Menu

អត្ថបទ

ចិត្តកំសាក

ខែមីនា ឆ្នាំ២០១១ តាំងពីតូចមក អ្វីក៏មិនសូវចាប់អារម្មណ៍ដែរ ក្រៅពីរឿងរៀនសូត្រ គឺថា…ជាកូនល្អ សិស្សល្អហ្មង… រហូតដល់ថ្ងៃមួយនោះ ពេលដែលបានស្គាល់គាត់។ គួរហៅថាយ៉ាងណាទេនៀក៎!!!ដឹងត្រឹមថា He is my very first crush…ហើយឈ្មោះហៅក្រៅ(សូមមិនបង្ហាញឈ្មោះពិតទេណា៎) គឺ Berry។ គាត់ជាមិត្តភក្តិរបស់បងជីដូនមួយខ្ញុំដែលមានក្រុមការងារជាអ្នកស្រលាញ់…មិនមែនស្រលាញ់ទេ…គួរតែថាងប់ងល់វិញ បានត្រូវ!!! គឺថាងប់ងល់នឹងការថតរូបហ្មង…ស្រលាញ់កាមេរ៉ាជាងអ្វីៗទាំងអស់!!! បាត់កាមេរ៉ា គឺឈឺចាប់ជាងបាត់សង្សារទៅទៀត ពេលជួបលើកដំបូង ក៏ចាប់ផ្តើមចាប់អារម្មណ៍ ព្រោះគាត់បានឃើញសៀវភៅរឿងដែលខ្ញុំសរសេរ ហើយប្រហែលជាអានបានប៉ុន្មានសន្លឹក ក៏ងាកមកញញឹមដាក់ខ្ញុំយ៉ាងស្រស់ ហើយសរសើរយកហ្មង…គឺថា…សរសើរមិនឲ្យងើបមុខរួច(ព្រោះតែរវល់អៀនហ្នឹងហើយ…)  គាត់ថាខ្ចីសៀវភៅទៅអានសិន ហើយក៏មិនមានហេតុផលអីត្រូវបដិសេធដែរ…សំខាន់ យប់ឡើង ស្រាប់តែលឺបងជីដូនមួយនិយាយទូរស័ព្ទជាមួយបងBerryថា«ចាំនិយាយគ្នាតាមឆាតក៏បាន»។ គ្រាន់តែលឺភ្លាម ខ្ញុំរំអុកគាត់ឲ្យបង្កើតគណនីហ្វេសប៊ុកឲ្យខ្ញុំមួយដែរ ទុកគ្រាន់លេងជាមួយបងBerry… ដូចចិត្តប្រាថ្នាមែន ប៉ុន្មានថ្ងៃក្រោយ បងBerryក៏យកសៀវភៅមកសង ហើយសួរថា«ចង់ធ្វើadmin ផេកហ្វេសប៊ុកទេ៎?» មិនស្គាល់ច្បាស់ថាអីផង ខ្ញុំក៏យល់ព្រមយ៉ាងលឿន ហើយយើងក៏បង្កើតផេកទាក់ទងនឹងការថតរូបតាមប្រភេទ ដោយគាត់ជាអ្នកចេញរូបថត ហើយខ្ញុំជាអ្នកចេញCaption…និយាយឲ្យខ្លីទៅ យើងដើរតួជាអ្នកណែនាំទីកន្លែង និងម្ហូបអាហារដោយដើរតួជាមគ្គទេសក៍សម្រាប់គេ ហើយអ្វីដែលពិសេសគឺក្រោយពីស្គាល់ច្រើន យើងអាចទៅលេង និងញ៉ាំអីហ្រ្វីហ្រ្វីជាញឹកញាប់… ទំនាក់ទំនងដែលលើសពីមិត្តភក្តិ តែមិនមែនជាសង្សាររវាងយើងក៏កើតមានឡើង…មិនដឹងថាគាត់គិតបែបណា ដឹងត្រឹមថា I feel comfortable when staying with him… បើតាមដែលដឹង និងសង្កេត គឺគាត់មិនទាន់មានម្ចាស់ចិត្តនោះទេ…ដែលសំខាន់ គឺខ្ញុំហ្នឹងហើយ ជាមនុស្សដែលគាត់ទាក់ទងជាប្រចាំ និងញឹកញាប់ជាងគេរាល់ថ្ងៃហ្នឹង…មិនថារឿងការងារ ឬរឿងមិនការងារនោះទេ គឺថា…ជជែកគ្រប់រឿងរ៉ាវតែម្តង មិនចង់គិតច្រើនក៏មិនបានដែរ បើគ្រប់ទីកន្លែង គ្រប់ពេលវេលា គឺរក្សាទំនាក់ទំនងរហូត…តែថ្មីៗនេះ មានរឿងចម្លែកត្រង់ថា…មានហ្វេនម្នាក់ឆាតមកផេករហូត គឺជាស្រីស្អាតម្នាក់ដែលចូលចិត្តថតរូបដែរ។ រាល់លើក គាត់ជាអ្នកreply ហើយមិនបានប៉ុន្មានថ្ងៃ ក៏ឃើញថាគេទាំងពីរនាក់ឆាតជាមួយគ្នាតាមគណនីឯកជនវិញបាត់ទៅហើយ… ក៏ដឹងថាមិនមានសិទ្ធិប្រកាន់ ឬប្រច័ណ្ឌអ្វីឡើយ…តែឲ្យតែដឹងថា ពួកគេកំពុងឆាតជាមួយគ្នា ទឹកភ្នែកចេះតែហូរយ៉ាងម៉េចទេ…ហេតុអីក៏បែបហ្នឹង??? ខ្ញុំសាកសួរខ្លួនឯងជាច្រើនលើកជាច្រើនសារ តែក៏មិនបានចម្លើយអ្វីសោះ ព្រោះដឹងត្រឹមថា បេះដូងវាឈឺ…អួលណាស់… ពេលវេលាឆាតរបស់យើងទាំងពីរក៏ត្រូវបានកាត់បន្ថយបន្តិចម្តងៗ រហូតដល់ខ្ញុំសឹងតែលែងហ៊ានសួរនាំរឿងផ្សេងក្រៅពីការងារក្នុងផេក…ទាល់តែអ្នកធ្លាប់ឆ្លងកាត់ ទើបយល់ពីអារម្មណ៍មួយនេះ…អារម្មណ៍ដែលធ្លាប់តែស្និទ្ធស្នាលនឹងគ្នា ហើយក៏ត្រូវឃ្លាយឆ្ងាយពីគ្នាក្នុងពេលដ៏ខ្លី… ពីមនុស្សដែលធ្លាប់តែនិយាយជាមួយមុនគេ ពេលភ្ញាក់ពីគេង និងនិយាយជាមួយចុងក្រោយគេ មុនពេលចូលគេង ប្រែមកជាមនុស្សដែលនិយាយគ្នាតែប៉ុន្មានម៉ាត់… ចាំបានថា មានថ្ងៃមួយនោះ ខ្ញុំទ្រាំមិនបាន ព្រោះតែឃើញគាត់កាន់ទូរស័ព្ទនៅនឹងដៃឆាតជាមួយគេម្នាក់នោះ តែបែរជាមិនព្រមតបឆាតដែលខ្ញុំផ្ញើសួរពីការងារបន្ទាន់…គាត់ក៏ស្រែកគំហកដាក់ខ្ញុំជាលើកទីមួយដែរកាលហ្នឹង ដោយនិយាយថា«ការងារដឹងថាការងារហើយ តែមានរឿងខ្លះសំខាន់ជាងការងារទៀត ដឹងនៅ???» ខ្ញុំមិននិយាយអ្វីច្រើន រត់ចូលបន្ទប់ទឹកយំតែម្នាក់ឯង…ស្ពឹកមុខ ស្ពឹកបេះដូង!!!មិនមានពាក្យនឹងថ្លែងឡើយ… យប់ឡើង គាត់ខលមកសុំទោស ហើយខ្ញុំក៏មិនចេះខឹងយូរដែរ…ចិត្តទន់រាល់លើក គ្រាន់តែស្តាប់ពាក្យផ្អែមមិនបានប៉ុន្មានផង…និយាយត្រូវគ្នាដូចដើមបានមួយសន្ទុះ គាត់ក៏ផ្តើមថា «មានសំណួរមួយ…» ហើយសំណួរគឺថា…«ធ្លាប់មានចិត្តលើគាត់អត់?» ឃើញហើយ ខ្ញុំប្រញាប់បិទអ៊ីនធឺណែតភ្លាម ព្រោះកុំឲ្យថាseen ហើយactive តែមិនតប។  បេះដូងលោតញាប់ពេកក្រៃ…ដល់ថ្នាក់ថា កាន់ទូរស័ព្ទដៃឡើងញ័រដៃតែម្តង…ខ្ញុំគិតថា ពេលវេលាមិនទាន់ស័ក្តិសមនោះទេ ហើយក៏សម្រេចឆ្លើយថា«អត់ទេ! គ្រាន់តែជាBroតើ…» គាត់មិនតបអ្វីច្រើន ហើយក៏ដេញឲ្យទៅគេង… ស្អែកឡើង ឃើញថាគាត់addម្នាក់នោះធ្វើជាអេដមីនផេកដែរ…ហើយក៏និយាយថា គួរតែដល់ពេលថែមរូបភាពថ្មីហើយ គឺដាក់រូបរបស់គេជាតំណាងហ្មង…និយាយរួម ផ្លាស់ប្តូរconcept ដែលពីមុន អេដមីនទាំងពីរជាបងប្អូនដែលមានចំណូលចិត្តដូចគ្នា តែពេលនេះត្រូវកែប្រែច្រើនដោយមិនពិភាក្សាជាមួយខ្ញុំមួយម៉ាត់… មិនអន់ចិត្តមិនបាន…មិនខឹងក៏មិនបានដែរ…លើសខ្លាំង!!! ពិបាកទទួលយកហ្មង… ខ្ញុំមិនចង់និយាយអ្វីច្រើន ក៏ប្រាប់ថា គួរតែដកខ្ញុំចេញហ្មងទៅ…អាចបន្តតែពីរនាក់ចុះ…ហើយក៏បានតាមសំណូមពរ…មិនដឹងថាគាត់ដាច់ចិត្តពិតដល់ថ្នាក់ហ្នឹង ឬក៏ម្នាក់នោះជាអ្នករុញផង ព្រោះតាំងពីមានវត្តមានរបស់គេ គាត់ក៏ប្រែជាប្លែកជាងពីមុនច្រើនណាស់…ប្លែកដល់ថ្នាក់ ខ្ញូំមិនហ៊ាននឹងស្និទ្ធស្នាលដូចមុន។ ចុងបញ្ចប់ យើងត្រឹមតែអ្នកដទៃ…តែម្តងៗ ក៏នឹកស្តាយដល់ថ្ងៃនោះ បើឆ្លើយតាមបេះដូងទៅ នឹងមានរឿងអ្វីកើតឡើង??? ស្តាយ…ខឹងខ្លួនឯងដែលនៅតែកំសាក!!! ចិត្តកំសាក!!!

ប្រលោមលោក