តើអ្នកកំពុងប្រើប្រាស់ខ្លាញ់​​ត្រី​មែន​ទេ?

អូមេហ្គា ៣ ឬខ្លាញ់ត្រី ត្រូវបានគេទទួលស្គាល់ថាជាឱសថបំប៉នដ៏សំខាន់មួយសម្រាប់ដំណើរការរាងកាយ  ដែលជាសារធាតុសម្បូរនៅក្នុងសត្វត្រី ឬអាចរកបាននៅក្នុងផលិតផលបំប៉នអូមេហ្គា ៣ ផ្ទាល់តែម្តង។

អូមេហ្គា៣ ជាប្រភេទអាស៊ីតខ្លាញ់រួមបញ្ចូលនូវសារធាតុសំខាន់ពីរយ៉ាងគឺអាស៊ីត Eicosapentaenoic (EPA) និងអាស៊ីត Docosahexaenoic(DHA) ដែលមានតួនាទីជាចម្បងទៅលើសារពាង្គកាយដូចជា ដំណើរការកំណកឈាម មុខងារសាច់ដុំ   ការរំលាយអាហារ និងការលូតលាស់កោសិកាមួយចំនួនទៀត។

ការប្រើប្រាស់
បើទោះបីសារសំខាន់នៃឱសថអូមេហ្គា ៣ ត្រូវបានគេសង្កេតឃើញមានជាចម្បងទៅលើបេះដូង ប៉ុន្តែវាក៏មានគុណសម្បត្តិទៅលើស្ថានភាពដូចជា៖
• ការឡើងខ្ពស់នៃកូឡេស្តេរ៉ុល
• ការលើសសម្ពាធឈាម
• ទឹកនោមផ្អែម
• ជំងឺរលាកសន្លាក់
• ជំងឺមហារីកមួយចំនួន
• ជំងឺហឺតជាដើម។
 
សកម្មភាពឱសថ 
អាស៊ីតខ្លាញ់អូមេហ្គា ៣ ត្រូវបានរងការធ្វើមេតាបូលីសនៅក្នុងខ្លួនបំប្លែងបានជា Eicosanoids ដែលមានលក្ខណៈក្នុងការបំពេញមុខងារជាពិសេសដោយក្តោបនូវសារធាតុដូចជា Prostaglandins, Prostacyclins, Thromboxanes និងLeukotrienes។ អ័រម៉ូនដែលទទួលបានទាំងនោះមានសកម្មភាពក្នុងការធ្វើឲ្យមានតុល្យភាពនៃដំណើរការមេតាបូលីស សម្ពាធឈាម កំណកឈាម ការបញ្ចេញជាតិអាស៊ីត ក៏ដូចជាដំណើរការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ និងការរលាក។

កម្រិតប្រើប្រាស់
ការប្រើប្រាស់ក្នុងកម្រិតណាមួយនៃឱសថអូមេហ្គា៣ មានភាពប្រែប្រួលទៅតាមបុគ្គល និងស្ថានភាពសុខភាពនីមួយៗ តួយ៉ាងគេបានកំណត់ក្នុងលក្ខខណ្ឌមួយចំនួនដូចជា៖
• មនុស្សពេញវ័យអាចប្រើប្រាស់អូមេហ្គា ៣ ក្នុងកម្រិត ២៥០-៥០០មីលីក្រាមរៀងរាល់ថ្ងៃ ដើម្បីទទួលបានប្រសិទ្ធភាពសុខភាពទូទៅ
• ចំពោះអ្នកជំងឺសរសៃឈាម អាចមានការណែនាំឲ្យប្រើប្រាស់ឱសថក្នុងកម្រិត ១០០០មីលីក្រាម
• ការប្រើប្រាស់ឱសថក្នុងកម្រិតចន្លោះពី ២០០-២២០០ មីលីក្រាម អាចកាត់បន្ថយការប្រឈមទៅនឹងជំងឺបាក់ទឹកចិត្ត និងថប់បារម្ភចំណែកការប្រើប្រាស់ក្នុងកម្រិតផ្សេងទៀត ចាំបាច់ត្រូវមានការណែនាំពីសំណាក់វេជ្ជបណ្ឌិតជំនាញ។

ផលរំខាន
ឱសថអូមេហ្គា ៣ អាចនឹងផ្តល់ជាការរំខាននានាមានដូចជា៖
• បង្កជាក្លិនត្រីនៅក្នុងមាត់ និងតាមរយៈការដកដង្ហើម
• ប៉ះពាល់លើក្រពះ
• ចង្អោរ។

ចំណែកការប្រើប្រាស់ឱសថហួសកម្រិតលើសពី ៣ក្រាមក្នុងមួយថ្ងៃជាប្រចាំនោះអ្នកអាចប្រឈមទៅនឹងការហូរឈាម ដូច្នេះការប្រឹក្សាជាមួយវេជ្ជបណ្ឌិតសម្រាប់ការប្រើប្រាស់ត្រូវធ្វើឡើងដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាព។

អន្តរកម្មឱសថ
ការរួមបញ្ចូលគ្នានៃឱសថមួយចំនួន ក្នុងពេលជាមួយគ្នានៃការប្រើប្រាស់អូមេហ្គា ៣ រឹតតែអាចធ្វើឲ្យមានការប្រឈមទៅនឹងហានិភ័យនៃការហូរឈាមដែលក្នុងនោះរួមមាន ឱសថធ្វើឲ្យឈាមរាវ ឱសថប្រឆាំងកំណកឈាម (Anti-platelet drugs) ឱសថបំបាត់ការឈឺចាប់ (Anti-inflammatory painkillers) ឬឱសថ Ginkgo biloba ជាដើម។

ការប្រឈម និងបម្រុងប្រយ័ត្ន
បុគ្គល និងក្នុងលក្ខខណ្ឌមួយចំនួនត្រូវទាមទារឲ្យមានការប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញពីកម្រិតឱសថអូមេហ្គា ៣ មុនពេលសម្រេចចិត្តប្រើប្រាស់ដែលត្រូវធ្វើឡើងចំពោះ៖
• ស្រ្តីមានផ្ទៃពោះ
• អ្នកជំងឺទឹកនោមផ្អែម
• អ្នកជំងឺដែលមានកម្រិតជាតិខ្លាញ់អាក្រក់ (LDL Cholesterol) ឡើងខ្ពស់
• អ្នកមានប្រតិកម្មជាមួយសារធាតុសកម្មណាមួយ  នៅក្នុងអូមេហ្គា ៣
• អ្នកជំងឺកំពុងប្រើប្រាស់ឱសថណាមួយដទៃទៀត
• ហាមប្រើប្រាស់ឱសថលើសកម្រិតពីការណែនាំ

គួរបញ្ជាក់ផងដែរ ឱសថអូមេហ្គា ៣ ដែលកំពុងត្រូវបានប្រើប្រាស់ជាញឹកញាប់សព្វថ្ងៃមានឈ្មោះដូចជា Golden Alaska, Nature Made Fish Oil និង Kirkland Signature។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់