[មែនក៏អី?] អ្នកស្រ្តេស និងសោកសៅខ្លាំងអាចប្រឈមនឹងជំងឺបេះដូងធ្ងន់ធ្ងរ?

()
388
ដោយ : Editor

 

ការស្រាវជ្រាវដែលកំពុងរីកចម្រើនមួយបានបង្ហាញថា«ការស្លាប់ ឬការបាត់បង់មនុស្សជិតស្និទ្ធនឹងអ្នក គឺមិនគ្រាន់តែមានអារម្មណ៍ថាឈឺចាប់ខូចចិត្តប៉ុណ្ណោះទេ តែវាអាចបណ្តាលឲ្យមានការផ្លាស់ប្តូរផ្នែករាងកាយដែលអាចនាំឲ្យមានជំងឺបេះដូងធ្ងន់ធ្ងរ»។ ការស្រាវជ្រាវថ្មីមួយនេះបានរកឃើញថាអ្នកដែលមានដៃគូរបស់ពួកគេស្លាប់ គឺមានហានិភ័យខ្ពស់នៃការមានចង្វាក់បេះដូងលោតមិនទៀងទាត់ (Atrial Fibrillation) ហើយផលប៉ះពាល់របស់វាគឺយូរអង្វែង។

ក្រុមអ្នកស្រាវជ្រាវបានកំពុងតែសិក្សាពីបាតុភូតមួយដែលគេហៅថា Stress CardiomyopathyBroken Heart Syndrome គឺមានន័យថានៅពេលដែលមនុស្សម្នាក់ស្ថិតនៅក្នុងព្រឹត្តិការណ៍ដ៏ស្ត្រេស និងសោកសៅមួយដូចជាការស្លាប់នៃមនុស្សជាទីស្រឡាញ់របស់គេជាដើម អាចធ្វើឲ្យគេបានអារម្មណ៍ឈឺចាប់ដូចគាំងបេះដូងអីចឹង។ រោគសញ្ញាដទៃទៀតមានដូចជាអាការៈពិបាកដកដង្ហើម ឈឺទ្រូង ប៉ុន្តែមិនមានការស្ទះនូវសរសៃអាកទែរនោះទេ។ ក្រុមអ្នកជំនាញបានសង្ស័យថាវាអាចកើតឡើងដោយសារតែការកើនឡើងនៃអ័រម៉ូនស្ត្រេសដែលត្រូវបានបង្កឡើងដោយព្រឹត្តិការណ៍មួយដែលប៉ះពាល់ដល់អារម្មណ៍របស់អ្នក។ នៅក្នុងការសិក្សាថ្មីមួយដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Open Heart ក្រុមអ្នកស្រាវជ្រាវបានសង្កេតមើលថាតើការបាត់បង់ដៃគូអាចរួមចំណែកក្នុងការបង្កើននូវហានិភ័យខ្ពស់នៃជំងឺ Atrial Fibrillation ដែរឬទេ ហើយបើសិនជាវាដូច្នេះមែន តើហានិភ័យនោមានកម្រិតប៉ុនណា។ 

ក្រុមអ្នកស្រាវជ្រាវបានសិក្សាទៅលើបញ្ជីចុះឈ្មោះអ្នកជំងឺនៅក្នុងប្រទេសដាណឺម៉ាកដែលមានមនុស្ស 88,600 នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យថាមាន Atrial Fibrillation។ ពួកគេក៏បានរកឃើញដែរថា «អ្នកដែលបានបាត់បង់ដៃគូមានទំនោរនឹងមាន Atrial Fibrillation ប្រមាណជា 41% នៅក្នុងខែទីមួយបន្ទាប់ពីការបាត់បង់នៃដៃគូរបស់ពូកគេ នេះបើប្រៀបធៀបជាមួយអ្នកដែលមិនបានជួបព្រឹត្តិការណ៍បែបនេះ»។ ហានិភ័យកាន់តែខ្ពស់មួយសម្រាប់លក្ខខ័ណ្ឌបែបនេះបានបន្តរហូតដល់រយៈពេលពេញមួយឆ្នាំ។ ពួកគេថែមទាំងបានរកឃើញថាហានិភ័យនេះ គឺមានខ្ពស់ចំពោះមនុស្សដែលមានវ័យក្មេង និងចំពោះអ្នកដែលបានបាត់បង់ដៃគូរបស់ពួកគេភ្លាមៗឬដោយមិនបានដឹងមុន។ លោក Simon Graff ដែលជាអ្នកស្រាវជា្រវនៅក្នុងនាយកដ្ឋានសុខភាពសាធារណៈនៅសាកលវិទ្យាល័យ Aarhus បាននិយាយថា «ការសិក្សារបស់លោកនេះបានបន្ថែមភស្តុតាងទៅនឹងការរីកចម្រើនចំណេះដឹងនៃទំនាក់ទំនងចិត្ត និងបេះដូងថា គឺជាទំនាក់ទំនងដ៏មានឥទ្ធិពលមួយ ហើយការសិក្សាស្រាវជ្រាវបន្ថែម គឺត្រូវបានធានា»។ លោកបានបន្តទៀតថា «Broken Heart Syndrome គឺជាជំងឺមួយផ្សេងទៀតដែលមានលក្ខណៈខុសពីជំងឺដទៃ ប៉ុន្តែយន្តការនៃការវិវត្តនៃជំងឺអាចមានលក្ខណៈដូចគ្នា។ ដូចជាការកើនឡើងនៃអ័រម៉ូនដែលធ្វើឲ្យមានការរលាក និងអតុល្យភាពនៅផ្នែកដែលមិនអាចគ្រប់គ្រងបាននៃប្រព័ន្ធប្រសាទរបស់យើង។»

វេជ្ជបណ្ឌិត Harmony Reynolds គឺជាគ្រូពេទ្យឯកទេសបេះដូងនៅ NYU Langone Medical Center ក៏បានសិក្សាអំពីទំនាក់ទំនងរវាងស្ត្រេស និងបេះដូងដែរនោះ បានមានប្រសាសន៍ថាទំនាក់ទំនងនេះ គឺត្រូវបានទទួលស្គាល់នៅក្នុងសមាគមន៍វេជ្ជសាស្ត្រ ប៉ុន្តែអ្វីដែលអាចធ្វើបាននោះគឺវាស្ថិតនៅក្រោមការសិក្សានៅឡើយ។ លោកស្រីបាននិយាយថា «យើងមិនអាចបញ្ឈប់នូវស្ថានភាពស្ត្រេសមិនឲ្យកើតមានឡើងក្នុងជីវិតយើងបានឡើយ ប៉ុន្តែវាមាននូវវិធីសាស្ត្រជាច្រើន ដើម្បីផ្លាស់ប្តូរការស្ត្រេសមិនឲ្យមានការប៉ះពាល់ដល់រាងកាយរបស់យើង។» លោកស្រីបានបន្តថា «មានសកម្មភាពជាច្រើនដែលអាចបង្កើនសកម្មភាពរបស់ប្រព័ន្ធប្រសាទដូចជា ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ការសមាធិ យោគៈ (Yoga) និងការហាត់ដកដង្ហើមជាដើម។»

ពេលខ្លះ ស្ថានភាពមិនត្រូវបានរំខានដោយទុក្ខព្រួយនោះទេ ប៉ុន្តែវាអាចជាស្ថានភាពស្ត្រេសដទៃទៀតដូចជាការរំភើបដោយសារការត្រូវឆ្នោតដ៏ធំមួយជាដើម។

ការសិក្សាថ្មីនេះថ្វីត្បិតតែមានទំហំធំ ប៉ុន្តែវាមិនអាចសន្មតបានថាអារម្មណ៍បាត់បង់នរណាម្នាក់ពិតជាអាចបណ្ដាលឲ្យមានជំងឺ Atrial Fibrillation ដោយផ្ទាល់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនជាលើកទីមួយទេដែលមានការលើកឡើងថាកត្តាជីវិតមួយចំនួនដែលធ្វើឲ្យយើងស្ត្រេសអាចធ្វើឲ្យយើងមានបញ្ហាបេះដូង។ លោក Graff បាននិយាយថា «ឥលូវនេះការងាររបស់ពួកយើង គឺអាចត្រឹមតែបង្ហាញថាវាពិតជាមានទំនាក់ទំនងគ្នា ប៉ុន្តែយើងសង្ឃឹមថាការសិក្សានេះអាចផ្លាស់ប្តូរផ្នត់គំនិតថាការស្ថិតនៅក្នុងស្ថានភាពទុក្ខព្រួយគឺមិនមែនប៉ះពាល់ត្រឹមតែផ្លូវចិត្តនោះទេ តែវាប្រហែលជាអាចប៉ះពាល់ដល់រាងកាយរបស់យើងផងដែរ។»

©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 1 មតិយោបល់
Eric Pav
help teply my question តើត្រូវធ្វើយ៉ាងដើម្បីបាត់បង់ភាពstress ខ្លាំងពីក្នុងខ្លួន
Clinic Community
បងអាចសិក្សាអំពីវិធីសាស្រ្តខ្លះៗដែលមានបង្ហាញជូននៅក្នុងអត្ថបទទាំង២នេះ ដែលអាចចូលទៅបានតាមរយៈ http://healthtime.tips/c/530 និង http://healthtime.tips/c/931។ សូមអរគុណ...

reply

ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧