និស្សិតឱសថសាស្រ្តbelike គ្រាន់តែCetirizine, Amoxicillin...ពាក្យបច្ចេកទេស និង ឈ្មោះសារធាតុគីមីច្រើនបន្តិចហ្នឹង...

(9)
5478
ដោយ : Clinic Community

នាងខ្ញុំឈ្មោះ លីម ចាន់បូរ៉ាម៉ី ជាឱសថការីឧត្តមដែលទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអន្តរជាតិ (IU) ក្នុងខែមេសា ឆ្នាំ២០១៧ថ្មីៗនេះ។ 

កត្តាជំរុញឲ្យជ្រើសរើសយកមុខវិជ្ជានេះ
កត្តាចម្បង គឺផ្ទាល់ខ្លួនតែម្តង ដោយហេតុថាកាលពីនៅក្មេង ខ្ញុំគិតថា«ពេទ្យជាវិជ្ជាជីវៈមួយដែលអាចសង្គ្រោះជីវិត ក៏ដូចជាជួយអ្នកដទៃដែលកំពុងត្រូវការការព្យាបាល» ហើយវាក៏ក្លាយជាគោលបំណងមួយក្នុងជីវិត។ ដោយសង្កេតឃើញថា នាងខ្ញុំចូលចិត្តមុខវិជ្ជា ជីវវិទ្យា គីមីវិទ្យា និង គណិតវិទ្យាជាងមុខវិជ្ជាដទៃៗទៀត ខ្ញុំក៏សម្រេចចិត្តដាក់ពាក្យស្នើសុំអាហារូបករណ៍សម្រាប់បរិញ្ញាបត្រឱសថសាស្រ្ត ហើយក៏បានទទួលជោគជ័យ។
 
កម្លាំងជំរុញទឹកចិត្តក្នុងការសិក្សា
មុននឹងសម្រេចចិត្តចូលរៀន  ខ្ញុំបានសាកសួរយោបល់ពីបុគ្គលជាច្រើន ដូចជាសិស្សច្បង លោកគ្រូអ្នកគ្រូដែលដឹងពីសមត្ថភាពសិក្សា និងជាពិសេសការពិភាក្សាក្នុងក្រុមគ្រួសារ។ រហូតមកដល់បច្ចុប្បន្ននេះ ខ្ញុំអរគុណចំពោះការគាំទ្រពីគ្រួសារណាស់ ដែលតែងតែផ្តល់ជាកម្លាំងចិត្តក្នុងពេលរៀនសូត្រ ឬ ជួបឧបសគ្គអំឡុងពេលសិក្សាច្រើនឆ្នាំនេះ។

អំឡុងពេលរៀន
នាងខ្ញុំបានយល់ពីមូលហេតុដែលគេតែងតែថា«រៀនពេទ្យពិបាក»នោះ គឺត្រូវចងចាំមេរៀនជាច្រើន រួមទាំងពាក្យបច្ចេកទេស និង ឈ្មោះសារធាតុគីមី ដែលយើងកំរជួបប្រទះក្នុងការរស់នៅប្រចាំថ្ងៃ។ 

មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងត្រូវស្រាវជ្រាវក្រៅម៉ោងសិក្សា ដើម្បីបន្ថែមចំណេះដឹងផ្ទាល់ខ្លួន ព្រោះបច្ចេកវិទ្យាតែងតែរីកចម្រើន ដូច្នេះ យើងត្រូវតាមដានព័ត៌មានថ្មីៗដែលទាក់ទងនឹងវិជ្ជាជីវៈយើង។ ប៉ុន្តែ ការខិតខំទាំងអស់នេះ សុទ្ធតែជាគ្រឹះសម្រាប់ភាពជោគជ័យទៅអនាគត ដូច្នេះខ្ញុំគិតថាបទពិសោធន៍ទាំងនេះពិតជាមានគុណតម្លៃណាស់។

ទោះជាការសិក្សាមានការលំបាក ដែលជាហេតុធ្វើឲ្យមាននិស្សិតជាច្រើនចង់បោះបង់ចោលម្តងម្កាល ប៉ុន្តែ ខ្ញុំមិនដែលគិតថារើសមុខវិជ្ជាខុសទេ ព្រោះខ្ញុំចូលចិត្តវាតាំងពីវ័យក្មេង ហើយក៏មានឆន្ទៈមុតមាំចង់ក្លាយជាឱសថការីដ៏ពូកែផងដែរ។

ភាពលំបាកក្នុងការសិក្សា
ដោយសារតែខ្ញុំរៀនសាកលវិទ្យាល័យ ២ ក្នុងពេលតែមួយ ហើយត្រូវស្តារនៅឱសថស្ថាន និងកន្លែងនានា ធ្វើឲ្យកាលវិភាគសិក្សាពេលខ្លះជាន់គ្នា ជាពិសេសពេលប្រលង ជួនកាលក៏ត្រូវប្រលងក្នុងអំឡុងពេលតែមួយទៀត ។ ខ្ញុំបានដោះស្រាយបញ្ហាដោយរៀបចំនូវផែនការរៀនប្រចាំថ្ងៃ  ដើម្បីបែងចែកម៉ោងសិក្សាសម្រាប់មុខវិជ្ជានីមួយៗ ហើយបង្កើនប្រសិទ្ធភាពក្នុងការរៀនសូត្រ ដែលបានធ្វើឲ្យខ្ញុំអាចផ្តោតទៅលើមុខវិជ្ជាមួយៗ ដូចនេះ ការរៀនសូត្រក៏មានគុណភាពដែរ។

រៀនពេទ្យពិតជាមិនស្រួល តែក៏អាចទៅរួច
នាងខ្ញុំយល់ស្របនឹងពាក្យថា «រៀនពេទ្យមិនស្រួលនោះទេ» ដូចដែលបានរៀបរាប់ខាងលើមកស្រេច។ ប៉ុន្តែ ពេលដែលមានគោលដៅច្បាស់លាស់ គឺត្រូវតស៊ូរហូតដល់បញ្ចប់ ដូចពាក្យដែលគេនិយាយថា«ព្យាយាមគង់បានសម្រេច»។ 

យុទ្ធសាស្រ្តក្នុងការសិក្សា
-យកចិត្តទុកដាក់ពេលរៀនក្នុងថ្នាក់ 
-យកព័ត៌មានដែលទទួលបានមកបង្រួមជាគន្លឹះខ្លីៗងាយស្រួលក្នុងការចងចាំ
-រៀនជាក្រុម ព្រោះយើងអាចដឹងថាខ្លួនឯងនៅខ្វះខាតអ្វី ត្រូវបន្ថែមអ្វី គួបផ្សំនឹងការចែករំលែកទៅវិញទៅមក គឺអាចឆ្ពោះទៅមុខទាំងអស់គ្នា។

Dos & Don’ts សម្រាប់និស្សិតពេទ្យ
Dos ៖ 

-ខិតខំសិក្សា ហ្វឹកហ្វាត់ខ្លួនឯងឲ្យទៅជាពេទ្យស្ទាត់ជំនាញ និងមានវិជ្ជាជីវៈច្បាស់លាស់ 
-ស្រាវជ្រាវឯកសារផ្សេងៗទាក់ទងទៅនឹងមុខវិជ្ជានីមួយៗ ដើម្បីដឹងពីការរកឃើញថ្មីៗទាន់ហេតុការណ៍
-ប្រកាន់ខ្ជាប់អាកប្បកិរិយាល្អ ស្មោះត្រង់ចំពោះអ្នកជំងឺ 
-មានសុជីវធម៌ក្នុងការនិយាយស្តី  និងបំពេញការងារ។
Don’ts ៖
-កុំមើលងាយអ្វីដែលកំពុងរៀនដោយគិតថា ថ្ងៃក្រោយមិនអាចយកទៅអនុវត្ត ព្រោះការពិត ការសិក្សាថ្ងៃនេះអាចប្រើបាននៅកាលៈទេសៈណាមួយ
-មិនត្រូវមានអាកប្បកិរិយាប្រមាថបៀតបៀនអ្នកដទៃ  ជាពិសេសអ្នកជំងឺ។

ការរួមចំណែកនៃនិស្សិតពេទ្យក្នុងវិស័យសុខាភិបាល
«សុខភាពជាដើមទុនរបស់មនុស្ស»
ដូចនេះហើយ ធនធានមនុស្សក្នុងវិស័យសុខាភិបាលពិតជាមានតួនាទីសំខាន់។ ជាក់ស្តែង ដើម្បីក្លាយជាពេទ្យមានវិជ្ជាជីវៈ និងប្រកបដោយសីលធម៌មួយរូប គឺត្រូវឆ្លងកាត់រយៈពេលសិក្សាយូរ និង ជួបការលំបាកជាច្រើន។

សារជូនដល់សិស្សប្អូន
សូមកុំធ្វើការសម្រេចចិត្តចូលរៀនវិស័យសុខាភិបាលដោយសារកត្តាសង្គម ដូចជាផ្នត់គំនិតដែលគិតថា«ពេទ្យរកប្រាក់ចំណូលបានច្រើន»។ សូមសងេ្កតមើលកត្តាផ្ទាល់ខ្លួនថា អាចចូលចិត្តមុខវិជ្ជាពេទ្យនេះទេ? ការសិក្សាអាចទទួលយកបានទេ? មានគោលដៅច្បាស់លាស់ទេ? 

ចំពោះកត្តាគ្រួសារ គឺត្រូវពិភាក្សាឲ្យបានច្បាស់លាស់ និងសាកសួរយោបល់ពីក្រុមគ្រួសារ ព្រោះពួកគាត់អាចដឹងពីគុណសម្បត្តិ ឬ គុណវិប្បតិ្ត នៃការជ្រើសរើសយកមុខវិជ្ជាពេទ្យនេះ។ បើមានការសម្រេចចិត្តហើយមានគោលដៅច្បាស់លាស់ គឺត្រូវតស៊ូព្យាយាមរហូតដល់បានសម្រេចនូវអ្វីដែលយើងកំណត់។ មិនមានអ្វីដែលមិនពិបាកទេ សំខាន់ជាងគេ គឺខ្លួនយើងមានឆន្ទៈមុតមាំនោះ គឺអាចឆ្ពោះទៅកាន់ភាពជោគជ័យ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧