រោគសញ្ញាជំងឺរលាកកស្បូនមានបង្ហាញតិចតួចណាស់...

  ជំងឺរលាកកស្បូន ជាជំងឺដែលអាចបណ្តាលមកពីការក្រហល់ក្រហាយ ការឆ្លងមេរោគ និងការរបួសកោសិកានៅបរិវេណកស្បូន។ កោសិការលាក​ ឬកោសិកាឆ្លងរោគទាំងនេះ អាចប្រែទៅជាក្រហម ហើម និងមានការធ្លាក់ស ហើយម៉្យាងទៀតវាអាចងាយហូរឈាមនៅពេលប៉ះទង្គិច។ ដើម្បីជាការចែករំលែកនូវចំណេះដឹង​ដល់ស្ត្រីគ្រប់រូបទាក់ទិននឹងជំងឺរលាកកស្បូន លោកស្រីវេជ្ជបណ្ឌិត គី ស៊ីវ៉ាន់ថា ឯកទេសសម្ភព និងរោគស្ត្រី និងនាយកអគារសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យព្រះកុសុមៈ ចូលរួមចែករំលែកចំណេះដឹងសំខាន់ៗទាក់ទងនឹងស្ថានភាពទូទៅនៃជំងឺជំងឺរលាកស្បូនមានដូចខាងក្រោម៖
 
មូលហេតុបង្ក
មូលហេតុដែលបណ្តាលឲ្យមានជំងឺរលាកកស្បូនមាន​ ៤យ៉ាងគឺ៖
 .រលាកដោយសារមេរោគ ដែលអាចមានពពួកបាក់តេរី ប៉ារ៉ាស៊ីដ ផ្សិត និង វីរុស
. អាចរលាកដោយសារវិបត្តិ នៃការចិញ្ចឹមកោសិកា
.  ករណីរលាកដំបៅមុន មហារីក
.  រលាកដោយសារប្រតិកម្ម។
 
រោគសញ្ញា
រោគសញ្ញាជាទូទៅ វាបង្ហាញឲ្យឃើញ ក្នុងកម្រិតតិចតួចណាស់ ហើយវាអាចបង្ហាញឲ្យរោគសញ្ញាច្រើនក្នុងករណីមានផលវិបាក ប្រសិនបើគ្មានផលវិបាកអ្វីទេ វាបង្ហាញឲ្យឃើញរោគសញ្ញាតិចតួចមែនទែន។ រោគសញ្ញាដែលអាចបង្ហាញឲ្យឃើញ មានដូចជា៖
. ការធ្លាក់សហើយការធ្លាក់សនោះមានលក្ខណៈផ្សេងៗគ្នា អាស្រ័យទៅតាមមេរោគ ដែលបង្កជំងឺ
. មានអាការៈរមាស់ទ្វារមាស​ ហើមទ្វារមាស
.  ឈឺចាប់ពេលរួមភេទ
. ពិបាកបត់ជើងតូច ឬបត់ជើងតូចញាប់
. ហើយអាចមានអាការៈគ្រុនក្តៅ ប្រសិនបើមានការរលាកនោះរាលដានដល់ប្រដាប់បន្តពូជផ្នែកខាងលើ។
 
ការធ្វើរោគវិនិច្ឆ័យ
ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យឃើញថា ស្ត្រីមាននូវជំងឺរលាកកស្បូន គ្រូពេទ្យត្រូវប្រើវិធីបច្ចេកទេសមួយចំនួនដូចជា៖
.  ត្រូវពិនិត្យកស្បូនជាចាំបាច់ នៅពេលដែលយើងពិនិត្យឃើញសភាពនៅលើកស្បូន យើងអាចស្គាល់នូវមេរោគ ដែលបង្កជំងឺបាន
. នៅក្នុងករណីចាំបាច់ គេអាចត្បារយកមេរោគហ្នឹង ទៅមើលដើម្បីឲ្យដឹងថានៅលើកស្បូននេះ មានមេរោគ ប្លែក ឬអត់និងអាចយកវាទៅបណ្តុះដើម្បី ឲ្យដឹងថាតើថ្នាំអ្វីដែលអាចសម្លាប់មេរោគនេះបាន។
 
ការព្យាបាល
គេអាចព្យាបាលជំងឺរលាកកស្បូននេះ ឲ្យជាសះស្បើយបានដោយសារប្រើថ្នាំ និងប្រើវិធីដុត។ ការប្រើថ្នាំហ្នឹង គេប្រើដើម្បីកម្ចាត់ប្រភេទមេរោគដែលបង្កជាជំងឺ ដូច្នេះប្រសិនបើយើងប្រើថ្នាំព្យាបាលមិនអាចជាសះស្បើយបានដែរ។ ក្នុងករណីធ្ងន់ធ្ងរប្រសិនបើមានការព្យាបាល ដោយប្រើថ្នាំជាច្រើនដង ហើយមិនទទួលបានប្រសិទ្ធិភាពមានន័យថា ដំបៅហើយកើតឡើងវិញទៀត គឺត្រូវប្រើវិធីដុត។ វិធីដុតនេះមានពីរយ៉ាង គឺដុតមានកម្តៅ ឬត្រជាក់។ ម៉្យាងទៀត អ្នកជំងឺត្រូវអនុវត្តតាមវេជ្ជបញ្ចា ដើម្បីឲ្យការព្យាបាល ទទួលបានប្រសិទ្ធិភាពខ្ពស់ព្រោះប្រសិនបើព្យាបាលមិនបានត្រឹមត្រូវតេ ជំងឺរលាកកស្បូននេះនឹងអាចវិវឌ្ឍទៅរកសភាពរ៉ាំរ៉ៃ ព្យាបាលមិនជា។ ចំពោះសេវាព្យាបាលអ្នកជំងឺអាចទទួលយកការព្យាបាល ពីមន្ទីរពេទ្យសាធារណៈ និងឯកជន ជាពិសេសគឺការទទួលការព្យាបាលពីវេជ្ជបណ្ឌិតឯកទេសរោគស្រ្តី។
       
ការបង្ការ
ដើម្បីការពាកុំឲ្យកើតជំងឺរលាកកស្បូននេះ ស្ត្រីត្រូវអនុវត្តនូវវិធីមួយចំនួនដូចជា៖
.  ស្ត្រីត្រូវចេះអនាម័យខ្លួនប្រាណឲ្យបានត្រឹមត្រូវ និងជាប្រចាំ ជាពិសេសនៅក្រោយពេលបន្ទោរបង់ និងមុន និងក្រោយពេលរួមភេទ
.  ត្រូវចេះការពារខ្លួនកុំឲ្យឆ្លងជំងឺពីខាងក្រៅ
.  ចាក់វ៉ាក់សាំងមហារីកមាត់ស្បូន
. ទទួលការពិនិត្យតាមដានជាប្រចាំ ពីគ្រូពេទ្យឯកទេស យ៉ាងហាចឲ្យបានម្តងក្នុងមួយឆ្នាំ ទោះបីស្ត្រីមិនមានជំងឺអ្វីក៏ដោយ។
 
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​ ​​

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧