ជំងឺទឹកនោមផ្អែម & ទឹកនោមប្រៃ អាចកើតដំណាលគ្នាបានទេ?

«តើមនុស្សម្នាក់ក្នុងពេលតែមួយ អាចកើតជំងឺទឹកនោមផ្អែមផង ជំងឺទឹកនោមប្រៃផងដែរឬទេ?» ជាសំណួរ ក៏ដូចជាចម្ងល់ដែលត្រូវបានចោទឡើងដោយប្រជាជនជាច្រើន...

វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូននៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា «ជំងឺទឹកនោមផ្អែម គឺជាជំងឺម្យ៉ាងដែលជាតិស្ករអ្នកជំងឺកើនឡើងនៅក្នុងឈាមលើសពីធម្មតា។ ជួនកាល នៅពេលដែលចំនួនជាតិស្ករនៅក្នុងឈាម ក្នុងទឹកនោមអ្នកជំងឺក៏មានជាតិស្ករដែរ។ រីឯជំងឺទឹកនោមប្រៃ គឺជាជំងឺម្យ៉ាងដែលនៅក្នុងទឹកនោមអ្នកជំងឺមានជាតិសាច់ (Protein ប្រូតេអ៊ីន)។ តាមធម្មតា នៅក្នុងទឹកនោមមិនមានជាតិសាច់ទេ ទឹកនោមប្រៃនៅក្នុងន័យនេះ មិនសំដៅលើរសជាតិប្រៃរបស់ទឹកនោមទេ។»

លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា អ្នកជំងឺទឹកនោមផ្អែម នៅពេលដែលគាត់កើតជំងឺនេះ រយៈពេលយូរ ឬព្យាបាលមិនបានត្រឹមត្រូវ ពេលនោះអាចលេចចេញនូវផលលំបាកទៅលើតម្រងនោម។ ផលវិបាកនៅលើតម្រងនោមនោះ គឺទឹកនោមប្រៃនេះឯង។ ជំងឺទឹកនោមផ្អែម គឺជាមូលហេតុទីមួយដែលធ្វើឲ្យយើងកើតទឹកនោមប្រៃ អាចមានមូលហេតុដទៃទៀតដែលធ្វើឲ្យកើត ទឹកនោមប្រៃដូចជា៖
•លើសឈាម
•រលាកតម្រងនោមរ៉ាំរ៉ៃ
•គីសតម្រងនោម (Cystic kidney)។

ការសិក្សាថ្មីៗនេះនៅប្រទេសកម្ពុជារកឃើញថា ប្រមាណពាក់កណ្តាលនៃជំងឺទឹកនោមផ្អែមមានផលវិបាកតម្រងនោម។ យ៉ាងណាមិញ នៅក្នុងដំណាក់កាលដំបូង អ្នកជំងឺទឹកនោមផ្អែមដែលចាប់ផ្តើមមានទឹកនោមប្រៃ គឺមិនមានរោគសញ្ញាអ្វីទាំងអស់ មានតែការពិនិត្យទឹកនោម និងពិនិត្យឈាមទេ ទើបអាចវាយតម្លៃកម្រិតទឹកនោមប្រៃ និងមុខងារតម្រងនោមបាន។


ចំណែកឯនៅក្នុងដំណាក់កាលបន្ទាប់ អ្នកជំងឺអាចមានអាការៈស្លេក ហើម ហត់ ក្អួត នោមតិច ឡើងឈាម។ល។ឯដំណាក់កាលចុងក្រោយ គឺលាងឈាម។

អ្នកជំងឺទឹកនោមផ្អែមគួរពិនិត្យរកទឹកនោមប្រៃ និងមុខងារតម្រងនោមតើនៅពេលណា?
•អ្នកជំងឺគួរគប្បីពិនិត្យឈាមរៀងរាល់ឆ្នាំ (BUN, Creatinine, Creatine clearance)
•អ្នកជំងឺគួរគប្បីពិនិត្យទឹកនោមរៀងរាល់ឆ្នាំ (Microalbuminuria, Proteinuria)។

តើអ្នកជំងឺទឹកនោមផ្អែមមានរបៀបការពារតម្រងនោមរបស់ខ្លួនដូចម្តេចខ្លះ?
•ត្រួតពិនិត្យកម្រិតជាតិស្ករឲ្យបានល្អ
•ត្រួតពិនិត្យសម្ពាធឈាមឲ្យបានល្អ
•បញ្ឈប់ការជក់បារី
•កាត់បន្ថយការបរិភោគជាតិខ្លាញ់។

អ្នកជំងឺខ្សោយតម្រងនោម និងទឹកនោមប្រៃក្នុងដំណាក់កាលដំបូង គួរទទួលទានអាហារូបត្ថម្ភអ្វីខ្លះ?
•កាត់បន្ថយចំនួនប្រូតេអុីន (Proteine) ដែលអ្នកបរិភោគ
•កាត់បន្ថយចំនួនផូស្វ័រ
•កាត់បន្ថយចំនួនអំបិលក្នុងចំណីអាហារ។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូននៃមន្ទីរពេទ្យកាល់ម៉ែត

ប្រភព ៖ ទំព័រហ្វេសប៊ុកផ្លូវការ មន្ទីរពេទ្យ កាល់ម៉ែត

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់

profile.png
ទី ឆាយយី អម្បាញ់មិញ

ខ្ញុំអាយុ ២០ឆ្នាំ ៥២ kg កេីតជំងឺទឹកនោមប្រៃ១ឆ្នាំកន្លងមកហេីយ ក្នុងដំណាក់កាលដំបូង។ កាលដែលខ្ញុំចាប់ផ្តេីមកេីតនោះគឺ អស់កម្លាំង ស្រេចទឹក( តែខ្ញុំផឹកទឹកតិច) ឈឺនោមញឹក តែគ្មានទឹកនោម។ ដល់ពេលខ្លួនក្តៅខ្លាំង ក៏នោមមកមានលាយឈាម។ តែអត់មានហេីមដៃហេីយជេីងនោះទេ។ ពេលទៅពិនិត្យ ឈាម និងទឹកនោមក៏ឃេីញថា លេីសបរិមាណឈាមស ហេីយមានប្រូតេអីុនក្នុងទឹកនោម រហូតដល់ (+++)។ មួយឆ្នាំក្រោយ វាក៏រេីឡេីងវិញ។ តេីខ្ញុំគួរបរិភោគអាហារបែបណា នឹងជៀសវាងអ្វីខ្លះ?

profile.png
Healthtime Pro អម្បាញ់មិញ

សួស្តីបង! បើយោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិតស៊ុំ សត្ថា ឆ្លើយតបទៅនឹងសំណួររបស់បងខាងលើ បានឲ្យដឹងថា«អ្នកជំងឺទឹកនោមប្រៃដំណាក់ដំបូង ដែលមិនទាន់បានលាងឈាម ត្រូវកាត់បន្ថយបរិមាណសាច់ និងខ្លាញ់នៅក្នុងរបបអាហាររបស់ខ្លួន ព្រមទាំងបន្ថយនូវអាហារដែលមានរសជាតិប្រៃផងដែរ»។

ឆ្លើយតប
profile.png
Hok Ban Sor អម្បាញ់មិញ

Good topic

profile.png
Clinic Community អម្បាញ់មិញ

We would like to say "thank you" on behalf of the Doctor. Hope you enjoy reading it :)

ឆ្លើយតប