អាចជួួយបែបណាខ្លះ​ចំពោះមនុស្សចាស់ដែលពិបាកក្នុងការទទួលទានអាហារ?

()
159
ដោយ : Editor

    វ័យកាន់តែចាស់អ្នកអាចសង្កេតឃើញថាឪពុកម្តាយរបស់អ្នកកាន់តែមានការផ្លាស់ប្តូរក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគាត់មិនថាចំណង់ចំណូលចិត្ត និងរបៀបបរិភោគ។ ក្នុងចំណោមការផ្លាស់ប្តូរទាំងនោះការថយចុះនូវការទទួលទានអាហារ គឺជាបញ្ហាដែលគួរឲ្យបារម្ភមួយ ខណៈដែលសារជាតិចិញ្ចឹមពីអាហារមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងសុខភាពរបស់មនុស្សចាស់។ ខាងក្រោម គឺជាមូលហេតុដែលជួបញឹកញាប់បំផុតក្នុងការធ្វើឲ្យមនុស្សចាស់ពិបាកក្នុងការទទួលទានអាហារ និងគន្លឹះក្នុងការដោះស្រាយ។

01. បញ្ហាសុខភាពមាត់ធ្មេញ៖ ធ្វើឲ្យពិបាកក្នុងការទំពារ និងលេបអាហារ ឬអាចសូម្បីបង្កឲ្យមានការឈឺចាប់ទៀតផង ដែលជាហេតុធ្វើឲ្យពួកគាត់បាត់បង់ចំណង់ក្នុងការបរិភោគអាហារ។
-ជម្រើសអាហារល្អ គឺអាហារទន់មានជាតិទឹកនិងកាត់ជាដុំតូចៗជាឧទាហរណ៍ជំនួសឲ្យបន្លែឆៅគួរយកវាមកចម្អិនឲ្យទន់ជំនួសសាច់បន្ទះដោយសាច់ ចិញ្ច្រាំរីឯសាច់ត្រីជាជម្រើសល្អបំផុត។ការបន្ថែមទឹកស្រូបឬទឹកជ្រលក់សម្រាប់មុខម្ហូបអាចបន្ថែមនូវជាតិទឹកបាន។ចាំបាច់ផងដែរក្នុងការទៅពិនិត្យមាត់ធ្មេញជាមួយទន្តបណ្ឌិតឲ្យបានទៀងទាត់ ដើម្បីទទួលការព្យាបាល និងថែទាំបានល្អ។

02. បញ្ហាគំហើញថយចុះ៖ មនុស្សចាស់ច្រើនជួបប្រទះនឹងបញ្ហាភ្នែកដូចជាម៉្ញូប ឬឡើងបាយភ្នែកជាដើម ដែលធ្វើឲ្យពួកគាត់មើលអាហារមិនបានច្បាស់ និងកាត់បន្ថយចំណង់អាហារតាមរយៈរូបភាព។
- ជម្រើសអាហារល្អ គឺ អាហារដែលមានពណ៌ស្រស់ (ដូចជាបន្លែគ្រប់មុខជាដើម) និងរៀបចំដាក់ចានដែលមានពណ៌ឆ្លុះជាមួយអាហារដើម្បីឲ្យពួកគាត់អាចបែងចែក និងឃើញអាហារបានល្អ។

03. ការថយចុះនៃសមត្ថភាពដឹងក្លិននិងរសជាតិ៖ក្លិននិងរសជាតិមានសារសំខាន់ក្នុងការបង្កើតនូវចំណង់អាហារដូចនេះការថយចុះនៃសមត្ថភាពនេះជាមួយនឹងវ័យជាមូលហេតុនៃការថយចុះនៃការបរិភោគ។
- ជម្រើសអាហារល្អ គឺ អាហារដែលមានបន្ថែមគ្រឿងផ្សំបង្កើនរសជាតិ និងក្លិន (គ្រឿងទេស រុក្ខជាតិ ឬបន្លែមានរសជាតិ និងក្លិនប្រហើរ) រួមជាមួយនឹងការប្រើវិធីសាស្ត្រផ្សេងៗដែលអាចបង្កើនក្លិន និងរសជាតិ។ ការបន្ថែមស្ករ អំបិល ឬប័រដើម្បីបង្កើនរសជាតិមិនមែនជាដំណោះស្រាយ
ល្អឡើយ។

04. ផលរំខាននៃថ្នាំមួយចំនួន៖ ផលរំខាននៃថ្នាំមួយចំនួនអាចទាក់ទងនឹងចំណង់នៃការបរិភោគតាមរយៈការធ្វើឲ្យមានអាការៈទល់លាមក រាកក្អួតចង្អោរ ស្ងួតមាត់ ឬធ្វើឲ្យមានរសជាតិមិនល្អនៅក្នុងមាត់។
- ជម្រើសល្អ គឺ ទៅជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញសុខភាពទាក់ទងនឹងការប្រើប្រាស់ថ្នាំ និងដំបូន្មានផ្សេងៗដើម្បីកាត់បន្ថយផលរំខាន ក៏ដូចជាសម្រួលលើការប្រើប្រាស់ថ្នាំនិងរបបអាហារ។

05.   ការទល់លាមក៖ ការរំលាយអាហារនឹងប្រព្រឹត្តទៅយឺតជាងមុននៅពេលវ័យកាន់តែច្រើន។បញ្ហាញឹកញាប់មួយដែលបង្កដោយការទល់លាមកគឺជាអារម្មណ៍ឆ្អែត និងតឹងណែនពោះ។
- ជម្រើសល្អ គឺ ការផ្តល់នូវអាហារសម្បូរដោយកាកសរសៃ និងសារធាតុរាវឲ្យបានច្រើន។ គួរលើកទឹកចិត្តឲ្យពួកគាត់ធ្វើសកម្មភាពឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ព្យាយាមកាត់បន្ថយការប្រើថ្នាំបញ្ចុះ និងគួរទៅជួបជាមួយនឹងអ្នកជំនាញបើបញ្ហានេះនៅបន្តយូរ ឬកើតមានញឹកញាប់។

06. ការតមអាហារជ្រុល៖ ដោយសារស្ថានភាពជំងឺប្រចាំកាយ និងសុខភាពល្អ ឪពុកម្តាយចាស់ៗរបស់យើងអាចនឹងព្យាយាមតមអាហាររហូតអាចធ្វើឲ្យមានកង្វះនូវសារជាតិចិញ្ចឹមទៅវិញ ដែលពេលនោះពួកគាត់នឹងបាត់បង់នូវថាមពល ក៏ដូចជាធ្វើឲ្យមេតាបូលីសក្នុងខ្លួនកាន់តែ
ថយចុះ។
- ជម្រើសល្អ គឺ ជួបពិគ្រោះជាមួយនឹងអ្នកជំនាញសុខភាពដើម្បីទទួលបានដំបូន្មានទាក់ទងនឹងរបបអាហារសមរម្យ និងប្រកបដោយសុខភាព។
 
07. បញ្ហាធ្លាក់ទឹកចិត្ត៖ ការបារម្ភនឹងជំងឺប្រចាំកាយ និងបញ្ហាផ្សេងៗ រួមជាមួយភាពឯកកានៅវ័យចំណាស់ (ការបាត់បង់សមាជិកគ្រួសារ ឬដៃគូ)ជាហេតុធ្វើឲ្យពួកគាត់លែងមានចំណូលចិត្តក្នុងការបរិភោគអាហារ។  
- ជម្រើសល្អ គឺ បង្កើនបរិយាកាសក្នុងពេលទទួលទានដោយផ្លាស់ប្តូរកន្លែង និងព្យាយាមកំដរពួកគាត់យ៉ាងហោចណាស់មួយថ្ងៃម្តងក្នុងពេលអាហារ។ អ្នកក៏អាចហៅសមាជិកគ្រួសារ បងប្អូន មិត្តភក្តិ ឬអ្នកជិតខាងឲ្យចូលរួមអាហារឲ្យបានញឹកញាប់ (អាចគ្រាន់ជាការពិសាតែ ឬអាហារសម្រន់)។ កាន់តែប្រសើរ គឺជំរុញឲ្យពួកគាត់ចូលរួមសកម្មភាពសង្គមមនុស្សចាស់ឲ្យបានច្រើនដើម្បីកាត់បន្ថយភាពធុញថប់ និង
ភាពឯកា។

អ្នកត្រូវស្វែងរកមូលហេតុដែលធ្វើឲ្យឪពុកម្តាយជាទីស្រឡាញ់ ឬមនុស្សចាស់នៅក្នុងគ្រួសាររបស់អ្នកមិនចង់បរិភោគអាហារដើម្បីចៀសវាងកង្វះសារជាតិចិញ្ចឹមសម្រាប់សុខភាព។ ករណីដែលវិធីខាងលើមិនផ្តល់លទ្ធផល អ្នកគួរនាំពួកគាត់ទៅជួបវេជ្ជបណ្ឌិតដើម្បីកំណត់មូលហេតុ និងប្រាកដថាវាមិនជាប់ពាក់ព័ន្ធនឹងជំងឺណាមួយ។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧