បាក់ទឹកចិត្ត! (ការចែករំលែកដោយសាធារណជន)

បើនិយាយពីរឿងពិបាកចិត្ត បាក់ទឹកចិត្ត អស់សង្ឃឹម គិតមកដល់ពេលនេះគឺច្រើនរាប់មិនអស់ទេ ពេលខ្លះខំរៀនណាស់ តែនៅតែប្រឡងធ្លាក់ គ្មានធ្វើអ្វីកើតក្រៅពីអង្គុយយំម្នាក់ឯង គិតថាហេតុអីខ្លួនឯងគ្មានចេះអីសេាះ ដល់ពេលចេញធ្វើការ ការងារខ្លះធ្វើមិនបានល្អត្រូវថ្នាក់លើស្តីបន្ទោស ហើយមកដល់ផ្ទះឈ្លេាះជាមួយម៉ាក់ប៉ា បងប្អូនទៀត គិតថាថ្ងៃណាមួយចេញរកសីុបញ្ចេញស្នាដៃ មិនចាំបាច់ត្រូវធ្វើតាមការណែនាំរបស់គេ តែដល់ពេលចាប់ផ្តើមចេញរកសីុ បែរជារកសីុមិនទៅមុខទៅវិញ មានរឿងច្រើនណាស់ដែលមិនចេះ សំខាន់ត្រូវធ្វើគ្រប់រឿងទាំងអស់ ដល់អញ្ចឹងបានដឹងអារម្មណ៍របស់ថ្នាក់លើដែលខ្ញំុធ្លាប់ធ្វើការឲ្យ។ ពេលចេញរកសីុ ពេលខ្លះស្ទើរតែដាច់បាយក៏មាន ហត់ជាងពីធ្វើការទៅទៀត ពេលខ្លះគិតរហូតដល់ដេកលែងលក់ មិនដឹងថាអនាគតទៅជាយ៉ាងណា មិនដឹងថាគួរសួរយោបល់នរណា មិនដឹងថាពេលណាទើបរស់នៅស្រួលដូចគេ។ រឿងជាច្រើនក្លាយជាវិប្បដិសារីដែលមិនអាចកែកុនបាន បានត្រឹមតែអង្គុយយំម្នាក់ឯង ក្នុងឆាកជីវិតនេះ បើនិយាយពីចង់សម្លាប់ខ្លួនមិនតិចជាង ៣០ដងទេ អស់កម្លាំងខ្លាំងណាស់ ចង់សម្រាករយៈពេលវែង វែងរហូតមិនបាច់ងើបមកវិញ ព្រេាះរឿងដែលជួបកាន់តែធំទៅៗ កាន់តែពិបាកដេាះស្រាយ ហើយអ្វីដែលសំខាន់ គឺត្រូវព្យាយាមដេាះស្រាយដោយខ្លួនឯង មិនដឹងថាគួរពឹងពាក់នរណា និយាយប្រាប់នរណា?

 

តើមានប៉ុន្មាននាក់ធ្លាប់គិតចង់សម្លាប់ខ្លួនដូចខ្ញំុ? តែជារឿងល្អមួយដែលអ្នកមិនបានសម្រេចចិត្តសម្លាប់ខ្លួន ព្រេាះអ្នកនៅអាចអានអត្ថបទនេះបាន!

 

ខ្ញំុជឿថា អ្នកណាក៏មានរឿងពិបាកចិត្តកប់ក្នុងអារម្មណ៍យើងរៀងៗខ្លួនដែរ បើមិនរឿងរៀន រឿងការងារ រឿងលុយកាក់ ឬក៏រឿងគ្រួសារ ឬរឿងផ្សេងៗជាច្រើនទៀត ដែលអ្នកមិនអាចនិយាយប្រាប់គេបាន ពេលខ្លះគិតថាជារឿងអាម៉ាស់ ពេលខ្លះគិតថានិយាយនាំតែគេសើចចំអក និយាយរួមមិនដឹងគួរទុកចិត្តអ្នកណាបានទេ។ ចំណែក ឪពុកម្តាយ ក៏ពិបាកប្រាប់ ព្រេាះរឿងខ្លះនិយាយទៅ នាំតែឲ្យគាត់ខឹង ឬបន្ទោសបន្ថែម! អញ្ចឹងមានតែសម្រេចចិត្តទុកវាក្នុងចិត្តជាប់ជានិច្ច ប៉ុន្តែពេលដែលទុកវាយូរទៅ អារម្មណ៍រឹតតែស្មុគស្មាញទៅ គិតអ្វីក៏លែងចេញ លែងទុកចិត្តខ្លួនឯង ហើយមនុស្សមួយចំនួនក៏សម្រេចចិត្តសម្លាប់ខ្លួន ដូចខ្ញំុធ្លាប់សាកដែរ គ្រាន់តែមិនបានសម្រេច។

 

គិតៗទៅ បើយើងដឹងហើយថា អ្នកណាក៏ចៀសមិនផុតពីបញ្ហាទៅហើយ ហេតុអីយើងមិនរៀនយកបញ្ហាធ្វើជាលំហាត់សាកល្បងសម្រាប់ជីវិតយើងវិញទៅ? ដូចកីឡាករអញ្ចឹង អ្នកណាមិនដឹងថារត់ទៅអស់កម្លាំង លើកដំុដែកទៅឈឺសាច់ដំុ តែនៅពេលដែលយើងជម្នះនឹងវា យើងនឹងកាន់តែរត់បានឆ្ងាយ កាន់តែលើកបានធ្ងន់ កាត់តែរឹងមាំ តើមានកីឡាករខ្លាំងៗណា ដែលមិនដែលហាត់ មិនដែលឈឺ មិនដែលដួល ហើយស្រាប់តែក្លាយជាជើងឯកនេាះ? អញ្ចឹងហើយ ពេលជួបបញ្ហាទាំងឡាយ យើងគ្រាន់តែគិតថាយើងកំពុងហាត់សមដើម្បីឲ្យក្លាយជាជើងខ្លាំងមួយរូប គិតថាយើងពិតជាមានសំណាងណាស់ដែលមានឱកាសជួបកាលទេសៈលំបាកបែបហ្នឹង អញ្ចឹងផុតដំណាក់កាលហ្នឹង ប៉ុន្មានឆ្នាំទៀតខ្ញំុនឹងខ្លាំងជាងនេះ។ វាមិនមែនជារឿងងាយទេ ដែលចង់កែប្រែការគិតពីបញ្ហាឲ្យទៅជាសំណាងវិញនេាះ ក៏ប៉ុន្តែអ្នកត្រូវហាត់សមការគិតនេះជាប្រចាំពេលដែលអ្នកជួបបញ្ហា បន្តិចម្តងៗ អ្នកនឹងលែងសូវមានអារម្មណ៍តានតឹងខ្លាំង។ តែក៏មិនមែនថាអ្នកក្លាយជាមនុស្សលែងបារម្ភ លែងពិបាកចិត្តដែរ អ្នកនៅតែអាចយំ យំហើយ យំទៀត យំឲ្យធូរចិត្ត ហើយបន្តដំណើរទៅមុខទៀត។ គ្រាន់តែការហាត់សមចិត្តអ្នកបែបនេះ នឹងធ្វើឲ្យអ្នកពិបាកចិត្តក្នុងរយៈពេលខ្លី ហើយបន្តដំណើរទៅមុខដោយភាពរឹងមាំ និងមានទំនុកចិត្ត។

 

ពេលអ្នកជួបបញ្ហា អ្នកបាក់ទឹកចិត្ត តើអ្នកធ្វើយ៉ាងណា? ចែករំលែកបទពិសោធរបស់អ្នក ទីនេះ

ពាក្យទាក់ទង


អត្ថបទទាក់ទង


មតិយោបល់