៣ ហេតុផលខ្លឹមៗនៃការព្យាបាលជំងឺរលាកថ្លើមប្រភេទសេ

  ជំងឺរលាកថ្លើមប្រភេទសេ គឺត្រូវបានបង្កឡើងដោយវីរុសប្រភេទសេ ដែលជាទូទៅវាឆ្លងរាលដាលតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយឈាមដែលមានផ្ទុកវីរុសនេះ ហើយវាអាចឆ្លងរាលដាលតាមរយៈការរួមភេទ ជាមួយដៃគូ ដែលមានផ្ទុកវីរុស និងពេលម្តាយទៅកូននៅអំឡុងពេលសម្រាល។

មនុស្សភាគច្រើនដែលផ្ទុកវីរុសនេះ គឺមិនមានបង្ហាញឲ្យឃើញរោគសញ្ញាណាមួយនោះទេអស់រយៈពេលជាច្រើនឆ្នាំ។ ប្រសិនបើគាត់មានរោគសញ្ញា គឺគាត់មានអារម្មណ៏ថាគ្រុនផ្តាសាយ ហើយគាត់ក៏អាចមានអាការៈ ឬជំងឺមួយចំនួនកើតព្រមជាមួយ ដូចជាជំងឺខាន់លឿនដែលធ្វើឲ្យស្បែក និងភ្នែកឡើងលឿង ឬលាកមពណ៌ស។ ដើម្បីស្រាយបំភ្លឺ និងផ្តល់ជាចំណេះដឹង ទាក់ទិននឹងជំងឺរលាកថ្លើមប្រភេទសេ លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ ឯកទេសថ្លើម ក្រពះ ពោះវៀន និងជាប្រធានផ្នែកក្រពះ ពោះវៀននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្តល់កិត្តិយសដល់ហេលស៍ថាម ដើម្បីបកស្រាយពីស្ថានភាពទូទៅនៃជំងឺនេះដូចខាងក្រោម ៖

ហេតុអ្វីត្រូវព្យាបាល?មានហេតុផលចំនួន៣ ដែលត្រូវព្យាបាលអ្នកជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទសេ

1. ការពារថ្លើមរបស់អ្នក
2. ការពារសុខភាពរបស់អ្នក
3. ដើម្បីក្រុមគ្រួសាររបស់អ្នក និងមនុស្សជុំវិញខ្លួន។

ថ្លើម គឺជាសរីរាង្គដែលសំខាន់សម្រាប់ជីវិត បើសិនជាថ្លើមខូចនោះជីវិតនឹងបាត់បង់។ វីរុសនៃជំងឺរលាកថ្លើមសេជាសត្រូវដ៏ស្ងៀមស្ងាត់របស់ថ្លើមអ្នក។ វាបង្កឲ្យថ្លើមខូចដោយអ្នកជំងឺមិនចាប់អារម្មណ៏ថាខ្លួនឈឺ។ ដូច្នេះ ការព្យាបាលជំងឺនេះពិតជាមានឱកាស ឲ្យចៀសផុតពីការវិវត្តន៍របស់ថ្លើមទៅជាក្រិន និងមហារីក។ ទោះបីការព្យាបាលមានរយៈពេលយូរ និងមានផលវិបាកខ្លះក៏ប៉ុន្តែវាឆ្លើយតបនឹងហេតុផលសំខាន់ខាងលើនេះ ៖

១. ការពារថ្លើមរបស់អ្នក
      វីរុសនៃជំងឺរលាកថ្លើមប្រភេទសេ រីកលូតលាស់ក្នុងថ្លើម ហើយវាបង្កឲ្យមានប្រតិកម្មរលាក។ ការស្ថិតនៅនៃវីរុសជាមួយប្រតិកម្មរលាកយូរអង្វែងដោយវីរុសគ្មានរោគសសញ្ញាបង្កឲ្យមានការប្រែប្រួលម្តងៗ នៃរចនាសម្ព័ន្ធកោសិកាថ្លើម និងបង្កឲ្យមានសន្លាកដែលហៅថា សរសៃក្រិន ឬភាពក្រិន។ ការវិវត្តន៍នៃជំងឺនេះវាអាចបង្កឲ្យលេចចេញជាដុំ ហើយព័ទ្ធជុំវិញសរសៃក្រិនដែលហៅថា ជំងឺក្រិនថ្លើម។ ក្នុងករណីនេះ ការវិវត្តន៍ពីភាពក្រិនទៅជាជំងឺក្រិនថ្លើម អាចប្រព្រឹត្តទៅយ៉ាងឆាប់រហ័សដោយសារពិសារស្រាច្រើន អាយុច្រើន ភេទប្រុស ជំងឺធាត់ពេក ការខ្វះប្រព័ន្ធការពារ ឬមានជំងឺផ្សេងៗទៀតបន្ថែមដូចជា ជំងឺរលាកថ្លើមប្រភេទបេ ឬជំងឺអេដស៍។ ក្នុង៣០%នៃជំងឺក្រិនថ្លើម អាចវិវត្តន៍ទៅរកជំងឺមហារីកក្នុងរយៈពេលវែង ឬមិនវែង។ ជំងឺរលាកថ្លើមសេ អាចធ្វើឲ្យថ្លើមខូចខាត វាជាសត្រូវដ៏ស្ងៀមស្ងាត់រហូតដល់អ្នកមិនចាប់អារម្មណ៍ថាឈឺ។ បើមិនព្យាបាលទេ ប្រព័ន្ធការពារយើងមិនអាចកម្ចាត់វីរុសនេះបានទេ។ ដូច្នេះ ការព្យាបាលគឺពិតជាអាចឲ្យយើង មានឱកាសការពារថ្លើមរបស់អ្នក។

២.ការពារសុខភាពអ្នក
     ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទសេ នឹងធ្វើឲ្យអ្នកមានសុខភាពមិនល្អ និងបាត់បង់គុណភាពជីវិត បើសិនថ្លើមវិវត្តន៍ទៅរកជំងឺក្រិន ឬមហារីកថ្លើមខាងមុខ។ ការព្យាបាលជំងឺរលាកថ្លើមសេ គឺងាចកម្ចាត់វីរុសបានអស់ និងជាសះស្បើយ។

ឱកាសនៃការជាសះស្បើយពឹងផ្អែកទៅលើ៖
·ប្រភេទមេរោគ
·ចំនួនមេរោគ
·សភាពថ្លើមមុនពេលព្យាបាល
·អាយុ ឬរយៈពេលឆ្លង
·កត្តាដែលបង្កនូវគ្រោះថ្នាក់ នៃការវិវត្តន៍ជំងឺរបស់អ្នកជំងឺម្នាក់ៗ (ដូចជា​ផឹកស្រា អ្នកផ្ទុកវីរុសរលាកថ្លើមបេ ឬអេដស៍ ជាមួយ ។ល។) ។

៣.ដើម្បីក្រុមគ្រួសាររបស់អ្នក និងមនុស្សជុំវិញខ្លួនអ្នក
      បើសិនគ្មានការព្យាបាល អ្នកនៅតែជាអ្នកផ្ទុកវីរុសហើយអ្នក នឹងអាចបន្តគ្រោះថ្នាក់ចម្លងមេរោគនេះទៅអ្នកដទៃ។ គ្រោះថ្នាក់នេះវាមានក្នុងជីវិតរស់នៅប្រចាំថ្ងៃដែលជួនកាលវាបង្កឡើងដោយសារប៉ះពាល់សំភារៈ ដែលមានប្រឡាក់ដោយឈាមដូចជា ច្រាសដុសធ្មេញ ឡាមកោរពុកមាត់ កន្រ្តៃកាត់ក្រចក ម្ចុល កន្ត្រៃ ឬរបយសពេលគ្រោះថ្នាក់ផ្សេងៗ។
        ជាមួយការព្យាបាល អ្នកអាចកម្ចាត់មេរោគពីរាងកាយអ្នក​និងជាសះស្បើយ ហើយអ្នកមិនមែនជាអ្នកចម្លងមេរោគទៀតឡើយ។ បើសិនគ្រូពេទ្យរបស់អ្នកសំណូមពរនូវការព្យាបាលដល់អ្នក ពេលវេលាសម្រាប់ពិចារណា គឺចាំបាច់បំផុតសម្រាប់រៀបចំខ្លួនឲ្យបានល្អ៕

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧