នារីធ្វើការការិយាល័យ ចង់ស្អាត មានអីពិបាក...

តាំងពីបរមបុរាណមកនារីខ្មែរតែងប្រកាន់ប្រពៃណីខ្ជាប់ខ្ជួនដោយកម្រដើរហើរចេញក្រៅផ្ទះណាស់។ ភាគច្រើននារីពេញវ័យគ្រប់ការត្រូវចូលម្លប់ សម្អិតសម្អាងខ្លួនប្រាណ និងរៀនសូត្រតម្រាក្បួនច្បាប់នានា។ រហូតមកដល់សម័យនេះហើយនារីៗក្រោយពីរៀនចប់ត្រូវចេញធ្វើការរកប្រាក់ចំណូលផ្គត់ផ្គង់ខ្លួនឯង និងគ្រួសារ មិនសូវមានពេលថែទាំខ្លួនប្រាណប៉ុន្មានទេ។ ខាងក្រោមនេះជាគន្លឺះរក្សាសម្រស់របស់នារីធ្វើការិយាល័យអាចធ្វើដោយខ្លួន ឯងនៅផ្ទះបាន​។

សុខភាព៖ សម្រាប់នារីដែលធ្វើការការិយាល័យសម័យនេះធ្វើការច្រើនគួរសមហេតុនេះទើបនាទីសុខភាពសូមណែនាំឲ្យអ្នកចាប់ផ្ដើមថែទាំសុខភាព ជាពិសេសគឺសុខភាពផ្លូវកាយ ហើយអ្វីដែលសំខាន់បំផុតគឺមិនត្រូវទទួលទានទឹកតិចពេក និងមិនត្រូវទទួលទានដំណេកតិចពេកនោះទេ។ ការខ្វះខាតលើកត្តាដែលបានលើកឡើងទាំងពីខាងលើនេះប្រសិនបើយើងមិនបានយកចិត្តទុកដាក់លើវាទេនោះទោះយើងប្រើប្រាស់ផលិតផលជំនួយពីឋានសួគ៌ក៏ដោយក៏វាមិនអាចជួយឲ្យបានផលដែលអ្នកចង់បានដែរ។ សូមទទួលទានទឹកឲ្យបានច្រើនព្រោះវានឹងជួយឲ្យស្បែកស្រស់ថ្លាមានសម្រស់មិនស្រអាប់ប្រផេះ ចំណែកការទទួលទានដំណេកក៏ដូចគ្នាដែរ។ បើកាលណាអ្នកទទួលទានដំណេកបានគ្រប់គ្រាន់ ស្បែករបស់អ្នកក៏មានសុខភាពល្អទៅតាមនោះដែរ។

ភ្នែក៖ បញ្ហាដែលច្រើនកើតមានសម្រាប់ភ្នែកនោះគឺស្នាមខ្មៅក្រោមភ្នែក ដែលជាបញ្ហាពិបាកដោះស្រោយបំផុត។ ដើម្បីដោះស្រាយបញ្ហានោះនារីៗគួរតែទទួលទានដំណេកឲ្យបានគ្រប់គ្រាន់។ ប៉ុន្តែក្នុងការដែលមិត្តនារីរវល់ខ្លាំងដោយមានការងារជាច្រើនត្រូវបង្ហើយរហូតដល់ពេលយប់ជ្រៅហើយធ្វើឲ្យនៅក្រោមភ្នែករបស់អ្នកមានសភាពខ្មៅហើម។ អ្នកអាចដោះស្រាយបញ្ហានេះបានដោយយកកញ្ចប់តែដែលប្រើរួចយកមកដាក់នៅលើភ្នែក ទាំងសងខាង១០ពី ១៥នាទីទៅ នាទីរួចលាងភ្នែកជាការស្រេច។

ស្បែក៖ ការថែទាំស្បែកភាគច្រើនតែងតែចៀសមិនរួចពីករណីស្បែកស្ងួតគ្មានសំណើម និងអាចម៏រុយនោះទេ។ បើស្បែកស្ងួតក៏ឲ្យទទួលទានទឹកឲ្យច្រើន ចំណែករឿងអាចម៏រុយវិញវាអាចជាបញ្ហាធ្ងន់ធ្ងរបន្តិច។ ប្រសិនបើអាចម៏រុយកើតលើស្បែកហើយ ទាមទារឲ្យមានការយកចិត្តទុកដាក់ថែរក្សាឲ្យបានជិតដិតទើបអាចម៏រុយអាចបាត់ទៅវិញបាន។ ក្នុងករណីដែលមិនទាន់មានអាចម៏រុយកើតឡើងទេនោះមិត្តនារីគួរ
បង្កើតទម្លាប់លាបឡេការពារកម្តៅថ្ងៃមុននឹងចេញហាលក្ដៅ។ ការលាបឡេនេះនឹងជួយការពារស្បែករបស់អ្នកពីកម្ដៅថ្ងៃដែលជាដើមហេតុនៃ អាចម៏រុយ។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។    


មតិយោបល់