ជំងឺទឹកនោមផ្អែមលើស្រ្តីមានផ្ទៃពោះ (Gestational Diabetes)

ជំងឺទឹកនោមផ្អែមដែលកើតឡើងនៅពេលស្ត្រីមានផ្ទៃពោះ ជាបញ្ហាដែលទាក់ទងនឹងសុខភាពដ៏ធ្ងន់ធ្ងរ។ ដូច្នេះ ត្រូវការការខិតខំប្រឹងប្រែងទាំងសងខាងពោលគឺ ម្ខាងពីសំណាក់វេជ្ជបណ្ឌិតជំនាញ និងម្ខាងទៀតពីសំណាក់អ្នកជំងឹខ្លួនឯងផ្ទាល់តែម្តង គឺគ្រប់ស្រ្តីមានគភ៍ទាំងអស់។ ជំងឺទឹកនោមផ្អែមមានច្រើនប្រភេទ តែជំងឺទឹកនោមផ្អែមដែលយើងជួបប្រទះច្រើនជាងគេនៅពេលបច្ចុប្បន្នគឺ មានតែជំងឹទឹកនោមផ្អែមប្រភេទទី២ ដែលមានប្រហែលជាង ៩០% នៃជំងឺទឹកនោមផ្អែមទាំងអស់។ បន្ទាប់ពីនេះ មានជំងឺទឹកនោមផ្អែមប្រភទទី១ដែលមានប្រហែល ៥-១០% នៃអ្នកកើតជំងឺទឹកនោមផ្អែមទាំងអស់។ បន្ទាប់មកទៀត គឺជំងឺទឹកនោមផ្អែមកើតនៅលើស្ត្រីមានផ្ទៃពោះដែលមានប្រហែលពី ៣-៥% ក្នុងចំណោមស្ត្រីដែលមានគភ៌។
    

និយមន័យ
ជំងឺទឹកនោមផ្អែម គឹជាការរុករាន និងការប្រែប្រួលកម្រិតជាតិស្ករនៅក្នុងឈាមចំពោះស្ត្រីមានផ្ទៃពោះដែលគេហៅស្ត្រីនោះថា មានជំងឺទឹកនោមផ្អែមពេលកំពុងមានគភ៌។ កម្រិតជាតិស្ករនៅក្នុងឈាមរបស់ស្ត្រីមានផ្ទៃពោះកើតជំងឺនេះ នឹងវិលមករកសភាពធម្មតាវិញនៅក្រោយពេលសម្រាលកូនរួច។ ប៉ុន្តែ សូមកុំយល់ច្រឡំនឹងអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី២ដែលមិនដឹងខ្លួន ឬមិនត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឹទឹកនោមផ្អែម។ ចំណុចនេះមានន័យថា ករណីមួយគឺគាត់មានជំងឺទឹកនោមផ្អែមប្រភេទទី២រួចមកហើយ ប៉ុន្តែពេលគាត់ចង់បានកូន ទោះគាត់សម្រាលកូនរួចហើយក៏ដោយ ក៏គាត់នៅតែត្រូវការព្យាបាលជាបន្តបន្ទាប់រហូត។

ការធ្វើរោគវិនិច្ឆ័យ
ដើម្បីរកឲ្យឃើញថា ជំងឺទឹកនោមផ្អែមកើតមាននៅពេលដែលស្ត្រីមានផ្ទៃពោះ គឺយើងត្រូវចែកឲ្យដាច់រវាងស្រ្តីមានផ្ទៃពោះហើយកើតជំងឺទឹកនោមផ្អែម និងស្រ្តីមានជំងឺទឹកនោមផ្អែម រួចហើយតែគាត់ចង់មានកូន។ 
•ចំពោះការវិនិច្ឆ័យ រកឲ្យឃើញជំងឹទឹកនោមផ្អែមលើស្រ្តីដែលកំពុងមានផ្ទៃពោះ៖  ត្រូវពឹងផ្អែកទៅលើតេស្តម៉្យាង ដើម្បីតាមដានរកកម្រិតជាតិស្ករក្នុងឈាម (ការធ្វើតេស្តគឺអាស្រ័យទៅលើបុគ្គលម្នាក់) បានធ្វើការបែងចែកចេញជាពីរផ្នែក។ ដូចជា គាត់ធ្លាប់មានប្រវត្តិលើសជាតិស្ករពីមុនមក មានប្រវត្តិលើសទម្ងន់ ឬធ្លាប់មានឪពុកម្តាយកើតជំងឺទឹកនោមផ្អែម ឬធ្លាប់មានផ្ទៃពោះតែកូនស្លាប់ក្នុងផ្ទៃ ឬកូនមានក្បាលធំជាដើម។ ស្រ្តីប្រភេទដូចបានរៀបរាប់ខាងលើនេះ ការធ្វើតេស្តរកជាតិស្ករ និងការតមអាហារនៅពេលមានផ្ទៃពោះដំបូង គឺជាប្រការមួយដ៏សំខាន់។ 
•ចំណែកឯទីពីរ ចំពោះស្រ្តីផ្សេងទៀត ការរកមើលជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះ គឺពឹងទៅលើតេស្តម៉្យាងដែលតម្រូវឲ្យស្រ្តីនោះញ៉ាំទឹកស្ករ រួចរកមើលកម្រិតជាតិស្ករក្នុងឈាមរយះពេលមួយម៉ោង ពីរម៉ោងឬបីម៉ោង។ ក្រោយពីការតេស្តហើយ ឲ្យញ៉ាំទឹកស្ករនោះទៀតទៅតាមបច្ចេកទេសរបស់វេជ្ជបណ្ឌិតជំនាញ ដូចជាតេស្តមួយដែលគេឲ្យឈ្មោះថា O’sullivan Test ជាដើម។ តេស្តនេះគឺត្រូវរកមើលចន្លោះសប្តាហ៍ទី២៤ និងទី២៨ នៃការមានផ្ទៃពោះបន្ទាប់ពីបាត់រដូវ។ មានន័យថា O’sullivana Test គេច្រើនតែធ្វើនៅពេលដែលស្ត្រីបាត់រដូវនៅសប្តាហ៍ទី២៤ និងទី២៨(ចំពោះអ្នកដែលមិនធ្លាប់មានជំងឺទឹកនោមផ្អែមពីមុនមក)។

គេអាចកត់សម្គាល់បានថាស្ត្រី អាចកើតជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះ កាលណាគាត់មានបញ្ហា យ៉ាងហោចណាស់មួយក្នុងចំណោមបញ្ហាដូចខាងក្រោមនេះ៖ 
•ប្រវត្តិគ្រួសារមានជំងឺទឺកមានផ្អែម ពិសេសឪពុកម្តាយ
•មុនពេលមានផ្ទៃពោះ ធ្លាប់មានប្រវត្តិលើសទម្ងន់ធម្មតា ១០%
•អាយុលើសពី២៥ឆ្នាំ
•ធ្លាប់មានប្រវត្តិបញ្ហាវិបត្តិជាតិស្ករក្នុងឈាមដែលភាសាបច្ចេកទេសពេទ្យហៅថា Impaired Glucose Tolerance ដែលមានន័យថា បុគ្គលម្នាក់នេះ គាត់នៅចន្លោះអ្នកមានសុខភាពធម្មតា និងអ្នកមានជំងឺទឹកនោមផ្អែម។
•ធ្លាប់មានប្រវត្តិរលូតកូន ឬកូនស្លាប់ក្នុងផ្ទៃ ឬធ្លាប់សម្រាលកូនថ្លោសពេក ដែលមានន័យថា កូននោះមានទម្ងន់លើសពី ៤kg ឡើងទៅ។
មានផ្ទៃពោះច្រើនដង លើសពី៤ដងឡើងទៅ។
    
ចំពោះស្ត្រីមានលក្ខណះដូចរៀបរាប់ខាងលើនេះ ចាំបាច់នៅពេលដែលពិនិត្យផ្ទៃពោះលើកដំបូង វេជ្ជបណ្ឌិតអាចធ្វើតេស្តរកមើលជំងឹទឹកនោមផ្អែម នៅពេលដែលគាត់មានផ្ទៃពោះសប្តាហ៍ទី២៤ និងទី២៨។ ភាគរយនៃករណីជំងឺទឹកនោមផ្អែម កើតឡើងនៅពេលដែលស្រ្តីមានផ្ទៃពោះ បញ្ចាក់ថាស្រ្តីនោះគាត់មានជំងឺទឹកនោមផ្អែមប្រភេទទី២ ដោយមិនដឹងខ្លួន។

ថ្មីៗនេះ គេជួបប្រទះស្ត្រីមានផ្ទៃពោះមានជំងឹទឹកនោមផ្អែមប្រភេទទី២ មានការកើនឡើងជាលំដាប់ ចាប់តាំងពីគេរកឃើញជំងឺទឹកនោមផ្អែម កាន់តែច្រើនឡើងលើមនុស្សវ័យក្មេងៗ។ គេបានសម្គាល់ឃើញថា យ៉ាងហោចណាស់ ៥០% នៃស្ត្រីដែលមានជំងឺទឹកនោមផ្អែមនៅពេលដែលគាត់មានផ្ទៃពោះ គឺកើតជំងឺទឹកនោមផ្អែមប្រភេទទី២។

ការព្យាបាល
នៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមគោលការណ៍៤យ៉ាងដែលអ្នកជំងឺត្រួវគោរពឲ្យបាននោះគឺ :
•ទី១ ទទួលទានរបបអាហារឲ្យបានត្រឹមត្រូវ
•ទី២ ការប្រើប្រាស់ថ្នាំ
•ទី៣ លំហាត់ប្រាណ
•ទី៤ ការតាមដានកម្រិតជាតិស្ករក្នុងឈាម ព្រមទាំងការណាត់ជួបជាមួយវេជ្ជបណ្ឌិតឲ្យបានទៀងទាត់។
គោលការណ៍ទាំង៤ខាងលើនេះ អ្នកជំងឺទឹកនោមផ្អែមត្រួវតែគោរពឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងផលវិបាកធ្ងន់ធ្ងរដែលអាចកើតមានឡើងនៅពេលខាងមុខ។ បន្ថែមពីនេះ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះ ត្រូវធ្វើការតាមដាន និងព្យាបាលជំងឺទឹកនោមផ្អែមឲ្យបានកាន់តែញឹកញាប់។ មានន័យថា ត្រូវណាត់ជួបជាមួយវេជ្ជបណ្ឌិតជំនាញជំងឺទឹកនោមផ្អែមរៀងរាល់២សប្តាហ៍ម្តងរហូតដល់ពេលសម្រាល ដើម្បីឲ្យវេជ្ជបណ្ឌិតធ្វើការត្រួតពិនិត្យពីការវិវឌ្ឍនៃកម្រិតជាតិស្ករក្នុងឈាម ពីព្រោះការប្រើឱសថចំពោះស្ត្រីមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ពុំមែនប្រើនៅកម្រិតដដែលៗនោះទេ គឺត្រូវបង្កើនកម្រិតថ្នាំទៅតាមការវិវឌ្ឍរបស់ទារកក្នុងផ្ទៃ។
    
វិធានការព្យាបាលចំពោះស្រ្តីមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះដំបូង គឺ
•ធ្វើការណែនាំឲ្យស្រ្តីនោះជួបប្រាស្រ័យជាមួយអ្នកឯកទេសខាងចំណីអាហារសិន ដើម្បីឲ្យគាត់វាយតម្លៃអំពីចំណីអាហារដែលអ្នកជំងឺគួរតែទទួលទានរាល់ថ្ងៃ (គិតជាប៉ុន្មានកាល់ឡូរី)។ 
•ប្រសិនបើ ការធ្វើរបបអាហារមិនអាចធ្វើឲ្យកម្រិតជាតិស្ករចុះមកត្រឹមគោលដៅដែលវេជ្ជបណ្ឌិតចង់បាននោះទេ នោះវេជ្ជបណ្ឌិតជំនាញទឹកនោមផ្អែម នឹងតម្រូវឲ្យចាក់ថ្នាំប្រភេទអាំងស៊ុយលីន។ ការចាក់ថ្នាំនេះ ពុំមានផលប៉ះពាល់អ្វីដល់ទារកក្នុងផ្ទៃនោះទេ ព្រោះវាមិនឆ្លងកាត់ទៅដល់សុកម្តាយឡើយ។ ផ្ទុយមកវិញ ថ្នាំនេះបង្កើតជាតិស្ករក្នុងឈាមឲ្យទៅដល់សុក និងជួយមិនឲ្យមានផលលំបាកផ្សេងៗដល់ទារក។ ក្នុងការប្រើប្រាស់អាំងស៊ុយលីន ជាជំហានដំបូងត្រូវចាក់ក្នងកម្រិតទាប បន្ទាប់មកធ្វើការដំឡើងទៅតាមកម្រិតជាតិស្ករក្នុងឈាម។ ការចាក់ថ្នាំនេះ អ្នកជំងឺត្រូវចាក់ពី៣ទៅ៤ដងក្នុងមួយថ្ងៃ។ មុននឹងចាក់ថ្នាំដល់អ្នកជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ វេជ្ជបណ្ឌិតត្រូវបង្រៀនពីរបៀបចាក់ និងរបៀបប្រើប្រាស់ថ្នាំ ដើម្បីចៀសវាងការចុះជាតិស្ករពេក។ ពេលនោះដែរ ស្ត្រីមានជំងឺទឹកនោមផ្អែមដែលមានផ្ទៃពោះ ក្រោយពីការសម្រាលកូនរួច ត្រូវទៅជួបវេជ្ជបណ្ឌិតជំនាញទឹកនោមផ្អែមដើម្បីវាយតម្លៃឡើងវិញ។ ប្រសិនជាមិនមានសញ្ញាត្រូវការប្រើប្រាស់ថ្នាំទឹកនោមផ្អែមទេ ៦ខែក្រោយ ស្ត្រីនោះត្រូវធ្វើតេស្តរកជាតិស្ករម្តងទៀត។ ប្រសិនបើ៦ខៃក្រោយសម្រាលហើយ វេជ្ជបណ្ឌិតពិនិត្យមើលទៅលើកម្រិតជាតិស្ករមិនមានការកើនឡើងនោះទេ សន្មត់ថាអ្នកជំងឹជាសះស្បើយ។ ដូចនេះ គឺមិនបាច់ត្រូវប្រើថ្នាំទៀតទេ។ 

គួរកត់សម្គាល់ថា ស្ត្រីដែលធ្លាប់មានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ច្រើនតែបង្ករឲ្យមានជំងឺទឹកនោមផ្អែមនៅថ្ងៃខាងមុខ ជាពិសេសបើសិនជាស្ត្រីមានការកើនឡើងទម្ងន់ជាលំដាប់។ ដូច្នេះ ដើម្បីចៀសវាងពីផលប៉ះពាល់នេះ ស្ត្រីដែលសម្រាលកូនរួច គួររក្សាទម្ងន់ឲ្យនៅធម្មតា បង្កើននូវសកម្មភាពការងារ និងតាមដានកម្រិតជាតិស្ករក្នុងឈាម។ 

ជាទូទៅ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមអាចមានផ្ទៃពោះបាន (ចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមរួចទៅហើយ មុនពេលមានផ្ទៃពោះ) ដូចអ្នកដែលគ្មានជំងឺទឹកនោមផ្អែមដែរ លើកលែងតែស្ត្រីនោះមានបញ្ហាសុខភាពផ្សេងៗដូចជា ជំងឺបេះដូង ឬជាពិសេសជំងឺសរសៃឈាមបេះដូង ឬក៏ជំងឺទឹកនោមផ្អែមរបស់គាត់នោះមិនគ្រប់គ្រងជាតិស្ករបានត្រឹមត្រូវ។ បើសិនជាដូចករណីដូចរៀបរាប់ខាងលើនេះ គួរចៀសវាងកុំឲ្យមានផ្ទៃពោះ។ ប៉ុន្តែស្ត្រីដែលមានជំងឺទឹកនោមផ្អែម មុនសម្រេចចិត្តចង់បានកូន ត្រូវទៅជួបជាមួយអ្នកជំនាញផ្នែកទឹកនោមផ្អែមជាមុនសិន។ ចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមធ្លាប់ប្រើថ្នាំជាប្រភេទគ្រាប់ ត្រូវបញ្ឈប់បែរមកប្រើថ្នាំចាក់វិញ ដើម្បីឲ្យមានសុវត្ថិភាពមុន និងក្រោយពេលសម្រាលកូន។ 

ចំណែកឯផលប៉ះពាល់វិញ មានច្រើនចំពោះស្ត្រីដែលមានផ្ទៃពោះមានជំងឺទឹកនោមផ្អែមហើយ មិនបានធ្វើការបញ្ចុះជាតិស្ករឲ្យបានត្រឹមត្រូវទេនោះ ផលប៉ះពាល់នឹងកើតមានចំពោះម្តាយខ្លួនឯង ព្រមទាំងទារកពេលធំឡើងដូចជា៖ 
គ្រោះថ្នាក់ចំពោះម្តាយ : ឧស្សាហ៍រលូតកូន គ្រោះថ្នាក់ពេលសម្រាលកូន ដូចជាព្រាយក្រឡាភ្លើងហើយពី១០ទៅ៦០%ភាគរយនៃម្តាយមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ មានការប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែមនៅពេលខាងមុខ។
ចំពោះទារក : ទារកមានក្បាលធំពិបាកក្នុងការសម្រាល ទារកអាចស្លាប់ក្នុងផ្ទៃ ជួនកាលអាចស្លាប់ពេលកើតភ្លាម ឬកើតបានប៉ុន្មានថ្ងៃ ទារកកើតមកមានភាពមិនប្រក្រតីមានការចុះជាតិស្ករច្រើន។ នៅពេលទារកសម្រាលមក ចូរប្រយ័ត្នចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមមានផ្ទៃពោះ។ នៅពេលដែលធំឡើង អាចកើតជំងឺទឹកនោមផ្អេមប្រភេទទី២ ឬមានជំងឺធាត់ជាដើម។ ដូចនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យកូនធាត់ខ្លាំងពេក។

ការការពារ
ដើម្បីចៀសវាងគ្រោះថ្នាក់ចំពោះទារក និងម្តាយ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះ វេជ្ជបណ្ឌិតជំនាញត្រូវធ្វើការព្យាបាលយ៉ាងណាឲ្យកម្រិតជាតិស្ករក្នុងឈាមរបស់គាត់ចុះឲ្យដល់គោលដៅគឹត្រឹមតិចជាង ៩៥mg/dlនៃឈាម ហើយមុនពេលបរិភោគអាហារ និងពីរម៉ោងក្រោយពីពិសាអាហារ ឲ្យនៅត្រឹមតិចជាង ១២០mg/dlនៃឈាម។ គួរបញ្ចាក់ថាដែរ កម្រិតជាតិស្ករចំពោះស្រ្តីដែលមានជំងឺទឹកនោមផ្អែម ពេលមានផ្ទៃពោះត្រូវទាបជាងអ្នកមានជំងឺទឹកនោមប្រភេទទី២ និងជំងឺទឹកនោមផ្អែមប្រភេទទី១។ មានន័យថា ជំងឺទឹកនោមផ្អែមប្រភេទទី១ និងប្រភេទទី២ គេឲ្យកម្រិតជាតិស្ករនៅខ្ពស់ជាងនេះបន្តិច។ និយាយជារួម នៅពេលស្រ្តីមានផ្ទៃពោះមានជំងឺទឹកនោមផ្អែម នោះកម្រិតជាតិស្កររបស់គាត់ត្រូវតែទាបជាងអ្នកមានជំងឺទឹកនោមផ្អែមធម្មតា ទើបអាចរក្សាកូនក្នុងផ្ទៃឲ្យមានសុខភាពល្អ។ ដូច្នេះ ចំពោះស្រ្តីដែលមានជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះគួរធ្វើតេស្តរកកម្រិតជាតិស្ករក្នុងឈាមឲ្យបានយ៉ាងហោចណាស់ពី៣ទៅ៤ដងក្នុងមួយថ្ងៃបើអាចធ្វើបាន ហើយកត់លទ្ធផលទុកសម្រាប់យកទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញខាងទឹកនោមផ្អែម ដើម្បីឲ្យវេជ្ជបណ្ឌិតបានដឹងពីការប្រែប្រួលនៃកម្រិតជាតិស្ករក្នុងឈាម និងងាយស្រួលដល់គាត់ក្នុងការចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំ។

យោងតាមលទ្ធផលនៃការស្រាវជ្រាវមួយដែលត្រូវចុះផ្សាយដោយ Pubmed ក្នុងអត្ថបទ Diabetes (ខែធ្នូ ២០១២) បានបង្ហាញស្ត្រីដែលមាន Gestational Diabetes ការបំបៅដោះកូនរយះពេលបីខែឡើងទៅ អាចការពារពួកគេពីជំងឺទឹកនោមផ្អែមប្រភេទទី២ ក្នុងពេលអនាគតបាន៤០%៕

បកស្រាយដោយ​លោកវេជ្ជបណ្ឌិត ទូច ឃុន​​ នាយករងមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ។​ 

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧