[លែងឆ្ងល់] ហេតុអ្វីស្រ្តីក្នុងវ័យអស់រដូវងាយទទួលរងពីជំងឺមហារីក?

ជំងឺមហារីកភាគច្រើន  កើតឡើងចំពោះមនុស្សដែលមានវ័យចំណាស់ មិនថាបុរស ឬស្រ្តីនោះទេ ចំណែកស្រ្តីដែលស្ថិតក្នុងវ័យអស់រដូវមានអត្រាប្រឈមទៅនឹង ជំងឺមហារីកខ្ពស់ជាង  ៣ដង  បើប្រៀបធៀបចំពោះស្រ្តីដែលពុំទាន់អស់រដូវ។  ជាទូទៅជំងឺមហារីក  អាចនឹងកើតមានឡើងក្នុងអត្រា ៦០% ចំពោះស្រ្តី ក្នុងចន្លោះ អាយុ ៤៨ឆ្នាំ ដល់ ៥១ឆ្នាំ ដែលជាទូទៅ សភាពជំងឺអាចស្តែងចេញជាដំណាក់កាលដំបូងដោយមិនបញ្ចេញជារោគសញ្ញាគួរឲ្យកត់សម្គាល់នោះទេ ហើយអត្រានោះ នឹងកើនឡើងប្រសិនបើអាយុរស់មធ្យមរបស់ស្រ្តីកាន់តែវែង (អាចមានអាយុដល់ទៅ ៧៥ឆ្នាំ ជាមធ្យម)។

តើប្រភេទជំងឺមហារីកណាខ្លះដែលកើតជាញឹកញាប់?
ចំពោះស្រ្តីដែលឈានចូលដល់វ័យក្រោយអស់រដូវ អាចនឹងមានការប្រឈមទៅនឹងជំងឺមហារីកជាញឹកញាប់ដូចជា៖
• មហារីកមាត់ស្បូន៖ មិនមែនជាជំងឺតពូជ តែវាបង្កឡើងដោយវីរុសប្រភេទ Human Papillomavirus (HPV) ដែលហែ្សនរបស់មេរោគ បានទៅភ្ជាប់ខ្លួនជាមួយហ្សែនមាននៅក្នុងកោសិកាមាត់ស្បូន ជាលទ្ធផលវាបង្កើតបានជាហែ្សនថ្មីមិនធ្លាប់មានពីមុនមកនៅក្នុងខ្លួនរបស់យើង ហើយអាចបញ្ចេញប្រូតេអ៊ីន E6 និងE7 ដែលជាភ្នាក់ងារយ៉ាងសំខាន់ក្នុងការបង្ករោគជាជំងឺមហារីក។
• មហារីកសុដន់៖ ជាជំងឺមហារីកដែលកើតមានឡើងដោយមានការប្រែប្រួលនៃហែ្សនពីរប្រភេទគឺ BRCA1 និងBRCA2 កាលណាស្រ្តីមានផ្ទុកនូវ​ ហែ្សនប្រភេទនេះ បង្កឲ្យមានហានិភ័យក្នុងការចម្លងទៅដល់កូន។ យ៉ាងណាមិញ គ្រប់បុគ្គលទាំងអស់ មិនសុទ្ធតែត្រូវឆ្លងជំងឺមហារីកសុដន់ពីម្តាយនោះទេ តែក្នុងករណីនេះ ពួកគេមានអត្រាដែលអាចកើត ខ្ពស់ជាងអ្នកដែលពុំមានប្រវត្តិកើតមហារីកសុដន់។
• ក្រៅពីជំងឺមហារីកទាំងពីរខាងលើ ស្រ្តីវ័យក្រោយអស់រដូវក៏អាចប្រឈមទៅនឹងជំងឺមហារីកផ្សេងទៀតដូចជា មហារីកក្រពះ  ពោះវៀនធំ ខួរក្បាល ឈាម ឬមហារីកឆ្អឹង  ដែលវានឹងអាចកើតឡើងជាទូទៅដូចទៅនឹងបុរសដែរ។

តើមានកត្តាអ្វីខ្លះបង្កជាជំងឺមហារីក?
ក្នុងសម័យបច្ចុប្បន្ន អ្នកវិទ្យាសាស្រ្តពុំទាន់កំណត់ឲ្យបានច្បាស់ពីមូលហេតុពិតប្រាកដនៃការបង្កជាជំងឺមហារីកនោះទេ តែគេអាចឃើញមានកត្តាមួយចំនួន ដូចជា៖
• ស្រ្តីក្នុងវ័យអស់រដូវ តែងមានបញ្ហាលើផ្លូវចិត្តដែលបង្កជា ស្ត្រេស។​ វាជាដើមចមមួយបង្កឲ្យហែ្សនក្នុងណៃ្វយ៉ូនៃកោសិកាមានការប្រែប្រួលប ង្កើតបានជាហែ្សនថ្មី ដែលអាចផលិតប្រូតេអ៊ីនជាភ្នាក់ងារនៃជំងឺមហារីក។​ យ៉ាងណាមិញ ការផលិតនូវហែ្សនដែលផ្លាស់ប្តូរនោះ គឺទាមទាររយៈពេលយូរ យ៉ាងហោចណាស់ ១៥ ទៅ ២០ឆ្នាំ។
• ចំពោះស្រ្តីដែលឆាប់មានរដូវ និងយូរក្នុងការអស់រដូវ ជាលក្ខខណ្ឌមួយដែលស្រ្តីអាចនឹងមានហានិភ័យខ្ពស់កើតមានជំងឺមហារីក ដោយសារស្រ្តីក្នុងលក្ខខណ្ឌ បែបនេះ ស្ថិតនៅក្រោមឥទ្ធិពលនៃអ័រម៉ូន Estrogen រយៈពេលយូរ។
• ជំងឺមហារីកអាចបង្កផងដែរ ពីពពួកបាក់តេរី វីរុសផ្សេងៗមួយចំនួន ក៏ដូចជាប៉ារ៉ាស៊ីតដែលមានក្នុងខ្ចៅ ខ្យង លៀសជាដើម។
• សារធាតុក្នុងបរិស្ថានជុំវិញ និងខ្យល់បរិយាកាស ដូចជាផ្សែងឡាន ម៉ូតូ សារធាតុរ៉ែដែលមានសារធាតុវិទ្យុសកម្ម និងពន្លឺព្រះអាទិត្យ ក៏ចូលរួមចំណែក បង្កឲ្យមានជំងឺមហារីកមួយចំនួនផ្សេងទៀតផងដែរ។  

វិធីសាស្រ្តការពារ កាត់បន្ថយការកើតមហារីក
វិធីសាស្រ្តដោយឡែក៖ ចំពោះស្រ្តីមិនទាន់មានគ្រួសារ គួរធ្វើការចាក់វ៉ាក់សាំង ចំពោះប្រភេទមហារីកដែលអាចធ្វើទៅបាន ដូចជាមហារីកមាត់ស្បូនជាដើម។ ចំពោះស្រ្តីក្នុងវ័យអស់រដូវ ត្រូវពិនិត្យតាមដាន និងរកមើលសញ្ញាដំបូងនៃជំងឺមហារីក (Early detection) ដូចជា ការរកមើលកោសិកា
មហារីកមាត់ស្បូន រយៈពេល ១ ឬ២ឆ្នាំម្តង និងការពិនិត្យសុដន់តាមវិធីសាស្រ្ត mammography រហូតដល់អាយុ ៧២ឆ្នាំ។
វិធីសាស្រ្តជារួម៖ កាត់បន្ថយបញ្ហាស្ត្រេស  ដោយចំណាយពេលវេលាសម្រាប់លំហែកាយ និងអារម្មណ៍ តាមរយៈការធ្វើលំហាត់ប្រាណបែបរាំ ឬយោគៈ គួរដើរឲ្យបាន ២០,០០០ជំហាន ក្នុងមួយសប្តាហ៍ កាត់បន្ថយការហូបអំបិល ខ្លាញ់ និងរក្សាទម្ងន់ឲ្យមានស្ថេរភាព។

បកស្រាយដោយ៖ សាស្ត្រាចារ្យ អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែត។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧