អ្នកត្រៀមប្រលងពេទ្យ គួររៀនអនុវត្តលំហាត់ក្នុងសៀវភៅពុម្ពលើមុខវិជ្ជាទាំង៣ឲ្យបានច្រើន

(4)
12697
ដោយ : Clinic Community

មានបំណងចូលសិក្សាផ្នែកសុខាភិបាលមែនទេ? តើបានដឹងឬនៅថា គួរត្រៀមអ្វីខ្លះ? គួរផ្តោតលើមុខវិជ្ជាអ្វីខ្លះ សម្រាប់ការប្រលងចូលផ្នែកមួយនេះ?

សូមតាមដានការណែនាំ ក៏ដូចជាការចែករំលែកបទពិសោធន៍ពីរៀមច្បងមួយរូបដែលសព្វថ្ងៃនេះជានិស្សិតឆ្នាំទី៤នៃសាកកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឯកទេសផ្នែកទន្តវទនសាស្ត្រ ដែលមានឈ្មោះថា ប៊ុន ច័ន្ទវិចិត្រ។ ចង់ដឹងថាគាត់មានអ្វីខ្លះចែកជូនដល់មិត្តអ្នកអាន…សូមបន្តអានទាំងអស់គ្នា…

ហេលស៍ថាម ៖ តើមានមុខវិជ្ជាអ្វីខ្លះដែលត្រូវត្រៀម?
វិចិត្រ ៖ មុខវិជ្ជាធំ៣នៅក្នុងវិទ្យាសាស្ត្រពិតរួមមាន ៖  
-គណិតវិទ្យា 
-ជីវវិទ្យា
-គីមីវិទ្យា។
តាមការយល់ឃើញរបស់ខ្ញុំ មុខវិជ្ជាដែលធ្វើឲ្យបេក្ខភាពម្នាក់ៗយកឈ្នះលើគ្នា គឺមុខវិជ្ជាគណិតវិទ្យា ព្រោះដូចដែលយើងបានដឹងស្រាប់ហើយថា វាជាមុខវិជ្ជាមួយដែលពិបាកជាងគេ។ 

ហេលស៍ថាម ៖ សម្រាប់មុខវិជ្ជានីមួយៗ តើវិចិត្រមានគន្លឹះអ្វីពិសេសចង់ចែករំលែកដែរឬទេ?
វិចិត្រ ៖ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថាសម្រាប់មុខវិជ្ជាជីវវិទ្យា និងគីមីវិទ្យា មានភាពងាយស្រួលជាងគណិតវិទ្យាដែលភាគច្រើនមេរៀន និងក្បួនដោះស្រាយលំហាត់មានភាពប្រទាក់ក្រឡាគ្នា ជាក់ស្តែង គឺមេរៀនបន្តពីថ្នាក់ទី១០ដល់ថ្នាក់ទី១២។ អ្វីដែលធ្លាប់បានធ្វើកន្លងមក និងចង់ចែករំលែកអំពីគន្លឹះនៃការសិក្សានោះ គឺៈ
-ជីវវិទ្យា ៖ ដោយសារតែមិនសូវមានរូបមន្តសម្រាប់គណនា និងមិនសូវទាមទារការគិតច្រើន ហើយភាគច្រើនជាមេរៀននោះ អ្វីដែលគួរធ្វើ គឺមានតែព្យាយាមទន្ទេញ ក៏ដូចជាសូត្រមេរៀនឲ្យចាំ។ ប៉ុន្តែ មិនមានន័យថា ទន្ទេញឲ្យចាំតែមាត់នោះដែរ គប្បីរកពាក្យគន្លឹះ និងស្វែងយល់ពីវាឲ្យច្បាស់សិន ហើយរកកន្លែងគោលដើម្បីងាយចំណាំ។
-គីមីវិទ្យា ៖ ត្រូវព្យាយាមស្វែងយល់ និងចាំអំពីរូបមន្តផ្សេងៗ ជាពិសេសសមីការប្រតិកម្មរបស់សារធាតុ។
-គណិតវិទ្យា ៖ ទាមទារឲ្យពូកែដោះស្រាយនូវលំហាត់តាមក្បួនខ្នាតដែលត្រឹមត្រូវ និងរហ័ស ដែលជាទូទៅ គឺត្រូវការការអនុវត្តឲ្យបានច្រើន ប្រៀបដូចពាក្យគេថា «កាំបិតកាន់តែសំលៀង កាន់តែមុត»។ បន្ទាប់ពីអនុវត្តបានច្រើនដង នោះអ្នកនឹងរកឃើញពីគន្លឹះរបស់វា។

ហេលស៍ថាម ៖ សម្រាប់ការត្រៀមប្រលងចូលរៀនពេទ្យនេះ តើបេក្ខភាពនីមួយៗគួរមានលក្ខណៈសម្បតិ្តបែបណាខ្លះដែរ?
វិចិត្រ ៖ ជាការចាំបាច់ ក្នុងការត្រៀមគ្រប់ផ្នែក មិនថាកម្លាំងកាយ ចិត្ត និងប្រាជ្ញស្មារតីនោះទេ។ ក្នុងនោះ ខ្ញុំយល់ឃើញថា មានរឿងខ្លះដែលគួរតែមាន និងត្រៀមជាមុនក្នុងនោះមានដូចជា៖
-មានសមត្ថភាពក្នុងការចងចាំឲ្យបានច្រើន
-មានភាពអំណត់អត់ធ្មត់ ខិតខំ និងតស៊ូព្យាយាមក្នុងការទន្ទេញមេរៀន
-ត្រៀមស្មារតីទទួលយកមេរៀនជាច្រើនមួយគំនរនៅចំពោះមុខ ដែលនឹងត្រូវសិក្សា ដែលអាចនិយាយបានថាស្មើនឹងភ្នំឯកសារមួយដែរ។

ហេលស៍ថាម ៖ បន្ថែមពីការរៀនគួរត្រៀម តើបេក្ខភាពគួរធ្វើអ្វីខ្លះទៀត?
វិចិត្រ ៖  ការរៀនគួរត្រៀមប្រាកដជាមិនអាចគ្រប់គ្រាន់នោះទេ បេក្ខភាពមិនអាចរៀននៅសាលា ហើយត្រលប់មកផ្ទះមិនខ្វល់ខ្វាយពីអ្វីនោះឡើយ។ ខ្ញុំសូមណែនាំឲ្យគ្រប់គ្នាចាំបាច់ត្រូវស្វ័យសិក្សានៅផ្ទះឲ្យបានច្រើន ជាពិសេស គឺរៀនអនុវត្តនូវលំហាត់នៅក្នុងសៀវភៅពុម្ពយ៉ាងតិចឲ្យបានម្តង ឬ២ដងទើបជាការប្រសើរ។ 

តាមរយៈការអនុវត្តបានច្រើន អ្នកនឹងបានដឹងអំពីគន្លឹះក្នុងការដោះស្រាយលំហាត់ទាំងនោះ ហើយពេលខ្លះ ស្ទើរតែឃើញលំហាត់ ក៏អាចដឹងពីចម្លើយរួចទៅហើយ។ 

ហេលស៍ថាម ៖ តើវិចិត្រមានសារអ្វីបន្ថែមជូនដល់អនាគតនិស្សិតពេទ្យ ដែលកំពុងត្រៀមចូលប្រលងដែរឬទេ?
វិចិត្រ ៖ 
-សូមកុំដាក់សំពាធឲ្យខ្លួនឯងឲ្យសោះ ៖ ថ្វីត្បិតថា វាជាដំណាក់កាលមួយដ៏តានតឹង និងសំខាន់មួយក្នុងដំណើរនៃជីវិតជានិស្សិត តែក៏មិនមានន័យថា ត្រូវតែដាក់សំពាធលើខ្លួនឯងឲ្យខាងតែបាននោះទេ។ សំខាន់ គឺសូមប្រឹងប្រែងឲ្យអស់លទ្ធភាព ហើយហ៊ានទទួលស្គាល់នូវលទ្ធផលដែលបានទទួល។
-រក្សាស្មារតីឲ្យរឹងមាំ ៖ ជាពិសេសពេលប្រឡង សូមធ្វើចិត្តឲ្យបាន…កុំភ័យ!!! ខ្ញុំដឹងថា នរណាក៏ភ័យដែរ ពេលឆ្លងកាត់ដំណាក់កាលសំខាន់ៗ និងធំៗបែបនេះ ប៉ុន្តែអារម្មណ៍បែបនោះនឹងមិនអាចជួយអ្វីបាននោះទេ ក្រៅពីធ្វើឲ្យបាត់បង់ជំនឿចិត្តលើខ្លួនឯង។ ហេតុដូចនេះហើយ សូមធ្វើចិត្តឲ្យបាន កុំចេះតែភ័យថាខ្លាចធ្វើមិនទាន់ ឬគិតផ្តេសផ្តាសឲ្យសោះ។
-ប្រកាន់គោលជំហរ  «តក់ៗពេញបំពង់» ៖ កុំចាំដល់ជិតថ្ងៃប្រលងទើបខំរៀនឲ្យសោះ សូមធ្វើការត្រៀមខ្លួនឲ្យបានមុន ដើម្បីផ្តល់ពេលវេលាឲ្យខ្លួនអ្នកបានក្រេបយកនូវចំណេះដឹងដែលត្រូវការជាចាំបាច់សម្រាប់ការប្រលង។
-សុខភាពជាចម្បង ៖ ខ្ញុំមិនគាំទ្រឲ្យរៀនដាច់យប់ ឬនៅដល់យប់ជ្រៅពេកនោះទេ។ អ្នកគួរតែមានកាលវិភាគច្បាស់លាស់សម្រាប់ការសិក្សា ហើយទទួលទានដំណេកឲ្យបានគ្រប់គ្រាន់។ ចំពោះចំណីអាហារក៏ដូចគ្នាដែរ សូមទទួលទាននូវសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យស្មារតីផ្លូវកាយ និងចិត្ត ព្រមទាំងប្រាជ្ញាអាចរឹងមាំបាន សម្រាប់ថ្ងៃដ៏ពិសេសដែលកំពុងទន្ទឹងរង់ចាំអ្នក។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧