មធ្យោបាយទីមួយក្នុងការព្យាបាល ជំងឺក្រួសស្ទះនៅផ្លូវទឹកប្រមាត់

()
583
ដោយ : Editor

 

ក្រួសក្នុងទឹកប្រមាត់ជាជំងឺដែលត្រូវបានជួបប្រទះច្រើនបំផុតមិនថានៅកម្ពុជាផ្ទាល់ឬបណ្តាប្រទេសផ្សេងទៀតជាមួយនឹងអត្រាជាង ១៥% នៃប្រជាជនទូទាំងសកលលោក។

ក្រួសក្នុងទឹកប្រមាត់អាចបង្កទៅជាផលវិបាកមួយចំនួនដែលមានលក្ខណៈធ្ងន់ធ្ងរយ៉ាងខ្លាំង អាចរហូតដល់ប៉ះពាល់ដល់ជីវិតផងដែរ  ក្នុងនោះរួមមាន រលាកថង់ទឹកប្រមាត់ស្រួចស្រាវ រលាកផ្លូវទឹកប្រមាត់ និងជំងឺរលាកលំពែងស្រួចស្រាវ។ បើទោះបីជា ភាគរយនៃការប្រឈមនឹងផលវិបាកទាំងនេះមានប្រមាណត្រឹម ៥% ក៏ប៉ុន្តែអ្នកជំងឺគួរតែទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ខណៈដែលមានការលេចចេញជារោគសញ្ញាតាំងពីដំបូង។

ក្នុងករណីដែលក្រួសរំកិលចេញពីថង់ទឹកប្រមាត់មកស្ទះនៅផ្លូវទឹកប្រមាត់ផ្នែកខាងក្រោម ឬផ្លូវទឹកលំពែងការព្យាបាលតម្រូវឲ្យមានការដកយកគ្រាប់ក្រួសនោះចេញជាបន្ទាន់ទើបអ្នកជំងឺអាចជាសះស្បើយ។គួរបញ្ជាក់ថា ការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិចតែម្យ៉ាងក្នុងករណីនេះមិនអាចព្យាបាលអ្នកជំងឺឲ្យបានជាសះស្បើយបានឡើយ។ ជាទូទៅ ការដកគ្រាប់ក្រួសចេញពីកន្លែងស្ទះ អាចធ្វើទៅបានតាមវិធី ២យ៉ាងគឺ ការវះកាត់ និងការចាប់យកក្រួសចេញដោយម៉ាស៊ីន Endoscopy ដែលគេឲ្យឈ្មោះថា Endoscopy Retrograde Cholangiopancreatography (ERCP)

រហូតមកដល់បច្ចុប្បន្ន ERCP ត្រូវបានទទួលស្គាល់ថាជាជម្រើសទីមួយក្នុងការព្យាបាលជំងឺក្រួសក្នុងផ្លូវទឹកប្រមាត់ ដោយវាអាចកាត់បន្ថយនូវពេលវេលាសម្រាកពេទ្យ។ ជាការពិត ERCP ពុំមែនជាបច្ចេកវិទ្យាថ្មីទេ តែវាត្រូវបានគេបង្កើតឡើងក្នុងអំឡុងឆ្នាំ១៩៦៨ហើយបច្ចេកវិទ្យានេះត្រូវបានរីកដុះដាលពាសពេញទ្វីបអឺរ៉ុបក្នុងអំឡុងទស្សវត្សរ៍ទី៧០។ បច្ចុប្បន្ន បច្ចេកទេសនេះ ត្រូវបានពិភពលោកទទួលស្គាល់ថាជាវិធីសាស្ត្រមួយដែលជឿនលឿន និងមានប្រសិទ្ធភាពបំផុតក្នុងការព្យាបាលជំងឺក្រួសក្នុងផ្លូវទឹកប្រមាត់។

ដោយឡែក នៅកម្ពុជា ERCP ទើបនឹងត្រូវបានយកមកអនុវត្តនៅអំឡុងចុងឆ្នាំ ២០១៤ នេះប៉ុណ្ណោះ ដោយមន្ទីរពេទ្យកាល់ម៉ែត រហូតមកដល់ពេលនេះ បច្ចេកទេសនេះត្រូវបានបានអនុត្តយ៉ាងជោគជ័យលើការព្យាបាលអ្នកជំងឺកម្ពុជាជាច្រើនរូបរួចមកហើយផងដែរ។

គួរឲ្យដឹងទៀតថា បច្ចេកទេស ERCP ត្រូវបានទទួលស្គាល់អំពីប្រសិទ្ធភាព សុវត្ថិភាពភាពងាយស្រួលព្រមទាំងការកាត់បន្ថយនូវហានិភ័យជាច្រើនពីការវះកាត់ ក៏ដូចជាគុណសម្បត្តិដទៃទៀតដែលជាហេតុធ្វើឲ្យបច្ចេកទេសនេះក្លាយទៅជាជម្រើសទីមួយក្នុងការព្យាបាលជំងឺក្រួសក្នុងផ្លូវទឹកប្រមាត់ បើធៀបទៅនឹងការវះកាត់។ ទន្ទឹមនឹងអត្ថប្រយោជន៍ជាច្រើនដែលគេទទួលបានពី បច្ចេកទេសថ្មីនេះ ផលរំខានមួយចំនួនក៏ត្រូវបានសង្កេតឃើញផងដែរ ក្នុងខណៈពេលដែលគេកាត់ពង្រីកច្រកចេញរបស់ទឹកប្រមាត់ក្នុងនោះរួមមានការកាត់ត្រូវសរសៃឈាមដែលបណ្តាលឲ្យមានការហូរឈាមលំពែង  និងការជ្រៀបចូលនៃមេរោគបណ្តាលឲ្យឲ្យរលាកផ្លូវទឹកប្រមាត់ ព្រមទាំងផលប៉ះពាល់ដល់ពោះវៀនជាដើម។ យ៉ាងណាមិញ ផលប៉ះពាល់ទាំងនេះ កម្របង្កសភាពធ្ងន់ធ្ងររហូតដល់ប៉ះពាល់ដល់ជីវិតណាស់។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត គី វុត្ថា ប្រធានផ្នែកក្រពះ ពោះវៀន ថ្លើមនៃមន្ទីរពេទ្យកាល់ម៉ែត

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧