៦យ៉ាង កីឡាយោគៈអាចជួយស្រ្តីអំឡុងពេលអស់រដូវ!
ការផ្តល់ឲ្យរាងកាយបានសម្រាក ដោយគ្រាន់តែអង្គុយ រួចបិទភ្នែក និងដកដង្ហើមឲ្យបានវែងៗ ជាឥរិយាបទមួយនៃកីឡាយោគៈយ៉ាងសាមញ្ញបំផុត តែវាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ សម្រាប់សម្រួលទៅដល់ស្រ្តីក្នុងវ័យក្រោយអស់រដូវ។
 
ឈានដល់វ័យចំណាស់ ចាប់ពី ៥០ឆ្នាំឡើង ស្រ្តីកំពុងស្ថិតក្នុងកំឡុងពេលនៃការអស់រដូវ ដែលនេះជាច្បាប់ធម្មជាតិនៃរូបរាងកាយ។ វាជាពេលវេលា មួយដែលគួបផ្សំទៅដោយ ការប្រែប្រួលនូវផ្លូវកាយ និងចិត្តរបស់ស្រ្តី និងការត្រៀមខ្លួនឈានចូលដល់វ័យចំណាស់នៃជីវិត។ សព្វថ្ងៃ កីឡាយោគៈត្រូវបានគេ ទទួលស្គាល់ និងត្រូវបានអនុវត្តពីសំណាក់ស្រ្តីជាច្រើន ដែលពួកគេជឿថា វាជាប្រភេទកីឡាមួយដែលនាំមកនូវការហ្វឹកហាត់ផ្លូវចិត្ត និងផ្លូវកាយ ក៏ដូចជា ដោះស្រាយនូវបញ្ហានានាដែលនឹងអាចកើតមានកំឡុងពេលអស់រដូវនោះ។ ៦ ចំណុចខាងក្រោមនឹងណែនាំអ្នកឲ្យកាន់តែច្បាស់ពីអ្វីដែលកីឡាយោគៈអាចជួយសម្រួលនូវភាពលំបាកចំពោះស្រ្តីស្ថិតក្នុវ័យក្រោយអស់រដូវ។
 
កាត់បន្ថយស្រេ្តស៖ កីឡាយោគៈសម្រួល ដង្ហើមរបស់អ្នក ដែលវាអាចជួយដោះស្រាយភាពតានតឹងក្នុងចិត្ត សម្រួលដល់ការគិតអវិជ្ជមាន និងជួយលាង សម្អាតផ្លូវចិត្តរបស់ស្រ្តីឲ្យស្ថិតក្នុងស្ថានភាពល្អប្រសើរឡើងវិញ។ ម៉្យាងទៀតកីឡា យោគៈអាចផ្តល់ឲ្យអារម្មណ៍បានធូរស្បើយ ដែលមានប្រសិទ្ធភាពបំផុត អាចឲ្យស្រ្តីគ្រប់គ្រងកំហឹងរបស់ខ្លួនបាន។
 
បន្ធូរការឈឺចាប់៖ ក្នុងវ័យក្រោយអស់រដូវ ស្រ្តីអាចងាយទទួលរងការឈឺចាប់លើផ្នែករាងកាយមួយចំនួនដូចជា ខ្នង ក ឬសន្លាក់ជាដើម ដូច្នេះការធ្វើ ចលនាយឺតៗនៃកីឡាយោគៈអាចជួយសម្រួលនូវភាពបត់បែនរបស់សន្លាក់ ក៏ដូចជាផ្តល់ឲ្យសាច់ដុំនៃរាងកាយអាចធ្វើលំហាត់ប្រាណបានយ៉ាងល្អ។ ថយចុះអាការៈក្រហល់ក្រហាយ៖ ភាពក្តៅក្រហល់ក្រហាយ ជាអាការៈដែលកើតមាន ជាទូទៅស្ទើរតែ ៨០% នៃស្រ្តីទាំងអស់ដែលឈា ​ចូលពេលក្រោយ អស់រដូវ។ ​អាការៈនោះស្តែង​ ឡើងដោយរួមបញ្ចូលនូវការ​ កើនឡើងសីតុណ្ហភាពនៅក្នុងរាងកាយ និងចង្វាក់ជីពចរញាប់ ដែលធ្វើឲ្យភាពក្តៅកើត មាននៅលើផ្ទៃមុខបន្តរហូតដល់ក និងដៃជាដើម ចំណែកសីតុណ្ហភាពក្នុងរាងកាយ អាចនឹងឡើងចុះ ឬបាត់ភ្លាមៗ ដែលជាហេតុបណ្តាលឲ្យស្រ្តី មានអារម្មណ៍រងា និងស្អិតពេញខ្លួន។ ការហាត់កីឡាយោគៈជាវិធីសាស្រ្តយ៉ាងល្អ អាចជួយសម្រួលដល់អ្នក ដែលជាការល្អកំឡុងពេលហាត់ អ្នកគួរតាមដាន
នូវចង្វាក់ដង្ហើម ដើម្បីឲ្យផ្លូវចិត្តមានសភាពស្ងប់ស្ងាត់។  
 
បំបាត់ការអស់កម្លាំង៖ បម្រែបម្រួលអ័រម៉ូន ក្នុងរាងកាយស្រ្តី តួយ៉ាងដូចជាការថយចុះនូវ អ័រម៉ូន Progesterone ជាដើមចមអាចឲ្យ ស្រ្តីតែងបាត់បង់ កម្លាំង រួមជាមួយការបាក់ទឹកចិត្តផងដែរ។ កាយវិការនៃកីឡាយោគៈដោយ ការគេងរួចកល់ខ្នងរបស់អ្នកដោយខ្នើយ  អាចជួយបំបាត់អាការៈ អស់កម្លាំងបាន រួមនឹងធ្វើឲ្យប្រសើរឡើងនៃចលនាដង្ហើម និងចរន្តឈាម។
 
បន្ថយសម្ពាធឈាម៖ កីឡាយោគៈ អាចជួយ កាត់បន្ថយអាការៈបែកញើសកំឡុងពេលទទួល ទាន​ដំណេករបស់ស្រ្តី ដោយវាទៅបន្ថយសម្ពាធឈាម និងនាំមកវិញនូវដំណើរការយ៉ាងល្អនៃ​អុកស៊ីហ្សែន និងចរន្តឈាម។  
 
បង្កើនការចងចាំ៖ ស្របពេលដែលស្រ្តីកំពុងមានបញ្ហាប្រឈមមួយចំនួនលើរាងកាយការគិត និងការចងចាំក៏ថយចុះទៅតាមនោះ​ផងដែរ ដែលបណ្តាល មកពីបម្រែបម្រួលនៃ​អ័រម៉ូនក្នុងរាងកាយ។ កីឡាយោគៈត្រូវបានគេ​ វាយ​តម្លៃថា អាចជួយឲ្យសមត្ថភាពនៃការគិតបានល្អឡើងវិញ។
 
ស្របពេលដែល កីឡាយោគៈបានផ្តល់អត្ថប្រយោជន៍ដែលមិនគួរមើលរំលង អ្នកក៏គួរតែចេះធ្វើការជ្រើសរើសនូវប្រភេទណាមួយដែលសមស្របទៅនឹង កម្លាំងរបស់អ្នក ដោយហេតុថាប្រភេទកីឡាយោគៈខ្លះក៏ទាមទារនូវកាយវិការធ្ងន់ធ្ងរដែលប្រហែលជាអ្នកមិនអាចទ្រាំទ្របាន។
 
 
©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់