ដឹងទេថាទម្លាប់ដកសក់ទាក់ទងនឹងបញ្ហាផ្លូវចិត្ត?

សក់ជ្រុះ ជាបញ្ហាមួយដែលគ្រប់គ្នាតែងជួបប្រទះស្ទើរតែរៀងរាល់ថ្ងៃ ក្នុងនោះផងដែរ វាមានច្រើនប្រភេទ និងមានមូលហេតុផ្សេងៗពីគ្នា។ Trichotillomania ជាប្រភេទមួយនៃបញ្ហាសក់ជ្រុះ ដែល ហេលស៍ថាម បានលើកយកមកធ្វើបទសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ជំនាញសើស្បែក ព្រមទាំងជានាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា។

និយមន័យ
Trichotillomania ជាប្រភេទជំងឺជ្រុះសក់ម៉្យាង ដែលបណ្តាលមកពីការមានទម្លាប់ដកសក់ខ្លួនឯងដោយការញៀន ហើយបន្តការដកសក់នេះជាប្រចាំ។

ចំណុចមួយទៀត អ្នកដែលមានបញ្ហានេះ អាចដោយសារគាត់មានបញ្ហាចិត្តសាស្ត្រ (mental health problem) ឬ វិបត្តិផ្លូវចិត្ត ហើយភាពតឹងតែងក្នុងអារម្មណ៍ក៏អាចឈានទៅរកការដកសក់ដោយមិនដឹងខ្លួនដែរ។

មូលហេតុ
Trichotillomania មិនមែនជាជំងឺតពូជនោះទេ ហើយក៏មិនមានមូលហេតុច្បាស់លាស់ដែរ។ បើយោងតាមទ្រឹស្តី ដោយសារគាត់មានអារម្មណ៍តឹងតែង បញ្ហាផ្លូវចិត្ត ឬការប៉ះពាល់ទៅលើអារម្មណ៍ បណ្តាលឲ្យអ្នកជំងឺចេះតែដកសក់ និយាយរួមសក់ជ្រុះដោយដកខ្លួនឯង ជាលក្ខណៈញៀន និងទម្លាប់របស់គាត់ផ្ទាល់តែម្តង។

គួរបញ្ជាក់ផងដែរថា ភាគរយនៃTrichotillomania ដែលគេតែងជួបប្រទះភាគច្រើន គឺទៅលើស្ត្រីជាងបុរស។

រោគសញ្ញា
អ្នកអាចឃើញកន្លែងដែលមានរោមដូចជា នៅលើក្បាល ចិញ្ចើម រោមភ្នែកក្លៀក ដៃ ជើង ទ្រូង ឬសូម្បីតែរោមនៅតំបន់ភេទ រោមមុខ និងពុកមាត់ ទៅជាវាលនោះ សុទ្ធតែអាចហៅថាជំងឺTrichotillomaniaបានទាំងអស់។ គ្រាន់តែ ជាទូទៅគេសំដៅលើក្បាលខ្លាំងជាងគេប៉ុណ្ណោះ ព្រោះជាកន្លែងដែលគេមើលឃើញ។

រោគវិនិច្ឆ័យ
គេមើលលើសញ្ញាជាលក្ខណៈផ្លូវចិត្ត(psycholo-gical symptoms) ការប៉ះពាល់ដល់អារម្មណ៍បុគ្គលនោះផ្ទាល់ ដែលធ្វើឲ្យ
អ្នកជំងឺដកសក់ខ្លួនឯងជារឿយៗ។ ខណៈដែលគាត់មានបញ្ហាជ្រុះសក់នេះ គាត់មានអាការៈអៀនខ្មាស តែងតែបដិសេធក្នុងការចូលរួមសកម្មភាពសង្គមនានា  ព្រមទាំងចូលចិត្តលាក់ខ្លួននៅតែម្នាក់ឯង។

ការព្យាបាល
ការជ្រុះសក់នេះកើតឡើងដោយសារទម្លាប់ ដូចនេះ ការព្យាបាល គឺត្រូវកែទម្លាប់របស់គាត់ ដែលការកែទម្លាប់នេះ ត្រូវមើលថាហេតុផលអ្វីដែលគាត់ចេះតែទាញសក់ខ្លួនឯង។

បើកាលណាគាត់មានបញ្ហាទាញសក់ដោយសារមានការតឹងតែងអារម្មណ៍ ខឹងមួរម៉ៅ ឬមានបញ្ហាទាក់ទងទៅនឹងផ្លូវចិត្តនោះ ការព្យាបាលគួរត្រូវបានណែនាំឲ្យទៅជួបជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកចិត្តសាស្ត្រ ដើម្បីផ្តល់ប្រឹក្សា ទាក់ទងនឹងការផ្លាស់ប្តូរការប្រព្រឹត្ត អប់រំឲ្យយល់ថាស្ថានភាពគាត់ប្រឈមនឹងការដែលសក់ជ្រុះខ្លាំងបើសិនជាមិនកែទម្លាប់។ 

វាអាចនឹងពិបាកក្នុងការព្យាបាល ដោយសារនេះជាលក្ខណៈញៀន ប៉ុន្តែអាចជួយបង្ការបានមួយផ្នែកទៀត ជាឧទាហរណ៍ប្រសិនបើអ្នកជំងឺឧស្សាហ៍ដក ឬទាញសក់ពេលធ្វើដំណើរ គួរឲ្យគាត់ពាក់មួក ឬកន្សែង រុំក្បាល រួមនឹងការលើកទឹកចិត្តគាត់ ព្រមទាំងមិនត្រូវស្តីបន្ទោសគាត់ទាក់ទងទៅនឹងបញ្ហានេះបញ្ហានោះទេ។

ផលវិបាក
ប្រសិនបើគាត់មិនបានទទួលការព្យាបាលឲ្យបានទាន់ពេលវេលាទេនោះ  គឺប៉ះពាល់ដល់គុណភាពជីវិតរបស់ពួកគេ ដូចជាធ្វើឲ្យបុគ្គលនោះមិនអាចចូលរួមនៅក្នុងសង្គមមានភាពខ្មាស់អៀនខ្លួនឯង និងចូលចិត្តនៅដាច់ពីគេ។  

មួយវិញទៀត អ្នកជំងឺអាចប្រឈមជាមួយនឹងការជ្រុះសក់អស់ដោយសារសក់គាត់ដុះមិនទាន់។

សារជូនមិត្តអ្នកអាន
ជាចុងក្រោយ ក្នុងនាមជាគ្រូពេទ្យសើស្បែក បើប្រជាពលរដ្ឋយើងមានបញ្ហាជ្រុះសក់ ធ្វើយ៉ាងណាគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងស្បែកសិន ដើម្បីឲ្យគ្រូពេទ្យមើលថាពិតជាជំងឺTrichotillomaniaមែន ឬអត់ បន្ទាប់មកទើបវេជ្ជបណ្ឌិតនឹងណែនាំបន្តឲ្យទៅជួបគ្រូពេទ្យផ្នែកខាងចិត្តសាស្ត្រ បើអ្នកមានបញ្ហាតឹងតែងក្នុងអារម្មណ៍ ឧស្សាហ៍មួរម៉ៅ ខឹង និយាយរួមគឺ បញ្ហាផ្លូវចិត្តគួរទៅជួបគ្រូពេទ្យជំនាញផ្លូវចិត្តចៀសវាងការបន្តទម្លាប់នេះតទៀត។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧