[មែនក៏អី?] អ្នកដែលទទួលទានស្រាជាប្រចាំអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម?

()
432
ដោយ : Editor

វាគឺជាសញ្ញាដ៏ថ្មីមួយដែលបានបង្ហាញថា «ការទទួលទានស្រាមិនប្រាកដថាអាក្រក់សម្រាប់សុខភាពរបស់អ្នកទាំងស្រុងនោះទេ»។

យោងតាមការស្រាវជ្រាវថ្មីមួយដែលបានសិក្សាទៅលើជនជាតិដាណឺម៉ាកជាង ៧០,០០០នាក់ដែលទទួលទានស្រាក្នុងកម្រិតតិចទៅកម្រិតមធ្យមជាប្រចាំពុំសូវមានទំនោរក្នុងការកើតជម្ងឺទឹកនោមផ្អែមនោះទេ នេះបើប្រៀបធៀបទៅនឹងអ្នកដែលមិនទទួលទានស្រាសោះ។​ សូមបញ្ជាក់ផងដែរថាលទ្ធផលនៃការស្រាវជ្រាវទាំងនេះគឺមិនមែនជាការលើកទឹកចិត្តឲ្យទទួលទានស្រាដោយសេរីដើម្បីលើកកម្ពស់សុខភាពនោះទេ។ ក៏ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានបង្ហាញជាភស្តុតាងថាសម្រាប់អ្នកដែលទទួលទានស្រាក្នុងកម្រិតមធ្យមគឺមិនសូវរងគ្រោះពីជម្ងឺមួយចំនួនដូចជាជម្ងឺសរសៃឈាមបេះដូង និងជម្ងឺទឹកនោមផ្អែមប្រភេទទី២នោះទេ។ 

ការទទួលទានស្រាជាប្រចាំ និងជំងឺទឹកនោមផ្អែមចំពោះការស្រាវជ្រាវថ្មីនេះ អ្នកស្រាវជ្រាវចង់ដឹងថាតើការទទួលទានស្រាក្នុងកម្រិតប៉ុន្មានដែលអាចនាំឲ្យមានហានិភ័យទាបបំផុតនៃការកើតជំងឺទឹកនោមផ្អែម ហើយវាមានទំនាក់ទំនងជាមួយនឹងប្រភេទនៃស្រា និងភាពញឹកញាប់នៃការទទួលទានស្រាឬអត់? ដោយការប្រើទិន្នន័យពីការស្ទង់មតិនៃការពិនិត្យសុខភាពរបស់ប្រជាជនដាណឺម៉ាក ក្រុមអ្នកស្រាវជ្រាវបានសិក្សាទៅលើទម្លាប់នៃការទទួលទានស្រានៃបុរសចំនួន ២៨,៧០៤នាក់ និងស្ត្រីចំនួន ៤១,៨៤៧នាក់ ហើយតាមដានថាតើពួកគេនឹងវិវឌ្ឍទៅជាមានជំងឺទឹកនោមផ្អែម ឬអត់ក្នុងរយៈពេល ៥ឆ្នាំ។ អ្នកស្រាវជ្រាវមិនបានរាប់បញ្ចូលអ្នកដែលកើតជំងឺទឹកនោមផ្អែមរួចហើយ ស្ត្រីមានផ្ទៃពោះនៅពេលចាប់ផ្ដើមនៃការសិក្សា និងមិនបានផ្ដល់ព័ត៌មានអំពីការទទួលទានស្រារបស់ពួកគេទេ។

លទ្ធផលបានបង្ហាញថា អ្នកដែលទទួលទានស្រាពី ៣ទៅ៤ថ្ងៃក្នុងមួយសប្ដាហ៍ កម្រនឹងកើតជម្ងឺទឹកនោមផ្អែមណាស់។ ចំពោះបុរសអ្នកដែលទទួលទានស្រា ១៤កំប៉ុងក្នុងមួយសប្ដាហ៍ មានហានិភ័យទាបបំផុត ហើយចំពោះស្ត្រីវិញគឺអ្នកដែលទទួលទានស្រា ៩កំប៉ុងក្នុងមួយសប្ដាហ៍។ ការសិក្សាបានបង្ហាញថា អ្នកដែលមិនទទួលទានស្រាសោះហាក់ដូចជាហានិភ័យខ្ពស់ក្នុងការកើតជំងឺទឹកនោមផ្អែម។ អ្នកដែល
ទទួលទានស្រាក្នុងកម្រិតមធ្យមមានហានិភ័យទាប ទោះបីជាអ្នកទទួលទានច្រើន (ដល់ទៅ៤០កំប៉ុងក្នុងមួយសប្ដាហ៍សម្រាប់បុរស និង២៨កំប៉ុងក្នុងមួយសប្ដាហ៍សម្រាប់ស្រ្តី) ក៏មានហានិភ័យទាបក្នុងការកើតជំងឺទឹកនោមផ្អែមជាងអ្នកដែលមិនសេពសុរាសោះដែរ។

ហានិភ័យទាបបំផុតអាចមាន លុះត្រាតែអ្នកទទួលទានស្រាជាប្រចាំជារៀងរាល់ថ្ងៃពេញមួយសប្ដាហ៍ មិនមែនទទួលទានតែមួយ ឬពីរថ្ងៃនោះទេ។

ប្រភេទនៃស្រាក៏អាចជាមូលហេតុនៃការកាត់បន្ថយហានិភ័យនេះដែរ។ បុរស និងស្ត្រីដែលទទួលទានស្រាក្រហមអាចមានហានិភ័យទាបបំផុតក្នុងការកើតជំងឺទឹកនោមផ្អែម។ សម្រាប់បុរស ស្រាបៀរក៏អាចកាត់បន្ថយហានិភ័យនេះបានដែរ។ Spirits (ប្រភេទស្រាដូចជា Whiskey, vodkaជាដើម) ហាក់ដូចជាមិនមានប៉ះពាល់ចំពោះបុរសទេ ប៉ុន្តែសម្រាប់ស្ត្រីដែលទទួលទានស្រាប្រភេទនេះចាប់ពី ៧ដងឡើងទៅក្នុងមួយសប្ដាហ៍ អាចនឹងមានការកើនឡើងនូវហានិភ័យនៃការជម្ងឺទឹកនោមផ្អែមវិញ។

យ៉ាងណាមិញ ការសិក្សាមិនបានអនុញ្ញាតិឲ្យអ្នកស្រាវជ្រាវប្រាប់ថា តើអ្នកដែលទទួលទានស្រាមានហានិភ័យទាបក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទទី១ ឬទី២នោះទេ។ គួរបញ្ជាក់ផងដែរថា ជំងឺទឹកនោមផ្អែមប្រភេទទី ២ជាទូទៅបង្កឡើងដោយកត្តារស់នៅ និងការរារាំងមិនឲ្យរាងកាយពីការប្រើប្រាស់អាំងស៊ុយលីន រីឯជំងឺទឹកនោមផ្អែមប្រភេទទី ១មិនអាចចៀសវាងបានទេព្រោះថារាងកាយមិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការសិក្សារបស់ពួកគេគឺផ្តោតលើជំងឺទឹកនោមផ្អែមប្រភេទទី២ ដោយសារតែពួកគេមិនបានសិក្សាលើអ្នកដែលមានអាយុក្រោម៤០ឆ្នាំនោះទេ (ព្រោះថាជំងឺទឹកនោមផ្អែមប្រភេទទី​ ១គឺកើតមាននៅអាយុក្មេងៗ)។


ក៏មានសម្មតិកម្មមួយដែរថា «ការទទួលទានស្រាក្នុងកម្រិតមធ្យមអាចធ្វើជួយលើកកម្ពស់សុខភាពដោយការបន្ថយសម្ពាធឈាម និង
ពង្រីកសរសៃឈាម»
ប៉ុន្តែវាមិនប្រាកដទេថាស្រាពិតជាជួយដូច្នេះមែននោះទេ។ នៅពេលដែលនិយាយអំពីសុរា និងសុខភាព យើងដឹង
ថាការទទួលទានវាច្រើនពេក គឺមិនល្អសម្រាប់សុខភាពទេ។ ការទទួលទានស្រាក៏ត្រូវបានបង្ហាញថាបានបង្កើនហានិភ័យនៃការកើតជំងឺ
មហារីក ដែលការសិក្សាថ្មីៗនេះបានរកឃើញថាមានការផ្សារភ្ជាប់នឹងការកើនឡើងហានិភ័យនៃការកើតជំងឺមហារីកសុដន់សូម្បីតែការ
ទទួលទានស្រាបៀរ ឬស្រាក្រហមតែមួយកែវក្នុងមួយថ្ងៃក៏ដោយ។

ក្រុមអ្នកស្រាវជ្រាវមិនមានការគាំទ្រចំពោះការទទួលទានស្រាដើម្បីសុខភាពល្អនោះទេ។ ប៉ុន្តែបើនិយាយអំពីជំងឺទឹកនោមផ្អែមវិញការទទួលទានស្រាក្នុងកម្រិតមួយមធ្យមពេញមួយសប្តាហ៍គឺល្អ។ 

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧