តើអាចពិនិត្យរកជំងឺមហារីកថ្លើមដោយវិធីសាស្ត្រណា?

ករណីមានសញ្ញាព្រមានណាមួយលេចឡើង និងត្រូវបានសង្ស័យថាមានទំនាក់ទំនងនឹងជំងឺមហារីកថ្លើមនោះការទៅជួបជាមួយវេជ្ជបណ្ឌិតឲ្យបានឆាប់រហ័សដើម្បីធ្វើរោគវិនិច្ឆ័យគឺជារឿងដ៏ចាំបាច់។ ទោះបីជាមិនទាន់មានសញ្ញាណាមួយកើតឡើងក៏ដោយការរកជំងឺមហារីកថ្លើមតាមរយៈការពិនិត្យសុខភាព ត្រូវបានណែនាំផងដែរដើម្បីបង្កើនឱកាសក្នុងការរស់រានចំពោះអ្នកជំងឺកំពុងមានជំងឺនេះដោយមិនបានដឹងខ្លួន។

I. ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកថ្លើមតេស្ត និងដំណើរការសម្រាប់ធ្វើរោគវិនិច្ឆ័យ៖
1. តេស្តគ្លីនីក  
ដំបូង វេជ្ជបណ្ឌិតនឹងធ្វើការសាកសួរអំពីរោគសញ្ញាមិនប្រក្រតីរបស់អ្នក ឧទាហរណ៍ ការឈឺចាប់ ឬមិនស្រួលនៅផ្នែកពោះ ចង្អោរ បាត់ចំណង់អាហារ ស្រកទម្ងន់ និងការប្រែប្រួលនៃស្បែកជាដើម។ បន្ទាប់ពីនោះ អ្នកជំនាញនឹងត្រួតពិនិត្យលើរាងកាយអ្នកជំងឺតាមរយៈការមើលលើពណ៌ស្បែក និងភ្នែក ទំហំកូនកណ្តុរ (lymph nodes) ស្តាប់សួត បេះដូង ព្រមទាំងពិនិត្យផ្នែកពោះ ដើម្បីមើលពីការរីកនៃថ្លើម និងលំពែង ក៏ដូចជាវត្តមាននៃសារធាតុរាវនៅក្នុងពោះ។ ក្រៅពីនោះគឺការរកមើលសញ្ញាផ្សេងៗដែលបង្ហាញអំពីភាពមិនប្រក្រតីរបស់ថ្លើម។

2. តេស្តឈាម   
ការធ្វើតេស្តឈាមអាចបង្ហាញអំពីការថយចុះនៃកម្រិតគ្រាប់ឈាមក្រហម អេម៉ូក្លូប៊ីន ប្លាកែត និង/ឬ គ្រាប់ឈាមស។ តេស្តនេះក៏អាចបង្ហាញនូវការកើនឡើងនៃដំណើរការ ឬមុខងាររបស់ថ្លើម ព្រមទាំងអាចកំណត់រក Alfa-fetoprotein (AFP) ដែលជាធាតុសម្គាល់មួយនៃដុំមហារីកផងដែរ។

3. តេស្តវិទ្យុសាស្ត្រ  
• ការពិនិត្យពោះតាមបច្ចេសទេស Ultrasound៖ បង្ហាញថា 75%នៃករណីមហារីកថ្លើម មានដុំសាច់ដែលមានលក្ខណៈ multifocal (ដុំសាច់ច្រើន)។ ដោយឡែក ដុំសាច់ដែលមានទំហំធំជាង 2ស.ម អាចមានឱកាសច្រើនជាង 95% ក្នុងការក្លាយជាដុំមហារីក ចំពោះអ្នកជំងឺដែលមានបញ្ហាក្រិនថ្លើមស្រាប់។
• CT-scan (Computed Tomography) ឬ MRI-scan (Magnetic Resonance Imaging) នៅតំបន់ពោះ៖ ជាបច្ចេកទេសថតដោយការចាក់បញ្ចូលតាមសរសៃឈាមនូវសារធាតុរាវ (contrasts) ដែលអាចថតឃើញ។ វាត្រូវបានអនុវត្តដើម្បីថតយករូបភាពជាក់លាក់នៃថ្លើម (3D)។ វិធីសាស្ត្រនេះអាចឲ្យរកឃើញនូវដុំសាច់តូចៗនៅនឹងថ្លើម បង្ហាញនូវទំហំ និងទីតាំងនៃដុំសាច់ ព្រមទាំងភាពរីករាលដាលរបស់វា។   តេស្តទាំងពីរនេះអាចផ្តល់នូវលទ្ធផលជាក់លាក់រហូតដល់ 80%។
• ការថត X-ray និង/ ឬ CT-scan លើប្រអប់ទ្រូង៖ ធ្វើឡើងដើម្បីតាមដានរកដុំសាច់មហារីក ដែលអាចរីករាលដាលទៅដល់ក្នុងសួត (Distant metastases)។
• ការថតលើប្រព័ន្ធសរសៃឈាម ឬទឹករងៃនៅនឹងថ្លើម (Angiography of the liver) និងការថតមួយតួខ្លួនតាមរយៈ PET-scan (Positron emission tomography)៖ ជាការថតដោយប្រើមុខងារនៃសារធាតុនុយក្លេអែរសម្រាប់សង្កេតលើដំណើរការមេតាបូលីសក្នុងរាងកាយនិងត្រូវបានធ្វើតែក្នុងករណីខ្លះប៉ុណ្ណោះ។

4. ការពិនិត្យជាលិកា (Histopathological examinations) ដំណើរការនៃការពិនិត្យជាលិកា៖ វិធីសាស្ត្រនេះប្រព្រឹត្តទៅដោយការច្រឹបយកដុំសាច់ (Biopsy) ពីសរីរាង្គថ្លើមយកមកពិនិត្យ។ គួរបញ្ជាក់ថា ដំណើរការច្រឹបសាច់ត្រូវធ្វើឡើងក្រោមការពិភាក្សាជាមួយអ្នកជំនាញផ្សេងៗរួមទាំងវេជ្ជបណ្ឌិតឯកទេសវះកាត់សរីរាង្គថ្លើម។ ការច្រឹបសាច់ត្រូវធ្វើឡើងដោយប្រើប្រាស់ម្ជុលតូចស្តើង ឬក្រាស់ដើម្បីចាក់បញ្ចូលតាមស្បែកនៅតំបន់កណ្តាលនៃពោះផ្នែកខាងស្តាំ (Right flank) ចូលទៅដល់ថ្លើមដើម្បីកាត់នូវជាលិកា។ នៅអំឡុងពេលនេះ វេជ្ជបណ្ឌិត ក៏អាចប្រើប្រាស់បច្ចេកទេស ultrasound ឬ CT-scan ក្នុងពេលតែមួយផងដែរដើម្បីប្រាកដថាម្ជុលតម្រង់ទៅរកដុំសាច់នៅលើថ្លើមពិតមែន។ ការបង្ហាញនូវលទ្ធផលថាជា ដុំសាច់មហារីក(Malignant) ឬដុំសាច់មិនមែនមហារីក (Benign) គឺអាស្រ័យនឹងការពិនិត្យតាមបែបវិទ្យុសាស្ត្រ។ ក្នុងករណីខ្លះវេជ្ជបណ្ឌិតវះកាត់ក៏អាចធ្វើការច្រឹបកោសិកាអំឡុងពេលថតឆ្លុះក្នុងប្រហោងពោះដោយប្រើបំពង់ទីបតូចមួយដែលត្រូវបានសូកបញ្ចូលតាមការវះកាត់តូច (laparoscopy) ផងដែរ។ ជាលិកាថ្លើមដែលត្រូវបានកាត់ចេញមក នឹងត្រូវយកទៅពិនិត្យនៅមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដោយប្រើប្រាស់មីក្រូស្កុប។

កត្តាប្រឈមនៃដំណើរការច្រឹបជាលិកា៖ ការហូរឈាមគឺជាកត្តាប្រឈមមួយពីព្រោះ ថ្លើមជាសរីរាង្គដែលមានសរសៃឈាមជាច្រើន។ ក្រៅពីនោះ បញ្ហាកកឈាមគឺជាកត្តាប្រឈមដែលអាចកើតលើអ្នកជំងឺមហារីកថ្លើមមួយចំនួន។ កត្តាប្រឈមកំរមួយក្នុងដំណើរការនេះផងដែរគឺ ការរាលដាលនៃកោសិកាមហារីកតាមរយៈម្ជុល។ករណីហាមឃាត់ក្នុងការអនុវត្តការច្រឹបជាលិកា (Biopsy)៖
• អ្នកជំងឺមានសភាពខ្សោយពេកក្នុងការទទួលយកការព្យាបាលមហារីកប្រភេទណាមួយ
• អ្នកជំងឺមានបញ្ហាក្រិនថ្លើមធ្ងន់ធ្ងរ និងកំពុងរង់ចាំការប្តូរសរីរាង្គថ្លើម
• អ្នកជំងឺដែលអាចមានលទ្ធភាពក្នុងការកាត់ចេញនូវដុំសាច់ទាំងមូល។
ដំណើរការច្រឹបជាលិកានេះក៏ត្រូវបានចៀសវាងផងដែរក្នុងករណីដែលឃើញមានសញ្ញាទូទៅទាក់ទងនឹងសរសៃឈាមចំពោះមហារីកថ្លើម (Typical vascular signs) តាមរយៈបច្ចេកទេសវិទ្យុសាស្ត្រពិសេស (Multiple-phase multidetector CT-scan និង Dynamic contrast-enhanced MRI-scan)។

ភាពខុសគ្នារវាងអ្នកជំងឺក្នុងដំណើរការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកថ្លើម៖ ខាងក្រោមនេះជាឧទាហរណ៍នៃភាពខុសគ្នារវាងអ្នកជំងឺម្នាក់ៗក្នុងដំណើរការធ្វើរោគវិនិច្ឆ័យ៖
• ចំពោះអ្នកជំងឺដែលមិនអាចព្យាបាលបាន និងមានផលវិបាកធ្ងន់ធ្ងរពីបញ្ហាក្រិនថ្លើម និងមហារីកថ្លើមត្រូវបានហាមឃាត់ក្នុងវិធីសាស្ត្រ ធ្វើរោគវិនិច្ឆ័យមួយចំនួន (ឧ. ការច្រឹបជាលិកា)។
• អ្នកជំងឺដែលត្រូវបានសង្ស័យថាមានការរីករាលដាលនៃកោសិកាមហារីកថ្លើម (Distant metastases) ត្រូវទទួលការពិនិត្យបន្ថែមតាមរយៈ X-ray ឬ CT-scan chest, PET-scan។
• សម្រាប់ការច្រឹបយកកោសិកាមកវិភាគ អាចត្រូវបានពន្យារពេលក្នុងការអនុវត្ត ឬក៏ចៀសវាងតែម្តងអាស្រ័យនឹងពេលវេលា ឬដំណាក់កាលនៃការព្យាបាលជាក់លាក់របស់អ្នកជំងឺ។

កត្តាដែលបង្កឲ្យមានការធ្វើរោគវិនិច្ឆ័យខុស៖
ជាទូទៅ ជំងឺមហារីកថ្លើមមិនមានបង្ហាញនូវរោគសញ្ញាណាមួយឡើយ រហូតទាល់តែជំងឺឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ដូចនេះការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកថ្លើមអាចត្រូវបានពន្យារពេល ឬមើលរំលងតែម្តង។ ក្រៅពីនោះ រោគសញ្ញាខ្លះនៃមហារីកថ្លើមអាចមានភាពស្រពិចស្រពិល និងប្រហាក់ប្រហែលនឹងជំងឺដទៃរួមមានផ្តាសាយ (Influenza) ក្រិនថ្លើម មហារីកលំពែង រលាកពោះវៀនរលាកក្រពះ ក្រួសទឹកប្រមាត់ និងការមិនរំលាយអាហារ។

II. តេស្តសម្រាប់ត្រួតពិនិត្យរកមហារីកថ្លើម(Screening Tests)
គឺជាតេស្តទាំងឡាយដែលត្រូវបានអនុវត្តដើម្បីរកមើលជំងឺមហារីកមុនពេលដែលមានការលេចចេញនូវរោគសញ្ញាណាមួយ។ តេស្តទាំងនេះអាចជួយឲ្យវេជ្ជបណ្ឌិតរកឃើញ និងធ្វើការព្យាបាលជំងឺមហារីកថ្លើមបានតាំងពីដំណាក់កាលដំបូង កំណត់ទីតាំងមហារីក ក៏ដូចជាអាចធ្វើការវះកាត់ដុំសាច់នោះបានងាយផងដែរ ដែលទាំងនេះអាចជួយបង្កើនឱកាសក្នុងការរស់រានរបស់អ្នកជំងឺ។ អ្នកដែលគួរស្វែងរកការ
ត្រួតពិនិត្យមហារីកថ្លើម៖
• អ្នកជំងឺដែលមានបញ្ហាក្រិនថ្លើមប្រភេទណាមួយ
• អ្នកជំងឺដែលមានជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទបេ និង/ ឬ សេ, អ្នកជំងឺមានផ្ទុកមេរោគអេដស៍
• អ្នកជំងឺលើសទម្ងន់ និងមានជំងឺទឹកនោមផ្អែម
• អ្នកជំងឺដែលមានដុំសាច់មិនមែនមហារីកនៅថ្លើម (Benign liver masses)
• អ្នកដែលបានពិសាស្រារយៈពេលយូរ។

តេស្តសម្រាប់ស្វែងរកជំងឺមហារីករួមមាន៖
1. បច្ចេកទេស Ultrasound (Ultrasonography examination)៖ នេះជាតេស្តដែលប្រើប្រាស់នូវរលកសំឡេងក្នុងការបង្កើតជារូបភាពនៃថ្លើម ដើម្បីវាយតម្លៃពីស្ថេរភាពរបស់ថ្លើម និងរកនូវដុំសាច់ដែលអាចមាននៅនឹងថ្លើម។បច្ចេកទេសនេះត្រូវបានណែនាំចំពោះអ្នកដែលត្រូវការរកមើលមហារីកថ្លើម និងគួរធ្វើឡើងរាល់ 6 ទៅ 12 ខែម្តងហើយការត្រួតពិនិត្យតាមរយៈបច្ចេកទេសនេះចាំបាច់ត្រូវធ្វើឡើងនៅពេលព្រឹក មុនពេលបរិភោគអាហារ។បច្ចេកទេស Ultrasound ជាការធ្វើរោគវិនិច្ឆ័យទូទៅមួយដែលមានតម្លៃថោក ផ្តល់សុវត្ថិភាព (មិនប្រើប្រាស់កាំរស្មី) និងមានអត្ថប្រយោជន៍ចំពោះអ្នកអនុវត្ត ដោយសារវាជាដំណើរការថតរូបភាពដំបូងគេដែលមានទំនាក់ទំនងផ្ទាល់នឹងការត្រួតពិនិត្យបែបគ្លីនីក។ ក្រៅពីនោះ រូបភាព និងព័ត៌មានដែលទទួលបានក៏មានភាពត្រឹមត្រូវជាក់លាក់។ ក៏ប៉ុន្តែ សមត្ថភាពនៃបច្ចេកទេសនេះក៏មានកម្រិតផងដែរដែលតម្រូវឲ្យវេជ្ជណ្ឌិតត្រូវពិចារណា និងកត់ចំណាំទុក។ ដោយឡែក  Ultrasound គឺជាវិធីសាស្ត្រដែលទាមទារឲ្យមានអ្នកអនុវត្តផ្ទាល់ដូចនេះហើយ ភាពដែលអាចអនុវត្តឡើងវិញរបស់វាត្រូវបានកាត់បន្ថយ។

2. ការធ្វើតេស្តឈាមរក Alfa-fetoprotein (AFP)៖ កោសិកាមហារីកថ្លើមអាចបង្កើតជាធាតុសម្រាប់សម្គាល់ (Marker) មួយហៅថា Alfa-fetoprotein ដែលអាចរកឃើញតាមរយៈការពិនិត្យឈាម និងឃើញមានកើនឡើងពី  50 ទៅ75% ចំពោះអ្នកជំងឺមហារីកថ្លើម។ គួររំលឹកឡើងវិញថា ធាតុសម្រាប់សម្គាល់នោះជាសារធាតុគីមីដែលបង្កើតឡើងដោយប្រភេទ
កោសិកាមហារីកជាក់លាក់មួយ និងត្រូវបានរកឃើញនៅក្នុងឈាមក្នុងកម្រិតខ្ពស់ជាងធម្មតា។ ទោះយ៉ាងណាមិនមែនមានតែអ្នកជំងឺដែលមានមហារីកថ្លើមមានការផលិតធាតុសម្គាល់នេះឡើយ តែអ្នកដែលមានបញ្ហាក្រិនថ្លើមក៏អាចមានការកើនឡើងនូវកម្រិតសារធាតុនេះផងដែរបើទោះជាគេពុំមែនមហារីកថ្លើមក៏ដោយ។ AFP ក៏អាចមានការកើនឡើងផងដែរចំពោះស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺដែលមានបញ្ហាតាំងពីកំណើត។ សរុបមក បើសិនជាមិនមានការកើនឡើងនៃ AFP ក៏មិនមែនមានន័យថាអ្នកជំងឺពុំមានកោសិកាមហារីកថ្លើមដែរ ហើយប្រសិនបើកម្រិតរបស់ AFP កើនឡើង នោះក៏មិនអាចកំណត់បានថាអ្នកមានជំងឺមហារីកដូចគ្នា។ ហេតុនេះ ការធ្វើតេស្តឈាមរកធាតុសម្គាល់នេះតែឯង មិនអាចគ្រប់គ្រាន់ក្នុងការសន្និដ្ឋានលើមនុស្សគ្រប់គ្នាឡើយ។ ការរកមើលសារធាតុសម្គាល់នេះចាំបាច់ត្រូវធ្វើរៀងរាល់ 3ទៅ 6ខែម្តងចំពោះអ្នកជំងឺដែលមានបញ្ហាក្រិនថ្លើម ឬមានដុំសាច់នៅនឹងថ្លើម ហើយជាទូទៅត្រូវបានធ្វើឡើងនៅថ្ងៃតែមួយនឹងការធ្វើតេស្តតាមរយៈ Ultrasound ទៅលើថ្លើម។ អ្នកជំងឺត្រូវមកពិនិត្យឈាមនៅពេលព្រឹក  មុនពេលបរិភោគអាហារ។

ដោយសារតែនៅកម្ពុជាពុំទាន់មានផ្តល់នូវកម្មវិធីត្រួតពិនិត្យថ្នាក់ជាតិចំពោះមហារីកថ្លើមកម្រិតដំបូង ដូចនេះការមកទទួលការតាមដានសុខភាពឲ្យបានទៀងទាត់ជាមួយ វេជ្ជបណ្ឌិតត្រូវបានណែនាំជាពិសេសចំពោះអ្នកដែលមានការប្រឈមខ្ពស់នឹងជំងឺមហារីកថ្លើម។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅ  ព្រមទាំងជាប្រធានផ្នែកមហារីកនៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧