាន់តែឆាប់ គឺកាន់តែល្អ ដើម្បីចៀសផុតពីបញ្ហាកើនទម្ងន់ដ៏ពេញនិយម ក៏ដូចជាកាត់បន្ថយរោគសញ្ញារំខានផ្សេងៗនៃការអស់រដូវ និងឆ្លងកាត់ជីវិតក្នុងដំណាក់កាលថ្មីនេះ ប្រកបដោយភាពរីករាយ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។


មតិយោបល់