លុបលាងមុខ…អ្នកប្រហែលជាកំពុងធ្វើវាខុសហើយ!

ដើម្បីទទួលបានស្បែកមុខស្រស់ស្អាត អ្នកតែងគិតដល់វិធីសាស្ត្រដែលអាចបំប៉នដល់ស្បែកមុខ ជាពិសេសគឺការប្រើប្រាស់ផលិតផលមានគុណភាពផ្សេងៗដោយមើលរំលងអំពីការលុបលាងមុខឲ្យបានត្រឹមត្រូវ...

ជាការពិត ផលិតផលល្អៗជាច្រើន ជាផ្នែកមួយនាំអ្នកទៅកាន់ស្បែកមុខដែលប៉ងប្រាថ្នា មិនថាស្បែកមុខតឹង ម៉ត់រលោង គ្មានស្នាមជ្រួញ ស្នាមអុចខ្មៅ ឬមុនជាដើម ក៏ប៉ុន្តែតើអ្នកគិតថាផលិតផលល្អៗទាំងនោះនឹងជួយអ្នកតាមរបៀបណានៅពេលដែលស្បែកអ្នកមិនត្រូវបានសម្អាតស្អាតសម្រាប់ត្រៀមទទួលយកសារធាតុចិញ្ចឹមផង? ហេតុនេះ អ្នកត្រូវយកចិត្តទុកដាក់ឡើងវិញទៅលើជំហានដំបូងគេ ដែលជាការលាងសម្អាតមុខឲ្យបានត្រឹមត្រូវ។ តើអ្នកលាងមុខបានស្អាតឬនៅ? ហើយតើអ្នកគួរលាងដូចម្តេចទើបត្រឹមត្រូវ?

សញ្ញាបង្ហាញថាអ្នកលាងមុខមិនបានត្រឹមត្រូវ
• នៅមានផលិតផលសម្អាងនៅលើមុខក្រោយសម្អាត
• ស្បែកមើលទៅរឹងគគ្រាត និងមិនម៉ត់រលោង
• មុខឡើងមុន និងមានឡើងក្រហមផ្ទាំងៗ ឬ កន្ទួលរលាក ដែលជាសញ្ញានៃការស្ទះរន្ធរោម
• មានស្នាមជ្រួញច្រើនជាងមុន
• ផលិតផលដែលធ្លាប់មាន ឬរំពឹងថាមានប្រសិទ្ធភាព ហាក់លែងបានផល
• ស្បែកឡើងតឹង ក្តៅ រមាស់ ឬស្ងួតក្រោយពីលាងសម្អាត
• ស្បែកប្រែជាឡើងខ្លាញ់ច្រើនជាងមុន
• សញ្ញាដែលខុសប្រក្រតីលើមុខផ្សេងៗទៀត។

របៀបលាងសម្អាតមុខឲ្យបានត្រឹមត្រូវ
1.     ភាពញឹកញាប់ក្នុងការសម្អាតមុខ
• អ្នកគួរសម្អាតមុខ ឲ្យបានយ៉ាងតិច ២ ដងក្នុងមួយថ្ងៃសម្រាប់អ្នកមានស្បែកធម្មតា គឺមុនពេលចូលគេង ក្រោយពេលភ្ញាក់ពីគេង និងយ៉ាងតិចម្តងចំពោះអ្នកមានស្បែកស្ងួតគឺរាល់មុនពេលចូលគេង។
• អ្នកក៏ត្រូវសម្អាតមុខក្រោយពេលហាត់ប្រាណឬបែកញើសខ្លាំងផងដែរ
• ចៀសវាងសម្អាតមុខញឹកញាប់ពេក បើមិនចាំបាច់ ព្រោះវាធ្វើឲ្យស្បែកស្ងួត និងបន្ទាប់មកធ្វើឲ្យមានការផលិតខ្លាញ់កាន់តែច្រើនដើម្បីសម្របសម្រួលភាពស្ងួតនោះវិញ។

2.    សីតុណ្ហភាពទឹកសម្រាប់លាងមុខ
• ការប្រើប្រាស់ទឹកក្តៅ៖ 
ការប្រើទឹកក្តៅលាងមុខ អាចធ្វើឲ្យសរសៃឈាមរីកធំ ខូចកោសិកា ថែមទាំងបំផ្លាញស្រទាប់ខ្លាញ់ធម្មជាតិសម្រាប់ការពារស្បែកផងដែរ ដែលនាំឲ្យស្បែកស្ងួត  និងងាយរមាស់ប្រតិកម្ម។ ជំនួសមកវិញ គួរប្រើប្រាស់ទឹកក្តៅឧណ្ហៗដែលអាចជួយបន្ទន់ខ្លាញ់កករឹងនៅរន្ធរោមបាន។
• ការផ្លាស់ប្តូរសីតុណ្ហភាពទឹក៖ 
ចៀសវាងផ្លាស់ប្តូរសីតុណ្ហភាពពីក្តៅមកត្រជាក់ភ្លាមៗ ដោយជឿថាម៉ាស្សាមុខជាមួយទឹកក្តៅជាវិធីបង្កើនចរន្តឈាម និងទឹកត្រជាក់អាចជួយបិទរន្ធរោម ដែលនេះមានតែធ្វើឲ្យស្បែកមានប្រតិកម្ម  និងងាយខូចខាតទៅវិញ។

3.    ការប្រើប្រាស់ផលិតផលមិនត្រឹមត្រូវ
• ជាទូទៅហ្វូមសម្អាតមុខមានលក្ខណៈស្រាលដែលមានន័យថាវាមិនអាចសម្អាតផលិតផលគ្រឿងសម្អាង ឬឡេការពារកម្តៅបានស្អាតឡើយ។ ដូចនេះ អ្នកគួរតែប្រើប្រាស់ទឹកសម្អាតមុខដែលស័ក្តិសមនឹងស្បែក ដោយយកល្អវាគួរតែជាប្រភេទស្រាល គ្មានជាតិអាល់កុល ដើម្បីសម្អាតមុខ មុនប្រើហ្វូមលាងមុខ។
• អ្នកត្រូវជ្រើសរើសហ្វូមសម្អាតមុខឲ្យបានត្រឹមត្រូវតាមប្រភេទស្បែក តែមិនថាអ្នកមានស្បែកប្រភេទអ្វី អ្នកត្រូវចៀសវាងផលិតផលដែលមាន Parabens  អាល់កុល ឬក្លិន(Fragrance) ដែលមិនល្អចំពោះស្បែកឡើយ។

4.    ការខាត់សម្អាតមុខ
ការខាត់កោសិកាចាស់ៗចេញជាវិធីរក្សាភាពលូតលាស់នៃកោសិកាថ្មីរបស់ស្បែក។ ទោះយ៉ាងណា នេះពុំមែនមានន័យថា អ្នកគួរខាត់ស្បែកញឹកញាប់ ឬខាត់យូរៗពេកនោះទេ។ ការខាត់ម្តងៗត្រឹម ២០ ទៅ ៣០ វិនាទី តាមចលនាជារង្វង់ រួចលាងជាមួយទឹកឧណ្ហៗ មួយសប្តាហ៍យ៉ាងច្រើន ១ ទៅ ២ ដង ត្រូវបានចាត់ទុកថាគ្រប់គ្រាន់។

5.    ការជូតសំងួតមុខ
ចៀសវាងសម្អាតមុខជាមួយនឹងកន្សែងរួមគ្នា ឬកន្សែងជូតខ្លួន ដើម្បីចៀសវាងការនាំមេរោគមកលើស្បែកមុខ។ យកល្អ អ្នកគួរមានកន្សែងជូតមុខដែលបានបោកសម្អាតជាប្រចាំ។ ម្យ៉ាងទៀត អ្នកគួរប្រាកដថា កន្សែងជូតមុខរបស់អ្នកស្ងួត និងទន់ល្អ ជាពិសេសអ្នកគួរផ្តិតមុខថ្នមៗឲ្យស្ងួត ជាជាងការជូតអូសខ្លាំងៗ។

6.    ក្រោយពីលាងសម្អាតមុខ
ចំពោះគ្រប់ប្រភេទស្បែក អ្នកចាំបាច់ត្រូវលាបក្រែមផ្តល់សំណើមដល់ស្បែកភ្លាមៗក្រោយពីលាងសម្អាត និងមុនពេលលាបផលិតផលរក្សាស្បែកផ្សេងទៀត ឬគ្រឿងសម្អាង ដោយកុំចាំឲ្យស្បែកស្ងួត ធ្វើឲ្យពិបាកលាប។  

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ    
 

ពាក្យទាក់ទង


មតិយោបល់