តើគួរសារភាពប្រាប់ Crush នៅថ្ងៃនៃក្ដីស្រលាញ់ឬអត់?

នរណាមាន Crush ខ្លះលើកដៃតិចមើល៎!

Crush សំដៅលើអ្នកដែលយើងលួចមានចិត្ត ឬលួចស្រលាញ់ តែសុំសរសេរជាភាសាអង់គ្លេសអ៊ីចឹងស្រួលយល់ជាង។ ដូចដឹងស្រាប់ហើយថា ថ្ងៃ១៤ កុម្ភៈ Valantine’s Day ឬខ្មែរយើងនិយមហៅបុណ្យសង្សារនោះជិតមកដល់ហើយ ក៏មានអ្នកមួយចំនួន គេមានគូគេស្រាប់ ឯអ្នកមួយចំនួនក៏មិនមាន រីឯមួយចំណែកផ្សេងទៀតក៏ Crush លើគេ។ ជាមួយគ្នានេះ អ្នកមាន Crush ធ្លាប់គិតចង់សារភាពខ្លះអត់? ហើយមានដេញពេលាបានថ្ងៃល្អនៅ? ចុះបើរើសយកថ្ងៃពិសេស ដូចថ្ងៃបុណ្យសង្សារអ៊ីចឹងយ៉ាងម៉េចវិញទៅ? យ៉ាងណាៗ យើងមានមតិពីរសម្រាប់អ្នកជ្រើសរើសដោយខ្លួនឯងសាកមើល។

១. វាយស្លាប់ក៏មិនសារភាពដែរ
ខំលាក់យូរហើយ ឲ្យសារភាពយ៉ាងម៉េចភ្លាមៗចឹង? ខ្លាចថាសារភាពហើយ គេអត់ខ្វល់ទៅគិតម៉េចទៅ? ណាមួយ គិតថាថ្ងៃ១៤ កុម្ភៈហ្នឹងដូចមិនសមនឹងប្រាប់ទេ... គិតៗទៅ ប្រសិនបើពេលវេលាស័កិ្ដសមមកដល់ ចាំនិយាយប្រាប់ Crush ហើយ មិនចាំបាច់យកពេលល្អ ឬថ្ងៃពិសេសអ៊ីចឹងៗអីទេ។ ណាមួយ គេខាងនោះមិនដឹងគិតយ៉ាងណាទេ បើសុខៗមកសារភាពចំថ្ងៃបុណ្យសង្សារនោះ ខ្លាចថាយើងគិតអីមិនល្អលើគេ ឬគេមិនទទួលយកយើងផងក៏ថាបាន។ ម៉េចក៏ដោយ យើងមិនទាន់ហ៊ានប្រថុយប្រាប់គេទេ ចាំមើលស្ថានការណ៍តទៀតសិន ព្រោះថាប្រសិនបើឱកាសមកដល់ មិនចាំបាច់ថ្ងៃពិសេសអ្វីនោះទេ គ្រប់យ៉ាងវានឹងទៅតាមដំណើររបស់វាហើយ។

២. ចាំកាលទៀត ថ្ងៃល្អមកដល់ហើយ
ទិវានៃក្ដីស្រលាញ់ជាឱកាសដ៏ល្អមួយដើម្បីសារភាព ប្រសិនបើអ្នកឆ្លាត តែត្រូវប្រាកដចិត្តផងថា Crush អ្នកមិនទាន់មានម្ចាស់ទេណា! កុំចេះតែហ៊ាន! អ្នកប្រហែលជាមានការភ័យខ្លាចនិងការព្រួយបារម្ភខ្លះៗ អំពីការសារភាព ក្តីស្រលាញ់របស់អ្នកទៅកាន់គេប៉ុន្តែការចាប់ផ្តើមអ្វីថ្មីគឺកើតឡើងដោយសារភាពក្លាហាន។ ម៉្យាងទៀត វាជាថ្ងៃដែលពោរពេញទៅដោយបេះដូងនៃក្តីស្រលាញ់ និងការបើកចំហមនោសញ្ចេតនាចំពោះគ្នាទៅវិញទៅមកដូចនេះវា
ស័កិ្តសមបំផុតសម្រាប់ប្រាប់ទៅកាន់ Crush ថាអ្នកមានចិត្តលើគេ។ វាមិនមែនជារឿងអីធំដុំ ឬលំបាកខ្លាំងណាស់ទេដោយគ្រាន់តែប្រាប់គេពីរឿងដែលយើងបានលាក់ក្នុងចិត្តនោះ គ្រាន់តែអ្នកបង្ហាញភាពក្លាហានទៅ។ ទាន់មានឱកាសល្អជិតមកដល់ គួរតែឆាប់ប្រាប់គេភ្លាមទៅប្រយ័ត្នមានអ្នកកាត់មុខកាត់មាត់ណា៎! ឱកាសមិនមែនមានគ្រប់ពេលទេ ហើយឱកាសល្អរិតតែពិបាករកថែមទៀត អ៊ីចឹងខំលាក់ទុកម្នាក់ឯងអីទៀត! ស្រួលមិនស្រួល គេ Crush យើងវិញដែរអីទៅ មិនឡូយ!

មិនទាន់អស់ទេ៎! ប្រសិនបើអ្នកមានបំណងចង់សារភាពប្រាប់ Crush ក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ យើងមានវិធីខ្លះៗ ដើម្បីជួយអ្នកបានខ្លះ ប្រសិនបើមានប្រសិទ្ធភាព Crush ព្រមក្លាយជាសង្សារ មកប្រាប់ Blogger វិញផងណា។ តោះ! អានសាកមើល៎...
• ប្រើបទចម្រៀងបង្ហាញពីចិត្ត៖ កុំទាន់អាលថាហួសសម័យ! សតវត្សទី ២១ហើយមែន តែនៅមានប្រសិទ្ធភាពដែរ។ យកចិត្តទុកដាក់ចំពោះទំនុកចម្រៀង និងជ្រើសរើសយកបទចម្រៀងដែលពាក់ព័ន្ធនឹងអ្នកទាំងពីរ ហើយមានភ្លេងមានទំនុកច្រៀងយ៉ាងជ្រាលជ្រៅបែបចាក់ដោត! ប្រសិនបើអ្នកមានគំនិតច្នៃប្រឌិតនិងទេពកោសល្យ អ្នកអាចសាកល្បងច្រៀងចម្រៀងផ្ទាល់ខ្លួនរបស់អ្នក។
• និយាយចំៗតែម្តង៖ មិនពិបាករៀបចំយូរ ឬគិតច្រើនទេ សាកនិយាយប្រាប់គេត្រង់ៗតែម្តងទៅ វាមិនទៅពិបាកខ្លាំងទេ។ អ្នកអាចណាត់ជួបគេនៅកន្លែងណាមួយដែលអាចនិយាយគ្នាបាន ហើយសារភាពទល់មុខគ្នា២នាក់ហ្នឹងទៅ។
• បង្កើតភាពភ្ញាក់ផ្អើលសម្រាប់គេ៖ ឲ្យគេនូវអំណោយតូចៗ ហើយយកវាទៅដាក់ក្នុងថង់កាបូបនៅកន្លែងធ្វើការ ឬនៅខាងក្រៅផ្ទះរបស់គេ។ វិធីនេះអាចនឹងនាំស្នាមញញឹមដល់គេ ហើយភ្ជាប់ជាមួយសំបុត្រ ឬផុសកាតសរសេរផ្ទាល់ដៃអ្នកផងដើម្បីបង្ហាញគេថា គេសំខាន់សម្រាប់អ្នក។
• ផ្ញើសារ៖ ប្រសិនបើអ្នកមិនហ៊ាននិយាយផ្ទាល់ អ្នកអាចប្រើប្រាស់សារទូរស័ព្ទ ឬសារ Facebook ជាដើម។ អ្នកអាចសរសេររៀបរាប់ពីចិត្តអ្នកឲ្យគេដឹងតាមសារដែលអ្នកផ្ញើ ប៉ុន្តែត្រូវប្រាកដចិត្តថាគេនឹងអានគ្រប់យ៉ាងដែលអ្នកបានសរសេរ ដូចជារង់ចាំគេតបសិនដើម្បីប្រាកដចិត្តថាគេបានឃើញនិងអានសាររបស់យើង ហើយព្យាយាមកុំសរសេរវែងៗខ្លាំងពេក ចៀសវាងគេធុញ។

សង្ឃឹមថាអ្នកមាន Crush គ្រប់រូបបានអាននូវអត្ថបទមួយនេះ នឹងសម្រេចចិត្តថាគួរធ្វើយ៉ាងណាជាមួយ Crushរបស់អ្នកឲ្យសមស្របតាមកាលៈទេសៈ។  បើមិនទាន់ហ៊ានសារភាព អ្នកគួរសួរខ្លួនឯងថា «ហេតុអ្វី?» តើអ្នកមានហេតុផលអ្វីសមស្រប ចំពោះការដែលមិនសារភាពហើយសម្រាប់អ្នកមានបំណងនឹងប្រាប់ តើគួរជ្រើសរើសវិធីណា ដើម្បីឲ្យគេបើកភ្លើងខៀវ។ ហើយសម្រាប់អ្នកមានគូហើយ សូមចំណាយពេលជាមួយមនុស្សជាទីស្រលាញ់របស់អ្នកឲ្យមានសុភមង្គលណា៎!

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់