[មែនក៏អី?] «ការនៅលីវអាចធ្វើឲ្យឆាប់ស្លាប់ជាងអ្នកមានជំងឺធាត់ទៅទៀត»

()
290
ដោយ : Clinic Community

អ្នកជំនាញបានបញ្ជាក់ថា ភាពឯកោគឺអាចបណ្តាលឲ្យស្លាប់លឿនជាងអ្នកមានជំងឺធាត់ទៅទៀត ហើយវាគួរតែត្រូវបានចាត់ទុកថាជាហានិភ័យនៃសុខភាពសាធារណៈ។ 
 
អ្នកដែលមានទំនាក់ទំនងសង្គមមិនល្អអាចបង្កើនហានិភ័យនៃការឆាប់ស្លាប់ដល់ទៅ៥០%ប្រៀបធៀបទៅនឹងអ្នកដែលមានទំនាក់ទំនងសង្គមល្អ នេះបើយោងតាមការបង្ហាញរបស់ការសិក្សាអំពីភាពឯកោ។
 
អ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិកបានសង្កេតទៅលើការសិក្សាចំនួន២១៨ដែលស្ដីអំពីផលប៉ះពាល់សុខភាពនៃភាពឯកោ និងការផ្ដាច់ទំនាក់ទំនងពីសង្គម។
 
ពួកគេបានរកឃើញថាការផ្ដាច់ទំនាក់ទំនងពីសង្គមបានបង្កើនហានិភ័យនៃការស្លាប់របស់មនុស្សម្នាក់រហូតដល់ពាក់កណ្ដាលនេះបើប្រៀបធៀបទៅនឹងអ្នកមានជំងឺធាត់ដែលហានិភ័យនៃការស្លាប់របស់ពួកគេមានត្រឹមតែ៣០%តែប៉ុណ្ណោះ។
 
វេជ្ជបណ្ឌិត Julianne Holt-Lunstad ដែលជាអ្នកដឹកនាំនិងជាសាស្ត្រចារ្យផ្នែកចិត្តវិទ្យានៅសកលវិទ្យាល័យ Brigham Young University បាននិយាយថា «ការផ្សារភ្ជាប់ជាមួយអ្នកដទៃក្នុងសង្គមត្រូវបានគេចាត់ទុកថាជាតម្រូវការដ៏ចម្បងរបស់មនុស្ស ហើយវាក៏សំខាន់ចំពោះសុខុមាលភាពនិងការរស់រានមានជីវិតដែរ។»
 
«ឧទាហរណ៍ជាក់ស្តែងមួយបានបង្ហាញថា ទារករស់នៅក្នុងមណ្ឌលថែទាំដែលពួកគេខ្វះទំនាក់ទំនងទៅនឹងសង្គមខាងក្រៅគឺមានបញ្ហាជាមួយនឹងការលូតលាស់និងស្លាប់ជារឿយៗ ហើយជាការពិតណាស់ការផ្តាច់ឆ្ងាយពីសង្គមឬការឃុំឃាំងឲ្យនៅតែម្នាក់ឯងត្រូវបានប្រើជាទម្រង់មួយនៃការធ្វើទណ្ឌកម្ម។» ប៉ុន្តែបច្ចុប្បន្ននេះមានការកើនឡើងនៃចំនួនប្រជាជនអាមេរិកដែលមានបញ្ហាទាក់ទងនឹងការផ្ដាច់ឆ្ងាយពីសង្គមនេះ។
 
អារម្មណ៍ឯកាគឺអាចធ្វើឲ្យយើងមានអារម្មណ៍អាក្រក់ទាំងផ្លូវកាយនិងផ្លូវចិត្ត ហើយចំពោះអ្នកដែលឯកាវិញ ភាគច្រើនតែងតែមានរោគសញ្ញាអាក្រក់ជាងអ្នកដែលមិនឯកា នៅពេលដែលពួកគេមានបញ្ហាសុខភាព។
 
ការស្ទង់មតិថ្មីមួយដោយ Granset បានរកឃើញថាមនុស្សចាស់ជិត៣ភាគ៤នៅក្នុងចក្រភពអង់គ្លេសគឺមានភាពឯកោ ហើយភាគច្រើនមិនសូវនិយាយទៅកាន់នរណាម្នាក់អំពីអារម្មណ៍របស់ពួកគេទេ។
 
ពួកគេក៏បានរកឃើញថាប្រហែលជា៧០%បាននិយាយថាមិត្តភក្តិជិតស្និទ្ធនិងក្រុមគ្រួសាររបស់ពួកគេនឹងមានភាពភ្ញាក់ផ្អើលប្រសិនបើពួកគេនិយាយថាពួកគេមានភាពឯកា។
 
ការិយាល័យស្ថិតិជាតិថ្មីៗនេះបានបង្ហាញថាចក្រភពអង់គ្លេសគឺជាប្រទេសដែលឯកាជាងគេនៅអឺរ៉ុប។ ហើយបើយោងទៅតាមការធ្វើយុទ្ធនាការបញ្ចប់ភាពឯកា ចក្រភពអង់គ្លេសបានចំណាយប្រាក់ដល់ទៅ ២៦លានដុល្លារក្នុងមួយឆ្នាំសម្រាប់ការចំណាយទាក់ទងនឹងបញ្ហាសុខភាព។ 
 
លោកស្រី Holt-Lunstad បានបន្ថែមថា «មានភស្តុតាងជាក់លាក់ដែលអាចបញ្ជាក់ថាភាពឯកា និងការផ្តាច់ទំនាក់ទំនងពីសង្គមបានបង្កើនហានិភ័យនៃការស្លាប់មុនអាយុ ហើយកម្រិតនៃហានិភ័យមានសភាពលើសលុបពីសូចនាករសុខភាពទៅទៀត។»
 
«ជាមួយនឹងការកើនឡើងនៃចំនួនមនុស្សចាស់ ផលប៉ះពាល់ទៅលើសុខភាពសាធារណៈគឺត្រូវបានរំពឹងទុកថានឹងមានការកើនឡើង។»
 
«ជាការពិតណាស់ នាពេលបច្ចុប្បន្នមានប្រទេសជាច្រើននៅជុំវិញពិភពលោកបានបង្ហាញថាយើងកំពុងតែប្រឈមមុខនឹង “ការរីករាលដាលនៃភាពឯកា”។»
 
លោកស្រីបានបានលើកឡើងថា យើងគួរតែផ្តល់អាទិភាពបន្ថែមទៀតទៅលើការសិក្សាស្រាវជ្រាវ និងធនធានឯទៀតដើម្បីដោះស្រាយបញ្ហាភាពឯកា ដូចជាជំនាញសង្គមសម្រាប់កុមារនៅក្នុងសាលាជាដើម។
 
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧