Articles Books Medicine Events Career
អ្វីជាបញ្ហាភ្នែកខុសកំនុំ?

បញ្ហាភ្នែកខុសកំនុំរូបភាព បានកើតឡើងចំពោះប្រជាជនដល់ទៅជិត ៩០%ក្នុងសហរដ្ឋអាមេរិក តែនៅកម្ពុជា ករណីជំងឺនេះ មានត្រឹមតែ ១៣%ប៉ុណ្ណោះនៃប្រជាជនទូទាំងប្រទេស។ នេះ ជាតួលេខមួយល្អដែលប្រជាជនខ្មែរមិនទទួលរងនូវបញ្ហាភ្នែកបែបនេះច្រើនទេ តែក៏អាចបញ្ជាក់ផងដែរថា ការយល់ដឹងពីវារបស់ប្រជាជនយើង ក៏នៅមានកម្រិតនៅឡើយ។

ហេលស៍ថាមសូមនាំមកជូនមិត្តអ្នកអាននូវការបកស្រាយយ៉ាងក្បោះក្បាយរបស់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត គង់ ពិសិដ្ឋ ពីបញ្ហាកំហុសកំនុំ។

ចំពោះភ្នែកធម្មតា កំនុំរូបភាព ត្រូវធ្លាក់លើសរសៃបាតភ្នែក ដែលនាំឲ្យយើងអាចមើលឃើញរូបភាពទាំងឆ្ងាយ និងជិតបាន។ ប៉ុន្តែ ករណីកំហុសកំនុំ ភ្នែកមិនអាចមើលឃើញរូបភាពនៅឆ្ងាយ និងជិតបាន ដោយសារកំនុំរូបភាពមិនធ្លាក់លើសរសៃបាតភ្នែកទេ ។ កំហុសកំនុំនេះ ចែកចេញជាបី គឺ ភ្នែកមីញូប(Myopia) ភ្នែកខ្លី(Hyperopia) និងភ្នែកអាស្ទីម៉ាត(Astigmatism)។

១. ភ្នែកម្ញ៉ូប (Myopia)
ភ្នែកម្ញ៉ូប គឺជាភ្នែកដែលមើលឆ្ងាយមិនច្បាស់តែមើលជិតច្បាស់ដោយសារទំហំភ្នែកធំ នាំឲ្យកំនុំរូបភាពធ្លាក់នៅខាងមុខសរសៃបាតភ្នែក ដូចនេះអ្នកជំងឺត្រូវការវ៉ែនតាដក។ រោគសញ្ញាភ្នែកមីញូបមានដូចជា មើលឆ្ងាយមិនច្បាស់ អ្នកជំងឺពេលមើលឆ្ងាយធ្វើភ្នែកព្រឹមៗ រោយនិងស្រវាំងភ្នែក។ មូលហេតុនៃការកើតជំងឺនេះ អាចជាកត្តាតំណពូជឬការខំប្រឹងសម្លឹងច្រើនពេលសិក្សា។ វិធីព្យាបាលភ្នែកម្ញ៉ូបគឺ ករណីអ្នកជំងឺមានភ្នែកម្ញ៉ូបតាំងពីក្មេង ត្រូវពាក់វ៉ែនតារហូតដល់គាត់អាយុ១២ឆ្នាំ ដើម្បីឲ្យសរសៃបាតភ្នែកធ្វើការវិវត្ត ព្រោះប្រសិនបើអ្នកជំងឺមិនពាក់វ៉ែនតាពីតូចទេ វានឹងធ្វើឲ្យភ្នែកខ្ជិល(Amblyopia) ហើយបើទោះគាត់ធំឡើងចង់ពាក់វ៉ែនតាវិញ ក៏មើលឆ្ងាយមិនឃើញដែរ។

ក្រោយអាយុ១២ឆ្នាំ ប្រសិនបើគាត់អាចពាក់ Contact lenses បាន គាត់អាចពាក់វ៉ែនតាផង Contact lenses ផង។ នៅអាយុ ១៨ឆ្នាំ បើគាត់មិនចង់ពាក់វ៉ែនតាទេ គាត់អាចជ្រើសរើសការព្យាបាលដោយកាំរស្មី (LASIK) គឺការបាញ់កាំរស្មីលើកញ្ចក់ភ្នែកឲ្យស្តើងបន្តិច ហើយការព្យាបាលនេះធ្វើត្រឹមរយៈពេលតែ ៥ទៅ ១០នាទីប៉ុណ្ណោះ។  ប៉ុន្តែចំពោះអ្នកម្ញ៉ូបជ្រៅពី ១០០០ ទៅ ២០០០ដឺក្រេ ការព្យាបាលដោយLASIK មិនអាចធ្វើបានទេ តែគេអាចធ្វើ ICL គឺដាក់ Lens នៅលើកែវភ្នែកខាងក្នុងរបស់យើង ព្រោះប្រសិនបើយើងធ្វើ LASIK ចំពោះភ្នែកដែលមានដឺក្រេខ្ពស់បែបនេះ ត្រូវបាញ់កញ្ចក់ភ្នែកយើងស្តើងខ្លាំងតែតាមធម្មតា យើងត្រូវរក្សាកម្រាស់ភ្នែកយ៉ាងហោចណាស់ ៣០០មីក្រុង។

សព្វថ្ងៃ ការព្យាបាលដោយ LASIK មានការពេញនិយមច្រើននៅលើពិភពលោក ជាពិសេសយុវវ័យ។ បន្ទាប់ពីការព្យាបាលដោយ LASIK ភ្នែកអាចនឹងស្ងួតបន្តិច ដូចនេះយើងត្រូវការទឹកភ្នែកសិប្បនិមិ្មតមួយរយៈ និងត្រូវការថ្នាំបន្តក់ ព្រមទាំងការការពារមួយចំនួន ដូចជាត្រូវពាក់វ៉ែនតាដើម្បីការពារខ្យល់ពេលធ្វើដំណើរ។

២. ភ្នែកខ្លី (Hyperopia)
Hyperopia ឬ ភ្នែកខ្លី ជាភ្នែកដែលកំនុំរូបភាពធ្លាក់ទៅនៅក្រោយសរសៃបាតភ្នែក ដូច្នេះយើងមើលឆ្ងាយនិងជិតសុទ្ធតែមិនឃើញ។ ភ្នែកប្រភេទនេះ ត្រូវការវ៉ែនតាបូក ដើម្បីឲ្យកំនុំរូបភាពធ្លាក់លើសរសៃបាតភ្នែក។

រោគសញ្ញារបស់វា គឺមើលឆ្ងាយមិនឃើញ អ្នកជំងឺធ្វើភ្នែកព្រឹមៗ ពេលមើលឆ្ងាយដូចអ្នកជំងឺមីញូបដែរ។ វិធីព្យាបាលមានដូចជាពាក់វ៉ែនតា ឬអាចធ្វើ LASIK បានដូចគ្នាទៅនឹងភ្នែកមីញូប។

៣. ភ្នែកអាស្ទីម៉ាត(Astigmatism)
ភ្នែកអាស្ទីម៉ាត គឺជាភ្នែកដែលមានកំណោងកញ្ចក់ភ្នែកមិនស្មើធ្វើឲ្យកំនុំរូបភាពធ្លាក់លើសរសៃបាតភ្នែកមិនស្មើគ្នា ដែលជាហេតុនាំឲ្យមើលមិនច្បាស់។ រោគសញ្ញានៃភ្នែកអាស្ទីម៉ាត រួមមានមើលឆ្ងាយមិនច្បាស់មើលជិតក៏មិនច្បាស់ ហើយឃើញរូបភាពវៀច។ ភ្នែកប្រភេទនេះ ត្រូវការវ៉ែនតាដើម្បីឲ្យភ្នែកមើលឃើញឆ្ងាយបាន ហើយអាចមានអាស្ទីម៉ាតបូក ឬដក។ បញ្ហានេះ ក៏អាចព្យាបាលបានដោយកាំរស្មីដែរ។

បញ្ហាភ្នែកមនុស្សចាស់(Presbyopia)
មនុស្សដែលមានភ្នែកធម្មតា ចាប់ពីអាយុ ៤០ឆ្នាំឡើងទៅ ការសម្របសម្រួល(Accommodation) របស់ភ្នែកនឹងចុះថយ ដែលជាហេតុធ្វើឲ្យគាត់ពិបាកមើលរូបភាពដែលនៅជិត។ បញ្ហាភ្នែកនេះ គេហៅថាPresbyopia។ ដូចនេះហើយ មនុស្សចាស់ដែលមានភ្នែកធម្មតាត្រូវការវ៉ែនតាដើម្បីមើលអក្សរ ប៉ុន្តែចំពោះអ្នកមីញូបវិញពួកគាត់មិនចាំបាច់ត្រូវការវ៉ែនតាទេ ព្រោះភ្នែកម្ញ៉ូបអាចមើលជិតឃើញ។

ជាចុងក្រោយ លោកវេជ្ជបណ្ឌិត គង់ ពិសិដ្ឋ សូមជម្រាបដល់អ្នកជំងឺដែលមានបញ្ហាភ្នែក គួរតែមកជួបជាមួយនឹងគ្រូពេទ្យភ្នែក ជាពិសេសអ្នកដែលមានបញ្ហាភ្នែកខុសកំនុំ។ សព្វថ្ងៃ ការព្យាបាលបញ្ហាភ្នែកខុសកំនុំដោយកាំរស្មី មានធ្វើហើយនៅប្រទេសកម្ពុជាយើង។ ដូចនេះ លោកអ្នកអាចមកជួបពិភាក្សា និងធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់ ដើម្បីអាចធ្វើការព្យាបាលដោយបច្ចេកវិទ្យាទំនើប ដោយមិនចាំបាច់ពាក់វ៉ែនតា។

Related Word


Comment