មូលហេតុនៃជំងឺរលាកសន្លាក់មិនមែនមានត្រឹមតែការលើសជាតិអាស៊ីត

 ជំងឺរលាកសន្លាក់ បង្កការប៉ះពាល់ដល់ប្រព័ន្ធសាច់ដុំ និងឆ្អឹង ជាពិសេសនៅត្រង់គន្លាក់ឆ្អឹង។ ជំងឺរលាកសន្លាក់នេះ គឺជាមូលហេតុចំបងដែលធ្វើឲ្យមនុស្សពិការអវៈយវៈដៃជើង​ ក្នុងចំណោមមនុស្សវ័យជាង​ ៥០ឆ្នាំនៅក្នុងបណ្តាលប្រទេសរីកចម្រើនផ្នែកឧស្សាហកម្ម។ ជំងឺរលាកសន្លាក់ ជះឥទ្ធិពលដល់គុណភាពជីវិតរបស់មនុស្ស បណ្តាលឲ្យមានការលំបាកក្នុងការប្រកបការងារចិញ្ចឹមជីវិត និងបង្កការរំខានដល់សតិអារម្មណ៏។ លោកសាស្ត្រចារ្យ លី ជាតិតា វេជ្ជបណ្ឌិតឯកទេស ជំងឺរលាកសន្លាក់ និងសាច់ដុំ និងជាប្រធានផ្នែកជំងឺទូទៅ និងសន្លាក់នៅឯមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ផ្តល់កិត្តិយសដើម្បីបកស្រាយ បំភ្លឺពីស្ថានភាពទូទៅ នៃជំងឺរលាកសន្លាក់ដូចខាងក្រោម៖

អ្វីជាជំងឺរលាកសន្លាក់?
     ជំងឺរលាកសន្លាក់ ជាការរលាកត្រង់គន្លាក់ឆ្អឹង (ចំណុចប្រសព្វនៃឆ្អឹង)​ មួយផ្នែក ឬបរិវេណជាច្រើនទៀតនៃសរីរាង្គកាយមនុស្ស។ ជំងឺរលាកសន្លាក់មានជាង ១០០ប្រភេទ ដែលមួយប្រភេទៗបណ្តាលមកពីមូលហេតុ និងមានវិធីសាស្ត្រព្យាបាលខុសៗគ្នា។ រោគសញ្ញានៃជំងឺរលាកសន្លាក់ អាចកើតឡើងសន្សឹមៗ ប៉ុន្តែវាក៏អាចកើតឡើងមួយរំពេចផងដែរ។ ជំងឺរលាកសន្លាក់នេះ គេឃើញមានភាគច្រើនចំពោះមនុស្សវ័យខ្ទង់ ៥០ឆ្នាំជាង ឬជាង៦៥ឆ្នាំ ប៉ុន្តែវាក៏អាចវិវត្តន៍ នៅក្នុងខ្លួនកុមារ​ និងមនុស្សវ័យជំទង់ដែរ។​ យោងតាមការសិក្សាស្រាវជ្រាវ ជំងឺនេះកើតចំពោះមនុស្សស្រីច្រើនជាងបុរស និងចំពោះមនុស្សណា​ ដែលមានទម្ងន់ធាត់គីឡូ។
 
មូលហេតុបង្ក
        មូលហេតុដែលបណ្តាលឲ្យកើតជំងឹរលាកសន្លាក់ គឺមានការបកស្រាយផ្សេងៗគ្នាអាស្រ័យទៅលើប្រភេទនៃជំងឺរលាកសន្លាក់ ហើយក្នុងនេះ យើងសូមលើកយកតែជំងឺរលាកសន្លាក់ ៥ប្រភេទ និងមូលហេតុផ្សេងៗគ្នា​របស់វាមកបកស្រាយ។
-ទាក់ទងនឹងវ័របស់មនុស្ស និងសភាពធាត់លើសគីឡូ ៖ កាលណាមនុស្សាមានវ័យកាន់តែចាស់ ឬមនុស្សដែលធាត់លើសគីឡូ សភាពនៃសន្លាក់ក៏កាន់តែទ្រុឌទ្រោម និងសឹករេចរិលដែរ។
 - រលាកសន្លាក់គ្មានមូលហេតុ៖ គឹជាប្រភេទរលាកសន្លាក់រ៉ាំរ៉ៃ ដែលមិនត្រឹមតែប៉ះពាល់់ដល់សន្លាក់ប៉ុណ្តោះ ប៉ុន្តែថែមទាំងជះឥទ្ធិពលដល់សរីរាង្គខាងក្នុងដូចជា បេះដូង​ សួត តម្រងនោម និងគ្រាប់ឈាមជាដើម។ វាមានសភាពរលាកសន្លាក់ច្រើនកន្លែង នៅក្នុងខ្លួនអ្នកជំងឺដែលធ្វើឲ្យអ្នកជំងឺមានការលំបាកច្រើន​ ហើយផលពិបាក នៃជំងឺនេះអាចប៉ះពាល់ដល់អាយុជីវិត ឬធ្វើឲ្យសន្លាក់មានការខូចខាតខ្លាំង រហូតធ្វើឲ្យអ្នកជំងឺមានភាពពិការ។
-រលាកសន្លាក់បណ្តាលមកពីមេរោគ ៖ មេរោគធម្មតា មេរោគសង្គម ឬមេរោគរបេងជាដើម​ អាចបណ្តាលឲ្យមនុស្សកើតជំងឺរលាកសន្លាក់។ ជំងឺរលាកសន្លាក់ប្រភេទនេះ គឺជាការរលាកសន្លាក់មួយ ដែលមានសភាពខ្លាំងក្លា ហើម មានផលពិបាកដល់ជីវិត ធ្ងន់ធ្ងរជាងការរលាកសន្លាក់ប្រភេទទី២ទៅទៀត ពីព្រោះមេរោគអាចជ្រាបចូលដល់ចរន្តឈាមរហូតធ្វើឲ្យអ្នកជំងឺស្លាប់បាត់បង់អាយុជីវិត។
-រលាកសន្លាក់បណ្តាលមកពីការគ្រាប់គ្រីស្តាល់៖ ប្រភេទរលាកសន្លាក់នេះ បណ្តាលមកពីលើសជាតិអាស៊ីដ ពីព្រោះជាតិអាស៊ីដឡើងខ្ពស់ អាចបង្កើតបានជាគ្រាប់ស្តាល់តូចៗដែលអាចមើលឃើញឧបករណ៏ Microscope ។
-រលាកសន្លាក់ពីប្រភេទជំងឺដទៃទៀត៖ រលាកសន្លាក់មួយនេះ បណ្តាលមកពីជំងឺមួយចំនួនដូចជាជំងឺក្នុងឈាម និងជំងឺលើសជាតិខ្លា្ញញ់ជាដើម។

រោគសញ្ញានៃជំងឺរលាកសន្លាក់
រោគសញ្ញាជាចម្បង គឺអ្នកជំងឺមានការឈឺចាប់ត្រង់សន្លាក់ បើសិនរលាកសន្លាក់មានលក្ខណៈ ហើមត្រង់កន្លែងនោះ ឈឺចាប់ខ្លាំង មានសភាពក្រហម ហើយមានកម្តៅក្តៅ។

ការធ្វើរោគវិនិច្ឆ័យ
        ជំងឺរលាកសន្លាក់មួយចំនួន អាចធស្វើរោគវិនិច្ឆ័យតាមរយៈការសួរនាំពីការឈឺចាប់របស់អ្នកជំងឺ និងការពិនិត្យទៅលើរោគសញ្ញាទាំងឡាយដូចបានរៀបរាប់ខាងលើ។ ហើយជំងឺរលាកសន្លាក់ដទៃទៀត​ អាចធ្វើរោគវិនិច្ឆ័យតាមរយៈ​ សាកសួរដូចគ្នា បូករួមទាំងការវិភាគឈាម ការថតដោយប្រើឧបករណ៏វិទ្យុសកម្ម CT Scans ឬ X-ray ។

ការព្យាបាល
        ជំងឺរលាកសន្លាក់មួយចំនួន មិនអាចព្យាបាលឲ្យជាដាច់នោះទេ ដោយសារវាមានសភាពធ្ងន់ធ្ងរ ប៉ុន្តែមួយចំនួនទៀតដូចជា ប្រភេទរលាកសន្លាក់ដែលបណ្តាលមកពីមេរោគ អាចព្យាបាលឲ្យជាដាច់ មិនរើឡើងវិញ ដោយប្រើប្រភេទថ្នាំផ្សះអង់ទីប៊ូទិក។ ដោយឡែកជំងឺរលាកសន្លាក់មួយចំនួនទៀតដូចជា ប្រភេទរលាកសន្លាក់រ៉ាំរ៉ៃ រលាកសន្លាក់ដោយសារគ្រីស្តាល់ មិនអាចព្យាបាលឲ្យជាដាច់នោះទេ ប៉ុន្តែអាចធ្វើឲ្យអ្នកជំងឺធូរស្រាលបាន រហូតដល់​ ៧០% ទៅ ៨០% ដោយអ្នកជំងឺត្រូវប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា៕

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ពាក្យទាក់ទង


មតិយោបល់