បើចង់រៀនពេទ្យ…ដឹងឬនៅថាអាចរៀនបាននៅទីណាខ្លះ?
ជាការរួមចំណែកមួយក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល តាមរយៈការផ្តល់ជាមគ្គទេសក៍ដល់អ្នកដែលមានបំណងចូលសិក្សាផ្នែកសុខាភិបាលនោះ យើងខ្ញុំសូមនាំមកជូននូវព័ត៌មានខ្លឹមៗពីមុខវិជ្ជា និងស្ថាប័នសិក្សាដែលអាចជ្រើសរើសបានដូចខាងក្រោម ៖  
 
នៅតាមសាកលវិទ្យាល័យនីមួយៗទាំងស្ថាប័នរដ្ឋ និងឯកជន ក៏អាចមាននូវមហាវិទ្យាល័យជាច្រើនក្នុងនោះមានដូចជា៖
-មហាវិទ្យាល័យវេជ្ជសាស្ត្រ (ការសិក្សាជាទូទៅ៦ឆ្នាំ) ឯកទេស ឬវេជ្ជសាស្រ្តទូទៅ (ការសិក្សា៨ឆ្នាំ)
-មហាវិទ្យាល័យឱសថសាស្ត្រ (ការសិក្សាជាទូទៅ៥ឆ្នាំ)
-មហាវិទ្យាល័យទន្តវទនសាស្រ្ត (ការសិក្សាជាទូទៅ៧ឆ្នាំ) ឬទន្តគិលានុដ្ឋាក (ការសិក្សា៤ឆ្នាំ)
-បរិញ្ញាប័ត្រគិលានុបដ្ឋាក ឬឆ្មប (ការសិក្សាជាទូទៅ៤ឆ្នាំ)
-បរិញ្ញាប័ត្ររងគិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍ ការព្យាបាលដោយចលនា  បច្ចេកទេសវិទ្យុសាស្ត្រ (ការសិក្សាជាទូទៅ៣ឆ្នាំ)
 
បន្ថែមពីលើនេះ យើងខ្ញុំក៏សូមបង្ហាញអំពីទីតាំងនៃសាកលវិទ្យាល័យនានានៃវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមានទាំងនៅរាជធានីភ្នំពេញ និង តាមបណ្តាខេត្តមួយចំនួនដែរ៖
១.សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ មានទីតាំងនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅសាកលវិទ្យាល័យនេះមានមហាវិទ្យាល័យ៖ វេជ្ជសាស្រ្តទូទៅ ឯកទេស ឱសថសាស្ត្រ ទន្តវទនសាស្រ្ត ...
ព័ត័មានបន្ថែម៖ www.uhs.edu.kh
 
២.សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ
សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត គឺជាផ្នែកមួយនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានទីតាំងនៅបណ្តោយផ្លូវ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន  រាជធានីភ្នំពេញ។ ប៉ុន្តែនៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រនេះមានត្រឹមថ្នាក់បរិញ្ញាប័ត្រ និងបរិញ្ញាប័ត្ររងតែប៉ុណ្ណោះ។ 
ព័ត៌មានបន្ថែម៖ www.uhs.edu.kh
 
៣.វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម
ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ដែលមានទីតាំងនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានមហាវិទ្យាល័យវេជ្ជសាស្ត្រ ឱសថសាស្ត្រ ទន្តវទនសាស្ត្រ និងមានសាលាថែទាំវេជ្ជសាស្ត្រ គិលានុបដ្ឋាក គិលានុបដ្ឋាក-ឆ្មប ឆ្មប បច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្រ្ត។
ព័ត៌មានបន្ថែម៖ www.insti-sante.edu.kh
 
៤.សាកលវិទ្យាល័យន័រតុន
ជាគ្រឹះស្ថានឧត្តមសិក្សាឯកជនដែលមានទីតាំងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ។ មានមហាវិទ្យាល័យ ៖ វេជ្ជសាស្ត្រ ឱសថសាស្ត្រ ទន្តវទនសាស្ត្រ គិលាបនុដ្ឋាកឧត្តម និងអ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ។
ព័ត៌មានបន្ថែម៖ www.norton-u.com
 
៥.សាកលវិទ្យាល័យចេនឡា
ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលមានទីតាំងស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ធទួលគោក រាជធានីភ្នំពេញ។ មានមហាវិទ្យាល័យថែទាំវេជ្ជសាស្ត្រ គិលាបនុដ្ឋាក ឆ្មប បច្ចេកទេសមន្ទីរពិសោធន៍។
ព័ត៌មានបន្ថែម៖ http://clu.edu.kh/
 
៦.សាកលវិទ្យាល័យអន្តរជាតិ
ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលមានទីតាំងនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មានមហាវិទ្យាល័យ រោគកុមារ វេជ្ជសាស្ត្រទូទៅ ឱសថសាស្រ្ត ទន្តវទនសាស្ត្រ និងមហាវិទ្យាល័យថែទាំវេជ្ជសាស្ត្រ គិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍វេជ្ជសាស្ត្រ។
ព័ត៌មានបន្ថែម៖ www.iu.edu.kh
 
៧.សាកលវិទ្យាល័យពុទ្ធិសាស្ត្រ
ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលមានទីតាំងនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មានមហាវិទ្យាល័យ វេជ្ជសាស្ត្រ ឱសថសាស្ត្រ ទន្តវទនសាស្ត្រ និងមហាវិទ្យាល័យថែទាំវេជ្ជសាស្ត្រ គិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍។
ព័ត៌មានបន្ថែម៖ www.puthisastra.edu.kh
 
៨.សាកលវិទ្យាល័យឡាយហ្វ Life
ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលមានទីតាំងនៅសង្កាត់០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មានមហាវិទ្យាល័យថែទាំវេជ្ជសាស្ត្រ គិលាបនុដ្ឋាក ឆ្មប។ 
ព័ត៌មានបន្ថែម៖ www.lifeun.edu.kh
 
៩.វិទ្យាស្ថានវិទ្យាល័យអាស៊ី
ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលមានទីតាំងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ មានមហាវិទ្យាល័យថែទាំវេជ្ជសាស្ត្រ គិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍។ 
ព័ត៌មានបន្ថែម៖ www.ais-edu.com
 
១០.វិទ្យាស្ថានបូលីណូ
ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ដែលមានទីតាំងនៅ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ មានមហាវិទ្យាល័យវេជ្ជសាស្ត្រទូទៅ ឱសថសាស្ត្រ ទន្តវទនសាស្ត្រ ទន្តគិលាបនុដ្ឋាក គិលានុបដ្ឋាក ឆ្មប។
ព័ត៌មានបន្ថែម៖ bolyno.com.kh/institute
 
លោកអ្នកក៏អាចផ្តល់ជូននូវព័ត៌មានបន្ថែម ប្រសិនបើយើងខ្ញុំមានចន្លោះខ្វះខាតត្រង់ចំណុចណា…
 
Photo Credit : Theap Socheat
 
©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 

មតិយោបល់

profile.png
Kyranai Yuk 10 ខែ មុន

This is so helpful...