អ្នកជំងឺមានដល់ទៅ ១៤ប្រភេទ

ក្នុងនាមជាគ្រូពេទ្យ អ្នកនឹងជួបអ្នកជំងឺជាច្រើនហើយពួកគេសុទ្ធតែមានលក្ខណៈខុសៗគ្នា ប៉ុន្តែអ្វីដែលអ្នកចាំបាច់ត្រូវតែធ្វើនោះគឺរក្សាឲ្យបាននូវទំនាក់ទំនងល្អរវាងគ្រូពេទ្យ និងអ្នកជំងឺ។ ខាងក្រោមនេះ គឺជាប្រភេទនៃអ្នកជំងឺ និងវិធីសាស្ត្រមួយចំនួនដែលអ្នកគួរតែស្វែងយល់ ដើម្បីដោះស្រាយជាមួយពួកគេ។
 
១· អ្នកជំងឺដែលរួសរាយ៖ ជាទូទៅ អ្នកជំងឺប្រភេទនេះមានភាពងាយស្រួលក្នុងការថែទាំ។ អ្នកជំងឺភាគច្រើនស្ថិតនៅក្នុងប្រភេទនេះ។ ទោះជាយ៉ាងណាក៏ដោយ វានៅតែមានបញ្ហាមួយចំនួនដែលអាចនឹងកើតមាន។ អ្នកត្រូវតែប្រុងប្រយ័ត្នហើយមិនត្រូវធ្វើតាមចិត្តរបស់ពួកគេពេកទេ ព្រោះថាវាអាចកាត់បន្ថយនូវគោលដៅក្នុងការព្យាបាលរបស់អ្នក។ អ្នកប្រហែលជាចង់បាននូវការធានា និងភាពសុទិដ្ឋិនិយមជាជាងកាលដែលអ្នកអនុវត្តនូវភាពប្រាកដនិយម។ បន្ថែមពីនេះទៅទៀត អ្នកប្រហែលជាត្រូវបានល្បូងឲ្យធ្វើតាមសំណូមពរនានាដែលមិនមែនជាប្រយោជន៍សម្រាប់ការថែទាំសុខភាពដ៏ល្អ។

២· អ្នកជំងឺដែលក្លាហាន៖ អ្នកជំងឺប្រភេទនេះមានស្មារតីមុតមាំ ចិត្តរឹងប៉ឹង ចេះទទួលយកការពិត និងមានការយល់ដឹងនៅពេលប្រឈមនឹងស្ថានភាពលំបាក។ យើងកោតសរសើរយ៉ាងជ្រាលជ្រៅដល់អ្នកជំងឺទាំងនេះហើយសង្ឃឹមថាយើងអាចប្រមូលផ្ដុំនូវស្មារតីដូចជាពួកគេដែរ នៅពេលដែលយើងត្រូវការវា។

៣· អ្នកជំងឺ ឬក្រុមគ្រួសារអ្នកជំងឺដែលមានភាពក្រោធខឹង៖ ពួកគេអាចធ្វើឲ្យយើងខឹង និងមានប្រតិកម្មតបទៅនឹងកំហឹងរបស់យើង។ ការឆ្លើយតបទៅនឹងកំហឹងតែងតែធ្វើឲ្យបញ្ហាកាន់តែអាក្រក់ឡើងសម្រាប់អ្នក និងអ្នកជំងឺ។ អ្នកគួរតែព្យាយាមស្វែងយល់ពីភាពខឹងច្រឡោតរបស់អ្នកជំងឺ និងព្យាយាមនៅខាងពួកគេក្នុងការជួយដោះស្រាយនូវប្រភពនៃបញ្ហាទាំងនោះ ប្រសិនបើវាសមហេតុសមផលក្នុងការធ្វើដូច្នេះមែន។ អ្នកគួរតែឲ្យពួកគេបញ្ចេញនូវការយល់ឃើញរបស់ពួកគេ បន្ទាប់មកព្យាយាមដោះស្រាយនូវបញ្ហាទាំងនោះភ្លាមៗ។ ប្រសិនបើអ្នកមិនអាចដោះស្រាយបញ្ហានោះបានទេអ្នកគួរតែព្យាយាមពន្យល់នូវមូលហេតុដែលនាំឲ្យមានបញ្ហាទាំងនោះកើតឡើងឲ្យបានសមរម្យ។ ឧទាហរណ៍ដោយបង្ហាញពីវិធីសាស្ត្រក្នុងការព្យាបាល ឬវិធីកាត់បន្ថយហានិភ័យជាដើម។ អ្នកត្រូវចងចាំថាភាពខឹងច្រឡោតអាចជាវិធីសាស្ត្រក្នុងការការពាររបស់អ្នកជំងឺពីអារម្មណ៍ដូចជាការភ័យខ្លាចការថប់អារម្មណ៍ ឬការធ្លាក់ទឹកចិត្តជាដើម។ កំហឹងក៏អាចជាការព្យាយាមបង្គាប់ឲ្យអ្នកដទៃធ្វើអ្វីមួយដែលជាធម្មតាពួកគេមិនអាចធ្វើបាន។ ប្រសិនបើអ្នកជាប់គាំងក្នុងការដោះស្រាយបញ្ហា ឬអ្នកមានអារម្មណ៍ថាអ្នកកំពុងតែអស់ម្ចាស់ការលើខ្លួនឯងហើយនោះ អ្នកគួរតែព្យាយាមសម្រួលអារម្មណ៍ខ្លួនឯង និងកែតម្រូវស្ថានភាពនោះ។ ជាទូទៅ ប្រសិនបើអ្នកអាចគ្រប់គ្រងខ្លួនឯងបាន ហើយព្យាយាមផ្ដល់នូវការព្រួយបារម្ភចំពោះសុខុមាលភាពរបស់អ្នកជំងឺនោះបញ្ហានឹងត្រូវបានដោះស្រាយ។

៤· អ្នកជំងឺដែលចូលចិត្តទាមទារ៖ ពួកគេទាមទារឲ្យមានការយកចិត្តទុកដាក់ច្រើន ហើយទទូចឲ្យអ្នកធ្វើនេះ ធ្វើនោះដែលពុំចាំបាច់ ឬធ្វើរឿងមួយចំនួនដែលពួកគេអាចធ្វើបានដោយខ្លួនឯង។ ពេលខ្លះអ្នកត្រូវតែកំណត់នូវព្រំដែនការងាររបស់អ្នកចំពោះអ្វីដែលអ្នកអាចធ្វើ និងអ្វីដែលអ្នកមិនអាចធ្វើបានសម្រាប់ពួកគេ។

៥· អ្នកជំងឺញៀនថ្នាំ៖ អ្នកជំងឺប្រភេទនេះ ពេលខ្លះពិតជាពិបាកក្នុងការកត់សម្គាល់ណាស់។ សញ្ញាណមួយចំនួនដែលយើងគួរតែពិចារណានោះ គឺការទាមទារជាប់ជានិច្ចនូវថ្នាំ Opioids (សារធាតុញៀនម្យ៉ាងដែលប្រើ ដើម្បីបំបាត់ការឈឺចាប់) ក្នុងកម្រិតមួយខ្ពស់ដែលមិនសមស្របនឹងរោគសញ្ញារបស់ពួកគេ។ ពួកគេគឺមានសភាពល្អនៅពេលដំបូង ប៉ុន្តែប្រសិនបើអ្នកបន្ថយនូវបរិមាណថ្នាំរបស់ពួកគេនោះ ពួកគេអាចខឹងនឹងអ្នក ឬព្យាយាមបញ្ចុះបញ្ចូលអ្នក។ វាជាការសំខាន់ក្នុងការរក្សានូវគោលជំហររបស់អ្នកក្នុងនាមជាគ្រូពេទ្យ ហើយត្រូវលើកទឹកចិត្តឲ្យពួកគេទទួលយកការប្រឹក្សាសម្រាប់ការញៀនថ្នាំរបស់ពួកគេ។

៦· អ្នកជំងឺដែលចូលចិត្តដឹកនាំ៖ ពួកគេចូលចិត្តឲ្យអ្វីៗស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ ហើយពួកគេនឹងប្រាប់អ្នកនូវអ្វីដែលពួកគេមិនចង់បាន និងបដិសេធចំពោះអ្នកដោយគ្មានការស្ទាក់ស្ទើរឡើយ ប្រសិនបើពួកគេមិនចូលចិត្តអ្វីដែលអ្នកកំពុងនិយាយឬកំពុងធ្វើ ឬអ្វីដែលពួកគេបានធ្វើ ឬពួកគេមិនធ្វើតាមដំបូន្មានរបស់អ្នកតែម្ដង។

៧· អ្នកជំងឺដែលដឹងនូវអ្វីៗទាំងអស់៖ អ្នកជំងឺប្រភេទនេះមានទំនោរជឿជាក់ថាពួកគេមានចំណេះដឹងច្រើនអំពីវិជ្ជាវេជ្ជសាស្ត្រនេះ ហើយ
រឿងខ្លះពួកគេយល់ថាពួកគេចេះស្មើ ឬចេះច្រើនជាងអ្នកទៅទៀត។ ចំណេះដឹងរបស់ពួកគេអាចនឹងមានកម្រិត ប៉ុន្តែពួកគេជារឿយៗ
មិនមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការវិភាគឲ្យបានត្រឹមត្រូវទេ។ ពួកគេចូលចិត្តអានអត្ថបទទាក់ទងនឹងវេជ្ជសាស្ត្រនៅក្នុងកាសែត ឬតាមរយៈអ៊ីនធើណែត ហើយអ្នកអាចនឹងទទួលបាននូវចំណេះដឹងថ្មីៗពីពួកគេវិញក៏ថាបានដែរ។ ដូច្នេះអ្នកត្រូវមានភាពអត់ធ្មត់បន្តិច និងយល់ពីពួកគេហើយមិនត្រូវព្យាយាមប្រកួតប្រជែងជាមួយពួកគេឡើយ។​

៨· អ្នកជំងឺដែលមិនសហការជាមួយគ្រូពេទ្យ៖ ពួកគេអាចនឹងមិនពេញចិត្ត ព្រោះថាពួកគេហាក់បីដូចជាមិនចង់ធ្វើតាមការព្យាបាល ឬវេជ្ជបញ្ជារបស់អ្នក ហើយបន្តការត្អូញត្អែរអំពីរោគសញ្ញាដែលនាំឲ្យពួកគេមកជួបអ្នកពីដំបូង។ ឧទាហរណ៍ អ្នកជក់បារីដែលមានបញ្ហា
សួតធ្ងន់ធ្ងរ គាត់នៅតែជក់បារីបើទោះបីជាអ្នកបានឲ្យដំបូន្មានគាត់ឲ្យឈប់ជក់ក៏ដោយ ឬអ្នកជំងឺលើសសម្ពាធឈាមដែលមិនព្រមញ៉ាំ
ថ្នាំ ហើយថែមទាំងមិនព្រមមកជួបអ្នក ដើម្បីតាមដានស្ថានភាពជំងឺរបស់ពួកគេជាដើម។ ប៉ុន្តែពេលខ្លះអ្នកអាចនឹងស្វែងយល់ពីមូល
ហេតុទាំងនោះដែលមានដូចជា ពួកគេមិនយល់ពីសារៈសំខាន់នៃការព្យាបាល ឬករណីខ្លះពួកគេពុំមានលទ្ធភាពទិញថ្នាំញ៉ាំហើយពួកគេ
មានភាពអៀនខ្មាសនឹងឲ្យអ្នកបានដឹងពីរឿងនេះ។

៩· អ្នកជំងឺដែលមានបញ្ហាថប់អារម្មណ៍៖ ពួកគេត្រូវការពេលវេលាបន្តិច ហើយតែងតែទាមទារនូវការលើកទឹកចិត្ត និងបញ្ជាក់ម្ដងហើយម្ដងទៀត។ ជាងនេះទៅទៀតនោះ គឺចំពោះអ្នកជំងឺ Hypochondria (អ្នកជំងឺថប់អារម្មណ៍ធ្ងន់ធ្ងរឬអ្នកជំងឺដែលមានការព្រួយបារម្ភជ្រុលហើយខ្លាចថាជំងឺរបស់គាត់ចេះតែវិវឌ្ឍទៅជាធ្ងន់ធ្ងរ) ពួកគេអាចនឹងទៅកាន់ផ្នែកសង្គ្រោះបន្ទាន់រាល់ពេលដែលគាត់គ្រាន់តែឈឺខ្នង ឬមានការព្រួយបារម្ភថាតម្រងនោមរបស់គាត់លែងដំណើរការ ឬពួកគាត់ភ័យថាគាត់មានជំងឺមហារីកជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ វាមានហានិភ័យខ្លាំង ប្រសិនបើអ្នកធ្វើរោគវិនិច្ឆ័យខុសចំពោះអ្នកជំងឺនេះព្រោះថាពេលខ្លះអ្នកបានបញ្ជាក់ពួកគេពីរោគសញ្ញាមួយដែលអាចជាសញ្ញាណនៃអ្វីមួយដែលធ្ងន់ធ្ងរ។ អ្នកត្រូវចងចាំថា ពួកគេក៏អាចឈឺដែរ។

១០· អ្នកជំងឺដែលមានបញ្ហាផ្លូវចិត្ត៖ អ្នកជំងឺប្រភេទនេះច្រើនមានភាពច្របូកច្របល់ក្នុងចិត្ត។ រោគសញ្ញារបស់ពួកគេ គឺពិតប្រាកដមែន តែការធ្វើរោគវិនិច្ឆ័យមិនសមហេតុផល។ អ្នកមានការព្រួយបារម្ភថាអ្នកប្រហែលជាកំពុងភ្លេចនូវអ្វីម្យ៉ាង ហើយអ្នកជំងឺក៏ជឿថាមានអ្វីមួយមិនប្រក្រតី។ នៅពេលដែលការវាយតម្លៃចេញមកបានបង្ហាញថា អ្វីគ្រប់យ៉ាងគឺប្រក្រតីហើយអ្នកព្យាយាមបញ្ចុះបញ្ចូលអ្នកជំងឺថា
បញ្ហាអាចមានជាប់ពាក់ព័ន្ធនឹងការស្ត្រេស ប៉ុន្តែពួកគេតែងតែមិនសប្បាយចិត្ត និងអស់ជំនឿ។ ពេលខ្លះពួកគេគិតថាអ្នកមិនយល់ពីពួកគេ ឬមិនបានយកចិត្តទុកដាក់លើពួកគេ។

១១· អ្នកជំងឺដែលមានបញ្ហាធ្លាក់ទឹកចិត្ត៖ អ្នកខ្លះដឹងថាពួកគេមានជំងឺធ្លាក់ទឹកចិត្តហើយពួកគេអាចនឹងប្រាប់អ្នកនូវបញ្ហានេះប៉ុន្តែមានអ្នកខ្លះទៀតនឹងមករកអ្នកជាមួយនឹងរោគសញ្ញាដូចជាល្ហិតល្ហៃអស់កម្លាំង មិនងងុយគេងនៅពេលយប់ និងហត់នឿយនៅពេលថ្ងៃ ឬបាត់បង់ចំណាប់អារម្មណ៍ទៅលើវត្ថុ ឬរឿងផ្សេងៗ។ ពួកគេអាចគិតថាការធ្លាក់ទឹកចិត្ត គឺជាសញ្ញានៃភាពអន់ខ្សោយ។ វាពិតជាមានសារៈសំខាន់ក្នុងស្វែងរកថាពួកគេមានគំនិតគិតចង់ធ្វើអត្តឃាតខ្លួនឯងឬអត់ តែបើពួកគេធ្វើដូច្នេះមែននោះ អ្នកគួរតែបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យនៅឯផ្នែកវិលកវិជ្ជា។

១២· អ្នកជំងឺដែលវង្វេង ឬវិកលចរិក៖ ពួកគេទាមទារឲ្យមានការអត់ធ្មត់ខ្លាំង ជាពិសេសនៅពេលដែលពួកគេសួរសំណួរដូចៗគ្នា ឬនិយាយប្រាប់ពីរឿងដដែលៗជាច្រើនលើកច្រើនសារ។ ពេលខ្លះវាពិបាកក្នុងការគ្រប់គ្រងនៅពេលដែលអាការៈរបស់ពួកគេកើតឡើងម្ដងៗសភាពបែបនេះកើតឡើងជារឿយៗ ព្រោះថាពួកគេភ័យខ្លាច និងមានអារម្មណ៍ថាពួកគេបានបាត់បង់ការគ្រប់គ្រងខ្លួនឯង។ ពួកគេជាញឹកញាប់មិនយល់ពីតម្រូវការសម្រាប់ការធ្វើតេស្ត ឬវិធីសាស្ត្រក្នុងការព្យាបាលឡើយ ដូច្នេះ អ្នកប្រហែលជាត្រូវពន្យល់ និងបកស្រាយឡើងវិញជាច្រើនសារ។ ជាការពិតណាស់ ក្នុងស្ថានភាពដូចនេះ ក្រុមគ្រួសារគួរតែចូលរួមក្នុងការសម្រេចចិត្តផ្សេងៗ។

១៣· អ្នកជំងឺដែលមានជំងឺរ៉ាំរ៉ៃ ហើយគ្មានវីធីព្យាបាល៖ ពួកគេ គឺជាអ្នកជំងឺមួយប្រភេទដែលយើងច្រើនតែជួបប្រទះជាញឹកញាប់ និងមានការលំបាកក្នុងការប្រឈមនឹងពួកគេ។ សូមប្រយ័ត្នចំពោះហានិភ័យដែលមានចំពោះអ្នក និងអ្នកជំងឺ។ អ្នកជំងឺមានហានិភ័យក្នុងការប្រើប្រាស់ថ្នាំលើសចំណុះ ហើយអាចស្លាប់ដោយចៃដន្យចំពោះស្ថានភាពមិនប្រក្រតីណាមួយ។ រីឯគ្រូពេទ្យវិញក៏មានគ្រោះថ្នាក់ទាំងផ្នែកវិជ្ជាជីវៈ និងផ្លូវច្បាប់។ អាជ្ញាប័ណ្ឌអាចត្រូវបានដកហូតហើយបាត់បង់អាជីពដោយសារតែបំណងចង់ជួយអ្នកជំងឺដែលមានរងការឈឺចាប់ខ្លាំង។ ហេតុផលទាំងនេះហើយ ដែលគ្រូពេទ្យជាច្រើនចៀសវាងអ្នកជំងឺប្រភេទនេះឲ្យបានច្រើនតាមដែលអាចធ្វើបានដែលជាអកុសលពួកគេភាគច្រើនត្រូវបានទទួលរងការឈឺចាប់ខ្លាំង ពិការភាព និងមុខងារនៃសារពាង្គកាយលែងដំណើរការដោយសារតែការព្យាបាលមិនបានគ្រប់គ្រាន់។

១៤· អ្នកជំងឺដែលនឹងស្លាប់៖ ពេលខ្លះយើងមានការលំបាកក្នុងការមើលថែពួកគេ ព្រោះថាភាពក្រៀមក្រំបានរុំព័ទ្ធជីវិតរបស់ពួកគេហើយពេលខ្លះទៀតសេចក្ដីក្រៀមក្រំនោះក៏អាចនឹងដិតជាប់នៅនឹងអារម្មណ៍របស់អ្នក។ មានគ្រូពេទ្យមួយចំនួនបានដកខ្លួនចេញពីអ្នកជំងឺទាំងនេះ ព្រោះជំងឺរបស់ពួកគេបានបង្ខំឲ្យពួកគេទទួលស្គាល់នូវសេចក្ដីស្លាប់របស់ពួកគេ ឬពួកគេគិតថាគ្មានអ្វីដែលពួកគេអាចធ្វើបានទៀតទេ ពួកគេមិនដឹងថាគួរតែនិយាយអ្វី ឬពួកគេភ័យខ្លាចថាពួកគេអាចនឹងនិយាយខុស។ ទោះបីជាយ៉ាងណាក៏ដោយនេះគឺជាពេលវេលាដែលអ្នកជំងឺត្រូវការអ្នកបំផុត។ ពួកគេត្រូវការភាពស្មោះត្រង់ មេត្តាករុណា និងការពន្យល់ពីអ្វីដែលកំពុងកើតឡើង និងហេតុអ្វីបានជាវាកើតឡើង។ ពួកគេក៏ត្រូវតែដឹងថាអ្នកនឹងមិនអនុញ្ញាតឲ្យពួកគេរងទុក្ខដោយមិនចាំបាច់ឡើយ។ ថ្វីត្បិតតែវាជាការសោកសៅក៏ដោយ ប៉ុន្តែវាគឺជាបទពិសោធន៍ដ៏មានតម្លៃមួយ ប្រសិនបើអ្នកអាចផ្តល់ការលួងលោមលើកទឹកចិត្តដល់អ្នកជំងឺនិងក្រុមគ្រួសារនៅក្នុងគ្រាដែលពួកគេត្រូវការជំនួយដ៏អស្ចារ្យពីអ្នក។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់