តើអ្នកនឹងទៅទីណានៅពេលជួបបញ្ហាសុខភាព?
រៀងរាល់ពេលមានបញ្ហាសុខភាព តើសេវាសុខភាពណាមួយដែលអាចជួយអ្នកបាន? ឬយ៉ាងហោចណាស់ បើអ្នកកំពុងទទួលសេវាសុខភាពណាមួយ តើអ្នកដឹងទេថាអ្នកកំពុងទទួល បានសេវាប្រភេទណា ឬកម្រិតណា?
 
វាពិតជាមានភាពស្មុគស្មាញខ្លាំង នៅពេលដែលអ្នក ឬក្រុមគ្រួសារជួបប្រទះនឹងបញ្ហាសុខភាពស្របពេលដែលអ្នកមិនដឹងថា តើអ្នកណាអាចជួយអ្នកបាន ខណៈសេវាសុខភាពមានជាច្រើនប្រភេទ ដែលអាចធ្វើឲ្យអ្នកស្ទាក់ស្ទើរចិត្តមិនដឹងថា សេវាសុខភាពណាមួយអាចជួយអ្នកបានពិតប្រាកដ។ ត្រង់ចំណុចនេះ ថ្វីត្បិតតែការទៅជួបនឹងអ្នកផ្តល់សេវាសុខាភិបាលដែលនៅជិតអ្នកជាជម្រើសងាយស្រួល ហើយពួកគេក៏អាចជាអ្នកតម្រង់ទិសបន្តផងដែរ ក៏ប៉ុន្តែចំពោះស្ថានភាព និងតម្រូវការខុសៗគ្នានៃបញ្ហាសុខភាព ដែលខ្លះជាស្ថានភាពធម្មតាខ្លះពិសេស ខ្លះមានលក្ខណៈបន្ទាន់ និងខ្លះមិនបន្ទាន់ វាពិតជាចាំបាច់ឲ្យអ្នកយល់ដឹងអំពីសេវាសុខភាពនីមួយៗដែលត្រូវបានបែងចែកជាប្រភេទខុសៗគ្នា ដើម្បីទទួលបានភាពងាយស្រួលសម្រាប់ខ្លួនអ្នក និងក្រុមគ្រួសារ។
 
1 សេវាសុខភាពបឋម
ជាចំណុចដំបូងនៃការផ្តល់ប្រឹក្សា ពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងដោះស្រាយបញ្ហាសុខភាពទៅកាន់អ្នកជំងឺដែលអាចធ្វើឡើងដោយវេជ្ជបណ្ឌិតទូទៅ អ្នកជំនាញព្យាបាលដោយចលនា គិលានុបដ្ឋាកយិកា និងឆ្មបជាដើម។ វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រី ក៏អាចចាត់ទុកជាអ្នកផ្តល់សេវាដំបូងសម្រាប់ស្ត្រីផងដែរ។ ក្រៅពីនោះ ឱសថការីដែលមានសញ្ញាបត្រត្រឹមត្រូវ ជាអ្នកផ្តល់សេវាសុខភាពបឋមដែលត្រូវបានប្រើប្រាស់ញឹកញាប់ ដោយសារបណ្តាញដ៏ច្រើននៅក្នុងសហគមដែលវាជាលក្ខណៈងាយស្រួលក្នុងការទទួលយកសេវាដោយអ្នកជំងឺ។ កន្លែងថែទាំបឋមផ្តល់នូវសេវាសុខភាពទូលំទូលាយ មិនថាជាការគ្រប់គ្រងបញ្ហាសុខភាពទូទៅនៅក្នុងស្ថានភាពស្រួចស្រាវឬរ៉ាំរ៉ៃ រួមបញ្ចូលទាំងសេវាមូលដ្ឋានសម្រាប់សុខភាពស្រ្តី និងកុមារព្រមទាំងផែនការគ្រួសារ ក៏ដូចជាការផ្តល់ជាការចាក់វ៉ាក់សាំងការពារបានទៀតផង។ ពួកគេក៏អាចផ្តល់ការណែនាំ និងតម្រង់ទិសទៅកាន់អ្នកជំងឺទៅរកការសម្រេចចិត្តត្រឹមត្រូវសម្រាប់សុខភាព និងការព្យាបាលរបស់ពួកគេផងដែរ។
 
2 សេវាសុខភាពកម្រិតទី២
ការដែលអ្នកត្រូវបានបញ្ជូន ឬចង្អុលបង្ហាញពីសេវាសុខភាពបឋមទៅកាន់ផ្នែកសេវាសុខភាពបន្ទាប់មានន័យថា អ្នកនឹងត្រូវបានថែទាំ និងព្យាបាលដោយអ្នកឯកទេសជាក់លាក់ទៅតាមបញ្ហាដែលអ្នកកំពុងមាន។ ជាទូទៅអ្នកផ្តល់សេវាសុខភាពបឋមរបស់អ្នកនឹងបញ្ជូនអ្នកបន្តទៅកាន់អ្នកជំនាញដែលមានឯកទេសនៅក្នុងករណីដែលមានការចាំបាច់ណាមួយដែលមិនអាចធ្វើបានដោយសេវាសុខភាពបឋម។ ការថែទាំ និងព្យាបាលនៅជំហានបន្ទាប់នេះ អាចរួមបញ្ចូលនូវការព្យាបាលចាំបាច់សម្រាប់រយៈពេលខ្លីមួយចំពោះជំងឺធ្ងន់ធ្ងរ របួសឬក៏បញ្ហាសុខភាពមួយចំនួនទៀត ដែលប្រៀបដូចជាផ្នែកសង្គ្រោះបន្ទាន់មួយនៅក្នុងមន្ទីរពេទ្យដូច្នោះដែរ។ វាក៏រួមបញ្ចូលផងដែរនូវជំនាញពិសេសៗសម្រាប់ស្ថានភាពមួយចំនួនដូចជា ដំណើរការសម្រាលកូន ការថែទាំអ្នកជំងឺលក្ខណៈពិសេស និងសេវាថតឆ្លុះលក្ខណៈវេជ្ជសាស្ត្រជាដើម។ ជាទូទៅសេវាសុខភាពកម្រិតទី ២នេះត្រូវផ្តល់នៅក្នុងមន្ទីរពេទ្យ។ ទោះយ៉ាងណា អ្នកផ្តល់សេវាកម្រិតនេះ ដូចជាវេជ្ជបណ្ឌិតផ្នែកបញ្ហាផ្លូវចិត្តទន្តពេទ្យ គ្រូពេទ្យព្យាបាលដោយចលនា (អាចស្ថិតក្នុងសេវាសុខភាពកម្រិតដំបូង ឬកម្រិតទី២) មិនមែនសុទ្ធតែធ្វើការតែនៅក្នុងមន្ទីរពេទ្យនោះឡើយ ។
 
3 សេវាសុខភាពកម្រិតទី៣
នៅពេលដែលអ្នកជំងឺទទួលការព្យាបាលនៅមន្ទីរពេទ្យស្រាប់ (អ្នកជំងឺក្នុង) ឬត្រូវបានបញ្ជូនពីសេវាព្យាបាលកម្រិតបឋម ឬកម្រិតទី២  និងត្រូវការនូវការព្យាបាលដែលកាន់តែជាក់លាក់ នោះមានន័យថាអ្នកជំងឺនឹងត្រូវបានបញ្ជូនទៅកាន់កន្លែងព្យាបាលកម្រិតទី ៣។ នៅក្នុងការថែទាំនិងព្យាបាលនៅកម្រិតនេះ ទាមទារនូវអ្នកជំនាញកាន់តែជាក់លាក់ និងបរិក្ខារពិសេសៗមួយចំនួនផងដែរ ដែលក្នុងនោះអាចរួមមាននូវការវះកាត់លើសរសៃឈាមអាកទែ ដំណើរការលាងឈាម ការវះកាត់នៅនឹងខួរក្បាល ការព្យាបាលពន្យារជីវិត ព្រមទាំងដំណើរការ ឬការព្យាបាល និងគ្រប់គ្រងដែលមានលក្ខណៈស្មុគស្មាញផ្សេងទៀត។ គួរបញ្ជាក់ថា ការថែទាំ និងព្យាបាលនៅកម្រិតនេះ ភាគច្រើនអាចមានតែនៅមន្ទីរពេទ្យធំៗប៉ុណ្ណោះ។
 
4 សេវាសុខភាពកម្រិតទី៤
ជាសេវាពិសេសបន្ថែមពីលើសេវាកម្រិតទី៣ ដែលធ្វើឡើងកាន់តែជាក់លាក់ ក៏ប៉ុន្តែការអនុវត្តនេះពុំសូវមានភាពទូលំទូលាយឡើយ ដែលមានន័យថា វាអាចមានផ្តល់ជូនតែក្នុងមន្ទីរពេទ្យធំៗប៉ុណ្ណោះ។ ការស្រាវជ្រាវវេជ្ជសាស្រ្ត និងការធ្វើរោគវិនិច្ឆ័យ ឬក៏ដំណើរការវះកាត់ដែលមានលក្ខណៈពិសេសខុសពីធម្មតាជាដើម អាចត្រូវបានចាត់ទុកជាសេវាសុខភាពកម្រិតទី៤។
 
5 សុខភាពសាធារណៈ (Public Health)
សុខភាពសាធារណៈជាសេវាដែលមានគោលបំណងធ្វើឲ្យសុខភាព និងសុខមាលភាពរបស់ប្រជាជនកាន់តែប្រសើរតាមរយៈការលើកកម្ពស់សុខភាព ការការពារជំងឺ ការព្យាបាល និងថែទាំក៏ដូចជាទម្រង់ផ្សេងៗទៀតនៃការធ្វើអន្តរាគមន៍ទាក់ទងនឹងសុខភាព។ នៅប្រទេសកម្ពុជាសុខភាពសាធារណៈ ក៏សំដៅដល់ការផ្តល់សេវាសុខភាពបឋម និងការថែទាំដោយការព្យាបាលផងដែរ ដែលសេវាទាំងនេះត្រូវផ្តល់ជូនតាមរយៈបណ្តាញនៃមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។ សកម្មភាពមួយចំនួនត្រូវបានផ្តល់ជូនដល់អ្នកជំងឺក្រៅពីទីតាំងសុខភាព ដូចជាការសង្កេតលើសុវត្ថិភាពចំណីអាហារ ការចុះចែកស្រោមអនាម័យ ការចុះព្យាបាល ឬបង្រៀនអំពីសុខភាពជាលក្ខណៈសហគម និងការអនុវត្តផ្សេងទៀតសម្រាប់ការពារនូវជំងឺឆ្លង ឬការរីករាលដាលនៃជំងឺជាដើម។  
 
ដើម្បីអាចឲ្យអ្នកជ្រើសរើសបានត្រឹមត្រូវ និងទាន់ពេលវេលានូវសេវាសុខភាពដែលអាចជួយអ្នកបាននៅពេលមានបញ្ហាសុខភាពណាមួយអ្នកពិតជាមិនអាចមើលរំលងនូវការយល់ដឹងអំពីសេវាសុខភាពនីមួយៗខាងលើបានឡើយ។ យ៉ាងណាមិញ អ្នកនៅតែអាចទៅជួបជាមួយនឹងអ្នកជំនាញដែលអ្នកតែងតែអាចពិគ្រោះជាមួយបាន ឬនៅជិតអ្នកបំផុត ដើម្បីសុំយោបល់ក៏ដូចជាការចង្អុលបង្ហាញដ៏ត្រឹមត្រូវផ្សេងទៀតផងដែរ។
 
ជាការរួមចំណែកក្នុងការជ្រើសរើសស្ថាប័នផ្តល់សេវាសុខភាពដែលអាចទុកចិត្តបាន ហេលស៍ថាម សូមធ្វើការណែនាំលោកអ្នកនូវជម្រើសទីមួយក្នុងការស្វែងរកគ្លីនិកនៅកម្ពុជា ដោយគ្រាន់តែចូលទៅកាន់www.healthtime.tips ឬទាញយកHealthogo App ព្រមទាំងតាមដាននូវចំណេះដឹងសុខភាពប្រកបដោយទំនុកចិត្តនៅលើទំព័រហ្វេសប៊ុករបស់យើង។
 
Facebook : Healthtime Pro សម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល
                   Healthogo សម្រាប់សាធារណជន
 
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់