[លែងឆ្ងល់]ហេតុអ្វីបានកើតពពែឆ្កែ បើមិនមែនដោយសារមើលឆ្កែរួមសង្វាស?

សារភាពតាមត្រង់មក ថាធ្លាប់ជឿរឿងមួយនេះ រឿងដែលថា«បើហ៊ានតែមើលឆ្កែរួមសង្វាស(ពាក់គ្នា) ដឹងតែកើតពពែឆ្កែហ្មង»…
ជាពិសេសនៅពីក្មេងតែម្តង ឲ្យតែក្រលេកឃើញហើយដឹងតែខំងាកមុខចេញ ឬក៏បិទភ្នែកឲ្យជិតជាមិនខាន…និយាយទៅ កើតមក លឺគេនិយាយតគ្នារហូតមករួចទៅហើយ ហើយបើមិនជឿក៏មិនកើត ព្រោះមិនមែនមានតែម្នាក់ដែលនិយាយប្រាប់នោះទេ…កុំបារម្ភអី…មានមនុស្សមិនតិចទេ ដែលបានជឿលើរឿងនេះ (You are not alone)

បន្ទោសក៏មិនកើត បើទម្លាប់យើងចូលចិត្តជឿតាមគ្នា ហើយទម្រាំដល់វ័យជឿជាក់លើវិទ្យាសាស្រ្តក៏ស្ទើរតែជ្រុលទៅហើយ…ប៉ុន្តែ…ដឹងយឺត ក៏នៅប្រសើរមិនបានដឹងផងដែរ…

និយាយដល់ត្រឹមនេះ តិចលោ មានអ្នកខ្លះ ធ្លាប់លួចមើលសកម្មភាពនោះហើយកើតពពែឆ្កែទៅ…ដើម្បីកុំឲ្យឆ្ងល់យូរ តោះ! តាមដានការបកស្រាយពីវេជ្ជបណ្ឌិតជំនាញវិញ…

តាមប្រសាសន៍របស់លោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា «ពពែឆ្កែ(អាប់សែនៅលើត្របកភ្នែក) កើតឡើងដោយសារតែនៅជុំវិញត្របកភ្នែកមានក្រពេញមានក្រពេញខ្លាញ់ដែលហៅថា Meibomian glands ស្ទះ ហើយមានមេរោគនៅជុំវិញនោះដូចជា Staphylocoque ឬ Streptocoque បង្ករោគនៅនឹងក្រពេញខ្លាញ់នេះ ដោយកជាខ្ទុះ។ ដើម្បីការពារកុំឲ្យមានពពែឆ្កែ ត្រូវលាងភ្នែកជាមួយទឹកស្អាតបន្ទាប់ពីយើងចេញទៅក្រៅ ហើយត្រូវចៀសវាងការញីភ្នែកព្រោះវាជាកត្តាដែលធ្វើឲ្យស្ទះក្រពេញ និងឲ្យមេរោគងាយចូលក្នុងភ្នែក។ តែបើករណីលេចចេញពពែឆ្កែហើយ ត្រូវទៅពិនិត្យជាមួយគ្រូពេទ្យភ្នែក ប្រសិនបើឡើងប៉ោងតិចៗ គេអាចស្អំទឹកក្តៅឧណ្ហៗ ដើម្បីឲ្យខ្លាញ់រលាយនិងបាត់ប៉ោងវិញ ហើយប្រើថ្នាំអង់ទីប៊ីយ៉ូទិចលេប។ តែបើករណីមានខ្ទុះហើយ វិធីតែម្យ៉ាង គឺត្រូវចោះបង្ហូរយកខ្ទុះចេញ តែក៏មានភ្នែកខ្លះធ្លាយខ្ទុះចេញខ្លួនឯង និងត្រូវប្រើថ្នាំអង់ទីប៊ីយ៉ូទិចលេបជាមួយ»។

អានចប់ហើយ…គួរតែឈប់យល់ច្រឡំទៀតទៅណា៎…

©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់