ជាគ្រូពេទ្យមួយរូប ត្រូវហ៊ានលះបង់រឿង៨យ៉ាងនេះ…

()
2860
ដោយ : Lim Chhoung Heng

១. បំណងប្រាថ្នាចង់ក្លាយជាអ្នកមាន
មានមនុស្សតិចតួចណាស់ ដែលជ្រើសរើសយកវិជ្ជាជីវៈមួយនេះហើយបានក្លាយជាអ្នកមានទ្រព្យសម្បតិ្តស្តុកស្តម្ភ។ ប្រសិនបើការចង់ក្លាយជាអ្នកមាន គឺអ្វីដែលអ្នកប្រាថ្នា នោះមានវិធីងាយស្រួលជាងនេះជាច្រើនដែលមិនសូវធ្វើឲ្យអ្នកឈឺក្បាល មិនសូវចំណាយប្រាក់និងពេលវេលាច្រើនដូចនេះ ហើយក៏មិនសូវស្ត្រេសដែរ។ ពេទ្យ គឺជាវិជ្ជាជីវៈមួយដែលនាំយកប្រយោជន៍ឲ្យអ្នកដទៃ ព្រោះថាអ្នកមានជំនាញ និងចំណេះដឹងដែលអាចសង្គ្រោះជីវិតបាន ហើយអ្នកនឹងអនុវត្តវាជារៀងរាល់ថ្ងៃជាផ្នែកមួយនៃការងាររបស់អ្នក។

២. បំណងប្រាថ្នាចង់ផ្លាស់ប្តូរពិភពលោក
ដូចគ្នានេះដែរ អ្នកត្រូវតែបោះបង់ចោលគំនិតដែលចង់ក្លាយជាវីរបុរសគ្រូពេទ្យដែលអាចជួយដោះស្រាយបញ្ហាសុខភាពពិភពលោកម្ដងមួយៗបាន។ ពិតមែនហើយ គ្រូពេទ្យអាចធ្វើរឿងគួរឲ្យចាប់អារម្មណ៍មួយចំនួន នៅពេលដែលពួកគេប្រើជំនាញរបស់ពួកគេត្រូវទៅតាមស្ថានភាព។ ប៉ុន្តែ អ្នកត្រូវចងចាំថាទោះបីជាអ្នកមានបំណងល្អប៉ុណ្ណាក៏ដោយ អ្នកនឹងមិនអាចយកឈ្នះបញ្ហាដែលបណ្ដាលមកពីសង្គ្រាម ភាពក្រីក្រ និងភាពខ្វះការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ឬការរំលោភបំពាន ឬការកេងចំណេញផលប្រយោជន៍ពីជំងឺបានឡើយ។ នោះមិនមែនមានន័យថា អ្នកមិនអាចព្យាយាមជួយមនុស្សដែលរងផលប៉ះពាល់ដោយសារបញ្ហាទាំងនោះទេ ប៉ុន្តែអ្នកនឹងយល់ថាអ្នកតូចពេក ដើម្បីធ្វើការផ្លាស់ប្តូរបញ្ហាទាំងនោះ។

៣. ភាពទំនេរនាពេលចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាករបស់អ្នក
វាអាចចាប់ផ្តើមតាំងពីពេលដែលអ្នករៀននៅសាលាពេទ្យ ពេលខ្លះ អ្នកត្រូវតែលះបង់ថ្ងៃចុងសប្តាហ៍ដើម្បីរំលឹកមេរៀន និងត្រៀមសម្រាប់ការប្រលង។ បន្ទាប់ពីបញ្ចប់ការសិក្សានៅពេលដែលអ្នកក្លាយជាគ្រូពេទ្យមួយរូប អ្នកនៅតែមិនអាចចៀសផុតពីការលះបង់មួយនេះ ព្រោះថាពេលខ្លះអ្នកត្រូវយាមចំថ្ងៃចុងសប្តាហ៍ ឬចំថ្ងៃឈប់សម្រាកផ្សេងៗ។ ខណៈពេលដែលមិត្តភក្តិដែលមិនរៀនពេទ្យរបស់អ្នកមានកម្មវិធីជប់លៀង ឬទៅដើរលេងសប្បាយ អ្នកត្រូវនៅយាមមន្ទីរពេទ្យ និងដោះស្រាយបញ្ហាអ្នកជំងឺរបស់អ្នក។ ពេលខ្លះ អ្នកនឹងសួរខ្លួនឯងថាហេតុអ្វីបានជាអ្នកជ្រើសរើសយកផ្លូវមួយនេះ?

៤. ការគេងលក់ដ៏ស្កប់ស្កល់មួយ
ប្រសិនបើនិយាយពីរឿងយាមយប់នៅមន្ទីរពេទ្យវិញ ជួនកាលអ្នកមិនបានគេងទេ ព្រោះថាពេលខ្លះ មានអ្នកជំងឺចូលមកទាំងកណ្តាលយប់បន្តបន្ទាប់គ្នា ហើយអ្នកត្រូវទៅពិនិត្យជំងឺរៀបចំឯកសារផ្សេងៗ ពេលខ្លះទៀត អ្នកជំងឺធ្វើទុក្ខខ្លាំងអ្នកត្រូវតែដោះស្រាយការឈឺចាប់របស់គាត់ ហើយពេលខ្លះអ្នកត្រូវបញ្ជូនគាត់ទៅផ្នែកផ្សេងៗដើម្បីសង្គ្រោះជីវិតអ្នកជំងឺ។

៥. បំណងចង់ឲ្យអាទិភាពទៅលើគ្រួសារ និងមិត្តភក្ដិ
ក្នុងនាមជាវេជ្ជបណ្ឌិតមួយរូបការងាររបស់អ្នក ជាទូទៅ ឈរនៅលើលេខរៀងទី១ ហើយអ្នកមិនអាចប្រកែកបានឡើយ ព្រោះថានេះគឺជាទំនួលខុសត្រូវរបស់អ្នក។ អ្នកអាចនឹងបាត់បង់មិត្តភក្តិមួយចំនួន ឬពួកគេឈប់ហៅអ្នកទៅក្រៅ ព្រោះថាអ្នកតែងតែរវល់គ្មានពេលសម្រាប់ជួបជុំជាមួយពួកគេ។ លើសពីនេះទៅទៀត អ្នកអាចនឹងបដិសេធក្រុមគ្រួសារចំពោះការងារមួយចំនួនដោយសារតែការងារនៅឯមន្ទីរពេទ្យមិនអំណោយផលដល់អ្នក ដើម្បីបំពេញតាមសំណូមពររបស់ក្រុមគ្រួសារអ្នក។

៦. បំណងចង់ផ្គាប់ចិត្តមនុស្សរាល់់គ្នា
មិនថាក្រុមគ្រួសារ ឬមិត្តភក្តិរបស់អ្នកនោះទេ សូម្បីតែអ្នកជំងឺរបស់អ្នកក៏ដោយ ពេលខ្លះអ្នកធ្វើឲ្យពួកគេខកបំណងជារឿយៗ ដូចជាការប្រាប់ទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នកឲ្យពន្យារការណាត់ជួបទៅដើរលេងពេលល្ងាចជាមួយគ្នា ក៏ព្រោះតែអ្នកមានអ្នកជំងឺធ្ងន់មួយទាមទារឲ្យអ្នកធ្វើការវះកាត់ ដើម្បីជួយសង្គ្រោះជីវិតភ្លាមៗ។ ហើយក្នុងកាលៈទេសៈខ្លះ អ្នកត្រូវប្រាប់ទៅក្រុមគ្រួសារអ្នកជំងឺ ឬអ្នកជំងឺអំពីស្ថានភាពដ៏ធ្ងន់ធ្ងរនៃជំងឺរបស់ពួកគេ ហើយគ្មានវិធីណាអាចសង្គ្រោះបានឡើយ។

៧. ភាពច្នៃប្រឌិតរបស់អ្នក
វិជ្ជាជីវៈជាពេទ្យនឹងកែប្រែអ្នកពីមនុស្សម្នាក់ដែលពោរពេញទៅដោយភាពច្នៃប្រឌិតឲ្យទៅមនុស្សម្នាក់ដែលញៀននឹងការងារ ហើយទុកចន្លោះប្រហោងតិចតួចបំផុតសម្រាប់ភាពច្នៃប្រឌិតរបស់អ្នក។ បើមិនជឿទេ សាកល្បងទៅពិធីជប់លៀងពេលល្ងាចមួយដែលមានគ្រូពេទ្យចូលរួមលើសពីម្នាក់ ហើយអ្នកនឹងអាចសង្កេតឃើញថាប្រធានបទសំខាន់ដែលពួកគេជជែកគ្នានោះ គឺប្រាកដជារឿងការងារ និងរឿងពេទ្យនេះតែម្ដង។

៨. សុខភាពល្អ
អ្នកប្រហែលជាមិនបានដឹងពីរឿងមួយនេះទេ ប៉ុន្តែអ្នកកំពុងតែជ្រើសរើសយកវិជ្ជាជីវៈមួយដែលមានហានិភ័យខ្ពស់ចំពោះសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ គ្រូពេទ្យក៏ចេះឈឺដែរ មិនមែនមានន័យថាធ្វើជាគ្រូពេទ្យ គឺតែងតែមានសុខភាពល្អមិនចេះឈឺនោះទេ។ ចំពោះបញ្ហាសុខភាពផ្លូវកាយ អ្នកជួបផ្ទាល់ជាមួយនឹងជំងឺស្ទើរតែគ្រប់ប្រភេទជារៀងរាល់ថ្ងៃ មេរោគខ្លះអាចចម្លងទៅអ្នក ប៉ុន្តែជាទូទៅបើអ្នកនៅវ័យក្មេងនៅឡើយ វាពុំសូវជាបញ្ហានោះទេ ព្រោះថាប្រព័ន្ធភាពស៊ាំរបស់អ្នកនៅល្អ តែពេលអ្នកចាស់ទៅ ឬពេលដែលប្រព័ន្ធភាពស៊ាំរបស់អ្នកចុះខ្សោយ អ្នកអាចនឹងប្រឈមជាមួយនឹងជំងឺដ៏ច្រើន។ រីឯសុខភាពផ្លូវចិត្តវិញក៏មិនសូវខុសគ្នាដែរ ពេទ្យជាមុខវិជ្ជាមួយដែលទាមទារឲ្យរៀនអស់មួយជីវិត ហើយជាការងារមួយដែលអ្នកតែងតែជួបបញ្ហាមិនចេះអស់ ព្រោះថាអ្នកដែលមកជួបអ្នកគឺជាអ្នកដែលមានបញ្ហាសុខភាព និងត្រូវការឲ្យអ្នកជួយដោះស្រាយបញ្ហារបស់ពួកគេ។ ជួនកាល អ្នកអាចមានអារម្មណ៍ថាស្ត្រេសខ្លាំងក្នុងការប្រឈមនឹងបញ្ហាទាំងអស់នេះ ហើយកត្តានេះអាចធ្វើឲ្យអ្នកហត់ទាំងផ្លូវកាយ និងផ្លូវចិត្ត។

ដូច្នេះ ជាគ្រូពេទ្យមួយរូបអ្នកត្រូវត្រៀមខ្លួនជាស្រេចចំពោះបញ្ហាដែលបានរៀបរាប់ទាំងអស់នេះ និងមានរបៀបរស់នៅមួយដែលអាចធានាបានថាអ្នកនឹងមានសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត។ អ្វីដែលសំខាន់នោះ គឺអ្នកត្រូវចេះរកវិធីក្នុងការប៉ះប៉ូវចំពោះការខកខានរបស់អ្នកសម្រាប់ក្រុមគ្រូសារ និងមិត្តភក្តិរបស់អ្នក។ ទោះបីជាការងាររបស់អ្នកសំខាន់ អ្នកក៏មិនអាចមិនខ្វល់ពីពួកគេបានដែរ…       

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧