ក្រៅពីប្រើប្រាស់ថ្នាំ តើអាចព្យាបាលជំងឺរលាកទងសួតតាមវិធីណាខ្លះទៀត?

សំណួរ ៖ នាងខ្ញុំមានអាយុ ២៧ឆ្នាំ កម្ពស់ ១.៥០ម៉ែត្រ ទម្ងន់ ៤៧គីឡូក្រាម មានមុខរបរជាអ្នកធ្វើការ។ ខ្ញុំមានជំងឺរលាកទងសួត ដែលកើតមានជាយូរមកហើយ។ សព្វថ្ងៃខ្ញុំទទួលបានការព្យាបាលដោយត្រូវប្រើប្រាស់ថ្នាំរលាកទងសួតជាប្រចាំថ្ងៃ ហើយខ្ញុំចង់ដឹងថា តើជំងឺរលាកទងសួតអាចព្យាបាលតាមវិធីណាខ្លះទៀត?

ចម្លើយ ៖ មុននឹងឆ្លើយតបសំណួរក្នុងការព្យាបាល ជាដំបូងសូមធ្វើការញែកឲ្យដាច់នូវជំងឺរលាកទងសួតជា ២ ផ្នែក ថាតើវាជាជំងឺរលាកទងសួតស្រួចស្រាវ ឬរ៉ាំរ៉ៃ? ប្រសិនបើជារលាកទងសួតស្រួចស្រាវ ភាគច្រើនមូលហេតុដែលបង្កគឺបណ្ដាលមកពី វីរុស និងតែងតែកើតឡើងក្រោយជំងឺផ្ដាសាយ ដែលធ្វើឲ្យមានរោគសញ្ញាដូចជាហត់តិចៗ ក្អក និងមានស្លេស្មជាដើម។ ចំពោះជំងឺប្រភេទនេះ តម្រូវឲ្យមានការព្យាបាលបន្ទាន់ដើម្បីចៀសវាងការវិវឌ្ឍទៅជា ជំងឺរលាកទងសួត ឬ ជំងឺរលាកសួតរ៉ាំរ៉ៃ។ 

ប្រសិនបើជា ជំងឺរលាកទងសួតរ៉ាំរ៉ៃ រួមនឹងមានការប្រើប្រាស់ថ្នាំជាប្រចាំវិញនោះ ត្រូវតែដឹងមុនថា ជំងឺនោះកើតឡើងបណ្ដាលមកពីអ្វី។ ចំពោះជំងឺរលាកទងសួតរ៉ាំរ៉ៃ បណ្ដាលមកពីបញ្ហា អាលែ្លកហ្ស៊ី (ជំងឺហឺត) គឺតម្រូវឲ្យប្រើប្រាស់ថ្នាំជាប្រចាំថ្ងៃ។ តែការប្រើប្រាស់ថ្នាំជាប្រចាំ មានច្រើនលក្ខណៈដោយឡែកៗពីគ្នាទៅតាមប្រភេទនៃជំងឺរលាកទងសួតរ៉ាំរ៉ៃ។ ចំពោះការព្យាបាលលើជំងឺរលាកទងសួតរ៉ាំរ៉ៃ ថាអាចជាសះ-ស្បើយ ឬ មិនជាអាស្រ័យទៅលើមូលហេតុបង្ក ដែលមូលហេតុខ្លះអាចព្យាបាលជា រីឯមូលហេតុខ្លះទៀតអាចត្រឹមកាត់បន្ថយ ឬ សម្រួលដល់ជីវភាពរស់នៅ និងសុខភាពអ្នកជំងឺឲ្យបានធូរស្បើយក្នុងរយៈពេលកំណត់ណាមួយប៉ុណ្ណោះដើម្បីប្រកបមុខរបរបានធម្មតា ដោយទាមទារឲ្យគាត់ត្រូវប្រើប្រាស់ថ្នាំជាប្រចាំ។

បកស្រាយដោយ​ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គុយ ណូ ឯកទេស សណ្តំ ជំងឺធ្ងន់ សង្គ្រោះបន្ទាន់ និងជំងឺសួត សព្វថ្ងៃលោកជាវេជ្ជបណ្ឌិតឯកទេសប្រពោធនកម្ម សល្យសាស្រ្ត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាវេជ្ជបណ្ឌិតឯកទេសបម្រើការនៅមន្ទីសំរាកព្យាបាល អាយ សីុ យូ ធ្លាប់បានបណ្តុះបណ្តាលនៅប្រទេសបារាំង និង ប៊ែលសិក

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧