ដោះស្រាយបែបណាចំពោះកុមារលើសទម្ងន់?

()
274
ដោយ : Editor

ការឃាត់ឃាំងកុមារក្នុងការទទួលបាននូវចំណីអាហារ នៅពេលពួកគេមានបញ្ហាលើសទម្ងន់មិនមែនជាវិធីសាស្រ្តត្រឹមត្រូវនោះទេ ដោយអ្នកត្រូវ យល់ថាការបង្អត់អាហារអាចអនុវត្តបានតែចំពោះបុគ្គលដែលពេញវ័យតែប៉ុណ្ណោះ។

កុមារ ជាវ័យដែលគួរទទួលបាននូវរបបអាហារដែលមានជីវជាតិ និងក្នុងកម្រិតមួយដែលគ្រប់គ្រាន់សម្រាប់សុខភាព ក៏ដូចជាការលូតលាស់បានល្អ ចំណែកបញ្ហានៃការលើសទម្ងន់ ភាគច្រើនបណ្តាលមកពីភាពមិនស្មើគ្នារវាងការបញ្ចូលថាមពល (ញ៉ាំអាហារ) និងការបញ្ចេញថាមពល (ធ្វើចលនា ឬលំហាត់ប្រាណរបស់កុមារ)។ ដូច្នេះ វិធានការដោះស្រាយការលើសទម្ងន់ គួរតែធ្វើឡើងដោយសុវត្ថិភាព មិនមែនដោយការបង្អត់អាហារនោះទេ ដែលចំណុចខាងក្រោមអាចជាការណែនាំដ៏ល្អសម្រាប់អាណាព្យាបាលទាំងអស់។

1.  កំណត់តម្រូវការកាឡូរី៖ កម្រិតកាឡូរី​ប្រចាំថ្ងៃរបស់កុមារអាចប្រែប្រួលពីចន្លោះ ១,០០០ ទៅ២,០០០ កាឡូរី សម្រាប់កុមារ​ដែលមានអាយុចន្លោះ ៣ ទៅ ១៣ឆ្នាំ។ បើទោះបីកុមារមានបញ្ហាលើសទម្ងន់ ពួកគេនៅតែអាចទទួលបានចំនួនកាឡូរីគ្រប់គ្រាន់ក្នុងវ័យនីមួយៗ គ្រាន់តែទាមទារឲ្យមានការ ធ្វើចលនា នៃរាងកាយឲ្យបានច្រើន ដើម្បីអាចប្រើប្រាស់នូវថាមពលដែលបានបញ្ចូលពីចំណីអាហារទាំងនោះ។

2.  ចាប់ផ្តើមដោយជំហានតូច៖ ផ្តាច់ចំណី មិនត្រូវបានណែនាំនោះទេ អ្នកគួរចាប់ផ្តើមកែប្រែបន្តិចម្តងៗរហូតដល់ក្លាយជាទម្លាប់ តួយ៉ាងដូចជា៖
•   ផ្តល់ទឹកដោះគោ ឬភេសជ្ជៈដែលមិន​មានជាតិធាត់ (nonfat) ជំនួសពីផលិតផល​ដែលមានជាតិស្ករ។
•   អាហារពេលព្រឹកត្រូវតែមានជីវជាតិគ្រប់គ្រាន់​​ ដោយអ្នកអាចរៀបចំជាពពួកគ្រាប់ធញ្ញជាតិ ព្រោះអាហារប្រភេទនេះអាចឲ្យកុមា ​ញ៉ាំឆាប់ឆ្អែត ក្នុងនោះបន្លែ និងផ្លែឈើក៏មិន​គួរមើលរំលងសម្រាប់ជារបបអាហារប្រចាំ​ថ្ងៃផងដែរ។
•   កាត់បន្ថយការញ៉ាំអាហារខាងក្រៅ ជាពិសេសប្រភេទ Fast Food។

3.  ធ្វើចលនារាងកាយ៖ កុមារគ្រប់រូបគួរចំណាយពេលសម្រាប់ការធ្វើចលនា ដើម្បីបញ្ចេញថាមពល យ៉ាងហោចណាស់​ ៦០នាទីជារៀងរាល់ថ្ងៃ ដែលការធ្វើចលនានោះអាច​រួមបញ្ចូលដូចជា៖
•  ដើរកំសាន្ត ឬជិះកង់ជាមួយគ្រួសារ
•  ការហែលទឹក រាំ ឬរត់នៅតាមសួនកុមារ​ជាដើម
•  ឲ្យកុមារចំណាយពេល និងធ្វើសកម្មភាពនៅខាងក្រៅ ជាជាងបណ្តោយឲ្យពួកគេមើលទូរទស្សន៍ ឬប្រើប្រាស់គ្រឿងអេឡិចត្រូនិច។

4.  ធ្វើជាគំរូល្អ៖ មិនគួរចាត់វិធានចំពោះ កូនរបស់អ្នកតែម្នាក់នោះទេ ក្រុមគ្រួសារ ទាំងមូលរួមទាំងអ្នកផ្ទាល់ក៏គួរតែចាប់ផ្តើមអនុវត្តនូវគម្រោងអាហារ និងការថែរក្សា សុខភាពរាងកាយ ដែលនេះជាគំរូយ៉ាងល្អសម្រាប់ឲ្យកុមារអនុវត្តតាម និងអាចបណ្តុះទម្លាប់របស់ពួកគេ។

5.  រក្សាភាពអត់ធ្មត់៖ ការចាប់ផ្តើមដំបូងតែងតែមានភាព តឹងតែង កុមារអាចនឹងមិនព្រម​ទទួល ឬរឹងទទឹង តែយ៉ាងណាមិញ ​អ្នកត្រូវមានភាពអត់ធ្មត់ បន្តផ្តល់ឲ្យកុមារនូវទម្លាប់ ថ្មីនោះជារៀងរាល់ថ្ងៃ ដោយសារការសិក្សាបានបង្ហាញថា វាត្រូវការពេលវេលាខ្លះសម្រាប់ឲ្យកុមារអាចទទួលយក និងសម្របខ្លួន បានជាមួយនឹងអ្វីដែលថ្មី។

 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧