សឹកធ្មេញមិនខុសពីបាត់អាវក្រោះការពារធ្មេញនោះទេ...

បញ្ហាសឹកធ្មេញ កើតមានឡើងដោយសារតែការបាត់បង់នូវកាចាធ្មេញ ដែលជាជាលិកាដ៏រឹងមាំមួយ គ្របដណ្តប់ពីក្រៅភ្លុកធ្មេញ។ វាប្រៀបបានជាអាវក្រោះ សម្រាប់ការពារធ្មេញ។

តើអ្វីខ្លះមូលហេតុដែលបណ្តាលឲ្យមានការសឹកធ្មេញ?
•ការទទួលទានភេសជ្ជៈ ដែលសម្បូរដោយអាស៊ីត Phosphoric និងអាស៊ីត Citric ច្រើនហួសប្រមាណ
•ការទទួលទានទឹកផ្លែឈើ៖ ទឹកផ្លែឈើខ្លះមាននូវវត្តមាននៃអាស៊ីត អាចធ្វើឲ្យធ្មេញសឹកខ្លាំង តួយ៉ាងដូចជា អាស៊ីត Citric ដែលមាននៅក្នុងក្រូចឆ្មារ
•របបអាហារ៖ ការចូលចិត្តទទួលទានអាហារផ្អែមខ្លាំង និងជាតិម្សៅ
•បញ្ហាមាត់ស្ងួត៖ បណ្តាលមកពីទឹកមាត់បញ្ចេញតិច តួយ៉ាង អ្នកមានជំងឺស្ងួតមាត់
•បញ្ហាក្រពះពោះវៀន៖ ការច្រាលជាតិអាស៊ីតពីក្រពះ តាមរយៈការភើ ឬក្អួតចង្អោរ ក៏អាចជាដើមចមនៃការសឹកធ្មេញ
•ការប្រើប្រាស់ថ្នាំ៖ ដូចជាពពួក Aspirin Antihistamines និងVitamin C ជាដើម
•កត្តាតំណពូជ
•កត្តាបរិស្ថាន៖ ដូចជា ការសង្កៀតធ្មេញពេលគេងលក់ ការប្រើប្រាស់ច្រាសដុសធ្មេញរឹងពេក និងអ្នកមានទុក្ខកង្វល់ច្រើន។

តើការសឹកធ្មេញ ស្តែងចេញនូវលក្ខណៈដូចម្តេចខ្លះ?
•មានអាការៈស្រៀវសង្កៀរបន្តិចបន្តួច ក្នុងករណីដំបូង ឬសឹកបន្តិចបន្តួច
•មានអាការៈស្រៀវ សង្កៀរ និងឈឺចាប់ខ្លាំង ពេលទទួលទានរបស់ផ្អែម ទទួលទានទឹកក្តៅ ឬត្រជាក់ ករណីមានការសឹកធ្មេញខ្លាំង
•តាមគែមធ្មេញ មានលក្ខណៈគគ្រើម រឆេតរឆូត ខុសប្រក្រតី
•មានការប្តូរពណ៌ធ្មេញ នៅពេលដែលកាចាធ្មេញបាត់បង់ ភ្លុកធ្មេញត្រូវបានចំហ នាំឲ្យធ្មេញប្រែពណ៌ទៅជាលឿង។

តើការសឹកធ្មេញ នាំឲ្យមានផលវិបាកដូចម្តេចខ្លះ?
•នៅពេលកាចាធ្មេញសឹក នោះវាងាយនឹងធ្វើឲ្យធ្មេញពុកផុយ ក្លាយទៅជាប្រហោង។ នៅដំណាក់កាលដំបូង ប្រហោងតូចៗទាំងនោះ មិនទាន់ចោទជាបញ្ហានោះទេ ក៏ប៉ុន្តែនៅពេលដែលប្រហោងតូចៗនោះមានការវិវឌ្ឍ ឬរាលដាលទៅជាធំ វាអាចប៉ះពាល់ដល់សរសៃប្រសាទធ្មេញ ដែលនាំឲ្យមានការឈឺចាប់ខ្លាំង មានការបង្ករោគ និងអាប់សែ។
•ធ្វើឲ្យបាត់បង់សម្រស់ ដែលមើលទៅមិនស្អាត។

តើគេអាចការពារការសឹកធ្មេញបានដោយរបៀបណា?
•កាត់បន្ថយអាហារ និងភេសជ្ជៈដែលមានជាតិអាស៊ីត
•បន្ទាប់ពីទទួលទានភេសជ្ជៈ និងអាហារដែលមានជាតិអាស៊ីតរួច ត្រូវខ្ពុលមាត់ជាមួយទឹកដើម្បីកម្ចាត់ចោលនូវជាតិអាស៊ីតចេញ
•គួរប្រើនូវទុយោសម្រាប់បឺត នៅពេលទទួលទានភេសជ្ជៈ ដែលមានជាតិហ្គាស ឬភេសជ្ជៈមានជាតិផ្អែម ដូចជាទឹកផ្លែឈើស្រស់ជាដើម។
•ទំពារស្ករកៅស៊ូ និងទទួលទានទឹកឲ្យបានច្រើន ដើម្បីជួយកាត់បន្ថយបញ្ហាស្ងួតមាត់ និងបង្កើនបរិមាណនៃការបញ្ចេញទឹកមាត់។
•គួរប្រើប្រាស់ច្រាសដុសធ្មេញដែលមានសរសៃទន់ ដើម្បីការពារពីការសឹកធ្មេញ
•ប្រើប្រាស់នូវថ្នាំដុសធ្មេញដែលមានផ្ទុកនូវជាតិ ហ្ល្វ័រអឺរាយ ដើម្បីជួយកាត់បន្ថយការស្រៀវធ្មេញ។

តើត្រូវព្យាបាលការសឹកធ្មេញ ដោយរបៀបណា?
គប្បីទៅជួបទន្តពេទ្យ ដើម្បីធ្វើការប៉ះបិទ ឬធ្វើការស្រោបធ្មេញក្នុងករណីការសឹកធ្មេញនោះមានទំហំធំ ដើម្បីការពារការបាក់បែកទៅថ្ងៃមុខ និងបង្កើនសម្រស់ឡើងវិញ។

បកស្រាយដោយលោកទន្តបណ្ឌិត ហ៊ុយ ប៉ូលីន ម្ចាស់មន្ទីរព្យាបាលធ្មេញ ឯកទេស

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់

profile.png
ហ៊ន ប៊ុនឡា 4 ខែ មុន

អត់ទោសលោកគ្រូខ្ញុំមានអាការៈឈឺចាប់ខ្លាំងណាស់ដោយមានប្រហោងពីរកន្លែងហើយស្រៀវខ្លាំង