សញ្ញាណនៃជំងឺពងបែកដៃ ជើង មាត់ លើកុមារ

ជំងឺពងបែកដែលភាសាបច្ចេកទេសហៅថា Hand-Foot-and-Mouth Disease ជាប្រភេទមួយនៃជំងឺកើតលើបាតដៃ បាតជើង ក្នុងមាត់ និងលើខ្លួនរបស់កុមារទាំងមូល នៅចន្លោះអាយុក្រោម៥ឆ្នាំ (ដោយឡែក សម្រាប់មនុស្សពេញវ័យក៏អាចកើតមានដែរ តែមិនស្តែងចេញជារោគសញ្ញាទេ)។ ជំងឺនេះត្រូវបានបែងចែកជា ២ទៅតាមប្រភេទមេរោគ តែទម្រង់នៃការស្តែងចេញគឺប្រហាក់ប្រហែលគ្នា។ ជារៀងរាល់ឆ្នាំ និងស្ទើរតែគ្រប់តំបន់ក្នុងប្រទេសកម្ពុជា តែងប្រឈមជំងឺពងបែកនេះ ពិសេសនៅរដូវធ្លាក់ខ្យល់ គ្រាន់តែនៅឆ្នាំខ្លះវាពុំបានស្តែងចេញជាលក្ខណៈធ្ងន់ធ្ងរប៉ុណ្ណោះ។

មូលហេតុ និងការឆ្លង
ជំងឺពងបែកលើកុមារនេះបង្កឡើងពីវីរុស ២ប្រភេទរួមមាន៖
• Coxsackie virus៖ មានអត្រានៃការកើតឡើងញឹកញាប់ច្រើន តែវាមានលក្ខណៈស្រាល
• EV71៖ បង្កឡើងក្នុងអត្រាតិចតួចប៉ុណ្ណោះតែអ្នកជំងឺភាគច្រើនមានលក្ខណៈធ្ងន់ធ្ងរ និងគ្រោះថ្នាក់ខ្ពស់។
វីរុសទាំង២ប្រភេទនេះមាននៅក្នុងលំហ ឆ្លងដោយផ្ទាល់ទៅកាន់កុមារ ហើយបន្តឆ្លងទៅកុមារផ្សេងទៀតតាមរយៈការប៉ះពាល់ស្បែកដែលមានដំបៅ។

សញ្ញាសម្គាល់
ទោះបីជំងឺពងបែកលើកុមារនេះបង្កឡើងពីវីរុស២ប្រភេទខុសគ្នាយ៉ាងណាក៏ដោយ តែរោគសញ្ញាដែលស្តែងចេញជារួមដូចគ្នា គឺឡើងកម្តៅរាងកាយ បន្ទាប់មកចាប់ផ្តើមចេញពងបែក នៅលើបាតដៃឬបាតជើង ក្នុងមាត់ រួចចេញពេញខ្លួនតែម្តង ដែលទីតាំងទាំង ៣មានសភាពក្រាស់ជាងកន្លែងផ្សេង។ ក្រៅពីនេះ កុមារអាចនឹងថយចុះនូវចំណង់អាហារដែលធ្វើឲ្យពួកគេហេវហត់ អស់កម្លាំង និងប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំការពាររាងកាយ មិនអាចទប់ទល់នឹងជំងឺនេះបាន។

ការធ្វើរោគវិនិច្ឆ័យ
ការពិនិត្យលើសញ្ញាគ្លីនិកដោយគ្រូពេទ្យឯកទេសត្រូវបានធ្វើឡើងដំបូងបំផុតដើម្បីសន្និដ្ឋានពីជំងឺនេះ។ តែក្នុងករណីពិសេសដើម្បីឲ្យកាន់តែច្បាស់ គ្រូពេទ្យនឹងយកជាតិខ្ទុះ ឬរំអិលនៅក្នុងបំពង់កកុមារទៅពិនិត្យ និងធ្វើការបណ្តុះមេរោគនៅមន្ទីរពិសោធន៍ធំៗ ដូចជាមន្ទីរពិសោធន៍ប៉ាស្ទ័រជាដើម។

ការព្យាបាល
គួរបញ្ជាក់ថា គ្មានថ្នាំប្រភេទណាមួយជាក់លាក់ដែលត្រូវបានយកមកព្យាបាលជំងឺពងបែកនេះទេមានតែការប្រើប្រាស់ថ្នាំទៅតាមរោគសញ្ញារបស់កុមារប៉ុណ្ណោះ ដូចជា បញ្ចុះកម្តៅ ឬថ្នាំសម្អាតលើស្បែក និងជំនួយដល់ការទទួលទានអាហារដោយមានការគណនាលើកម្រិតតម្រូវការកាល់ឡូរីសមស្របសម្រាប់កុមារម្នាក់ៗ។ ការប្រើប្រាស់អង់ទីប៊ីយ៉ូទិកមិនត្រូវបានណែនាំនោះទេក្នុងករណីជំងឺនេះ លុះត្រាតែដំបៅមានលក្ខណៈក្លាយ និងធ្ងន់ធ្ងរ ព្រមទាំងមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យឯកទេសរោគកុមារ។ ទោះជាយ៉ាងណាក៏ដោយ កុមារនឹងអាចជាសះស្បើយដោយខ្លួនឯងទោះបីមិនបានទទួលការព្យាបាល ប្រសិននេះជាករណីស្រាល។ ផ្ទុយមកវិញ ប្រសិនបើមានការលេចចេញនូវផលវិបាករបស់ជំងឺនោះ វានឹងបង្កឲ្យមានជំងឺរលាកខួរក្បាល(Encephalitis) រលាកស្រោមខួរ (Meningitis) ឬទន់អវយវៈ (Flaccid Paralysis) ដោយសារវីរុសជាពិសេសគឺវីរុស​ EV71 ដែលប៉ះពាល់ដល់អាយុជីវិតកុមារបាន។

ការការពារ
ដោយសារតែករណីពងបែកលើកុមារនេះអាចឆ្លងបន្តទៅកុមារផ្សេងទៀត តាមរយៈការប៉ះពាល់ផ្ទាល់ ឬការនៅក្បែរគ្នា ពិសេសកុមារនៅតាមមត្តេយ្យសាលា ដូច្នេះ ឪពុកម្តាយ ឬលោកគ្រូអ្នកគ្រូដែលដឹងថាកុមារកំពុងមានជំងឺនេះ ត្រូវឲ្យកុមារសម្រាកនៅផ្ទះយ៉ាងហោចណាស់ ១សប្តាហ៍។ គួរបញ្ជាក់ថាគ្មានវ៉ាក់សាំងសម្រាប់ចាក់ការពារនោះទេសម្រាប់លក្ខណៈទូទៅនៃពិភពលោក ដោយឡែកមាន តែប្រទេសចិនមួយប៉ុណ្ណោះមានវ៉ាក់សាំងនេះ តែក៏មិនទាន់ត្រូវបានផ្សព្វផ្សាយពេញពិភពលោកដែរ។

នៅពេលសង្កេតឃើញកុមារមានពងបែកលើស្បែក ឪពុកម្តាយ ឬអាណាព្យាបាលត្រូវប្រញាប់នាំពួកគេមកប្រឹក្សាជាមួយគ្រូពេទ្យឯកទេសរោគកុមារ ដែលនៅជិតបំផុតឲ្យបានឆាប់រហ័ស។ ក្នុងពេលជាមួយគ្នានោះដែរ ត្រូវរក្សាកុមារឲ្យនៅផ្ទះដើម្បីកាត់បន្ថយការចម្លងបន្តទៅកុមារផ្សេង និងផ្តល់អាហារឲ្យបានគ្រប់គ្រាន់ ធ្វើយ៉ាងណាកុំឲ្យកុមារថយកម្លាំង។

បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈ ប៊ុនណា ឯកទេសរោគកុមារ ផ្នែកជំងឺធ្ងន់ និងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកុមារជាតិ

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 

ពាក្យទាក់ទង


មតិយោបល់