សិក្ខាសាលាសុខភាពស្តីពី ” ការពុលចំណីអាហារ និងវិធានការការពារ”


នាថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ស្ថានីយវិទ្យុផ្កាឈូកគណៈកម្មការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ និងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(CJBI) បានរៀបចំសិក្ខាសាលាស្តីពីសុខភាពក្រោមប្រធានបទ «ការពុលចំណីអាហារ និងវិធានការការពារ» នៅសាលអង្គរគីហ្សូណានៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ជាក់ស្តែង សិក្ខាសាលាស្តីពីសុខភាពនេះត្រូវបានធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង  និងកាត់បន្ថយគ្រោះថ្នាក់ដោយចំណីអាហារ ព្រមទាំងការពុលចំណីអាហារ និងវិធានការការពារ។

សិក្ខាសាលារយៈពេលកន្លះថ្ងៃនេះ ចាប់ផ្តើមពីម៉ោង ៧ព្រឹក ដល់១១ថ្ងៃត្រង់ ដោយមានការអញ្ជើញចូលរួមចែករំលែកចំណេះដឹងដោយវាគ្មិនកិត្តិយសចំនួន ៤រូបគឺ លោកបណ្ឌិត អ៊ុយ ដារិន នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ លោក លី ទីន អនុប្រធាននាយកដ្ឋានវិញ្ញាបនបត្រកម្មនៃវិទ្យាស្ថានស្តង់ដារ និងឱសថការី អាំង ហុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ នៃនាយកដ្ឋានឱសថចំណីអាហារបរិក្ខាពេទ្យ និងគ្រឿងសម្អាងក្រសួងសុខាភិបាល និងមានផងដែរនូវវត្តមានរបស់ ព្រះភិក្ខុវជិរប្បញ្ញោ គូសុភាព សាស្រ្តាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ សិក្ខាសាលាទាំងមូលក៏ទទួលបានកិត្តិយសចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ  លោកលោកស្រី ព្រមទាំងមានការចូលរួមយ៉ាងច្រើនលើសការរំពឹងទុកពីសំណាក់បងប្អូនសិស្សានុសិស្សប្រមាណ ៤០០នាក់ផងដែរ។

នាឱកាសនេះ លោកឱសថការី អាំង ហុកស្រ៊ុន បានមានប្រសាសន៍ថា «ការពុលអាហារគឺជាការបរិភោគចំណីអាហារដែលមានលាយឡំជាមួយភាពកខ្វក់ ពពួកមេរោគ ឬជាតិតុកស៊ីនគ្រប់ចំនួនដែលអាចធ្វើឲ្យអ្នកបរិភោគចំណីអាហារនោះមានជំងឺបាន។ លើសពីនេះ លោកបានបង្ហាញផងដែរថា ការផ្ទុះការពុលចំណីអាហារនៅកម្ពុជាមានលក្ខណៈប្រែប្រួលក្នុងមួយឆ្នាំៗ ដោយក្នុងឆ្នាំ ២០១៥ មានការពុលចំណីអាហារ ៣៣ដង អ្នកជំងឺ ១៩៥៧នាក់ សម្រាកពេទ្យ ១៩២៨នាក់ ស្លាប់ ២៩នាក់ ចំណែកឆ្នាំ ២០១៦ មានការពុលចំណីអាហារ ១៩ដង អ្នកជំងឺ ៧០៣នាក់ សម្រាកពេទ្យ ៦៦០នាក់ ស្លាប់ ១៥នាក់។ ដោយឡែក ក្នុងឆ្នាំ ២០១៧ មានការពុលចំណីអាហារ ២៨ដង អ្នកជំងឺ ៨២៨នាក់ សម្រាកពេទ្យ ៨១៦នាក់ ស្លាប់ ០៤នាក់ និងឆ្នាំ ២០១៨ ការពុលចំណីអាហារមាន ១៣ដង អ្នកជំងឺ ២០៣នាក់ សម្រាកពេទ្យ ១៩៦នាក់ និងស្លាប់ ១២នាក់»។

គួរបញ្ជាក់ផងដែរ បន្ទាប់ពីធ្វើបទបង្ហាញទៅលើប្រធានបទទាក់ទងខុសៗគ្នារបស់វាគ្មិនកិត្តិយសយ៉ាងក្បោះក្បាយ និងយ៉ាងស៊ីជម្រៅរួចក៏មាននូវវេទិកាសំណួរ-ចម្លើយ ព្រមទាំងបញ្ចប់ជាមួយនឹងការថតរូបអនុស្សាវរីយ៍ពីសំណាក់វាគ្មិន និងអ្នកចូលរួមទាំងអស់ប្រកបដោយភាពសប្បាយរីករាយ។

ពាក្យទាក់ទង


មតិយោបល់