ជំងឺគាំងបេះដូងហានិភ័យខ្ពស់ ចំពោះស្ត្រីអស់រដូវ

()
4612
ដោយ : Editor

និយមន័យ
ជំងឺគាំងបេះដូងជាជំងឺដែលកើតចេញមកពីការត្បៀត ឬការស្ទះនៃសរសៃឈាមបេះដូង។ ជំងឺនេះអាចកើតឡើងសន្សឹមៗរហូតដល់ដំណាក់កាលណាមួយ វានឹងស្ទះជិតឈឹងតែម្តង ឬអាចកើតឡើងភ្លាមៗដោយកំណកឈាម ធ្វើឲ្យស្ទះ។ ដោយឡែក ចំពោះស្ត្រីអស់រដូវវិញ ពុំមានលក្ខណៈខុសគ្នាច្រើននោះទេ គ្រាន់តែអាចនិយាយបានថា ស្ត្រីអស់រដូវមានហានិភ័យច្រើនជាងអ្នកធម្មតា។

រោគសញ្ញា
ស្រ្តីវ័យចំណាស់ដែលមានជំងឺគាំងបេះដូងអាចមានសញ្ញាជាទូទៅ ដូចជាចុកទ្រូងខ្លាំង រហូតដល់បែកញើស ព្រមទាំងមានការក្អួតចង្អោររួមជាមួយផង ប៉ុន្តែសញ្ញាទាំងនេះ វាស្តែងចេញតែពាក់កណ្តាលនៃអ្នកជំងឺប៉ុណ្ណោះ។ មានន័យថាក្នុងចំណោមអ្នកជំងឺ២នាក់ មានម្នាក់លេចចេញសញ្ញាដូចខាងលើ រីឯម្នាក់ទៀតអាចនឹងមានសញ្ញាផ្សេង ដូចជាឈឺចាប់នៅកៀនកសងខាង នៅថ្គាមក្រោម លើស្មាខាងឆ្វេង នៅដៃឆ្វេង ឬរមួលនៅចុងដង្ហើម អស់កម្លាំង ល្ហិតល្ហៃ និងថប់ដង្ហើម ដែលធ្វើឲ្យពួកគាត់ច្រឡំជាមួយនឹងសញ្ញាក្រពះពោះវៀន ជាលទ្ធផលគឺខកខានក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាល ឲ្យបានត្រឹមត្រូវ។ ចំពោះករណីខ្លះទៀត អ្នកជំងឺមិនមានស្តែងចេញជារោគសញ្ញាអ្វីទាំងអស់ គឺគាត់មកជួបគ្រូពេទ្យដោយមានសភាពហត់តែម្តង មានន័យថាជាការស្តែងចេញនូវសញ្ញាខ្សោយបេះដូងតែម្តង។

មូលហេតុ
ជំងឺគាំងបេះដូងមានមូលហេតុចម្បងទាក់ទងនឹងការកកខ្លាញ់នៅជញ្ជាំងសរសៃឈាមបេះដូង។ ទាក់ទិននឹងស្ត្រី កាលណាគាត់អស់រដូវ អ័រម៉ូនអឺស្ត្រូហ្សែន របស់គាត់ថយចុះ។ ពេលស្ត្រីខ្វះអ័រម៉ូនអឺស្ត្រូហែ្សន វានឹងធ្វើឲ្យមានបម្រែបម្រួលមេតាបូលីសនៅក្នុងរាងកាយ ជាហេតុធ្វើឲ្យសម្ពាធឈាមកើនឡើងខុសពី ពេលដែលគាត់មិនទាន់អស់រដូវ ការផលិតជាតិខ្លាញ់ក្នុងខ្លួនមានការប្រែ-ប្រួលខុសពីមុន មានការកើនឡើងនូវទ្រីគ្លីសេរីត ពពួកខ្លាញ់អាក្រក់(LDL) និងមានការថយចុះនូវពពួកខ្លាញ់ល្អ(HDL)។

កត្តាហានិភ័យ
កត្តាគ្រោះថ្នាក់ប្រឈមមុខនឹងជំងឺបេះដូងសរសៃឈាមរួមមាន៖
•  អាយុលើសពី៥០ឆ្នាំ
•  កត្តាគ្រួសារនៅជំនាន់ទី១ មានន័យថាប្រសិន បើឳពុករបស់គាត់ធ្លាប់មានបញ្ហាគាំងបេះដូងនៅអាយុត្រឹម៦០ឆ្នាំ ឬម្តាយមានបញ្ហា សរសៃឈាមបេះដូង នៅអាយុ៥០ឆ្នាំ
•  អ្នកជំងឺលើសឈាម លើសជាតិស្ករ និងស្ត្រីលើសទម្ងន់ ឬធាត់
•  ការពិសាគ្រឿងស្រវឹងច្រើន
•  អ្នកចូលចិត្តជក់បារី
•  ការរស់នៅបែបអសកម្ម មានន័យថាការមិនទម្លាប់ហាត់ប្រាណ ឬការធ្វើការនៅតែក្នុងការិយាល័យ
•  អ្នកមានបញ្ហាស្ត្រេស ពិសេសស្ត្រីស្ថិតនៅកំឡុងពេលជុំវិញការអស់រដូវ។

ការធ្វើរោគវិនិច្ឆ័យ
ដើម្បីបញ្ជាក់ថានរណាម្នាក់ពិតជាមានជំងឺគាំងបេះដូង ឬត្បៀតសរសៃឈាមបេះដូងនេះពិតមែន ត្រូវផ្អែកមួយផ្នែកលើរោគសញ្ញាដូចបានរៀបរាប់ ខាងលើ  រួមជាមួយនឹងការធ្វើរោគវិនិច្ឆ័យដោយការវាស់ចង្វាក់បេះដូងតាមរយៈឧបករណ៍ ECG (Electrocardiogram) អេកូបេះដូង និង ការធ្វើតេស្តឈាមរកអង់សីុមចេញពីបេះដូងហៅថា Troponin។

ការព្យាបាល
ភាគច្រើននៃការព្យាបាលជំងឺគាំងបេះដូង មិនថាចំពោះមនុស្សធម្មតា ឬស្ត្រីអស់រដូវនោះទេ វាមានវិធីសាស្ត្រពីរបែប គឺព្យាបាលដោយពង្រីកសរសៃឈាម និងប្រើប្រាស់ថ្នាំ។
•  ការថតឆ្លុះនិងពង្រីកសរសៃឈាម៖ ដំបូងត្រូវធ្វើការថតឆ្លុះនិងពង្រីកធ្វើឡើងតាមរយៈសរសៃឈាមក្រហមនៅលើកដៃ  ឬនៅក្រលៀនដោយបញ្ចូល ឧបករណ៍តូច ជាទុយោវែង ស៊កតាមសរសៃរហូតដល់សរសៃឈាមបេះដូង។  បន្ទាប់មក ចាក់ថ្នាំផ្សំពីអ៊ីយ៉ូត ដែលគេប្រើវាដូចទៅនឹងម៉ាស៊ីនស្កេន ផ្សេងទៀត អ៊ីចឹងដែរ គួបផ្សំជាមួយម៉ាស៊ីនកាំរស្មីX  ដែលមានសមត្ថភាពវិលជុំវិញខ្លួនរបស់អ្នកជំងឺដើម្បីធ្វើការថតចាប់យករូបភាពសរសៃឈាម បេះដូង ហើយមានលទ្ធភាពរកឃើញថាសរសៃឈាមត្បៀតនៅកន្លែងណា ត្បៀតវែងក៏ខ្លី ប៉ុន្មានកន្លែងប៉ុន្មានសរសៃ។  បន្ទាប់មកទៀត ចាប់ផ្តើមព្យាបាលដោយ ការពង្រីកនៅទីតាំងទាំងនោះ។ ការពង្រីកធ្វើឡើងដោយប្រើរឺស័រស៊កបញ្ចូលតាមទុយោរហូតដល់ទីតាំងត្បៀត ដែលរឺស័រនេះមិនមានប្រតិកម្ម ឬផលប៉ះពាល់ ណាមួយដល់រាងកាយឡើយ។
•  ការប្រើប្រាស់ថ្នាំ៖ អ្នកជំងឺក៏តម្រូវឲ្យមានការប្រើប្រាស់ថ្នាំទៅតាមបញ្ហាដែលគាត់កំពុងជួបប្រទះ ឬបញ្ហាដែលទើបតែត្រូវបានរកឃើញក្នុងគោលបំណង ដើម្បី គ្រប់គ្រងសម្ពាធឈាម ជាតិស្ករ និងជាតិខ្លាញ់របស់គាត់។ ម៉្យាងទៀត អ្នកជំងឺត្រូវបញ្ឈប់រាល់សកម្មភាពនានាដែលជាកត្តាហានិភ័យ   បង្កើន ការធ្វើលំហាត់ប្រាណ និងប្រកាន់នូវរបបអាហារមានតុល្យភាព។ ការព្យាបាលដោយប្រើអ័រម៉ូនមិនត្រូវបានណែនាំនោះទេក្នុងករណីនេះ ទោះបីគាត់ ស្ថិតក្នុងវ័យអស់រដូវក៏ដោយ ព្រោះថា វាមិនត្រឹមតែគ្មានប្រយោជន៍ថែមទាំងផ្តល់នូវហានិភ័យដល់ស្ត្រីថែមទៀតផង។

ការការពារ
•  បង្កើនទម្លាប់ត្រួតពិនិត្យសុខភាពជាប្រចាំពិសេស ទៅលើជាតិខ្លាញ់ ជាតិស្ករ និងមុខងារតម្រងនោម៖ ស្ត្រីចាប់ពីអាយុ ២០ឆ្នាំដល់ ៥០ឆ្នាំ ឬបុរសអាយុចាប់ពី២០ឆ្នាំទៅ៤០ឆ្នាំគួរត្រួតពិនិត្យសុខភាពរៀងរាល់ ៣-៥ ឆ្នាំម្តង។ ស្ត្រីចាប់ពី៥០ឆ្នាំឡើងទៅគួរធ្វើការត្រួតពិនិត្យសុខភាព រៀងរាល់១ឆ្នាំម្តង។
•  អនុវត្តការរស់នៅល្អ៖ ហាត់ប្រាណជាប្រចាំ យ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃ និង៣ថ្ងៃក្នុងមួយសប្តាហ៍  កាត់បន្ថយភាពស្ត្រេស បរិភោគបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ សាច់ត្រី ឬសាច់មាន់ឲ្យបានច្រើន ចៀសវាងភេសជ្ជៈដែលមានជាតិស្ករកម្រិតខ្ពស់ និងសាច់ក្រហមច្រើនពេក។

បកស្រាយដោយ វេជ្ជបណ្ឌិត មិន សេងលាប ឯកទេសជំងឺបេះដូងនិងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត។


©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧