ស្ត្រីមានផ្ទៃពោះគួរទទួលទានកាល់ស្យូមកម្រិតណា?

កាល់ស្យូមតែងត្រូវបានមនុស្សគ្រប់គ្នាស្គាល់ថាជាសារធាតុមួយសម្រាប់ការលូតលាស់របស់ឆ្អឹង ប៉ុន្តែការទទួលទានក្នុងកម្រិតណាដែលល្អ និងកម្រិតណាដែលគ្រោះថ្នាក់នោះគឺអាចប្រែប្រួលតាមបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតជាពិសេសស្រ្តីមានផ្ទៃពោះតែម្តង។

សំណួរ៖ នាងខ្ញុំអាយុ ៣៣ឆ្នាំ កម្ពស់១ម៉ែត្រ៥៥ ទម្ងន់៦៣គីឡូក្រាម ជាមេផ្ទះ។ពេលនេះខ្ញុំមានផ្ទៃពោះជិត ៤ខែហើយ អំឡុងពេលមានផ្ទៃពោះនេះផងដែរខ្ញុំចូលចិត្តញ៉ាំអាហារប្រភេទកាល់ស្យូមញឹកញាប់ ព្រោះឮគេនិយាយថាវាអាចជួយឲ្យឆ្អឹងទារក និងម្តាយរឹងមាំ តើនេះជាការពិតឬទេ? តើខ្ញុំអាចប្រឈមនឹងវិបត្តិក្នុងពេលសម្រាល ឬបញ្ហាណាមួយ ឬទេ?

ចម្លើយ៖ ការបរិភោគអាហារដែលប្រកបទៅដោយសុខភាពល្អ និងផ្លាសប្តូររបបអាហារក្នុងអំឡុងពេលមានផ្ទៃពោះអាចជួយឲ្យអ្នកទទួលបានគ្រប់ប្រភេទវីតាមីន និងសារជាតិរ៉ែដែលអ្នកត្រូវការ។ កាល់ស្យូមគឺជាសារធាតុចាំបាច់សម្រាប់ការលូតលាស់ឆ្អឹង និងធ្មេញ។ ថ្វីបើកម្រិតមធ្យមកាល់ស្យូមដែលត្រូវបានផ្តល់អនុសាសន៍ឲ្យមនុស្សគ្រប់គ្នាប្រើប្រាស់ប្រចាំថ្ងៃមានបរិមាណ ១០០០មីលីក្រាម (ស្មើនឹងទឹកដោះគោស្រស់ ៨កែវ) ក៏ដោយ តែចំពោះស្ត្រីដែលមានផ្ទៃពោះ ឬស្ត្រីបំបៅដោះកូនត្រូវការកាល់ស្យូមច្រើនជាង ១២០០មីលីក្រាម ទៅ ១៤០០មីលីក្រាមក្នុងមួយថ្ងៃ។ តម្រូវការកាល់ស្យូមរបស់ស្ត្រីមានផ្ទៃពោះកើនឡើងបន្ថែមទៀតក្នុងត្រីមាសទី៣ នៅពេលដែលឆ្អឹងរបស់ទារកកំពុងលូតលាស់លឿន។ ទារកដែលកើតចេញពីម្តាយដែលបានទទួលទានអាហារបំប៉នដែលមានកាល់ស្យូមបន្ថែមមានទម្ងន់ឆ្អឹង១៥%លើសទារកដែលមិនបានទទួលកាល់ស្យូមបន្ថែម ម៉្យាងទៀតពួកគេក៏មានហានិភ័យដែលកើតមិនគ្រប់ខែទាបជាងដែរ។ ប្រសិនបើអ្នកនៅមានការព្រួយបារម្ភអំពីការទទួលទានកាល់ស្យូម សូមកុំស្ទាក់ស្ទើរសួរគ្រូពេទ្យអ្នកទាក់ទងនឹងការប្រើប្រាស់អាហារបំប៉នដែលមានកាល់ស្យូមបន្ថែម។ ហាមប្រើលើសកម្រិត ព្រោះកាល់ស្យូមច្រើនពេកអាចធ្វើឲ្យសមត្ថភាពក្នុងការស្រូបសារជាតិរ៉ែផ្សេងទៀតរបស់កុមារមានបញ្ហា ទល់លាមក ឬអាចបណ្តាលឲ្យមានបញ្ហាក្រួសតម្រងនោមជាដើម។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រី Anna Woman and Baby’s Center

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់