ការវិភាគលើសម្បកពាន់តាឡីរបស់ក្រុមសាស្ត្រាចារ្យ និងនិស្សិតUP

«ពាន់តាឡី» ឬ ឈ្មោះវិទ្យាសាស្ត្រ “Lophopetalum wallichii Kurz” គឺជាពូជរុក្ខជាតិដែលស្ថិតនៅក្នុងគ្រួសារCelastraceaeដែលនិយមយកមកប្រើប្រាស់ជាឱសថព្យាបាលជំងឺមួយចំនួនដូចជា ជំងឺលាប់ ជំងឺងាប់សរសៃប្រសាទ ជំងឺទាស់ជំងឺថ្នក់ឈាមបំពង់កាម និង អាការៈឈឺចាប់​សាច់ដុំ។

ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើតេស្តរកឲ្យឃើញនូវសមាសធាតុឱសថ និងកំណត់ឲ្យឃើញនូវចំនួនឱសថដែលមាននៅក្នុងសម្បកពាន់តាឡី។

សម្បកស្ងួតនៃរុក្ខជាតិពាន់តាឡីត្រូវបានយកមកពីហាងលក់ឱសថបុរាណក្នុងស្រុក ហើយត្រូវបានផ្ទៀងផ្ទាត់ជាមួយនឹងសំណាករុក្ខជាតិ (កូដៈ UPFPT-​110066) ដែលតំកល់ទុកនៅក្នុង “មន្ទីរសំណាករុក្ខជាតិសាកលវិទ្យាល័យពុទ្ធិសាស្ត្រ” (UP-Herbarium)។ សម្បកពាន់តាឡី ត្រូវបានយកមកធ្វើការចម្រាញ់ដោយអង្គធាតុរំលាយអេតាណុល តាមរយៈវិធីសាស្ត្រចម្រាញ់ “Ultrasonication-Assisted Extraction (UAE)”។ រូបធាតុចម្រាញ់ដែលទទួលបាន ត្រូវបានត្រៀមទុកសម្រាប់ធ្វើតេស្តគីមីឱសថរុក្ខជាតិ និងធ្វើក្រូម៉ាតូក្រាបភីស្រទាប់ស្តើង។

លទ្ធផលនៃការធ្វើតេស្តគីមីឱសថរុក្ខជាតិលើសម្បកពាន់តាឡី កំណត់ឃើញថា «សម្បកពាន់តាឡីមានសមាសធាតុឱសថ Alkaloids, Phenolic Compounds, Tannins, Flavonoids, Cardiac Glycosides, Terpenoids, Resins និង Saponins។ ចំណែកឯការវិភាគលើក្រូម៉ាតូក្រាបភីស្រទាប់ស្តើងនៃសម្បកពាន់តាឡីនៅជំហានរលកចន្លោះពី 254-366 nm និង 10%-H2SO4 នៅក្នុង “Mobile Phase” Chloroform:Ethanol (1:1) យើងបានញែកឱសថសរុបទាំងអស់ចំនួន 8 អង្គធាតុឱសថ»។

ព័ត៌មាននៃសមាសធាតុឱសថដែលមាននៅក្នុងសំបកពាន់តាឡីនេះបញ្ជាក់អំពីគុណសម្បត្តិឱសថដែលមាននៅក្នុងពាន់តាឡីរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ វាគឺជាព័ត៌មានគ្រឹះសម្រាប់អ្នកវិទ្យាសាស្ត្រជំនាន់ក្រោយ ប្រសិនបើមានបំណងចង់បន្តការស្រាវជ្រាវពាក់ព័ន្ធនឹងការបំបែកសមាសធាតុឱសថចេញពីរុក្ខជាតិពាន់តាឡីរបស់កម្ពុជា។

អត្ថបទស្រាវជ្រាវដោយ ៖ ក្រុមស្រាវជ្រាវជានិស្សិត និងសាស្ត្រាចារ្យនៃដេប៉ាតឺម៉ង់ឱសថសាស្ត្រមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ វ៉ា សិរីនិច, អោម ពេជ្រមុនី, ភុយ ម៉ីលី, លាន ស្រីនិច, វន សៀកលីម, កែវ សំអែល និង ជា ស៊ីន

©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់