ក្រួសក្នុងទឹកប្រមាត់ “អត្រាគ្រោះថ្នាក់មិនខ្ពស់ តែធ្ងន់ធ្ងរខ្លាំងដល់ជីវិត”

ក្រួសក្នុងទឹកប្រមាត់ត្រូវបានជួបប្រទះយ៉ាងញឹកញាប់ដែលក្នុងនោះវាអាចកើតមានលើប្រហែលជា ១៥%នៃប្រជាជនលើពិភពលោក។សំណាងល្អ ជាង ៨០% នៃអ្នកជំងឺដែលមានក្រួសក្នុងប្រមាត់ មិនមានលេចចេញជារោគសញ្ញាអ្វីឡើយ ហើយក្រួសអាចនៅក្នុងខ្លួនអ្នកជំងឺរហូតដល់ ២០ឆ្នាំដោយមិនបង្កជារោគសញ្ញា ឬផលវិបាកអ្វីឡើយ ស្របពេលដែលប្រហែល ៥%នៃអ្នកដែលមានលេចចេញជារោគសញ្ញា អាចប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ ឬរហូតអាចប៉ះពាល់ដល់អាយុជីវិត ប្រសិនមិនមានការរកឃើញ និងព្យាបាលបានទាន់ពេលវេលា។

រោគសញ្ញា
ធម្មតាក្រួសក្នុងថង់ទឹកប្រមាត់ នឹងមិនបង្កឲ្យជារោគសញ្ញាណាមួយឡើយ ក៏ប៉ុន្តែវាអាចចេញជារោគសញ្ញាបាននៅពេលក្រួសនោះរំកិលដល់កន្លែងមាត់រន្ធរបស់វា និងធ្វើឲ្យស្ទះច្រកចេញរបស់ទឹកប្រមាត់។ រោគសញ្ញា ដែលលេចចេញភាគច្រើនគឺការឈឺចុកចាប់នៅក្នុងពោះផ្នែកខាងក្រោមឆ្អឹងជំនីខាងស្តាំឬក៏ឈឺនៅចុងដង្ហើម។ការឈឺចាប់នេះមានលក្ខណៈពិសេសដែលអាចឲ្យវេជ្ជបណ្ឌិតធ្វើការកំណត់សម្គាល់បានគឺការឈឺចាប់ខ្លាំងរហូតធ្វើឲ្យអ្នកជំងឺអត់ដង្ហើមភ្លាមដើម្បីបន្ថយការឈឺនៅពេលយើងប្រាប់អ្នកជំងឺឲ្យដកដង្ហើមចូលជ្រៅដែលធ្វើឲ្យសន្ទះទ្រូងសង្កត់ថ្លើមនិងថង់ទឹកប្រមាត់ធ្លាក់ចុះក្រោមប៉ះជាមួយដៃដែលយើងសង្កត់នៅក្រោមឆ្អឹងជំនីរបស់អ្នកជំងឺ។គួរបញ្ជាក់ថា ប្រសិនបើអ្នកជំងឺមានលេចចេញជារោគសញ្ញាលើសពី ៦ ម៉ោង ត្រូវប្រយ័ត្នព្រោះអ្នកជំងឺលេចចេញជារោគសញ្ញានៃផលវិបាកហើយ។

មូលហេតុ និងកត្តាជំរុញ
ទឹកប្រមាត់ផ្សំឡើងពីសារធាតុជាច្រើនដែលសំខាន់ៗរួមមាន ទឹក អំបិលអាស៊ីត biliary អំបិល biliary និងកូឡេស្តេរ៉ុល។ក្នុងចំណោមនោះ សារធាតុដែលអាចបង្កជាក្រួសបានគឺ ពពួកសារធាតុខ្លាញ់ កូឡេស្តេរ៉ុល និងbilirubin non conjugated ដែលជាសារធាតុរបស់ទឹកប្រមាត់ផ្ទាល់។ដូចនេះប្រសិនជាមានការកើនឡើងរបស់សារធាតុណាមួយក្នុងចំណោមសារធាតុទាំងពីរឬការថយចុះនៃធាតុសម្រាប់រំលាយគឺអាស៊ីត biliary (កាលណាវាមានចំនួនគ្រប់គ្រាន់ នោះកូឡេស្តេរ៉ុល និង bilirubin មិនអាចករជាក្រួសបានទេ) នាំឲ្យកើតជាក្រួសក្នុងទឹកប្រមាត់បាន។

កត្តាជំរុញមួយចំនួន ក៏អាចនាំឲ្យកើតមានជាក្រួសក្នុងទឹប្រមាត់ផងដែរដូចជា៖
•កត្តាអាយុ ដែលជាទូទៅគេសង្កេតឃើញថា អ្នកដែលមានអាយុចាប់ពី ២០ឆ្នាំឡើងទៅអាចប្រឈមនឹងការកើតមានក្រួសក្នុងទឹកថង់ប្រមាត់ហើយវាមានអត្រាខ្ពស់បំផុតលើអ្នកមានអាយុចន្លោះពី ៦០ទៅ ៧០ឆ្នាំ។

•កត្តាមួយចំនួនដែលធ្វើឲ្យអ្នកជំងឺមិនអាចបរិភោគបានដែលធ្វើឲ្យថង់ទឹកប្រមាត់មិនដំណើរការ ដូចជាជំងឺដុំសាច់នៅបំពង់អាហារដែលធ្វើឲ្យអ្នកជំងឺលេបអាហារមិនបាន ឬត្រូវអត់អាហាររយៈពេលយូរ។  

•ថ្នាំមួយចំនួនដែលទាក់ទងជាមួយអ័រម៉ូនជាពិសេសអ័រម៉ូនអឺស្ត្រូសែនរបស់ស្ត្រីអាចបង្កឲ្យថង់ទឹកប្រមាត់មិនសូវដំណើរការនិងជំរុញឲ្យមានការកើតក្រួសក្នុងទឹកប្រមាត់។

•កត្តាផ្សេងទៀតដូចជា ការធាត់លើសទម្ងន់ ការចូលចិត្តញ៉ាំស្ករ និងខ្លាញ់ច្រើនជាដើម ក៏ធ្វើឲ្យការកន្ត្រាក់របស់ថង់ទឹកប្រមាត់មានការថយចុះដូចគ្នាផងដែរ។

•កត្តាទាក់ទងនឹងវេជ្ជសាស្ត្រមួយចំនួនដូចជាការប៉ះពាល់ដល់ពោះវៀនតូច(ផ្នែកខាងក្រោមគេបង្អស់ដែលតភ្ជាប់ទៅនឹងពោះវៀនធំ)នាំឲ្យខ្វះអាស៊ីត biliaryសម្រាប់ទៅរំលាយខ្លាញ់និងបង្កឲ្យមានការកកើតជាក្រួសដោយសារនេះជាកន្លែងសម្រាប់ស្រូបអាស៊ីត biliary (ធាតុនៃទឹកប្រមាត់) យកទៅប្រើប្រាស់ឡើងវិញ។

ការធ្វើរោគវិនិច្ឆ័យ
ដោយសារមិនមានរោគសញ្ញា ក្រួសក្នុងថង់ទឹកប្រមាត់ភាគច្រើនត្រូវបានរកឃើញដោយចៃដន្យដោយការពិនិត្យអេកូ។ អេកូជាវិធីសាស្ត្រដែលល្អបំផុតក្នុងការរុករកក្រួសក្នុងថង់ទឹកប្រមាត់ ហើយវាមានតម្លៃសមរម្យ និងងាយស្រួលសម្រាប់អ្នកជំងឺ។

ការព្យាបាលក្រួសក្នុងទឹកប្រមាត់
ចំពោះអ្នកដែលមិនមានលេចចេញជារោគសញ្ញា គឺមិនតម្រូវឲ្យមានការព្យាបាលឡើយ។ ដោយឡែក  បើអ្នកជំងឺលេចចេញជារោគសញ្ញា នោះការព្យាបាលនឹងត្រូវធ្វើឡើង។ វិធីសាស្ត្រដែលល្អបំផុតគឺ ការវះកាត់ដោយចោះយកថង់ទឹកប្រមាត់ចេញ បើអ្នកជំងឺមិនទាន់លេចចេញជាផលវិបាកធ្ងន់ធ្ងរ។ ចំពោះឱសថរំលាយក្រួស ពុំសូវបង្ហាញប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ឡើយ ដែលតាមវេជ្ជសាស្ត្របែបបារាំង មិនណែនាំឲ្យប្រើប្រាស់វិធីនេះមកព្យាបាលឡើយ តែចំពោះវេជ្ជសាស្ត្របែបអង់គ្លេស គេអាចសាកល្បងបានក្នុងករណីក្រួសមានទំហំតូច ចំនួនតិច និងសម្រាប់តែក្រួសដែលកើតតែពីខ្លាញ់ប៉ុណ្ណោះ ហើយវានឹងលេចឡើងនូវប្រសិទ្ធភាពនៅពេលដែលប្រើចាប់ពី ២ទៅ៣ឆ្នាំឡើងទៅ។

ផលវិបាកនៃការកើតក្រួសក្នុងទឹកប្រមាត់
ជាទូទៅ ក្រួសក្នុងថង់ទឹកប្រមាត់អាចរំកិល ឬមានចលនាបានលុះត្រាតែក្រួសនោះស្រាល និងអណ្តែត បានន័យថានៅពេលដែលថង់ទឹកប្រមាត់មានការកន្ត្រាក់ ឬច្របាច់ ពេលនោះក្រួសអាចរំកិលទៅបិទមុខផ្លូវដែលហូររបស់ទឹកប្រមាត់ជាបន្តបន្ទាប់ ធ្វើឲ្យមានការស្ទះ និងលេចចេញជាផលវិបាកដូចជា៖
• ជំងឺរលាកថង់ទឹកប្រមាត់ (Cholecystitis)៖ 
ជាបញ្ហាជួបញឹកញាប់ជាងគេ ដែលកើតឡើងដោយសារក្រួសធ្លាក់ចុះមកដល់មាត់ច្រករបស់ថង់ទឹកប្រមាត់ នាំឲ្យថង់ទឹកប្រមាត់ស្ទះមិនអាចច្របាច់ទឹកប្រមាត់ចេញបាន។ ផលវិបាកនេះអាចលេចចេញជាបាតុភូតពីរគឺ ទី១ ការរីកធំនៃថង់ទឹកប្រមាត់ ដែលបង្កឲ្យអ្នកជំងឺមានការឈឺចាប់ ទី២ការរលាកនៃថង់ទឹកប្រមាត់ដែលធ្វើឲ្យហើមជុំវិញបរិវេណនៃថង់ទឹកប្រមាត់ដែលងាយស្រួលធ្វើឲ្យមេរោគជ្រៀតចូលរួចបង្កឲ្យមានរោគសញ្ញាដូចជាក្តៅខ្លួននិងញាក់ជាដើមដែលតម្រូវឲ្យមានការកាត់យកថង់ទឹកប្រមាត់ចេញ។បើសិនជាទុករយៈពេលយូរដោយពុំមានការព្យាបាលថង់ទឹកប្រមាត់អាចមានជាខ្ទុះនិងអាចធ្លាយដែលចុងក្រោយអាចធ្វើឲ្យរលាកស្រោមពោះ។មធ្យោបាយទី១នៃការព្យាបាលគឺការប្រើប្រាស់ថ្នាំផ្សះ(ដោយសារមានការឆ្លងមេរោគជ្រៀបមកពីពោះវៀន) ថ្នាំបំបាត់ការឈឺចាប់ និងបន្ទាប់មកប្រសិនបើគាត់ទទួលយកការវះកាត់បាន វេជ្ជបណ្ដិតនឹងធ្វើការវះកាត់។

• ជំងឺរលាកផ្លូវទឹកប្រមាត់ (ANGIOCHOLITIS) ៖ 
ជាផលវិបាកដែលធ្ងន់ធ្ងរជាងគេនៃជំងឺក្រួសក្នុងប្រមាត់។អត្រាស្លាប់ស្ទើរតែ១00%បើមិនមានការព្យាបាលទាន់ពេលវេលា។វាកើតឡើងនៅពេលដែលក្រួសតូចៗរបូតធ្លាក់មកស្ទះក្នុងផ្លូវទឹកប្រមាត់។ បាតុភូតនេះនឹងបង្កើតបានជារោគសញ្ញាដូចជា ខាន់លឿង ការឈឺចាប់ក្រោមឆ្អឹងជំនីខាងស្តាំ ឬចុងដង្ហើម និងការឡើងកម្តៅ ឬញាក់។

• រលាកលំពែងស្រួចស្រាវ (Acute pancreatitis)៖ 
កើតឡើងក្នុងករណីក្រួសបន្តធ្លាក់ទៅក្រោម និងស្ទះដល់ផ្លូវចេញមកក្រៅរួម (ចេញមកក្នុងពោះវៀន) រវាងផ្លូវទឹកប្រមាត់ និងផ្លូវចេញនៃសារធាតុរបស់លំពែងដែលអាចបង្កជាបាតុភូតពីរទៀតគឺ ការបិទផ្លូវលំពែង ដែលធ្វើឲ្យចេញជារោគសញ្ញានៃការរលាកលំពែង និងជួនកាលវាអាចស្ទះទាំងផ្លូវលំពែងនិងផ្លូវទឹកប្រមាត់រួមគ្នាតែម្តង។ក្នុងករណីរលាកលំពែងគឺតម្រូវឲ្យមានការព្យាបាលដោយថ្នាំនិងការតាមដានព្រោះក្រួសមាន ទំហំតូច និងអាចរបូតធ្លាក់ចេញមកដោយមិនបាច់មានការព្យាបាលដោយ Endoscopy។ក្នុងករណីចាំបាច់ បើរោគសញ្ញានៅតែមិនធូរស្រាល ឬក្រួសសនៅតែមិនរបូតចេញ ការព្យាបាលដោយ Endoscopy នឹងត្រូវធ្វើឡើង។

ការការពារការកកើតជាក្រួសក្នុងទឹកប្រមាត់
ដោយសារក្រួសក្នុងទឹកប្រមាត់កើតច្រើនពាក់ព័ន្ធនឹងកត្តាអាយុ ដូចនេះវាពិបាកនឹងធ្វើការការពារ ប៉ុន្តែយើងអាចកាត់បន្ថយនូវកត្តាប្រឈមមួយចំនួនបានដូចជា ការបន្ថយទម្ងន់ ចៀសវាងអាហារស្ករ និងខ្លាញ់ច្រើនជាដើម។

ក្រួសក្នុងថង់ទឹកប្រមាត់ គឺជាជំងឺមួយដែលសម្បូរវាកើតមានលើប្រជាជនទូទៅ(ប្រហែល១៥%)។ជាសំណាងល្អ៨០%នៃអ្នកជំងឺមិនមានលេចចេញជា រោគសញ្ញា និងផលវិបាកឡើយ។ ប៉ុន្តែចំពោះអ្នកដែលលេចចេញជារោគសញ្ញាេះ គឺអាចប្រឈមនឹងផលវិបាកដែលអាចគ្រោះថ្នាក់ដល់អាយុជីវិត ដូចនេះពេលដែលចាប់ផ្តើមមានរោគសញ្ញាពាក់ព័ន្ធជាមួយក្រួសក្នុងប្រមាត់អ្នកជំងឺគប្បីមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសដើម្បីទទួលយកដំបូន្មានអំពីការព្យាបាល ឬតាមដានឲ្យបានត្រឹមត្រូវ។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត គី វុត្ថា ប្រធានផ្នែក ថ្លើម ក្រពះ ពោះវៀន នៃមន្ទីរពេទ្យកាល់ម៉ែត

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់