អ្នកវិទ្យាសាស្ត្របានបង្កើតវិធីមួយ ដើម្បីទស្សន៍ទាយថា អ្នកនឹងស្លាប់ក្នុងរយៈពេល៥ឆ្នាំខាងមុខ

()
160
ដោយ : Editor

មានការបង្កើតថ្មីមួយដ៏អស្ចារ្យដែលអាចនឹងក្លាយជាបដិវត្តវេជ្ជសាស្ត្រនោះ  គឺជាវិធីមួយ ដើម្បីរកមើលជំងឺមុនពេលវាលេចចេញជារោគសញ្ញា។ ការសិក្សាថ្មីមួយ ដែលបានផ្សព្វផ្សាយនៅក្នុងទស្សនាវដ្តី Scientific Reports បានបង្ហាញពីរបៀបដែលការវិភាគរបស់ប្រព័ន្ធកុំព្យូទ័រ (Artificial Intelligence ឬAI) នៃការស្កេនវេជ្ជសាស្ត្រធម្មតា អាចប្រែក្លាយទៅជាអ្នកព្យាករណ៍ដ៏មានឥទ្ធិពលអំពីសុខភាពរបស់មនុស្ស និងហានិភ័យ នៃការស្លាប់បាន។
 
ចំពោះការសិក្សានេះដែរ ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ម៉ាស៊ីនមួយដែលអាចរៀន និងប្រើក្បួនដោះស្រាយ ដើម្បីវិភាគលើការស្កេនទ្រូងមនុស្សប្រមាណ៤៨នាក់ ដែលពួកគេសុទ្ធតែមានអាយុលើសពី៦០ឆ្នាំ។ ដោយការប្រើប្រាស់ទិន្នន័យពីការស្កេនប្រព័ន្ធនេះ អាចធ្វើការព្យាករណ៍ពីឱកាស ដែលអ្នកចូលរួមក្នុងការស្រាវជ្រាវ នឹងស្លាប់ក្នុងរយៈ៥ឆ្នាំ បើយោងទៅតាមការសិក្សានេះបានឲ្យដឹងថា ការព្យាករណ៍នេះមានភាពត្រឹមត្រូវដល់ទៅ៧០% ហើយវាមានភាពត្រឹមត្រូវដូចគ្នា នឹងការទស្សន៍ទាយនៃការស្លាប់ដោយគ្រូពេទ្យជំនាញដែរ។ ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ទិន្នន័យពីអ្នកជំងឺដែលបានរស់ ឬស្លាប់ក្នុងរយៈពេល៥ឆ្នាំ ហើយទិន្នន័យទាំងនេះ អាចឲ្យពួកគេអាចធ្វើតេស្តទៅលើប្រព័ន្ធនៃការព្យាករណ៍នេះ។

ការស្កេនទ្រូង គឺជាវិធីដ៏ល្អបំផុតក្នុងការពិនិត្យសុខភាព ព្រោះថាការស្កេនអាចឲ្យគ្រូពេទ្យមើលឃើញនូវសរីរាង្គ និងជាលិកាសំខាន់ៗ​ ដូចជា បេះដូង សួត និងសរសៃឈាមសំខាន់ៗ។ អ្នកជំនាញតែងតែប្រើរូបភាពវេជ្ជសាស្ត្រទាំងនេះ ដើម្បីស្វែងរកដុំសាច់ និងសិក្សាពីលក្ខណៈរបស់វា ដូចជា ចំនួនបន្ទះនៃដុំខ្លាញ់ ដែលធ្វើឲ្យស្ទះសរសៃឈាមជាដើម។ ប្រព័ន្ធនៃម៉ាស៊ីននេះធ្វើការតាមវិធីផ្សេងៗគ្នាដោយកំណត់នូវការប្រែប្រួលក្នុងចំណោមអ្នកជំងឺ ដើម្បីរកមើលភាពមិនប្រក្រតី ដែលអាចបង្កជាគ្រោះថ្នាក់ដល់ជីវិត។
 
ការធានានៃវិទ្យុសកម្ម
ការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីវិភាគលើទិន្នន័យដែលបានមកពីការស្កេនទ្រូង និងធ្វើការគណនាហានិភ័យដោយគ្មានគ្រូពេទ្យជំនាញត្រួតពិនិត្យ ឬធ្វើការបកស្រាយលទ្ធផលស្កេននោះ។ លោកវេជ្ជបណ្ឌិត Luke Oakden-Rayner ដែលជាអ្នកដឹកនាំការសិក្សានេះបាននិយាយថា ទោះបីជាការសិក្សានេះមានចំនួនអ្នកជំងឺដែលចូលរួមតិចក្ដី ការស្រាវជ្រាវរបស់យើងបានបង្ហាញថា កុំព្យូទ័របានរៀនចំណាំរូបភាពដ៏ស្មុគស្មាញនៃជំងឺ ហើយចំណុចនេះហើយ គឺជាអ្វីដែលទាមទារឲ្យអ្នកជំនាញធ្វើការហ្វឹកហាត់បន្ថែម។ លោកបានបន្តទៀតថា ការស្រាវជ្រាវរបស់ពួកយើង បានបើកបង្ហាញនូវ កម្មវិធីថ្មីមួយនៃការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រក្នុងការវិភាគរូបភាពវេជ្ជសាស្ត្រ និងអាចផ្ដល់ក្ដីសង្ឃឹមថ្មី សម្រាប់ការរកឃើញនៃជំងឺធ្ងន់ធ្ងរ ដែលត្រូវការ ការអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រ។ គំនិតជាមូលដ្ឋាននៃប្រព័ន្ធកុំព្យូទ័រនេះ គឺចំនួនទិន្នន័យផ្នែកសុខភាពដ៏ច្រើន អាចត្រូវបានធ្វើការវិភាគ ដើម្បីកំណត់ថា ភាពខុសគ្នាបន្តិចបន្តួចក្នុងចំណោមមនុស្សទាំងអស់ អាចមានផលប៉ះពាល់អ្វីខ្លះដល់ជំងឺ ឬលក្ខខណ្ឌសុខភាពរបស់ពួកគេ។ ការអភិវឌ្ឍនៃបច្ចេកវិទ្យាប្រភេទនេះ គឺជាគោលបំណងដ៏ធំមួយក្នុងការបន្តការខិតខំប្រឹងប្រែងស្រាវជ្រាវទៅលើការចៀសវាង និងព្យាបាលជំងឺរបស់កម្មវិធី Precision Medicine Initiative។ ការស្រាវជ្រាវអំពីវិធីសាស្រ្តក្នុងការចៀសវាង និងការព្យាបាលនៃជំងឺជាច្រើនបានផ្តោតលើកត្តាហ្សែន ព្រោះថាហ្សែនរបស់មនុស្ស​ មានផ្ទុកនូវព័ត៌មានជាច្រើនអំពីសុខភាពរបស់យើង ក្នុងនោះមានដូចជា កត្តាដែលអាចឲ្យកើតជំងឺណាមួយជាដើម។ ប៉ុន្តែហ្សែន គឺមិនសូវជាមានប្រយោជន៍ទេ ក្នុងការប្រាប់ឲ្យដឹងប្រភេទជំងឺរ៉ាំរ៉ៃ និងជំងឺដែលទាក់ទងនឹងអាយុ ដូចជា ជំងឺបេះដូង ជំងឺមហារីក និងជំងឺទឹកនោមផ្អែម។ ជំងឺទាំងនេះស្ថិតក្នុងចំណោមជំងឺ បង្កគ្រោះថ្នាក់ដល់ជីវិត ប៉ុន្តែតាមរយៈការសិក្សាបានបង្ហាញថាប្រហែលជា៧០% ទៅ៩០% នៃការសង្កេតតាមដានទៅលើលក្ខណៈនៃជំងឺទាំងនោះ គឺមិនទាក់ទង នឹងហ្សែននោះទេ ព្រោះថារបៀបរស់នៅ និងបរិស្ថានបានដើរតួយ៉ាងសំខាន់ ខណៈពេលដែលហ្សែនអាចឲ្យយើងដឹងពីព័ត៌មានតិចតួចអំពីជំងឺទាំងនោះ។

ដើម្បីអនុវត្តវិធីវេជ្ជសាស្ត្រនេះទៅលើលក្ខខ័ណ្ឌទាំងនោះ ក្រុមអ្នកស្រាវជ្រាវត្រូវការប្រភពទិន្នន័យសុខភាពផ្សេងៗគ្នា។ ក្រុមអ្នកស្រាវជ្រាវបានពន្យល់ថា ការស្កេនដ៏សាមញ្ញមួយ អាចបង្ហាញពីព័ត៌មានគ្រប់ប្រភេទអំពីសរីរាង្គខាងក្នុងរបស់មនុស្សម្នាក់ ហើយវាគឺជាកន្លែងទីមួយដែលរោគសញ្ញានៃជំងឺជាច្រើន បានបង្ហាញខ្លួន។ ដូច្នេះ ប្រព័ន្ធមួយនេះអាចវិភាគលើលទ្ធផលស្កេន និងធ្វើការស្វែងរកកត្តាបង្កជំងឺដោយស្វ័យប្រវត្តិ ហើយអាចធ្វើការព្យាករណ៍អំពីការអភិវឌ្ឍ នៃជំងឺជាច្រើន។

ទោះបីជាការសិក្សាថ្មីៗនេះមានភាពជោគជ័យក៏ដោយ តែការសិក្សានេះមានទំហំតូច ហើយផ្តោតទៅលើតែទិន្នន័យដែលបានពីការស្កេន។ វាទាមទារឲ្យមាន ការសិក្សាស្រាវជ្រាវបន្ថែមទៀត ប៉ុន្តែ អ្នកវិទ្យាសាស្ត្របានសង្ឃឹមថាវិធីសាស្ត្រស្រដៀងគ្នានេះ អាចអនុវត្តបានទូលំទូលាយ ហើយអាចជួយដល់គ្រូពេទ្យ ក្នុងការកំណត់រោគសញ្ញានៃជំងឺ និងធ្វើការព្យាបាលបានឆាប់រហ័ស។ លោក Oakden-Rayner បាននិយាយថា ជំនួសឲ្យការផ្តោតសំខាន់លើ ការធ្វើរោគវិនិច្ឆ័យជំងឺ ប្រព័ន្ធកុំព្យួទ័រស្វ័យប្រវត្តិនេះ អាចធ្វើការព្យាករណ៍អំពីលទ្ធផលវេជ្ជសាស្ត្រ ដោយការបញ្ចូលទិន្នន័យដ៏ច្រើន និងការកំណត់លក្ខណៈគំរូ នៃជំងឺ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧