ពេលក្លាយជាពេទ្យ អ្នកនឹងទទួលបានអំណោយ៥យ៉ាងនេះ

()
1523
ដោយ : Lim Chhoung Heng

ដើម្បីក្លាយជាគ្រូពេទ្យម្នាក់ គឺពិតជាលំបាកខ្លាំងណាស់ ហើយការងារទៀតសោតគឺមានភាពតានតឹង ការធ្វើការក៏ច្រើនម៉ោង រីឯការសិក្សានៅសាលាពេទ្យក៏មិនស្រួល។ គ្រប់និស្សិតពេទ្យទាំងអស់សុទ្ធសឹងតែជួបប្រទះនឹងឧបសគ្គជាច្រើនមុនពេលបានក្លាយជាគ្រូពេទ្យមួយរូប។

ក្រៅពីភាពលំបាកដែលទាក់ទងនឹងវិជ្ជាជីវៈមួយនេះ មានហេតុផលមួយចំនួនដែលអ្នកអាចត្រិះរិះពិចារណានិងអរគុណដល់ខ្លួនឯងក្នុងការជ្រើសរើសយកជំនាញមួយនេះ។ខាងក្រោមនេះគឺជាអ្វីដែលអ្នកនឹងទទួលបានក្រោយក្លាយជាគ្រូពេទ្យ ៖

១. ស្នាមញញឹម
ពុំមានអ្វីធ្វើឲ្យអ្នកសប្បាយចិត្តជាងពេលដែលអ្នកអាចជួយដោះស្រាយនូវបញ្ហាសុខភាពរបស់អ្នកជំងឺរបស់អ្នកឡើយ។ ជារៀងរាល់ថ្ងៃ អ្នកប្រហែលជាជួបអ្នកជំងឺជាច្រើន ហើយក្នុងនោះមានអ្នកជំងឺខ្លះស្រួល ខ្លះពិបាក ទោះបីជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ក៏មានអ្នកជំងឺម្នាក់ដែលគាត់សម្ដែងនូវការដឹងគុណ លាអ្នកត្រលប់ទៅផ្ទះវិញពេលគាត់បានធូរស្បើយពីជំងឺ ហើយស្នាមញញឹម និងការអរគុណរបស់គាត់បានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង និងជាកម្លាំងដ៏អស្ចារ្យសម្រាប់អ្នក ដើម្បីបន្តការខិតខំរបស់អ្នកតទៅទៀត។

ទោះបីជាពួកគាត់មិនបានសម្ដែងនូវអាកប្បកិរិយាទាំងនោះក្ដី ក៏អ្នកប្រហែលជាធ្លាប់មានអារម្មណ៍ថាអ្នកបានបំពេញនូវកាតព្វកិច្ចរបស់អ្នកក្នុងនាមជាគ្រូពេទ្យក្នុងការថែទាំ និងព្យាបាលអ្នកជំងឺរបស់អ្នកឲ្យមានសុវត្ថិភាព និងសុខភាពល្អ។

២. បុគ្គលអស្ចារ្យ
អ្នកបានជួបនូវបុគ្គលអស្ចារ្យជាច្រើននៅក្នុងវិស័យមួយនេះ ហើយអ្នកនឹងអាចរៀនចេះពីបទពិសោធន៍ និងចំណេះដឹងជាច្រើនពីរៀមច្បងដែលបានប្រឡូកក្នុងវិស័យនេះមុនអ្នក អាចពីសាស្ត្រាចារ្យ ប្រធានផ្នែក សិស្សច្បង មិត្តរួមការងាររបស់អ្នក ហើយអ្នកនឹងមានអារម្មណ៍ថាអ្នកជាមនុស្សម្នាក់ដែលមានសំណាង ដែលអាចមានឱកាសបានស្គាល់ និងសិក្សារៀនសូត្រពីពួកគេ។

៣. ការគោរព
ការផ្លាស់ប្តូរពីនិស្សិតពេទ្យទៅជាវេជ្ជបណ្ឌិតមួយរូបធ្វើឲ្យអ្នកមានអារម្មណ៍ប្លែកបន្តិច ប៉ុន្តែអ្នកប្រាកដជាពេញចិត្តវា។ អ្នកជំងឺរបស់អ្នកប្រាកដជាចងចាំរូបអ្នក នៅពេលដែលអ្នកជួយសង្គ្រោះគាត់ និងធ្វើឲ្យគាត់មានសុខភាពល្អឡើងវិញ។ ហើយពួកគាត់នឹងមករាក់ទាក់អ្នកយ៉ាងរួសរាយ នៅពេលដែលពួកគាត់បានជួបអ្នកនៅខាងក្រៅ។ ទង្វើទាំងអស់នេះនឹងធ្វើឲ្យអ្នកទទួលបាននូវអារម្មណ៍មួយប្លែក និងធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។

៤. សមត្ថភាពក្នុងការដោះស្រាយបញ្ហា
អ្នកនឹងរីករាយចំពោះសមត្ថភាពក្នុងការដោះស្រាយបញ្ហាសុខភាពជូនអ្នកជំងឺរបស់អ្នក។ វាពិតជាអារម្មណ៍ដ៏ល្អមួយនៅពេលដែលអ្នកអាចធ្វើរោគវិនិច្ឆ័យ និងព្យបាលជំងឺមានប្រសិទ្ធភាព។

៥. លុយកាក់
ប្រកបរបរជាគ្រូពេទ្យមួយរូបដែលប្រកបទៅដោយសីលធម៌ ធ្វើតាមបច្ចេកទេសនិងវិជ្ជាជីវៈ អ្នកនឹងអាចទទួលបានប្រាក់ល្មមនឹងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ខ្លួនឯង និងក្រុមគ្រួសារបាន តែបើថាឲ្យក្លាយជាអ្នកមានដោយសារតែរបរមួយនេះ គឺពិបាកបន្តិចហើយ។ ទោះបីជារបរនេះមិនអាចធ្វើឲ្យអ្នកក្លាយជាអ្នកមានក៏ដោយ ក៏អ្នកអាចនឹងមានជីវភាពដ៏សមរម្យមួយដែរ...

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧