៣ ចំណុចម្ចាស់គ្លីនិក​គួរធ្វើ ដើម្បីប្រជាជនខ្មែរ

នាពេលបច្ចុប្បន្ន ស្របពេលដែលប្រជាជនកម្ពុជាហាក់ដូចជាបាត់បង់ទំនុកចិត្តលើវិស័យសុខាភិបាលក្នុងប្រទេស ដែលជាហេតុនាំឲ្យមានលំហូរអ្នកជំងឺទៅក្រៅប្រទេសកាន់តែច្រើនឡើងៗ ប្រទេសកម្ពុជាក៏បាន និងកំពុងពង្រឹងបន្ថែមលើគុណភាពនៃវិស័យមួយនេះទាំងផ្នែកសាធារណៈក៏ដូចជាផ្នែកឯកជនផងដែរ។ ដើម្បីជាការរួមចំណែកមួយក្នុងការផ្តល់ ក៏ដូចជាកសាងទំនុកចិត្តដល់អ្នកជំងឺឡើងវិញ គ្លីនិកឯកជនពិតជាដើរតួសំខាន់ និងផ្តើមចេញពីពួកគាត់ផ្ទាល់ក្នុងការផ្លាស់ប្តូរនូវផ្នត់គំនិតបែបនោះ។ 

 

លោកទន្តបណ្ឌិត ទិត ហុងយឺ ដែលជានាយកនៃមន្ទីរពេទ្យទន្តសាស្រ្តរំចង់ បានចូលរួមបង្ហាញពីគន្លឹះមួយចំនួនដែលមន្ទីរពេទ្យរបស់លោកខិតខំប្រឹងប្រែង ដើម្បីផ្តល់សេវាកម្មដែលអាចទុកចិត្តបានដែលមិនត្រឹមតែលទប់ស្កាត់ការស្វែងរកសេវាទន្តសាស្រ្តនៅក្រៅប្រទេសរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងទទួលបានទំនុកចិត្តពីអតិថិជនអន្តរជាតិផងដែរ។

លោកទន្តបណ្ឌិតបានបញ្ជាក់ថា អ្វីដែលជាចំណុចសំខាន់នោះគឺ «ត្រូវកែតម្រូវរាល់គ្រប់ចន្លោះខ្វះខាតនោះដោយផ្តើមចេញពីបុគ្គលដែលជាអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលផ្ទាល់»តាមរយៈ

 

ការពង្រឹងចំណេះដឹង និងជំនាញបន្ថែម ៖ ជាមួយនឹងការវិវឌ្ឍនៃប្រភេទជំងឺកាន់តែច្រើនជាមួយបច្ចេកវិទ្យាក្នុងការព្យាបាលកាន់តែទំនើប អ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលគ្រប់រូបគួរតែខិតខំសិក្សាបន្ថែមលើទាំងការកកើតឡើងនៃជំងឺថ្មីៗ ក៏ដូចជាការបច្ចេកទេសព្យាបាលតាមជំនាញផ្សេងៗគ្នា។

 

ការពង្រឹងស្តង់ដាបច្ចេកទេសនៃការព្យាបាល ៖ អ្នកជំងឺតែងតែចង់បានការព្យាបាលមួយដែលមានភាពច្បាស់លាស់ និងស្របតាមស្តង់ដាមួយ ហើយវាជាផ្នែកមួយដែលធ្វើឲ្យជំងឺមានភាពប្រសើរឡើង និងមានទំនុកចិត្តមួយកម្រិតផងដែរ។ បន្ថែមពីលើនេះ ការរក្សាអនាម័យ ជាពិសេសលើឧបករណ៍ព្យាបាល ដែលងាយប្រឈមមុខនូវហានិភ័យខ្ពស់  និងគួររៀបចំកន្លែងឲ្យមានបរិយាកាសល្អជាផ្នែកទាក់ទាញអារម្មណ៍អ្នកជំងឺឲ្យមានភាពស្រស់ស្រាយ និងឆាប់ជាសះស្បើយផងដែរ។

 

ការពង្រឹងលើសេវាកម្ម និងទំនាក់ទំនងល្អជាមួយអ្នកជំងឺ ៖ ក្រៅពីបច្ចេកទេសក្នុងការព្យាបាល ការយកចិត្តទៅលើការផ្តល់សេវាកម្មដែលបុគ្គលិកមានភាពរួសរាយ និងការផ្តល់ភាពកក់ក្តៅដល់អ្នកជំងឺ គឺធ្វើយ៉ាងណាឲ្យពួកគាត់មានភាពពេញចិត្តប្រៀបដូចជាគ្រូសារតែមួយ។  

 

លោកទន្តបណ្ឌិតក៏បានបន្ថែមផងដែរថា «ការផ្តល់គុណភាព បច្ចេកទេស និងស្តង់ដានៃការព្យាបាល ជាផ្នែកមួយដែលចូលរួមក្នុងការចែករំលែកទុក្ខលំបាករបស់ប្រជាជន កាត់បន្ថយការទទួលសេវានៅក្រៅប្រទេស ដោយបន្ថយការចំណាយ បង្កើនសេដ្ឋកិច្ចគ្រួសារក៏ដូចជាសង្គមជាតិដែរ»។  លោកទន្តបណ្ឌិតក៏បានផ្តល់នូវអនុសាសន៍ដ៏មានអត្ថន័យខ្លឹមសារថា «ភាពជោគជ័យ គឺកើតចេញពីបុគ្គលម្នាក់ៗ ជាក់ស្តែង ក្នុងវិស័យសុខាភិបាលរបស់យើង ដរាបណាបុគ្គលជាអ្នកប្រកបវិជ្ជាជីវៈម្នាក់ៗមានសក្តានុពល ហើយធ្វើការងាររួមគ្នាជាធ្លុងមួយ នោះវិស័យមួយនេះនឹងមានភាពរឹងមាំ និងរីកចម្រើនដូចប្រទេសដទៃទៀតដែរ»។ 

 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់