ក្រសួងសុខាភិបាលមិនទទួលស្គាល់និស្សិតផ្នែកសុខាភិបាលពីសាកលវិទ្យាល័យត្រាវិញ

(6)
21701
ដោយ : Clinic Community

យោងតាមលិខិតពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល គោរពជូន ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ អំពីសំណើសុំបញ្ឈប់ការផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ៤៤ អយក.សដណ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជន និងកីឡា អំពីការការជ្រើសរើសនិស្សិតកម្ពុជាទៅសិក្សាជាលក្ខណៈបង់ថ្លៃសិក្សានៅសាកលវិទ្យាល័យត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមលើជំនាញសុខាភិបាល ក្នុងនោះមានថ្នាក់បរិញ្ញបត្រឱសថដែលក្រសួងសុខាភិបាលបានបញ្ឈប់ការបណ្តុះបណ្តាលជំនាញនេះតាំងពីឆ្នាំ១៩៩៤មកម្ល៉េះ ដោយសារមិនមានតម្រូវការធនធានមនុស្សវិស័យសុខាភិបាលលើកម្រិតជំនាញនេះទៀត។
 
គួរបញ្ជាក់ផងដែរថា ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជានៅខេត្តស្វាយរៀង និងខេត្តកំពង់ចាមទៅបណ្តុះបណ្តាលថ្នាក់គិលានុបដ្ឋាកមធ្យមនៅសាកលវិទ្យាល័យមួយក្នុងខេត្តឡុងអានប្រទេសវៀតណាម ដែលមានរយៈពេលសិក្សាតែ២ឆ្នាំនេះ ក៏ត្រូវបានបដិសេធមិនទទួលស្គាល់ពីក្រសួងសុខាភិបាលដែរ។
 
ទន្ទឹមនឹងគ្នានេះផងដែរ ក្រសួងសុខាភិបាលក៏បានពិនិត្យពីការជ្រើសរើសចូលរៀនថ្នាក់ពហុវេជ្ជសាស្រ្ត(វេជ្ជបណ្ឌិត)មានរយៈពេលតែ៥ឆ្នាំសម្រាប់កម្រិតបរិញ្ញាបត្រ ទាំងដែលការពិតការបណ្តុះបណ្តាលថ្នាក់វេជ្ជបណ្ឌិតនៅប្រទេសវៀតនាមានរយៈពេល០៦ឆ្នាំ បូក និងការអនុវត្តជំនាញក្រោមការអភិបាលនៅតាមមន្ទីរពេទ្យបណ្តុះបណ្តាលយ៉ាងតិច១៨ខែបន្ថែមទៀត(សម្រាប់និស្សិតជាជនជាតិវៀតណាម) ទើបអាចប្រកបវិជ្ជាជីវៈបាន។ 
 
មិនត្រឹមតែប៉ុណ្ណោះ ការផ្សព្វផ្សាយនេះមានលក្ខណៈទូទៅចំពោះនិស្សិតគ្រប់រូបដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អាចមានសិទ្ធិបង់ថ្លៃចូលរៀនទាំងអស់ ដែលនឹងបង្កជាផលវិបាកធ្ងន់ធ្ងរក្រោយការបញ្ចប់ការសិក្សារបស់ពួកគេ ហើយត្រឡប់មកបម្រើការងារក្នុងប្រទេសវិញ។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល គឺត្រូវឆ្លើយតបនឹងផែនការតម្រូវការធនធានមនុស្សវិស័យសុខាភិបាល និងដើម្បីធានាគុណភាពនៃការបណ្តុះបណ្តាលការចូលរៀន និងការប្រលងបញ្ចប់ការសិក្សានៅគ្រប់កម្រិត និងគ្រប់ជំនាញក្នុងវិស័យសុខាភិបាល ត្រូវប្រលងថ្នាក់ជាតិជាប់ និងគោរពតាមលក្ខខណ្ឌតម្រូវក្នុងការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល។
 
ក្រសួងសុខាភិបាលនឹងមិនទទួលស្គាល់និស្សិតដែលបញ្ចប់ការសិក្សាវិស័យសុខាភិបាលមកពីសាកលវិទ្យាល័យនេះទេ អាស្រ័យហេតុនេះ សូមឯកឧត្តមបណ្ឌិតសភាចារ្យ ជ្រាប និងពិនិត្យលើលទ្ធភាពបញ្ឈប់ការផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះ និងរាំងស្កាត់ការទៅសិក្សាវិស័យសុខាភិបាលនៅសាកលវិទ្យាល័យត្រាវិញនៃប្រទេសវៀតណាមដោយអនុគ្រោះ។
 
Photo Credit : Hout Yuvoleap 
 
©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧