ជំងឺលើសសម្ពាធឈាមដោយតម្រងនោម

១.និយមន័យ
ជំងឺលើសឈាមដែលបណ្តាលមកពីតម្រងនោម គឺជាការលើសសម្ពាធឈាមដោយសារសរសៃឈាមតូចក្នុងតម្រងនោមក្រិន ផ្តើមឡើងដោយជាតិខ្លាញ់ នៅក្នុងសរសៃឈាមនៃតម្រងនោមស្ទះ ធ្វើឲ្យឈាមទៅចិញ្ចឹមតម្រងនោមមិនគ្រប់គ្រាន់ ដែលជាហេតុនាំឲ្យតម្រងនោមបញ្ចេញអ័រម៉ូនពីរប្រភេទគឺ អាល់ដូស្តេរ៉ូន និង រ៉េទីន ដែលធ្វើឲ្យសរសៃឈាមរួមតូច សម្ពាធឈាមកើនឡើង។ 

២.មូលហេតុ
មូលហេតុនៃជំងឺលើសសម្ពាធឈាមដោយសារតម្រងនោមនេះ មាន២ប្រភេទផ្សេងគ្នា។
- ទី១ ៖ បណ្តាលមកពីអត្រាជាតិខ្លាញ់ក្នុងសរសៃឈាមខ្ពស់ដែលជាមូលហេតុធ្វើឲ្យមានវត្តមានខ្លាញ់កកនៅសរសៃឈាមតូចៗ
- ទី២ ៖ កោសិការបស់តម្រងនោមខ្លួនឯងវិវត្តទៅរឹងក្រិន ដែលនេះជាមូលហេតុឲ្យសរសៃឈាមរួមតូចដែរ តែមូលហេតុមួយនេះមិនសូវមានប៉ុន្មានទេ ហើយកើតឡើងលើមនុស្សចាស់ដែលមានវ័យលើសពី៥០ឆ្នាំ និងភាគច្រើនជាស្ត្រី។

៣.រោគសញ្ញា
រោគសញ្ញានៃជំងឺនេះ ស្តែងឡើងដោយសារការលើសឈាមនៅវ័យក្មេង ហើយលើសភ្លាមៗ និងពិបាកធ្វើការព្យាបាល។ ឯរោគសញ្ញាផ្សេងទៀតមានដូចជា ឈឺក្បាលខ្លាំង មុខងារតម្រងនោមអន់ភ្លាមៗ ស្ទះសរសៃឈាមតូចៗនៅតម្រងនោម ជើង ខួរក្បាល និងភ្នែកដែលនាំច្រាលទៅតំបន់មួយចំនួន ហើយ កើតមានរោគសញ្ញាខូចស្រោមសួត ខូចស្រោមបេះដូង និងទាចទឹកជាដើម។

៤.ការធ្វើរោគវិនិច្ឆ័យ
ជំងឺនេះ ត្រូវបានធ្វើរោគវិនិច្ឆ័យតាមរយៈការធ្វើតេស្តឈាមដើម្បីពិនិត្យមុខងារតម្រងនោម និងអត្រាជាតិខ្លាញ់ក្នុងឈាម។ ហើយក៏មានការថត សរសៃឈាមតម្រងនោម ដើម្បីពិនិត្យសភាពសរសៃឈាម និងការពិនិត្យដោយថត MRI លើតម្រងនោម។

៥.ការព្យាបាល
ជំងឺនេះអាចព្យាបាលឲ្យជាទាំងស្រុង ប្រសិនបើអ្នកជំងឺមកជួបគ្រូពេទ្យបានទាន់ពេល ពោលគឺព្យាបាលនៅដំណាក់កាលដំបូង។ ការព្យាបាលនេះ ដំបូងត្រូវព្យាបាលឲ្យសម្ពាធឈាមត្រឡប់មកធម្មតាវិញ និងព្យាបាលទៅលើមូលហេតុនៃជំងឺពោលគឺ បន្ថយអត្រាជាតិខ្លាញ់ករណីអ្នកជំងឹលើសជាតិខ្លាញ់ និងព្យាបាលមុខងារតម្រងនោមក្នុងករណីអ្នកជំងឺមានបញ្ហាលើតម្រងនោម។ ក្រៅពីការព្យាបាលដោយប្រើប្រាស់ថ្នាំនេះ អ្នកជំងឺក៏ត្រូវផ្លាស់ប្តូរទម្លាប់ ការរស់នៅរបស់ខ្លួនផងដែរ ដូចជាត្រូវបរិភោគអាហារដែលមានជាតិខ្លាញ់ទាប និងសាច់តិច មិនត្រូវបរិភោគអាហារប្រៃ ត្រូវសម្រកទម្ងន់ ប្រសិនបើ អ្នកជំងឺលើសទម្ងន់ ត្រូវហាត់ប្រាណ ៣០ នាទីរាល់ថ្ងៃឲ្យបានទៀតទាត់ និងឧស្សាហ៍ទីពិនិត្យសុខភាពរបស់ខ្លួន ជាពិសេសអ្នកដែលមានអាយុលើសពី ៤០ឆ្នាំ។

ប្រសិនបើអ្នកជំងឺមិនបានព្យាបាលជំងឺនេះឲ្យបានទាត់ពេលទេ វានឹងវិវឌ្ឍទៅរកជំងឺលើសសម្ពាធឈាមដែលព្យាបាលមិនជា។ ក្រៅពីនេះ ផលវិបាក ជាច្រើននឹងលេចឡើងចំពោះអ្នកជំងឺ មានដូចជា ខូចតម្រងនោមទាំងស្រុងដែលរហូតឈានទៅដល់ការលាងឈាមជំងឺដាច់សរសៃឈាមខួរក្បាល ហើមសួត ជំងឺទាចទឹកចូលស្រោមបេះដូង និងទឹកចូលស្រោមពោះដែលហៅថាទាចទឹក។ យ៉ាងណាមិញ ជំងឺនេះអាចការពារបានដោយការចាត់វិធានការ មួយចំនួនដូចជា ការពិនិត្យសុខភាពឲ្យបានទៀងទាត់ចំពោះអ្នកដែលមានអាយុពី៤០ឆ្នាំឡើងទៅ ត្រូវសម្រកទម្ងន់ប្រសិនបើគាត់ធាត់ ត្រូវទៅជួប ពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើគាត់ជាអ្នកជក់បារី និងផឹកស្រាច្រើន ត្រូវពិនិត្យជាតិស្ករក្នុងឈាមឲ្យបានទៀងទាត់ប្រសិនគាត់ជាអ្នកជំងឺទឹកនោមផ្អែម ត្រូវតាមដានជាតិខ្លាញ់ជាប្រចាំ និងបរិភោគអាហារដែលផ្តល់សុខភាពល្អដល់អ្នក។

៦.ការរំពឹងទុក
ចំពោះការរំពឹងទុកលើជំងឺមួយនេះវិញ ករណីមិនបានព្យាបាល វាបណ្តាលឲ្យអ្នកជំងឺស្លាប់បានដោយសារតែការលើសសម្ពាធឈាមដែលមិនអាចគ្រប់គ្រង បាន រួមផ្សំនឹងការលេចឡើងនូវផលវិបាកដែលបានរៀបរាប់ខាងលើ។ ប៉ុន្តែប្រសិនបើអ្នកជំងឺទទួលបានការព្យាបាលបានទាន់ពេល ជំងឺលើសសម្ពាធឈាម នេះអាចព្យាបាលឲ្យបានជាទាំងស្រុង ដោយខុសពីជំងឺលើសសម្ពាធឈាមផ្សេងទៀតដែលទាមទារឲ្យអ្នកជំងឺត្រូវទទួលការព្យាបាលអស់មួយជីវិត៕

បកស្រាយដោយ លោកវេជ្ជបណ្ឌិតឯកទេស ចាន់ សុវណ្ណឌី វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់ និងតម្រងនោម។


©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧